ហេតុអ្វីខណ្ឌទួលគោកជាតំបន់ល្អសម្រាប់ការវិនិយោគលើគម្រោងលំនៅឋាន ឬខុនដូ?
ទួលគោកគឺជាខណ្ឌដ៏ធំមួយស្ថិតនៅក្នុងកណ្ដាលរាជធានីភ្នំពេញ ដែលត្រូវបានគេស្គាល់ថាជាតំបន់ពេញនិយមបំផុតមួយសម្រាប់ការរស់នៅបន្ទាប់ពីខណ្ឌបឹងកេងកង និងចំការមន។
ខណ្ឌទួលគោកត្រូវបានបែងចែកជា ១០សង្កាត់ ប៉ុន្តែមាន ២សង្កាត់ គឺបឹងកក់ ១ និងបឹងកក់ ២ ដែលជាសង្កាត់មានប្រជាប្រិយបំផុតគម្រោងអភិវឌ្ឍ និងសម្បូរហេដ្ឋារចនាសម្ព័ន្ធខ្វាត់ខ្វែង ជាពិសេសបណ្ដាញផ្លូវសំខាន់ ៣ខ្សែ គឺផ្លូវ ២៨៩ ៣១៥ និង ៣៣៧។
នៅលើផ្លូវទាំង៣នេះ រួមមានអគារពាណិជ្ជកម្មខ្ពស់ៗ អាផាតមិន ផ្សារទំនើប ធនាគារ និងសកម្មភាពអាជីវកម្មជាច្រើនផងដែរ។
លោក សៀក នារីតី ដែលជាប្រធានផ្នែកវាយតម្លៃនៅក្រុមហ៊ុនអចលនទ្រព្យ ឃី រៀល អ៊ីស្ទេត បានលើកឡើងថា៖ «ខណ្ឌទួលគោកគឺជាខណ្ឌមួយដែលមានផ្លូវល្អប្រសើរ ដោយតភ្ជាប់ជាមួយផ្លូវធំៗជាច្រើនដូចជាមហាវិថីសហព័ន្ធរុស្សី មហាវិថីម៉ៅសេទុង ផ្លូវលេខ២៧១ ផ្លូវលេខ១៨២ និងផ្លូវពាណិជ្ជកម្មជាច្រើនផ្សេងទៀត»។
លោកបានបន្តថា ទួលគោកត្រូវបានចាត់ទុកថាជាខណ្ឌដែលមានប្រជាប្រិយបំផុតសម្រាប់ការស្នាក់នៅ ព្រោះវាស្ថិតនៅចំកណ្តាលទីក្រុងភ្នំពេញ និងមានគម្រោងអភិវឌ្ឍន៍ជាច្រើននៅទីនោះ ដូចជាអគារពាណិជ្ជកម្ម ខុនដូ អាផាតមិន ហាងទំនិញ សាលារៀនអន្តរជាតិ និងផ្លូវធំៗជាច្រើនដើម្បីទ្រទ្រង់ជីវិតរស់នៅប្រចាំថ្ងៃ។
ដោយសារតែវាជាតំបន់មានការអភិវឌ្ឍន៍ រីកចម្រើនខ្លាំង ទើបធ្វើឱ្យទីផ្សារអចលនទ្រព្យនៅក្នុងខណ្ឌនេះចេះតែកើនឡើងពីមួយឆ្នាំទៅមួយឆ្នាំ។
ខណ្ឌនេះសម្បូរទៅដោយអគារពាណិជ្ជកម្ម និងអគារលំនៅឋានល្បីៗជាច្រើនដូចជា ខុនដូ DeCastle ខុនដូ Nobeless ខុនដូ Royal Platinum ខុនដូធីខេស្តារ ផ្សារទំនើបធីខេ SAMAI square និងHCN Mall and Residence ដែលអគារទាំងនេះមានទីតាំងស្ថិតនៅក្នុងសង្កាត់បឹងកក់ ១ និងបឹងកក់ ២។
ផ្អែកលើការស្រាវជ្រាវទីផ្សាររបស់ក្រុមហ៊ុន ឃី រៀល អ៊ី ស្ទេត នៅក្នុងឆមាសទី១ ឆ្នាំ២០២១ តម្លៃដីនៅតាមបណ្តោយផ្លូវធំនៃខណ្ឌទួលគោកមានតម្លៃប្រមាណពី ៣.៥០០ដុល្លារ ទៅ ៥.៥០០ដុល្លារ ក្នុងមួយម៉ែត្រការ៉េ និងផ្លូវតូចមានតម្លៃចាប់ពី ២.០០០ដុល្លារ ទៅ ៣.០០០ដុល្លារ ក្នុងមួយម៉ែត្រការ៉េ។ តម្លៃដីនៅក្នុងខណ្ឌនេះត្រូវបានព្យាករណ៍ថានឹងកើនឡើង ៥% ជារៀងរាល់ឆ្នាំ។
ទន្ទឹមនឹងនេះ លោក Roshan Lal ដែលជានាយកប្រតិបត្តិក្រុមហ៊ុន Rentex Property Service បានលើកឡើងថា៖ «ខណ្ឌទួលគោកសម្បូរអភិជនជាច្រើនរស់នៅក្នុងខណ្ឌនេះ បើប្រៀបធៀបទៅនឹងខណ្ឌចំការមន និងខណ្ឌផ្សេងទៀតនៅក្នុងទីក្រុងភ្នំពេញ។ ខណ្ឌនេះមានផ្លូវធំទូលាយ និងស្អាតៗជាច្រើន ដែលជាការទាក់ទាញដល់គម្រោងជាច្រើនដូចជាគម្រោងលំនៅឋាន និងផ្សារទំនើបជាដើម»។
លោក Roshan បានបន្ថែមផងដែរថា ខណ្ឌទួលគោកគឺជាជម្រើសទី១ សម្រាប់អ្នកដែលកំពុងស្វែងរកលំនៅឋានជាលក្ខណៈឯកជន។ បើប្រៀបធៀបទៅនឹងតំបន់ផ្សេងទៀត ខណ្ឌទួលគោកមានសក្តានុពលច្រើនចំពោះអចលនទ្រព្យសម្រាប់ជួល។
ក្នុងរយៈពេល ៥ឆ្នាំខាងមុខ លោកជឿជាក់ថាខណ្ឌនេះនឹងក្លាយជាមជ្ឈមណ្ឌលពាណិជ្ជកម្មធំជាងគេនៅកណ្តាលក្រុងភ្នំពេញ បើធៀបនឹងខណ្ឌចំការមន និងខណ្ឌបឹងកេងកង។
សរសរដោយ Harbor Property
អំពីសេវាកម្ម ឬចម្ងល់ផ្សេងៗសូមទំនាក់ទំនង 096 7876 902 (Telegram)/ 066 886633
- Video Advertisement -