អាជ្ញាធរផ្អាកដំណើរការរោងចក្រ ផ្សារ មជ្ឈមណ្ឌលពាណិជ្ជកម្មធំៗ មួយចំនួនទៀតនៅក្រុងព្រះសីហនុ
រដ្ឋបាលខេត្តព្រះសីហនុ បានសម្រេចផ្អាកជាបណ្ដោះអាសន្ននូវដំណើរការអាជីវកម្មសំខាន់ៗចំនួន ៣កន្លែង នៅក្រុងព្រះសីហនុ ក្នុងរយៈពេល១៤ថ្ងៃ បន្ទាប់ពីរកឃើញករណីវិជ្ជមានជំងឺកូវីដ-១៩ បន្ថែមទៀត។ នេះបើលិខិតរបស់រដ្ឋបាលខេត្តព្រះសីហនុដែលចេញផ្សាយកាលពីយប់ថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២១។
អាជីវកម្មទាំង៣កន្លែងរួមមាន៖
១) មជ្ឈមណ្ឌលពាណិជ្ជកម្ម«តារាសំណាង» ដែលស្ថិតនៅផ្លូវជាតិលេខ៤ ភូមិ៣ សង្កាត់លេខ១
២) រោងចក្រផលិតស្បែកជើង «ញូវ ស្តារ» ស្ថិតនៅលើផ្លូវជាតិលេខ៤ ភូមិ១ សង្កាត់លេខ១
៣) ផ្សារ «យាយទូច ញូវ ស្តារ» ស្ថិតនៅលើផ្លូវជាតិលេខ៤ ភូមិ១ សង្កាត់លេខ១។
ការផ្អាកអាជីវកម្មទាំង ៣កន្លែងនេះ គឺធ្វើឡើងដើម្បីទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩ នៅក្នុងមូលដ្ឋានខេត្តព្រះសីហនុ ក្នុងអំឡុងពេល១៤ថ្ងៃនេះ។
យ៉ាងណាមិញ រដ្ឋបាលខេត្តព្រះសីហនុ ក៏បានស្នើឲ្យម្ចាស់អាជីវកម្មទាំងអស់ ចូលរួមសហការជាមួយក្រុមគ្រូពេទ្យ។ ដោយឡែក ចំពោះអ្នកពាក់ព័ន្ធទាំងអស់ត្រូវផ្អាកការចេញ-ចូល នៅទីតាំងខាងលើនេះជាដាច់ខាត។
គួររម្លឹកថា ដោយសារករណីឆ្លងជំងឺកូវីដ-១៩ នៅក្នុងសហគមន៍នៅប្រទេសកម្ពុជានៅតែមិនមានការថយចុះ ប្រមុខរដ្ឋាភិបាលកម្ពុជា សម្តេច ហ៊ុន សែន បានសម្រេចប្រែក្លាយសណ្ឋាគារ មន្ទីពេទ្យ អគាររៀបមង្គលការ ធ្វើជាមន្ទីរពេទ្យ ពិនិត្យ ថែទាំ និងព្យាបាលអ្នកជំងឺកូវីដ-១៩។
ជាក់ស្តែង កាលពីពេលថ្មីៗនេះ រដ្ឋាភិបាលក៏ទើបតែបានសម្រេចយកអគារនៃពហុកីឡដ្ឋានជាតិអូឡាំពិចធ្វើជាកន្លែងព្យាបាលអ្នកជំងឺកូវីដ១៩ កំរិតស្រាលបន្ថែមទៀតផងដែរ។
លើសពីនេះ រដ្ឋាភិបាលក៏សម្រេចបន្ដការបិទខ្ទប់ និងរាជធានីភ្នំពេញ និងតាខ្មៅ ៧ថ្ងៃទៀត។ ប៉ុន្តែការធ្វើដំណើរពីខេត្តមួយទៅខេត្តមួយត្រូវបានបើកឡើងវិញហើយ។

