អាមេរិកសម្រេចផ្តល់ជំនួយជាង ៦៧ម៉ឺនដុល្លារ សម្រាប់សកម្មភាពបោសសម្អាតមីននៅកម្ពុជា
អង្គការជំនួយនៃប្រជាជនន័រវេស្ស (NPA) បានផ្តល់ហិរញ្ញប្បទានឥតសំណង ចំនួន ៦៧៥.០០០ដុល្លារ គាំទ្រដល់សកម្មភាពបោសសម្អាតមីន របស់អង្គភាព CMAC។
ជំនួយនេះ ត្រូវបានផ្តល់តាមរយៈការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសហប្រតិបត្តិការផ្តល់ជំនួយហិរញ្ញប្បទានឥតសំណងរបស់សហរដ្ឋអាមេរិក គាំទ្រដល់សកម្មភាពបោសសម្អាតមីន របស់អង្គភាព CMAC តាមរយៈអង្គការ NPA នៅថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២៥។
ជំនួយឥតសំណងនេះ ត្រូវបានផ្តល់ឱ្យអង្គភាព CMAC សម្រាប់ការងារបោសម្អាតមីន រយៈពេល ៥ខែ (វិច្ឆិកា ឆ្នាំ២០២៥ – មេសា ឆ្នាំ២០២៦)។
ជាមួយគ្នានេះដែរ លោកស្រី Bridgette Walker ភារធារីស្ថានទូតសហរដ្ឋអាមេរិកប្រចាំកម្ពុជា ក៏បានអរគុណដល់ដៃគូរបស់យើង មានអង្គការជំនួយប្រជាពលរដ្ឋន័រវេស្សន៍ (Norwegian People’s Aid) និងមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា (CMAC) ចំពោះការខិតខំប្រឹងប្រែងឥតសំចៃដើម្បីធ្វើឱ្យកម្ពុជាអស់គ្រាប់មីន។ ហើយក៏សូមអរគុណដល់វិទ្យាស្ថានបច្ចេកទេសកំចាត់មីន ដែលបានពន្យល់លម្អិតអំពីកិច្ចខិតខំប្រឹងប្រែងក្នុងការរៀបចំក្រុមការងារដោះមីនជូនដល់សមាជិកសភាសហរដ្ឋអាមេរិក។
លោកស្រីភារធារី បានឱ្យដឹងទៀតថា តាំងពីឆ្នាំ ១៩៩៣ រហូតមកដល់បច្ចុប្បន្ន សហរដ្ឋអាមេរិក មានមោទនភាពណាស់ ដែលបានក្លាយជាម្ចាស់ជំនួយបោសសម្អាតមីនធំបំផុតនៅកម្ពុជា ដោយសរុបជាទឹកប្រាក់បរិច្ចាគមានចំនួន ២២០លានដុល្លារ ហើយក្នុងនោះ ១២លានដុល្លារ សម្រាប់ឆ្នាំនេះ ដើម្បីផ្តល់លទ្ធភាពជូនក្រុមគ្រួសារខ្មែរអាចរស់នៅបានដោយសុខសន្តិភាព និងវិបុលភាព។
គួររំលឹកថា ក្រៅពីសហរដ្ឋអាមេរិក កន្លងទៅថ្មីៗនេះ រដ្ឋាភិបាលជប៉ុន ក៏ធ្លាប់បានផ្តល់ហិរញ្ញប្បទានឥតសំណង ដែលមានទឹកប្រាក់សរុបចំនួន ១.១៦៦លានយ៉េន ស្មើនឹងប្រមាណ ៧,៨លានដុល្លារ ដើម្បីពង្រឹងសមត្ថភាពមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា(CMAC) និងទិញគ្រឿងយន្តរ៉ូបូតជីកកាយមីននៅកម្ពុជាផងដែរ។ (អានបន្ថែម)
កិច្ចខិតខំប្រឹងប្រែងរួមគ្នាទាំងនេះឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តជាអន្តរជាតិដ៏រឹងមាំក្នុងការដោះស្រាយកេរ្តិ៍ដំណែលនៃគ្រាប់មីននៅកម្ពុជា ការលើកកម្ពស់សុវត្ថិភាព និងការលើកកម្ពស់គុណភាពជីវិតសម្រាប់ប្រជាពលរដ្ឋរបស់ខ្លួន។
- Video Advertisement -