ហេដ្ឋារចនាសម្ព័ន្ធតាមដងស្ទឹងខេត្តបាត់ដំបងនឹងប្រែមុខមាត់ថ្មីក្នុងពេលឆាប់ៗនេះ
ខេត្តបាត់ដំបង គ្រោងនឹងស្វាគមន៍ផ្លូវថ្មើជើងទេសចរណ៍ថ្មីមួយតាមដងស្ទឹងសង្កែ ដែលនេះជាផ្នែកមួយនៃការលើកកម្ពស់ហេដ្ឋារចនាសម្ព័ន្ធក្នុងខេត្ដ ក៏ដូចជាងការត្រៀមខ្លួនជាម្ចាស់ផ្ទះក្នុងព្រឹត្តិការណ៍បុណ្យទន្លេ លើកទី៦ នៅថ្ងៃទី១៣-១៥ ខែមីនា ឆ្នាំ២០២០ ខាងមុខនេះ។
ធ្វើឡើងក្រោមទំនួលខុសត្រូវរបស់រដ្ឋបាលខេត្តបាត់ដំបង គម្រោងលើកកម្ពស់ហេដ្ឋារចនាសម្ព័ន្ធនេះរួមមាន ការអភិវឌ្ឍរៀបចំច្រាំងស្ទឹងសង្កែទាំងត្រើយខាងកើតនិងខាងលិច ការរៀបចំបំពាក់ប្រព័ន្ធភ្លើងបំភ្លឺតាមដងផ្លូវសំខាន់ៗ ការបង្វែរផ្លូវទឹកក្នុងស្ទឹងសង្កែ ការកែលម្អនិងធ្វើជម្រាលច្រាំងស្ទឹងសង្កែទាំងសងខាង ការពង្រីកទីធ្លាផ្លូវដើរហាត់ប្រាណនៅតាមមាត់ស្ទឹងសង្កែត្រើយខាងកើត ការរៀបចំឲ្យមានដងវិថីម្ហូបអាហារ (Street Food) និងរៀបចំធ្វើបង្កាន់ដៃវ៉េរ៉ង់ដានៅទីនោះប្រមាណ៧០០ម៉ែត្រ សម្រាប់ការឈរកំសាន្តតាមមាត់ស្ទឹង និងរក្សាសុវត្ថិភាពនៅទីនោះផងដែរ។
លើសពីនេះ ក៏មានការចាក់ក្រាលកៅស៊ូស្ថិតនៅចន្លោះផ្លូវច្រមុះជ្រូក សួនច្បារនាគសន្តិភាព ដែលជាចំណុចគោលដៅសំខាន់ក្នុងការរៀបចំនូវវេទិកាព្រឹត្តិការណ៍បុណ្យទន្លេ និងផ្លូវចុះពីស្ពានថ្មសម្តេចតេជោហ៊ុនសែន មកទល់ស្តុបស្វាយប៉ោមុខសាលាខេត្តជាដើម។
ក្នុងពេលចុះត្រួតពិនិត្យការដ្ឋានក្រាលកៅស៊ូដែលកំពុងដំណើរការឯកឧត្តម ងួន រតនៈ អភិបាល នៃគណៈអភិបាលខេត្តបាត់ដំបងបានមានប្រសាសន៍ថា៖ «ការចាក់ក្រាលកៅស៊ូបេទីមីណ័រដែលកំពុងតែដំណើរការនេះ គឺជាកិច្ចការបន្ថែម ដែលនៅសេសសល់ពីមុនមក ខណៈដែលរដ្ឋបាលខេត្តបានធ្វើការកែលម្អកាលពីឆ្នាំ២០១៩កន្លងមក។ ហើយសម្រាប់ការចាក់ក្រាលកៅស៊ូនៅថ្ងៃនេះ គឺមានប្រវែងប្រមាណ ២០.០០០ម៉ែត្រក្រឡា។»
ទាក់ទងនឹងវិស័យទេសចរណ៍ក្នុងខេត្ត ឯកឧត្តមបណ្ឌិត ថោង ខុន បានបង្ហាញពីការរំពឹងទុកថា ខេត្តបាត់ដំបងនឹងទាក់ទាញភ្ញៀវទេសចរកាន់តែច្រើន ក្រោយពេលដែលហេដ្ឋារចនាសម្ព័ន្ធផ្លូវជាតិលេខ៥ បញ្ចប់ការសាងសង់រួចរាល់ជាស្ថាពរ ផ្លូវរថភ្លើងចាប់ដំណើរការល្អប្រសើរឡើងវិញ និងការរៀបចំច្រកទ្វារអន្តរជាតិសំខាន់ៗ រួចរាល់ជាស្ថាពរ។
គួរបញ្ជាក់ផងដែរថា នៅឆ្នាំ២០២០នេះ ខេត្តបាត់ដំបងនឹងមានរៀបចំនូវព្រឹត្តិការណ៍ថ្នាក់ជាតិសំខាន់ៗជាច្រើនផងដែរ ដូចជាព្រឹត្តិការណ៍បុណ្យទន្លេលើកទី៦ និងព្រឹត្តិការណ៍បុណ្យរុក្ខទិវាជាដើម។
រូបភាព sopheaktr

- Video Advertisement -