អភិបាលខេត្តព្រះសីហនុស្នើឱ្យជប៉ុនជួយសាងសង់កំពង់ផែទេសចរណ៍ និងមណ្ឌលសុខភាព

ឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុ បានស្នើសុំឱ្យជប៉ុនផ្ដល់ជំនួយឥតសំណង គាំទ្រគម្រោងសាងសង់កំពង់ផែទេសចរណ៍នៅក្នុងក្រុងព្រះសីហនុ និងជួយសាងសង់មណ្ឌលសុខភាពនៅរាម និងនៅកោះរ៉ុង។

សំណើរនេះ ត្រូវធ្វើក្នុងជំនួបជាមួយឯកឧត្តម MIKAMI MASAHIRO ឯកអគ្គរាជទូតជប៉ុនប្រចាំព្រះរាជាណាចក្រកម្ពុជា និងឯកឧត្តមអភិបាលខេត្ត កាលពីថ្ងៃទី៣០ កក្កដា ២០២០ កន្លងមកនេះ។

បើយោងតាមប្រភពដដែលនេះ ឯកអគ្គរាជទូតជប៉ុនពុំទាន់បានឆ្លើយតបទៅនឹងសំណើរខាងលើទេ ដោយឡែកសន្យាជួយផ្សព្វផ្សាយពីសក្តានុពលខេត្តព្រះសីហនុ ដល់ប្រជាជនជប៉ុន ដើម្បីស្វែងឱកាសវិនិយោគ និងដើរទេសចរណ៍កំសាន្តក្នុងខេត្តនេះ។

គួរបញ្ជាក់ផងដែរថា ខេត្តព្រះសីហនុមានការអភិវឌ្ឍជាបន្តបន្ទាប់ លើគ្រប់វិស័យជាពិសេសការកសាងហេដ្ឋារចនាសម្ព័ន្ធ ដូចជា ការសាងសង់ផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុដែលសម្រេចប្រមាណ ៣០ ភាគរយហើយ (អានបន្ថែម) ការស្ថាបនាឡើងវិញនៃផ្លូវ ៣៤ខ្សែ ដែលបញ្ចប់ជិតទាំងស្រុងហើយ (អានបន្ថែម) ក៏ដូចជាការពង្រីកកំពង់ផែដែលនឹងចាប់បើកការដ្ឋានឆាប់ៗនេះ (អានបន្ថែម)។

- Video Advertisement -