អាជ្ញាធរពន្លឿនដោះស្រាយផលប៉ះពាល់លើគម្រោងស្តារឡើងវិញអាកាសយានដ្ឋានបាត់ដំបង

រដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល បានឱ្យដឹងថា អាជ្ញាធរមូលដ្ឋាន និងមន្រ្តីជំនាញកំពុងពន្លឿនដោះស្រាយផលប៉ះពាល់ដីប្រជាពលរដ្ឋដែលនៅក្បែរអាកាសយានដ្ឋានបាត់ដំបង ដែលគ្រោងបើកដំណើរការឡើងវិញក្រោយបិទអស់ជាច្រើនទសវត្ស។

ក្រុមការងារ បានចុះប្រមូលទិន្នន័យ និងកំណត់ផលប៉ះពាល់ដីប្រជាពលរដ្ឋដែលស្ថិតនៅជុំវិញទីតាំងជាបន្តបន្ទាប់ ក្រោយរដ្ឋាភិបាលប្រកាសឱ្យសិក្សាលទ្ធភាពបើកដំណើរការឡើងវិញនៃអាកាសយានដ្ឋានបាត់ដំបង នេះ ដើម្បីបម្រើសេវាអាកាសចរណ៍ក្នុងស្រុក។

លោក ស៊ិន ចាន់សេរីវុត្ថា អ្នកនាំពាក្យនៃរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល បានឱ្យដឹងនៅថ្ងៃទី៩ ធ្នូនេះថា៖ «ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធអត់ទាន់មានទេ ដំបូងគឺដោះស្រាយផលប៉ះពាល់ហ្នឹងមុនបំផុត ដើម្បីយើងរំដោះដីយកមកវិញ»។

លោកបន្តទៀតថា មិនទាន់ការពិភាក្សាទេថាតើគម្រោងនេះនឹងវិនិយោគដោយរដ្ឋ ឬអនុញ្ញាតឱ្យវិស័យឯកជនវិនិយោគ។

លោកថ្លែងថា៖ «យើងមិនទាន់បានពិភាក្សាជាមួយនឹងវិស័យឯកជននៅឡើយទេ ព្រោះវិនិយោគិនឯកជន គាត់វិនិយោគតែទៅលើគម្រោងណាដែលអាចចំណេញ។ យើងសង្ឃឹមថា គម្រោងហ្នឹង នឹងអាចផ្តល់អត្ថប្រយោជន៍សេដ្ឋកិច្ចនិងហិរញ្ញវត្ថុច្រើនទេ ព្រោះវាជាគម្រោងក្នុងស្រុក»។

មានទីតាំងស្ថិតនៅក្នុងក្រុងបាត់ដំបង អាកាសយានដ្ឋានបាត់ដំបងនេះ ត្រូវបានផ្អាកសេវាច្រើនទសវត្សមកហើយ។ ហេដ្ឋារចនាសម្ព័ន្ធចាស់ដែលនៅសល់មានផ្លូវរត់ ប្រវែង ១ ៦០០ ម៉ែត្រ និងទទឹង ៣៤ម៉ែត្រ និងស្ថានីយ៍អ្នកដំណើរ។

- Video Advertisement -