ហេតុអ្វីរដ្ឋជ្រើសរើសសៀមរាប និងព្រះសីហនុ ជាគោលដៅកែលម្អហេដ្ឋារចនាសម្ព័ន្ធទ្រង់ទ្រាយធំ?
រដ្ឋាភិបាល កាលពីថ្ងៃទី៣០ ខែមីនា កន្លងមកនេះ បានសម្រេចអនុម័តផែនទីចង្អុលផ្លូវ ឬ Roadmap ស្តីពីផែនការស្ដារវិស័យទេសចរណ៍កម្ពុជារួចហើយ ដោយក្នុងនោះការលើកកម្ពស់ហេដ្ឋារចនាសម្ព័ននៅក្រុងព្រះសីហនុ និងក្រុងសៀមរាប គឺជាចលករសំខាន់បំផុតមួយក្នុងការទាក់ទាញភ្ញៀវទេសចរ ក្រោយវិបត្តិកូវីដ-១៩។
ផែនទីចង្អុលផ្លូវស្ដីបែងចែកជា ៣ ដំណាក់កាល។ ដំណាក់កាលទី១ គឺការស្តារឡើងវិញវិស័យទេសចរណ៍ តាមរយៈការវិនិយោគសាធារណៈ ដូចជាការកែលម្អហេដ្ឋារចនាសម្ព័ន្ធផ្លូវនៅប៉ូលទេសចរណ៍អាទិភាព រួមមាន ផ្លូវ ៣៤ ខ្សែនៅក្រុងព្រះសីហនុ និងគម្រោងផ្លូវ ៣៨ ខ្សែនៅក្រុងសៀមរាប ជាដើម។
សម្ដេចនាយករដ្ឋមន្រ្តី ហ៊ុន សែន បានមានប្រសាសន៍ថា គម្រោងធំៗ ទាំង ២ នេះ នឹងធ្វើឱ្យទីក្រុងទាំង ២ កាន់តែមានសោភណភាព និងទាក់ទាញទាក់ទាញទេសចរណ៍ខ្លាំងជាងមុន ចាប់ពីចុងឆ្នាំ២០២១ តទៅ។
សម្ដេចធ្លាប់មានប្រសាសន៍ថា អំឡុងកូវីដដែលគ្មានភ្ញៀវទេសចរនេះ គឺជាពេលល្អសម្រាប់ឱ្យយើងស្ដារហេដ្ឋារចនាសម្ព័ន្ធ និងសោភណភាពទីក្រុងឱ្យស្អាតជាងមុន ដើម្បីទាក់ទាញភ្ញៀវទេសចរឱ្យកាន់តែច្រើន ក្រោយវិបត្តិកូវីដចប់។
តាមរយៈផែនទីចង្អុលផ្លូវថ្មីនេះ កម្ពុជារំពឹងថានឹងការទទួលបានភ្ញៀវទេសចរក្នុងស្រុកប្រមាណ ១១ លាននាក់ នៅឆ្នាំ២០២៣ និងភ្ញៀវទេសចរអន្តរជាតិប្រមាណ ៧ លាននាក់ នៅឆ្នាំ២០២៥៕
គួរបញ្ជាក់ផងដែរថា ផ្លូវទាំង៣៤ខ្សែ នៅខេត្តព្រះសីហនុ បានចាប់ផ្តើមបើកការដ្ឋានសាងសង់ កាលពីថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៩ ក្រោមទុន៣០០លានដុល្លារអាមេរិក ហើយនឹងបញ្ចប់ជាស្ដាពរ និងបើកឱ្យប្រើប្រាស់ក្នុងខែមេសា នេះហើយ។ (អានបន្ថែម)
ដោយឡែក គម្រោងស្ថាបនាផ្លូវ ៣៨ខ្សែ បានបើកការដ្ឋានសាងសង់កាលពីចុងឆ្នាំ២០២០ កន្លងមកនេះ។ គម្រោងនេះ គ្រោងនឹងចំណាយថវិកាជាតិសរុបប្រមាណ១៥០លានដុល្លារអាមេរិក ហើយត្រឹមខែ មីនា សម្រេចបានប្រមាណជាង ៣០%ហើយ។ (អានបន្ថែម)

