អាជ្ញាធរខេត្តកណ្តាល ប្រគល់ប្លង់រឹងដីធ្លីជិត៦ពាន់ប័ណ្ណ ដល់ប្រជាពលរដ្ឋក្នុងភូមិចំនួន៥
វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ (ប្លង់រឹង) ចំនួន ៥.៥៥៣ប័ណ្ណ ត្រូវបានរដ្ឋបាលខេត្តកណ្តាល ផ្ដល់ជូនប្រជាពលរដ្ឋក្នុងភូមិចំនួន៥ នៃសង្កាត់ព្រែកស្ដី ក្រុងសំពៅពូន ខេត្តកណ្តាល។ នេះបើយោងតាម ពិធីចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុជូនប្រជាពលរដ្ឋ ក្រោមអធិបតីភាពឯកឧត្តម មាន ចន្ទវ៉ាន់នី អនុរដ្ឋលេខាធិការក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ដែលរៀបចំដោយរដ្ឋបាលខេត្តកាលទី២៦ ខែធ្នូ ឆ្នាំ២០២៥។
រដ្ឋបាលខេត្តកណ្តាល បានឱ្យដឹងថា វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ (ប្លង់រឹង) ចំនួន ៥.៥៥៣ បណ្ណត្រូវបានចែកជូនប្រជាពលរដ្ឋចំនួន ០៥ភូមិ ស្ថិតនៅភូមិព្រែកមេស្រុក ភូមិព្រែកលោក ភូមិចុងព្រែក ភូមិព្រែកតាមេម និងភូមិចាស់ សង្កាត់ព្រែកស្តី ក្រុងសំពៅពូន ខេត្តកណ្តាល។
នាឱកាសនោះ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្តាល បានស្នើដល់ពលរដ្ឋពេលបានបណ្ណហើយ សូមយកចិត្តទុកដាក់ថែរក្សាឯកសារនេះឱ្យបានត្រឹមត្រូវ ប្រើប្រាស់ឱ្យចំគោលដៅ និងសម្រាប់ជាប្រយោជន៍ដើម្បីគាំទ្រដល់ការកសាងជីវភាពគ្រួសារឱ្យបានកាន់តែល្អប្រសើរ។
សូមបញ្ជាក់ថា៖ ខេត្តកណ្តាល បានអនុវត្តនីតិវិធីបិទផ្សាយចប់ និងត្រៀមចេញបណ្ណនាពេលខាងមុខចំនួន ៣០២ ភូមិ មាន២៨៩ ៨៧៥ ក្បាលដី និងកំពុងត្រៀមបិទផ្សាយបញ្ចប់ចំនួន ៨ភូមិ ស្ថិតក្នុងក្រុងអរិយក្សត្រ នៅចុងឆ្នាំ២០២៥ ដែលមានចំនួន ៨ ៩៨៦ ក្បាលដី។ ទន្ទឹមគ្នានេះ ខេត្តបានធ្វើការចេញវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ បានចំនួន ៦៩៧ភូមិ ស្មើនឹង ៥២៣.៤១៨ បណ្ណ និងធ្វើការចែកបណ្ណ ជូនដល់ដៃប្រជាពលរដ្ឋសរុបចំនួន ២៥៨ លើក ស្មើនឹង ៣៦៤.៩៥២បណ្ណ៕
- Video Advertisement -