អ្នកជំនាញចិន៖ វិស័យសេវាកម្មប៉ះពាល់ខ្លាំង ក្រោយរកឃើញមនុស្ស៩ នាក់ឆ្លងកូវីដ១៩ ដោយសារ ម៉ាស៊ីនត្រជាក់

អ្នកស្រាវជា្រវចិន បានឱ្យដឹងថាកូវីដ១៩ ប៉ះពាល់យ៉ាងខ្លាំងដល់ឧស្សាហកម្មសេវាកម្ម ក្រោយពីមានមនុស្សបីគ្រួសារ បានឆ្លងកូវីដ១៩ ពីអ្នកជំងឺម្នាក់ ដែលពួកគេបានអង្គុយញ៉ាំអាហារជិតគ្នានៅក្នុងភោជនីយដ្ឋានបិទជិតមួយកន្លែង នៅខេត្តក្វាងចូវ ប្រទេសចិន។ ការឆ្លងនេះ បណ្តាលមកពីសំណើមខ្យល់នៃម៉ាស៊ីនត្រជាក់នៅក្នុងភោជនីយដ្ឋាននោះផ្ទាល់តែម្តង ដែលជាអ្នកចម្លងវីរុសកូវីដពីអ្នកមានជំងឺ ទៅកាន់មនុស្ស៩នាក់ទៀត ។ នេះបើតាមការស្រាវជ្រាវរបស់មជ្ឍមណ្ឌលការពារ និងគ្រប់គ្រងជំងឺឆ្លងរបស់ខេត្តក្វាងចូវ ចុះផ្សាយកាលពីខែមីនាកន្លែងទៅនេះ។

អ្នកស្រាវជ្រាវចិនបានធ្វើការពន្យល់ថា ការចម្លងនេះកើតចេញពីស្រ្តីអាយុ៦៣ ឆ្នាំម្នាក់ ដែលបានទទួលលទ្ធផលតេស្តវិជ្ជមាននៅមន្ទីរពេទ្យមួយក្រោយពីបរិភោគអាហារនៅទីនោះរួច។ ពីរសប្តាហ៍ក្រោយ មនុស្ស៩នាក់ទៀត ដែលមិនធ្លាប់មានប្រវត្តិប៉ះពាល់កន្លែងអ្នកជំងឺកូវីដ១៩ ពីមុនៗសោះ លើកលែងតែកន្លែងភោជនីយដ្ឋានមួយនោះចេញ ត្រូវបានរកឃើញថាមានផ្ទុកមេរោគនេះដែរ។ កាលពីថ្ងៃឆ្លងនោះ ស្ត្រីវ័យចំណាស់នោះ គាត់បានទៅភោជនីយដ្ឋាននោះជាមួយសាច់ញាតិគាត់ ទាំងដែលគាត់គ្មានអាការៈរោគណាមួយដូចជាក្អក ឬក្តៅខ្លួនគួរឱ្យកត់សម្គាល់នោះទេ។ ពេលនោះគាត់បាន ចម្លងទៅសមាជិកគ្រួសាររបស់គាត់០៤នាក់ទៀត និងមនុស្ស៥នាក់ទៀត ដែលអង្គុយជុំគ្នានឹងពីរគ្រួសារទៀត នៅក្បែរនោះ។

គេដឹងគ្រប់គ្នាហើយថា វីរុសចម្លងកូរ៉ូណា ឆ្លងពីមនុស្សម្នាក់ទៅមនុស្សម្នាក់ទៀត ដោយតំណក់តូចៗចេញពីសំណើមទឹកមាត់ ហើយមិនអាចអណ្តែតសាយភាយក្នុងបរិយាកាសឆ្ងាយជាងមួយម៉ែត្រនោះទេ។ ចំពោះករណីខាងលើ ក្រុមគ្រួសារទាំងបី គឺអង្គុយឆ្ងាយដាច់ពីគ្នាជាងមួយម៉ែត្រ ដែលការណ៍នេះ អ្នកស្រាវជ្រាវចិនបាន សន្និដ្ឋានថា ការចម្លងនេះបណ្តាលមកពីម៉ាស៊ីនត្រជាក់ក្នុងភោជនីយដ្ឋាននោះតែម្តង ដែលបានបក់ឱ្យតំណក់ទឹកមាត់តូចៗនោះអណ្តែតទៅក្នុងបរិយាកាសបានកាន់តែឆ្ងាយជាងចម្ងាយមួយម៉ែត្រនោះ។

សូមបញ្ជាក់ថា នេះជាលើកទីពីរហើយដែលអ្នកវិទ្យាសាស្ត្រចិនបានរកឃើញនូវករណីឆ្លងដែលបណ្តាលមកពីសំណើមខ្យលចេញពីម៉ាស៊ីនត្រជាក់ បន្ថែមទៅលើករណីឆ្លងកូវីដ១៩ លើកម្មករធ្វើការនៅលើកប៉ាល់ ដាយមឹនព្រីនស៍ (Diamond Princess cruise ship) ធ្វើឱ្យមានការរីករាលដាលយ៉ាងឆាប់រហ័សនៅជប៉ុន ដែលមានចំនួនអ្នកឆ្លងពី ១០ ទៅជាង ៦០០ នាក់ក្នុងរយៈពេលពីរសប្តាហ៍។ ព័ត៌មាននេះ ចេញផ្សាយដោយកាសែតសៅឆាយណាម៉នីងផុស កាលពីខែមុន។ (អានបន្ថែម)

ករណីឆ្លងនេះនៅខេត្តក្វាងចូវនេះ អ្នកស្រាវជ្រាវចិនបានវាយតម្លៃពីផលប៉ះពាល់យ៉ាងធំដល់វិស័យឧស្សាហកម្មសេវាកម្ម តួយ៉ាងដូចជាភោជនីយដ្ឋានជាដើម។ ការប៉ះពាល់នេះ ធ្វើអោយបុគ្គលិកបាត់បង់ការងារធ្វើ និងបាត់បង់ប្រាក់ចំណូលនៃការលក់យ៉ាងច្រើន។

ការប៉ះពាល់នេះ កើតឡើងជាសកលនៅទូទាំងពិភពលោក។ នៅអាមេរិក ឧស្សាហកម្មភោជនីយដ្ឋាន បានទទួលរងនូវផលប៉ះពាល់យ៉ាងខ្លាំងក្រោយពីវិបត្តិកូវីដ១៩ បានផ្ទុះឡើង ដែលមកទល់ពេលនេះ បុគ្គលិកភោជនីយដ្ឋានជាង ៨ លាននាក់ គ្មានការងារធ្វើ ឬ និងខាតបង់ទឹកប្រាក់ប្រមាណ ៨០ពាន់លានដុល្លារអាមរិក គិតត្រឹមដំណាច់ខែមេសានេះ។ នេះបើតាមការគូសបញ្ជាក់របស់សមាគមន៍ភោជនីយដ្ឋានជាតិ ( National Restaurant Association ) កាលពីថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២០។

ចំណែកនៅប្រទេសកម្ពុជា វិស័យឧស្សាហកម្មសេវាកម្មនេះ ក៏មានផលប៉ះពាល់ខ្លាំងណាស់ដែរ។ ថ្មីៗកន្លែងមកនេះ រាជរដ្ឋាភិបាលបានបញ្ជាឱ្យបិទកាស៊ីណូ បៀរហ្កាដិន ខារ៉ាអូខេ និងរោងភាពយន្តនៅទូទាំងប្រទេសកម្ពុជា។ ទន្ទឹមនឹងនោះ ភោជនីយដ្ឋានមួយចំនួនបានបិទទ្វារដោយខ្លួនឯង ដោយសារគ្មានភ្ញៀវចូលមករកសេវាកម្មនេះ។ (អានបន្ថែម)

ទោះបីជាយ៉ាងណាក៏ដោយ តួលេខច្បាស់ការណ៍នៃការប៉ះពាល់លើវិស័យឧស្សាហកម្មសេវាកម្មនេះ នៅមិនទាន់មានការវាយតម្លៃច្បាស់លាស់នៅឡើយទេ ។

ឆ្លើយតបនឹងបញ្ហានេះ អ្នកវិទ្យាសាស្ត្រ ផ្តល់អនុសាសន៍ជាវិធានការមួយចំនួន ដើម្បីឱ្យវិស័យសេវាកម្មនេះដើរទៅមុខទៀតបាន ក្នុងកំឡុងពេល និងក្រោយពេលមានវិបត្តិនេះ។ វិធានការទាំងនេះ មានដូចជា ការឱ្យមនុស្សអង្គុយបរិភោគអាហារឆ្ងាយ ពីគ្នា ការញ៉ាំអាហារខាងក្រៅភោជនីយដ្ឋាន បុគ្គលិកទាំងអស់ត្រូវពាក់ម៉ាស និងស្រោមដៃ បង់លុយថ្លៃអាហារតាមអេឡិចត្រូនិចជំនួយបង់តាមសាច់ប្រាក់ ប្រើបញ្ជីមុខម្ហូបសម្រាប់ភ្ញៀវដែលអាច បោះចោលបានក្រោយប្រើរួច ការកែលម្អគុណភាពប្រព័ន្ធចំរោះខ្យល់ និងការកំណត់ចំនួនមនុស្សអតិបរមាក្នុងបន្ទប់ទទួលភ្ញៀវជាដើម។

កន្លងមក ទស្សនាវដ្តីសំណង់ និងអចលទ្រព្យ ក៏បានចុះផ្សាយអំពីវិធានការជាច្រើន អំពីការរៀបចំអគារការិយាល័យ និងអគារពាណិជ្ជកម្មក្នុងពេលជួបវិបត្តិមេរោគកូវីដ ១៩ ផងដែរ។ (អានបន្ថែម)

- Video Advertisement -