ស្វែងយល់ពីប្រភេទឯកសារបញ្ជាក់អំពីការកាន់កាប់អចលនវត្ថុស្របច្បាប់នៅកម្ពុជា
ភាពស្របច្បាប់ដែលអាចបញ្ជាក់ពីការកាន់កាប់អចលនវត្ថុនៅកម្ពុជា ត្រូវបានកំណត់តាមរយៈប័ណ្ណកម្មសិទ្ធ ឬវិញ្ញាបនបត្រ ឬលិខិតស្នាមយថាភូតដទៃទៀត ដែលចេញដោយអាជ្ញាធរមានសមត្ថកិច្ច។
ខាងក្រោមនេះ ជាប្រភេទឯកសារពាក់ព័ន្ធនានា ដែលបញ្ជាក់ពីការកាន់កាប់អចលនវត្ថុស្របច្បាប់នៅកម្ពុជា៖
១. ប័ណ្ណសម្គាល់សិទ្ធិកាន់កាប់អចលនវត្ថុ (ប័ណ្ណស ឬប័ណ្ណដាច់ដោយដុំ)
នេះជាប្រភេទប័ណ្ណ ដែលត្រូវផ្តល់ជូនដល់អ្នកដាក់ពាក្យស្នើសុំចុះបញ្ជីអចលវត្ថុមានលក្ខណៈដាច់ដោយដុំ មុនឆ្នាំ២០១៩។ ការចុះជាដុំ មានន័យថា ការស្នើសុំចុះបញ្ជីតែដីរបស់អ្នកស្នើ មិនមែនជាការចុះបញ្ជីជាកញ្ចប់ ជាភូមិ ឬជាស្រុកនោះទេ។ ប័ណ្ណនេះ ត្រូវបានដាក់ឲ្យប្រើប្រាស់តាមរយៈអនុក្រឹត្យលេខលេខ ៤៨ អនក្រ.បក ចុះថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០០២។
២. វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ (ប័ណ្ណជាប្រព័ន្ធ ឬប័ណ្ណរឹង)
ប្រភេទប័ណ្ណកម្មសិទ្ធិនេះ ត្រូវបានដាក់ចេញឲ្យប្រើប្រាស់ឆ្នាំ២០០២ តាមរយៈអនុក្រឹត្យលេខ ៤៦ អនក្រ.បក ដែលមានរូបផែនទីកម្ពុជា និងមានផ្ទៃពណ៌ក្រហមបញ្ឈរនៅចំកណ្តាល។ លក្ខណៈពិសេសរបស់ប័ណ្ណនេះ គឺមាន QR Code ភ្ជាប់មកជាមួយ និងមានពត៌មានលម្អិត និងបន្ទុកនានានៃអចលវត្ថុលើប័ណ្ណនោះផងដែរ ដែលមានលក្ខណៈគតិយុត្តរឹងមាំជាងប័ណ្ណកម្មសិទ្ធិដទៃទៀត។
៣. លិខិតផ្ទេរសិទ្ធិកាន់កាប់អចលនទ្រព្យដែលមិនទាន់ចុះបញ្ជី (ប្លង់ទន់)
ប្រកាសអន្តរក្រសួងលេខ ១៤៤១៤ ប្រក ចុះថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០១៦ បានផ្តល់សិទ្ធិអំណាចដល់អភិបាលក្រុង ស្រុក ខណ្ឌ ក្នុងការសម្រេចផ្ទេរសិទ្ធិការកាន់កាប់អចលនទ្រព្យដែលមិនទាន់ចុះបញ្ជី រួមមានផ្ទះ និងដីធ្លី តាមរយៈលិខិតមួយសន្លឹក ដែលគេស្គាល់ជាទូទៅថាជា ប្លង់ទន់។
៤. វិញ្ញាបនបត្រសម្គាល់សិទ្ធិសម្បទានដីសេដ្ឋកិច្ច
តាមរយៈអនុក្រឹត្យលេខ ១១៤ អនក្រ.បក ចុះថ្ងៃទី២៩ ខែសីហា ឆ្នាំ២០០៧ វិញ្ញាបនបត្រប្រភេទនេះ បញ្ជាក់ពីភាពស្របច្បាប់នៃការកាន់កាប់ដី ក្នុងគោលដៅវិនិយោគលើដីសម្បទានសេដ្ឋកិច្ចរបស់រដ្ឋ ដែលចេញដោយក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់។ ឧទាហរណ៍ ករណីរដ្ឋកាត់ដីនៅកោះរុងឱ្យក្រុមហ៊ុនឯកជនកាន់កាប់រយៈពេល ៩៩ឆ្នាំ ជាដើម។
៥. វិញ្ញាបនបត្រសម្គាល់ម្ចាស់ចំណែកឯកជន ឬប័ណ្ណខុនដូ (Strata Title)
ប័ណ្ណនេះ មានរូបរាងសណ្ឋានប្រហាក់ប្រហែលនឹងវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ តែប្រើប្រាស់សម្គាល់ការកាន់កាប់ស្របច្បាប់លើចំណែកឯកជនណាមួយនៃខុនដូ។ ប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដី មានសមត្ថកិច្ចក្នុងការចេញវិញ្ញាបនបត្រនេះ តាមរយៈប្រកាសលេខ ២៦២ ប្រក ចុះថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០០៩។
៦. វិញ្ញាបនបត្រសម្គាល់សិទ្ធិជួលរយៈពេលវែង
វិញ្ញាបនបត្រនេះ ស្រដៀងគ្នាទៅនឹងវិញ្ញាបនបត្រសម្គាល់សិទ្ធិសម្បទានដីសេដ្ឋកិច្ច ដែលមានកំណត់អំពីប្រភេទអចលនវត្ថុ ទំហំ ទីតាំង អត្តសញ្ញាណនៃកម្មសិទ្ធិករ អត្តសញ្ញាណភតិកៈ និងរយៈពេលនៃការជួល។ ប៉ុន្តែ មិនមែនជាការធ្វើសម្បទាន ឬពាក់ព័ន្ធនឹងដីរដ្ឋទេ តែជាការជួលធម្មតា ក្នុងរយៈពេលវែង។ ការជួលប្រភេទនេះ អ្នកជួល មានសិទ្ធកាន់កាប់ប្លង់ដែលចារពីរយៈពេលជួលច្បាស់លាស់ ដែលជាទូទៅ ១៥ឆ្នាំ។ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ជាអាជ្ញាធរមានសមត្ថកិច្ចចេញវិញ្ញាបនបត្រនេះ ស្របតាមអនុក្រឹត្យលេខ ១១៤ អនក្រ.បក ចុះថ្ងៃទី២៩ ខែសីហា ឆ្នាំ២០០៧។
៧. វិញ្ញាបនបត្រសម្គាល់សិទ្ធិជួលអចិន្ត្រៃយ៍នៃចំណែកឯកជន
វិញ្ញាបនបត្រនេះ ត្រូវផ្តល់ជូនអ្នកជួលអចិន្ត្រៃយ៍ (ភតិកៈ) លើចំណែកឯកជននៃអគារសហកម្មសិទ្ធិ ដោយប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដី តាមរយៈប្រកាសលេខ ២៦២ ប្រក ចុះថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០០៩។ និយាយងាយយល់ វិញ្ញាបនបត្រនេះធ្វើឱ្យសម្រាប់អ្នកជួលខុនដូ ឬអគារការិយាល័យ រយៈពេលវែង ដោយអ្នកជួលមានសិទ្ធិកាន់ប្លង់ដែលចារពីរយៈពេលជួលច្បាស់លាស់។
៨. វិញ្ញាបនបត្រសម្គាល់សិទ្ធិផលុបភោគ
តាមច្បាប់ភូមិបាលឆ្នាំ២០០១ ផលុបភោគ គឺជាសិទ្ធិអាស្រ័យផលនៃអចលនវត្ថុដែលជាកម្មសិទ្ធិរបស់អ្នកដទៃ សម្រាប់រយៈពេលមួយកំណត់មិនឲ្យលើសពីមួយអាយុជីវិតនៃអ្នកបានសិទ្ធិអាស្រ័យផលនោះឡើយ។ ក្នុងសង្គម វិញ្ញាបនបត្រ ប្រភេទនេះមិនសូវមានការប្រើប្រាស់នោះទេ។ មន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដី ជាអ្នកមានសមត្ថកិច្ចចុះបញ្ជីអំពីការបង្កើតផលុបភោគ ស្របតាមប្រកាសអន្តរក្រសួងលេខ ៣០ កយ.ដនស.ប្រក/១៣ ចុះថ្ងៃទី២៩ ខែមករា ឆ្នាំ២០១៣។
៩. ភតិសន្យាអចលនវត្ថុ
និយាយជាភាសាសាមញ្ញ គឺកិច្ចសន្យាជួលជាលាយលក្ខណ៍អក្សរ ដែលធ្វើឡើងរវាងម្ចាស់ទ្រព្យ និងអ្នកជួលទ្រព្យ។ ក្រោមកិច្ចសន្យានេះ អ្នកជួល អាចកាន់កាប់ ប្រើប្រាស់ និងអាស្រ័យផលលើទ្រព្យជួលនោះបាន តាមខដែលមានចែងក្នុងកិច្ចសន្យា។
១០. គោលការណ៍អនុញ្ញាតពីរាជរដ្ឋាភិបាល
ការអនុញ្ញាតពីរដ្ឋក្នុងការកាន់កាប់អចលវត្ថុ ដែលជាទ្រព្យសម្បត្តិរបស់រដ្ឋ ទៅឲ្យរូបវ័ន្តបុគ្គល ឬនីតិបុគ្គលណាមួយ ក៏ជាតឹកតាងបញ្ជាក់ពីកាន់កាប់ដី ឬអចលនទ្រព្យ ស្របច្បាប់ផងដែរ ។ រដ្ឋ អនុញ្ញាតលើការកាប់កាប់អចលនវត្ថុនោះ តាមរយៈសេចក្តីសម្រេច ប្រកាស អនុក្រឹត្យជាដើម។ ឧទាហរណ៍ ដូចជាអនុក្រឹត្យស្ដីពីការកាត់ដីបឹងតាមោកឱ្យឯកជនជាដើម។
១១. វិញ្ញាបនបត្រសម្គាល់កម្មសិទ្ធិសមូហភាព
វិញ្ញាបនបត្រនេះ ត្រូវចេញជូនសហគមន៍ ដោយមានបញ្ជាក់ឈ្មោះសហគមន៍ ទីតាំងសហគមន៍ លេខរួមទៅលើប្លង់រួមដែលចង្អុលបង្ហាញនូវទីតាំង ទំហំ ព្រំប្រទល់ និយាមកានៃចំណែកដីដែលជាកម្មសិទ្ធិសមូហភាព និងមានបញ្ជាក់ប្រភេទនៃការប្រើប្រាស់ដី និងកំណត់សម្គាល់ផ្សេងៗ។
ប្រភេទវិញ្ញាបនបត្រ ត្រូវចេញដោយប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ស្របតាមអនុក្រឹត្យលេខ ៨៣ អនក្រ.បក ចុះថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០០៩។
ក្រៅពីនេះ នៅកម្ពុជាក៏នៅឃើញមានការប្រើប្រាស់បណ្ណ ៣ ប្រភេទទៀត គឺ ១) វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ (ប្លង់ CI ផ្ទះ) ដែលប្រើប្រាស់ការលក់ផ្ទះជូនពលរដ្ឋក្នុងរាជធានីភ្នំពេញ ២) បង្កាន់ដៃទទួលពាក្យ និង ៣) ប័ណ្ណសម្គាល់សិទ្ធិកាន់កាប់ប្រើប្រាស់ដីធ្លី (បណ្ណស្លាបមាន់) ដែលជាប្រភេទបណ្ណដែលប្រើប្រាស់តាំងពីសម័យរដ្ឋកម្ពុជា។
ក្រោយច្បាប់ភូមិបាលឆ្នាំ២០០១ ចូលជាធរមាន ប័ណ្ណ ៣ ប្រភេទនេះ ក្លាយជាប័ណ្ណភោគៈ ដែលម្ចាស់កម្មសិទ្ធិ គួរតែចុះបញ្ជីជាថ្មីម្តងទៀត ដើម្បីទទួលបានប័ណ្ណសិទ្ធិកាន់កាប់អចលនទ្រព្យស្របច្បាប់។
- Video Advertisement -