អាងហែលទឹកខ្នាតអន្តរជាតិធំមួយនៅខេត្តបាត់ដំបងបើកការដ្ឋានសាងសង់
រដ្ឋាភិបាលកម្ពុជា កាលពី ១៤ ខែសីហា ឆ្នាំ២០១៩ កន្លងមកនេះ បានបើកការដ្ឋានសាងសង់ជាផ្លូវការ នូវអាងហែលទឹកខ្នាតអន្តរជាតិធំមួយនៅខេត្តបាត់ដំបង ដែលនេះជាផ្នែកមួយនៃការត្រៀមខ្លូនធ្វើជាម្ចាស់ផ្ទះនៃកីឡាស៊ីហ្គេម (SEA GAME) ឆ្នាំ២០២៣ ខាងមុខនេះ ។
ពិធីបញ្ចុះបឋមសិលាសាងសង់នេះ ធ្វើឡើងក្រោមអធិបតីភាពរបស់សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និង ឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន ហើយចូលរួមពីថ្នាក់ដឹកនាំក្រសួង ស្ថាប័នពាក់ព័ន្ធ និងប្រជាពលរដ្ឋខេត្តបាត់ដំបងជាច្រើននាក់។
មណ្ឌលកីឡាហែលទឹកខេត្តបាត់ដំបងនេះ គ្រោងនឹងសាងសង់ឡើងដោយយកគំរូប្លង់តាម “មណ្ឌលកីឡាហែលទឹកតេជោសែនខេត្តកំពង់ចាម” លើផ្ទៃដីទំហំ១១២ ម៉ែត្រ គុណនឹង ៦៥ ម៉ែត្រ ស្ថិតនៅក្នុងបរិវេណសាកលវិទ្យាល័យបាត់ដំបង។
អាងហែលទឹកនេះ គឺសាងសង់ឡើងក្នុងគោលបំណងសម្រាប់ការហ្វឹកហាត់ និងការប្រកួតជាលក្ខណៈជាតិ និងអន្តរជាតិ ជាពិសេសការប្រកួតដណ្តើមមេដាយក្នុងព្រឹត្តិការណ៍ស៊ីហ្គេម (SEA GAME) ឆ្នាំ២០២៣ ដែលកម្ពុជាគ្រោងធ្វើម្ចាស់ផ្ទះ។
រចនាសម្ព័ន្ធសំខាន់ៗនៃគម្រោងនេះរួមមាន អាងសម្រាប់ប្រកួត អាងលោតទឹកទំហំ អាងហែលកម្តៅសាច់ដុំ ប៉មលោតទឹក និងអាងទឹកក្នុងដីមួយសម្រាប់រក្សាតុល្យភាពទឹក។ ជាមួយគ្នានេះដែរ គម្រោងនេះក៏រួមមាន ការសាងសង់កន្លែងអង្គុយទស្សនាដែលផ្ទុកបាន ៤០០ នាក់ ក៏ដូចជាបន្ទប់ផ្សេងៗជាច្រើនទៀតសម្រាប់ប្រើប្រាស់ក្នុងវិស័យកីឡានេះផងដែរ។
គួរបញ្ជាក់ផងដែរថា គម្រោងសាងសង់អាងហែលទឹកថ្មីមួយនេះគ្រោងនឹងចំណាយពេលសាងសង់ ២៤ខែ ក្រោមថវិកាសរុបប្រមាណ ២ លាន ដុល្លារ។
សម្ដេចក្រឡាហោមឧបនាយករដ្ឋមន្ត្រី បានគូសបញ្ជាក់ថា ៖ “ដោយសារប្រទេសមានសុខសន្តិភាព និងស្ថិរភាពនយោបាយ បានជំរុញឱ្យវិស័យកីឡាគ្រប់ប្រភេទរបស់កម្ពុជាមានការចម្រើនគួរឱ្យកត់សម្គាល់”។
សម្ដេចបានបន្តថា៖ “កីឡាមិនត្រឹមតែនាំមកនូវសុខភាព មិត្តភាព និងការរីកចម្រើនវប្បធម៌ អរិយធម៌របស់ជាតិសាសន៍មួយប៉ុណ្ណោះទេ ប៉ុន្តែវាថែមជួយអភិវឌ្ឍ និងពង្រឹងសេដ្ឋកិច្ចជាតិផងដែរ តាមរយៈការទាក់ទាញភ្ញៀវទេសចរ ឱ្យមកទស្សនាកាន់តែច្រើនឡើង”។
ក្នុងថ្ងៃជាមួយគ្នានេះដែរ រដ្ឋាភិបាលកម្ពុជា ដ៏បានបើកសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការស្ពានចំនួន ៥ នៅខេត្តបាត់ដំបងផងដែរ ក្នុងគោលបំណងដើម្បីសម្រេចនូវយុទ្ធសាស្រ្តយ៉ាងសំខាន់ក្នុងការធ្វើសមាហរណកម្មការតភ្ជាប់ពេញលេញ ក្នុងខេត្តមួយនេះ។ (អានបន្ថែម)




- Video Advertisement -