អាមេរិកបង្ហាញបច្ចេកវិទ្យាថ្មីបម្លែងពីរូប JPEG ទៅជាគំរូប្លង់សំណង់បែប 3D បែបរស់រវើក
ក្រុមហ៊ុនយក្សរបស់អាមេរិក The Khronos Group ថ្មីៗបានប្រកាសពីសមិទ្ធផលដ៏សំខាន់មួយក្នុងការបម្លែងពីរូបថត JPEG ធម្មតាៗឱ្យទៅគំរូប្លង់បែប 3D តាមរយៈការបញ្ចេញនូវតិចនិច KHR_gaussian_splatting ដែលជាផ្នែកបន្ថែមថ្មីមួយនៃប្រព័ន្ធ “Gaussian splatting” នៅក្នុង អេកូឡូស៊ី glTF 2.0។

បច្ចេកវិទ្យានេះមានគោលបំណងប្រែក្លាយបច្ចេកទេសថតរូបភាព 3D ដ៏ទំនើបនេះ ឱ្យក្លាយទៅជាឧបករណ៍ដែលគ្រប់គ្នា ពិសេសសម្រាប់វិស្វករ អ្នកអភិវឌ្ឍន៍ ក៏ដូចជាក្រុមហ៊ុននានានៅជុំវិញពិភពលោកអាចប្រើបានតាមរយៈ Open Standard។
ជាទូទៅម៉ូដែល 3D បែបធម្មតាគឺការយកគំនូសគ្រោងមកបម្លែងជា 3D ប៉ុន្តែបច្ចេកវិទ្យា Gaussian splatting គឺប្រើប្រាស់ “ចំណុចល្អិតៗដែលមិនច្បាស់” (fuzzy blobs) រាប់លានចំណុចដើម្បីតំណាងឱ្យរូបភាពជាក់ស្តែង។

រាល់ចំណុច (splat) នីមួយៗផ្ទុកនូវទិន្នន័យអំពីពណ៌ កម្រិតថ្លា និងទិសដៅ ដែលជួយឱ្យគេថតយកព័ត៌មានលម្អិតដ៏ស្មុគស្មាញដែលក្រាហ្វិកបែបធម្មតាមិនអាចចាប់យកបាន។ ឧទាហណ៍ដូចជា ខ្សែភ្លើងតូចៗ ផ្ទៃកញ្ចក់ចាំងផ្លាត និងរន្ទាការដ្ឋានសំណង់ដ៏ស្មុគស្មាញជាដើម។
កាលពីមុន បច្ចេកវិទ្យា Gaussian splatting មានភាពរាយប៉ាយដោយសារទម្រង់ឯកសារកម្មសិទ្ធិផ្តាច់មុខរបស់ក្រុមហ៊ុននីមួយៗ ដែលធ្វើឱ្យអ្នកប្រើប្រាស់ជាប់គាំងជាមួយក្រុមហ៊ុនផ្គត់ផ្គង់តែមួយ (vendor lock-in)។
ដោយឡែក តាមរយៈការបញ្ចូលទិន្នន័យទាំងនេះទៅក្នុង glTF ដែលជាបទដ្ឋានបើកទូលាយ ឬ Open Standard គាំទ្រដោយសមាជិកដូចជា Apple, Google និង Nvidia បច្ចេកវិទ្យានេះអាចត្រូវបានចែករំលែកឆ្លងកាត់កម្មវិធី និងឧបករណ៍ផ្សេងៗគ្នាដោយរលូន។

ជាមួយនឹងបទដ្ឋានបើកទូលាយនេះ អ្នកប្រើប្រាស់អាចបង្កើតទិន្នន័យដោយប្រើដំណោះស្រាយមួយ ហើយយកទៅប្រើប្រាស់ជាមួយដំណោះស្រាយផ្សេងទៀតបានដោយងាយស្រួល ដែលជារឿងល្អសម្រាប់អ្នកប្រើប្រាស់ដែលប្រើកម្មវិធីច្រើនដើម្បីគ្រប់គ្រងសំណង់។
គួរបញ្ជាក់ផងដែរថា ក្រុមហ៊ុនឈានមុខក្នុងឧស្សាហកម្មដូចជា Bentley Systems និង Cesium បានប្រើប្រាស់បច្ចេកវិទ្យានេះរួចជាស្រេចហើយ ដើម្បីជួយវិស្វករក្នុងការត្រួតពិនិត្យហេដ្ឋារចនាសម្ព័ន្ធ។
តាមរយៈការបន្ថែមវិមាត្រនៃពេលវេលា (time dimension) ទៅក្នុងរូបភាព 3D ទាំងនេះ ក្រុមហ៊ុននានាអាចតាមដានវឌ្ឍនភាពសំណង់ និងការផ្លាស់ប្តូររចនាសម្ព័ន្ធក្នុងរយៈពេលរាប់ទសវត្សរ៍ ដោយផ្លាស់ប្តូរពីការថតរូបភាពឌីជីថលធម្មតា ទៅជាការត្រួតពិនិត្យបែបរស់រវើក (dynamic)។