អាជ្ញាធរខេត្តត្បូងឃ្មុំនឹងប្រែក្លាយ បឹងប្រាក់ទៅជាតំបន់ទេសចរណ៍ធម្មជាតិប្រវត្តិសាស្ត្រដ៏ស្រស់ត្រកាលមួយ
អាជ្ញាធរខេត្តត្បូងឃ្មុំ រក្សាទុកបឹងប្រាក់ ដើម្បីអភិរក្សជាតំបន់ទេសចរណ៍ធម្មជាតិប្រវត្តិសាស្ត្រ ដែលស្ថិតនៅក្នុងតំបន់មរណីយដ្ឋានវប្បធម៌ប្រវត្តិសាស្រ្ត ហ្លួងព្រះស្ដេចកន។ នេះបើតាមការបញ្ជាក់របស់ ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលខេត្តត្បូងឃ្មុំ កាលពីថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០២២។
ឯកឧត្តមអភិបាល បានណែនាំអោយអាជ្ញាធរមូលដ្ឋាន មន្ទីរអង្គភាពពាក់ព័ន្ធ ត្រូវសហការគ្នា ចុះកំណត់យកចំណីបឹងជុំវិញតំបន់ប្រវត្តិសាស្រ្តនេះ ដោយកំណត់ និងបោះបង្គោលព្រំប្រទល់បឹងប្រាក់ឲ្យបានច្បាស់លាស់ សម្រាប់ធ្វើការអភិរក្ស និងទប់ស្កាត់កុំឱ្យមានការទន្ទ្រានកាន់កាប់ដោយខុសច្បាប់បន្តទៀត។
មិនត្រឹមតែប៉ុណ្ណោះ ឯកឧត្តម បានសំណូមពរឱ្យពលរដ្ឋទាំងអស់រួមគ្នា ថែរក្សាការពារតំបន់ដល់ស្រស់ត្រកាលមួយនេះ អោយក្លាយជាតំបន់ទេសចរណ៍ធម្មជាតិ ដើម្បីទាក់ទាញ់ទេសចរណ៍ជាតិ និងអន្តរជាតិមកលេងកម្សាន្ត និងមកសិក្សាពីតំបន់ប្រវត្តិសាស្ត្រនាសម័យហ្លួងព្រះស្ដេចកន។
ក្នុងឱកាសនេះផងដែរ រដ្ឋបាលខេត្តត្បូងឃ្មុំ និងប្រជាពលរដ្ឋ បានរួមគ្នាដាំកូនឈើ ២៥០០ដើម និងប្រលែងកូនត្រីចម្រុះរាប់ម៉ឺនក្បាលចូលក្នុងបឹងប្រាក់ ដើម្បីជាការចូលរួមថែរក្សាការពារអភិរក្សធនធានធម្មជាតិ។

