ហេតុអ្វីរដ្ឋផ្ដោតបង្រ្កាបកាស៊ីណូ និងឧក្រិដ្ឋកម្មពាក់ព័ន្ធខ្លាំង? ជះឥទ្ធិពលដល់សេដ្ឋកិច្ចដូចម្ដេច?
ការបង្រ្កាបកាស៊ីណូ និងឧក្រិដ្ឋកម្មពាក់ព័ន្ធ បង្កប់ន័យជ្រៅ។ តើរដ្ឋកំពុងធ្វើអី? នៅផ្អៀងទៅរកចិនទៀតទេ? វិស័យអចនទ្រព្យនឹងប៉ះពាល់ដូចម្ដេច?
ថ្មីៗនេះ រដ្ឋាភិបាលកម្ពុជា បានប្រើធម៌ក្ដៅ និងចេញវិធានការណ៍ជាច្រើន ដើម្បីបង្រ្កាបល្បែងស៊ីសង និងឧក្រិដ្ឋកម្មពាក់ព័ន្ធ នៅទូទាំងប្រទេស ពិសេសនៅតំបន់ក្ដៅ ពោលគឺក្រុងព្រះសីហនុ ផ្ទាល់តែម្ដង ដែលត្រូវបានបរទេសដាក់ងាថាជាបណ្ដុំឧក្រិដ្ឋកម្មអនឡាញ និងល្បែងខុសច្បាប់។
ជាក់ស្ដែង បញ្ហានេះបាន និងបន្ដកើតមានក្នុងប្រទេសកម្ពុជាយូរណាស់មកហើយ ប៉ុន្តែហេតុអ្វី រដ្ឋាភិបាលទើបសម្រុកដោះស្រាយបញ្ហាក្នុងពេលនេះ? តើរដ្ឋាភិបាលមានទស្សនវិស័យឬ ផែនការធំអ្វី? ប៉ះពាល់សេដ្ឋកិច្ចយ៉ាងដូចម្ដេច? ជះឥទ្ធិពលលើអចលនទ្រព្យយ៉ាងណា?
បើយោងតាមអ្នកវិភាគក្នុង FULCRUM អ្វីដែលរដ្ឋាភិបាលកម្ពុជាកំពុងធ្វើគឺគោលនយោបាយចាក់ខ្សែរតាមស្ថានភាពជាក់ស្ដែង ដើម្បីស្ដារសេដ្ឋកិច្ចប្រទេសឱ្យបានលឿនបំផុត។
ការធ្វើបែបនេះ គឺជាវិធីសាស្ដ្រដើម្បីធ្វើឱ្យវិនិយោគិនបរទេសជឿជាក់លើប្រទេសកម្ពុជាសាជាថ្មី ថាជាប្រទេសស្អាតស្អំ តាមរយៈការពង្រឹងច្បាប់ទំលាប់ឡើងវិញ ឱ្យប្រសើរជាងមុន។
កម្ពុជាមិនរំពឹងលើចិនខ្លាំងដូចមុនទេ
ប៉ុន្តែជ្រៅជាងនេះទៅទៀត នេះគឺការបង្ហាញឱ្យសកលលោកឃើញថា កម្ពុជាមិនពឹង ឬលើកជើងចិនដូចមុនទៀត ដែលព្រមបិទភ្នែកបិទច្រមុះបើកឱ្យចិនធ្វើអំពើមិនគាប់បីជាច្រើននៅខេត្តព្រះសីហនុកន្លងមក។
ជាក់ស្ដែង កម្ពុជាបានសម្រេចចិត្តបែបនេះតាំងពីឆ្នាំ ២០១៩ មកម្លេះ តាមរយៈការបិទល្បែងអនឡាញ ប៉ុន្តែមិនទាន់ចាត់ការពេញទំហឹងដោយសារតែវិបត្តិកូវីដ។
យ៉ាងណាមិញ ការចេញបញ្ជាឱ្យប្រើធម៌ក្ដៅបង្រ្កាបល្បែងស៊ីសង និងឧក្រិដ្ឋកម្មពាក់ព័ន្ធ របស់សម្ដេច ហ៊ុន សែន នេះ គឺសញ្ញាប្រាប់ថាកម្ពុជា ត្រៀមខ្លួនរួចរាល់ ដើម្បីទាក់ទាញវិនិយោគិនថ្មីៗ ក្រៅពីចិន ពិសេសអាមេរិក និងអឺរ៉ុបឱ្យត្រឡប់មកវិញ ព្រោះដឹងថាវិនិយោគិនចិនកំពុងថមថយ ហើយល្បែង និងឧក្រិដ្ឋកម្មដែលចិនបង្កវាមិនសាកសម្យនឹងទឹកលុយដែលទទួលបានទៀតទេ។
តួឯកសំខាន់ក្នុងរឿងនេះ គឺសហរដ្ឋអាមេរិក
បើយោងតាមអត្ថបទស្រាវជ្រាវរបស់ លោក Chanrith Ngin មកពីសកលវិទ្យាល័យUniversity of Auckland នៅប្រទេសញូហ្សីលែន កម្ពុជាកំពុងងាកទៅរក អាមេរិក និងអឺរ៉ុប ដោយកំពុងធ្វើការយ៉ាងសកម្មដើម្បីទាញយកវិនិយោគគិនពីប្រទេសទាំងនេះ។
តួឯកសំខាន់ក្នុងរឿងនេះ គឺសហរដ្ឋអាមេរិក។ មុនអាមេរិកផ្អាកកិច្ចសហការ Generalized System of Preferences (GSP) រវាងកម្ពុជាកាលពីឆ្នាំ ២០២១ កម្ពុជាបាននាំចេញទំនិញមានតម្លៃជាង ៨,៧ ពាន់លានដុល្លារ (ភាគច្រើនជាផលិតផលកសិកម្ម និងកាត់ដេរ)ទៅកាន់សហរដ្ឋអាមេរិក ដែលកើនឡើងពី ៦,៥ ពាន់លានដុល្លារ ពីឆ្នាំ ២០២០។ ចំនួននេះស្មើនឹង ៣០% នៃការនាំចេញសរុប ដែលច្រើនជាងការនាំចេញទៅចិន ដែលមានត្រឹមតែ ៧% ប៉ុណ្ណោះ។
ដូច្នេះ កម្ពុជាមិនអាចបាត់បង់ទីផ្សារអាមេរិកបានទេ។ អាស្រ័យហេតុនេះ កម្ពុជាព្យាយាមអនុវត្តគោលនយោបាយ «បើកទូលាយ» ឬ «គោលនយាបាយក្ដៅត្រជាក់» ជាមួយសហរដ្ឋអាមេរិក។ នៅខាងក្រៅ ធ្វើហាក់ដូចជាមិនសូវចង់ទ្រអាមេរិក ប៉ុន្តែជាក់ស្ដែងគឺផ្ទុយស្រឡះ។
ក្នុងឆ្នាំ ២០២១ រដ្ឋាភិបាលកម្ពុជាបានចំណាយលុយ ២ លានដុល្លារ ជួលក្រុមហ៊ុនបញ្ចុះបញ្ចូល ដើម្បីទៅបញ្ចុះបញ្ចូលអ្នកនយោបាយអាមេរិកអំពីស្ថានភាព “ពិត” នៃនយោបាយកម្ពុជា និងពន្យល់ពីផលប្រយោជន៍ដែលវិនិយោគិននឹងទទួលបាន បើមកវិនិយោគនៃកម្ពុជា។
លើសពីនេះ កម្ពុជា ក៏ព្យាយាមចង់ចូលជាសមាជិក Indo-Pacific Economic Framework ហើយកំពុងធ្វើការជាច្រើនទៀត ដើម្បីនាំវិនិយោគិនអាមេរិកមកមើលស្ថានភាពសង្គមជាក់ស្ដែងនៅកម្ពុជា។
យុទ្ធសាស្ត្រនេះត្រូវបានអនុវត្តន៍រួមគ្នាដោយសភាពាណិជ្ជកម្មកម្ពុជា (CCC) ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) និងក្រសួងពាណិជ្ជកម្ម។
លើសពីនេះ ថ្មីនេះៗ ឃើញថាកម្ពុជា មានច្បាប់វិនិយោគថ្មី និងចុះហត្ថលេខាកិច្ចព្រមព្រៀងពាណិជ្ជកម្ម ជាមួយកូរ៉េខាងត្បូង ហើយកំពុងបង្កើតកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជាមួយឥណ្ឌាផងដែរ។ សភាពាណិជ្ជកម្មកម្ពុជា ក៏បើកការិយាល័យតំណាងនៅប្រទេសកាណាដា ដើម្បីទាក់ទាញសហគមន៍ធុរកិច្ចកាណាដាឱ្យមកបណ្តាក់ទុននៅកម្ពុជាផងដែរ។ នេះសឱ្យឃើញពីការធ្វើពិពិធកម្មវិនិយោគិននៅកម្ពុជា។
កម្ពុជាឆ្លាត ចេះយកវិបត្តិជាឱកាស ទាញយកប្រយោជន៍បានពីគ្រប់ទិស
លោក Chanrith Ngin បន្ដថា រដ្ឋាភិបាលកម្ពុជា ក៏កំពុងអនុវត្តគោលនយោបាយធ្វើសមតុល្យអំណាចរបស់ប្រទេសធំៗ ដែលមានលើកម្ពុជាផងដែរ។
លោកមានន័យថា កម្ពុជាកំពុងបង្ហាញពិភពលោកថា ខ្លួនមិនពឹងលើចិនតែមួយទៀតនោះទេ ពោលគឺ កម្ពុជាព្យាយាមបែកចែកអំណាចដល់ប្រទេសម្ចាស់ជំនួយ និងកម្ចីទាំងនោះឱ្យស្មើៗគ្នា ដើម្បីទាញយកផលប្រយោជន៍ ឱ្យបានពីច្រើនទិស។
នៅឆ្នាំ ២០១៨ ៤៨% នៃជំនួយអភិវឌ្ឍន៍ផ្លូវការរបស់កម្ពុជា (ODA) ដែលមានទំហំជាង ៧ ពាន់លានដុល្លារ គឺបានមកពីប្រទេសចិន។ ប្រទេសចិនក៏បានសន្យាផ្តល់ជំនួយប្រមាណ ៦០០ លានដុល្លារអាមេរិកសម្រាប់រយៈពេលឆ្នាំ ២០១៩-២០២១។ ប្រទេសចិន ក៏ជាម្ចាស់ កម្ចីលេខ ១ របស់កម្ពុជាផងដែរ ពោលគឺ៤១% នៃបំណុលសរុប ៩,៨ ពាន់លានដុល្លារ ត្រឹមខែមិថុនា ឆ្នាំ ២០២២។
យ៉ាងណាក្ដី កម្ពុជានៅតែធ្វើពិពិធកម្មបំណុលបានល្អ ដោយមានម្ចាស់បំណុលផ្សេងទៀត ដូចជា ប្រទេសជប៉ុន (១០%) បារាំង (៥%) និងភ្នាក់ងារអន្តរជាតិផ្សេងៗទៀត (៣២%)។ បើបូកសរុបទៅ គឺច្រើនជាងបំណុលរបស់ចិន។
នេះបង្ហាញថា កម្ពុជាមានម្ចាស់ជំនួយចម្រុះ និងឆ្លាតក្នុងការធ្វើពិពិធកម្មបំណុល និងជំនួយ។ ឧទាហរណ៍ ស្ពានមិត្តភាពកម្ពុជា-ចិន និងស្ពានមិត្តភាពកម្ពុជា-ជប៉ុន ដែលឈរនៅជាប់គ្នាលើទន្លេសាប ក្នុងរាជធានីភ្នំពេញ ខណៈកូរ៉េខាងត្បូងក៏ត្រៀុមសាងសង់ស្ពានមិត្តភាពកម្ពុជា-កូរ៉េ នៅឆ្នាំ២០២៣។ នេះគឺជានិមិត្តរូបក៏ជាក់ច្បាស់មួយ ដែលកម្ពុជាទទួលយកជំនួយពីគ្រប់ទិសទី។
លើសពីនេះ នៅខេត្តព្រះសីហនុវិញ ប្រទេសចិនមានអំណាចនៅក្នុងក្រុងព្រះសីហនុ និងនៅតំបន់សេដ្ឋកិច្ចពិសេស ខណៈប្រទេសជប៉ុនមានសិទ្ធិលើកំពង់ផែសមុទ្រទឹកជ្រៅ។
សម្រាប់ការកសាងផ្លូវ ក៏ដូចគ្នាដែរ ចិនសាងសង់ផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ ។ កូរ៉េខាងត្បូងបានកែលម្អផ្លូវជាតិលេខ២ ២២ និង៤៨ ខណៈជប៉ុនបានជួសជុលផ្លូវជាតិលេខ៥។
តាមរយៈវិធីសាស្ដ្រនេះ រដ្ឋាភិបាលកម្ពុជាបានបង្កើត «ការប្រកួតប្រជែង» ក្នុងចំណោមម្ចាស់ជំនួយ ដែលជាលទ្ធផលបង្កើនការវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធនៅកម្ពុជា។
សម្ពាធពីអន្តរជាតិ និងភាពធូរស្រាលនៃវិបត្តិកូវីដ
លើសពីនេះ មូលហេតុដែលរដ្ឋាភិបាលជ្រើសរើសពេលវេលានេះ ដើម្បីអនុវត្តគោលនយោបាយបង្រ្កាបល្បែងស៊ីសង និងឧក្រិដ្ឋកម្មពាក់ព័ន្ធ ដែលបង្កដោយចិននេះ ក៏ព្រោះតែ សម្ពាធពីការប្រជុំអាស៊ាន ប្រទេសលោកខាងលិច និងសារពត៌មានបរទេសដែលក្ដៅគគុកពេក ដែលក៏ជះឥទ្ធិពលដល់វិនិយោគិនឱ្យមិនចង់មកវិនិយោគដែរ ដូច្នេះត្រូវការការកែប្រែ។ រដ្ឋាភិបាល បានវិភាគថា វាដល់ពេលដែលត្រូវចាត់ការហើយ ព្រោះកាន់តែទុកគឺរឹតតែមិនចំណេញ ខណៈវិបត្តិកូវីដបានធូរស្រាលហើយ ដែលតម្រូវឱ្យមានស្ដារសេដ្ឋកិច្ចយ៉ាងចាំបាច់៊
អចលនទ្រព្យពាក់ព័ន្ធត្រង់ណា?
ជាក់ស្ដែង បើរដ្ឋាភិបាលលាងឈ្មោះប្រទេសឱ្យស្អាតស្អំសម្រេច ហើយទាក់ទាញវិនិយោគិនថ្មីៗ មកកម្ពុជាបាន អគារជាប់គាំងនៅព្រះសីហនុនឹងត្រូវដោះស្រាយចេញ។
លើសពីនេះ ទីផ្សារខុនដូដែលនៅទ្រឹងទាំងនៅខេត្តព្រះសីហនុ និងភ្នំពេញនឹងងើបមកវិញ ព្រោះមានវិនិយោគិនថ្មីៗក្រៅពីចិន មកបន្តការវិនិយោគ។
បើយោងតាមលោក ច្រឹក សុខនីម ប្រធានសមាគមអ្នកវាយតម្លៃនិងភ្នាក់ងារអចលនវត្ថុកម្ពុជា នៅពេលវិនិយោគិនថ្មីៗចូលមកកម្ពុជា ក៏មានលំហូរសាច់ប្រាក់ចូលដែរ ដែលជៀសមិនផុតពីការវិនិយោគលើអលចនទ្រព្យ ដូចជាដីធ្លី ជាដើម ដើម្បីបង្កើតជារោងចក្រ ឬទីស្ដាក់ការរបស់ខ្លួន។
ហើយបើគិតជារួម នៅពេលសេដ្ឋកិច្ចកើន វិស័យអចលនទ្រព្យក៏កើនផងដែរ តាមរយៈកំណើននៅអំណាចការទិញរបស់ប្រជាជនក្នុងស្រុក និងតម្រូវការពីបរទេសផងដែរ។
- Video Advertisement -