ឆ្នាំ២០២៥៖ កម្ពុជាទទួលបានគម្រោងថ្មីចំនួន ៦៣០ ក្នុងទំហំទុនវិនិយោគ ១០ប៊ីលានដុល្លារ
នៅក្នុងឆ្នាំ២០២៥ កម្ពុជា ទទួលបានគម្រោងវិនិយោគចំនួន ៦៣០ […]
អគារទីស្ដីការក្រសួងមហាផ្ទៃថ្មី ដែលមានតម្លៃរហូតជាង ៦០លានដុល្លាអាមេរិក ត្រូវបានបញ្ចុះបឋមសិលាបើកការដ្ឋានសាងសង់ជាផ្លូវការហើយ កាលពីព្រឹកថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២១ ក្រោមវត្តមាន សម្ដេច ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងអង្គភាពពាក់ព័ន្ធ។
ទីស្ដីការថ្មីនេះ មានទីតាំងនៅទីធ្លាក្រសួងបច្ចុប្បន្ន ដែលមានផ្ទៃដីសរុបទំហំ ៥,៦ហិកតា ស្ថិតនៅតាមបណ្ដោយមហាវិថីព្រះនរោត្តម សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន ដោយផ្នែកខាងមុខនៃផ្ទៃអគារនឹងបែរទៅទិសខាងកើតចំទន្លេចតុមុខ។
អគារនេះមានទំហំ ១៥៣ម៉ែត្រ×៨៣ម៉ែត្រ កម្ពស់៩ជាន់ ឬស្មើនឹង ៤៣,៥ ម៉ែត្រ ដោយមិនរាប់បញ្ចូលជាន់ផ្ទាល់ដី និងជាន់សម្រាប់ចំណតរថយន្តក្នុងអគារដែលអាចចតរថយន្តសរុបបានចំនួន ៣៣០គ្រឿង។ ដូច្នេះ ជារួមអគារមានផ្ទៃក្រឡាសរុប ១០៥ ៥៤៥ ម៉ែត្រការ៉េ។
ប្លង់ស្ថាបត្យកម្មជាប្រភេទស្ថាបត្យកម្មក្លាសិករចនាបថខ្មែរ ដំបូលប្រក់ក្បឿងស្រកាលិញ មានបុស្សបុក៥ លំនាំតាមប្រសាទអង្គរ និងបានគិតគូយ៉ាងហ្មត់ចត់អំពីពន្លឺ និងខ្យល់ធម្មជាតិចេញចូល។
ទីស្ដីការក្រសួងថ្មីនេះ អាចផ្ទុកមនុស្សបានរហូតដល់៨៥០០នាក់ ដោយជាកន្លែងប្រមូលផ្ដុំថ្នាក់ដឹកនាំក្រសួង អគ្គនាយកដ្ឋាន និងអង្គភាពឋានៈស្មើចំនួន១២ គណៈកម្មាធិការជាតិចំនួន៥ គណៈកម្មការក្រសួងចំនួន៦ និងលេខាធិការដ្ឋាន គ.ជ.អ.ប និងនាយកដ្ឋានជំនាញចំនួន ៤២។
គួរបញ្ជាក់ថា គម្រោងនេះម៉ៅការសាងសង់ដោយក្រុមហ៊ុន គីម ម៉ិច ខនស្ត្រាក់សិន និងអ៊ិនវេសមេន ដោយការសាងសង់គ្រោងនឹងបញ្ចប់ នៅ ខែសីហា ឆ្នាំ២០២៣ ខាងមុខ។