ស្វែងយល់ពីសិទ្ធិរបស់ម្ចាស់ហ៊ុនម្នាក់ៗ ក្នុងករណីចូលលុយគ្នាទិញដីឬផ្ទះ
ក្នុងករណីចូលលុយគ្នាទិញដី ឬផ្ទះ តើដឹងទេថា ម្ចាស់ភាគហ៊ុននីមួយៗ មានសិទ្ធិតាមផ្លូវច្បាប់ដូចម្ដេចលើទ្រព្យនោះ? ហើយតើប្លង់ដី ឬផ្ទះនោះត្រូវដាក់ឈ្មោះអ្នកណា? ចុះនៅពេលភាគីណាមួយចង់លក់វិញ ត្រូវធ្វើដូចម្ដេច? មកស្វែងយល់ទាំងអស់គ្នា។
បើយោងតាមច្បាប់ភូមិបាលឆ្នាំ២០០១ និងក្រមរដ្ឋប្បវេណីឆ្នាំ២០០៧ កម្មសិទ្ធិលើអចលនវត្ថុ ត្រូវបានបែងចែកជា ០៦ ហើយប្រភេទដី ឬផ្ទះដែលទិញចូលលុយគ្នានេះ ហៅថា ទ្រព្យអវិភាគ។
ទ្រព្យអវិភាគ គឺអចលនទ្រព្យដូចជាដី ឬផ្ទះ ដែលមានម្ចាស់ច្រើនអ្នក ប៉ុន្តែទ្រព្យនោះមិនអាចពុះចែកគ្នាបានទេ។ និយាយឱ្យងាយយល់ ឧទាហរណ៍ ការចូលលុយគ្នាទិញផ្ទះមួយខ្នងចំនួន ១០នាក់ ផ្ទះនោះមិនអាចពុះចែកគ្នាជា១០ បានទេ ហើយម្ចាស់ទាំង ១០ ក៏នឹងទទួលបានប្លង់រឹងតែមួយសន្លឹកប៉ុណ្ណោះ។
នៅផ្នែកខាងក្រោយនៃប្លង់រឹង (ឬវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ) នឹងមានចារថា ជាទ្រព្យអវិភាគ ហើយនឹងមានរាយឈ្មោះម្ចាស់នីមួយៗ។ ក្នុងករណីដែលមានម្ចាស់ច្រើនអ្នក ឈ្មោះទាំងអស់នឹងមិនបង្ហាញលើប្លង់រឹងនោះទេ តែអាចបញ្ជាក់បានជាមួយនឹងអាជ្ញាធរសុរិយោដី។
ដូច្នេះ ពេលទិញអចលនទ្រព្យរួមគ្នា អ្នកចូលរួមហ៊ុនទាំងអស់ត្រូវទៅចុះបញ្ជីដាក់ឈ្មោះខ្លួននៅលើប្លង់ឱ្យបានត្រឹមត្រូវជាមួយនឹងអាជ្ញាធរសុរិយោដី ដើម្បីបញ្ចៀសបញ្ហា។
យ៉ាងណាមិញ ក្នុងករណីចង់លក់អចលនទ្រព្យវិញ គឺត្រូវមានការយល់ព្រមពីម្ចាស់គ្រប់រូប ទើបអាចលក់បាន។ ប៉ុន្តែ ម្ចាស់ម្នាក់ៗ ក៏អាចលក់ចំណែករបស់ខ្លួនបានដូចការលក់ភាគហ៊ុនដូច្នោះដែរ ដោយមានការយល់ស្របពីម្ចាស់ផ្សេងទៀត ហើយត្រូវយកប្លង់ទៅចុះឈ្មោះម្ចាស់ភាគហ៊ុនថ្មីឡើងវិញជាមួយអាជ្ញាធរ។
ក្រៅពីអ្នកចូលភាគហ៊ុនគ្នាទិញដីឬផ្ទះ ដែលត្រូវយល់ដឹងពីរឿងនេះ ក្នុងនាមជាអ្នកទិញវិញ អ្នកក៏ត្រូវចេះសង្កេតផងដែរ។ ជាបឋមអ្នកត្រូវចេះមើលចំណារនៅខាងក្រោយប្លង់រឹងនោះ ថាតើអចលនទ្រព្យនោះ ជាទ្រព្យអវិភាគឬយ៉ាងណា ហើយមានម្ចាស់ប៉ុន្មាននាក់។ លើសពីនេះ មុននឹងសម្រេចចិត្តទិញ អ្នកគួរសាកសួរទៅកាន់អាជ្ញាធរក្រសួងដែនដី ដើម្បីទទួលបានព័ត៌មានជាក់លាក់។
គួរបញ្ជាក់ផងដែរ ក្រៅពីទ្រព្យអវិភាគ ឬកម្មសិទ្ធិអវិភាគ តាមច្បាប់ នៅកម្ពុជា ក៏នៅមានកម្មសិទ្ធិលើអចលនវត្ថុ ៥ ប្រភេទទៀតដែលអ្នកគួរយល់ដឹងផងដែរ។ (អានបន្ថែម)
- Video Advertisement -