ឆ្នាំ២០២៥៖ កម្ពុជាទទួលបានគម្រោងថ្មីចំនួន ៦៣០ ក្នុងទំហំទុនវិនិយោគ ១០ប៊ីលានដុល្លារ
នៅក្នុងឆ្នាំ២០២៥ កម្ពុជា ទទួលបានគម្រោងវិនិយោគចំនួន ៦៣០ […]
កាលព្រឹកថ្ងៃទី២ ខែកក្កដា ឆ្នាំ២០១៨នេះ សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន បានអញ្ជើញជាអធិបតីក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ស្ពានអាកាសមិត្តភាពកម្ពុជា-ចិនសែនសុខ ឬហៅជាទូទៅថា ស្ពានអាកាសផ្សារដីហ៊ុយ ដែលជាស្ពានអាកាសទី៥នៅក្នុងរាជធានីភ្នំពេញ។
ស្ពានអាកាសមិត្តភាពកម្ពុជា-ចិន សែនសុខ ឬ ស្ពានអាកាសផ្សារដីហុយនេះ មានបណ្ដោយប្រវែង ៩៤២ ម៉ែត្រ ទទឹង ១៦,៥ ម៉ែត្រ ក្រាលបេតុងកៅស៊ូ (AC) ដែលចំណាយថវិកាសាងសង់សរុបប្រមាណ ១៧ លានដុល្លារអាមេរិក ជាហិរញ្ញប្បទានសម្បទានពីរដ្ឋាភិបាលនៃសាធារណរដ្ឋប្រជាមានិតចិន រួមជាមួយថវិកាបដិភាគរបស់រាជរដ្ឋាភិបាលកម្ពុជា។
គម្រោងនេះបានប្រើពេលសាងសង់ចំនួន ២៤ខែ ចាប់ពីខែឧសភា ឆ្នាំ២០១៦ ហើយបញ្ចប់ការសាងសង់នៅខែឧសភា ឆ្នាំ២០១៨ កន្លងមកនេះ ដែលសាងសង់ដោយក្រុមហ៊ុនសំណង់សៀងហៃគ្រុប ខូអិលធីឌី (Shanghai Construction Group Co., Ltd) និងត្រួតពិនិត្យបច្ចេកទេសដោយក្រុមហ៊ុន ទីប្រឹក្សាសំណង់ ក្វាងចូវវ៉ានអាន (Guangzhou Wanan Contructiontion Supervision Co., Ltd) ។
សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន បានមានប្រសាសន៍ថា ស្ពាននេះគឺស្ពានអាកាសទី៥ ហើយចាត់ទុកជាស្ពានអាកាសវែងជាងគេក្នុងទីក្រុងភ្នំពេញ ដែលមានប្រវែងរហូតដល់ទៅ ៩៤២ម៉ែត្រ។ ស្ពាននេះ ដើរតួយ៉ាងសំខាន់ក្នុងការដឹកជញ្ជូនរបស់ប្រជាពលរដ្ឋ ចំណាយពេលតិច និងជាពិសេសគឺជួយកាត់បន្ថយការកកស្ទះចរាចរណ៍ឆ្ពោះទៅកាន់ព្រលានយន្តហោះអន្តរជាតិភ្នំពេញ។
សម្តេចនាយករដ្ឋមន្ត្រីបានបន្តទៀតថា ជាក់ស្តែងតំបន់នៃខណ្ឌសែនសុខនេះ ក៏បានប្រែមុខមាត់ថ្មីដែលមានស្ពាន មានផ្លូវក្រវាត់ក្រុង និងបច្ចុប្បន្នតម្លៃដីនៅតំបន់នេះក៏មានការឡើងថ្លៃផងដែរ។
ក្នុងឱកាសនេះដែរ សម្តេចក៏បានកោតសរសើរ និងថ្លែងអំណរគុណចំពោះសាធារណៈរដ្ឋប្រជាមានិតចិនដែលកន្លងមកតែងតែបានជួយមកដល់ប្រទេសកម្ពុជាលើវិស័យហេដ្ឋារចនាសម្ព័ន្ធនិងវិស័យផ្សេងៗដទៃទៀតជាច្រើន។
គួរបញ្ជាក់ផងដែរថា រាជធានីភ្នំពេញក៏គ្រោងនឹងស្វាគមន៏ស្ពានអាកាសទី ៦ នៅក្នុងពេលមិនប៉ុន្មានឆ្នាំខាងមុខទៀតនេះ។ ស្ពានអាកាសទី ៦ គឹស្ពានអាកាសរង្វង់មូលចោមចៅដែលទើបនឹងបើកការដ្ឋានសាងសង់កាលពីសប្ដាហ៏កន្លងមកនេះ។ (អានបន្ថែម)
