អ្នកជំនាញជប៉ុន ចែករំលែកចំណេះដឹង បទពិសោធន៍ និងវិធីសាស្ដ្រអភិវឌ្ឍន៍ក្រុងដល់កម្ពុជា
ក្រុមជំនាញការផ្នែករៀបចំ និងអភិវឌ្ឍនគរូបនីយកម្មជប៉ុន បានចែករំលែកពីចំណេះដឹង បទពិសោធន៍ និងវិធីសាស្ត្រ ទាក់ទិននឹងការរៀបចំទីក្រុងដល់កម្ពុជា ទិសដៅដើម្បីជួយកម្ពុជាធ្វើនគរូបនីយកម្មក្រុងប្រកបដោយប្រសិទ្ធភាព ស្របពេលដែលកម្ពុជាកំពុងងាកទៅរកការអភិវឌ្ឍទីក្រុងវៃឆ្លាត។
ការចែករំលែកនេះ ធ្វើឡើងក្នុងវេទិការដ្ឋ-ឯកជនលើកទី៣ ស្តីពី «ការអភិវឌ្ឍនគរូបនីយកម្ពុជា-ជប៉ុន» ដែលប្រារព្ធឡើងកាលពីថ្ងៃទី ១៦ ខែកុម្ភៈ កន្លងទៅ។
វេទិកានេះត្រូវបានរៀបចំដោយ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់នៃប្រទេសកម្ពុជា និងក្រសួងដីធ្លី ហេដ្ឋារចនាសម្ព័ន្ធ ដឹកជញ្ជូន និងទេសចរណ៍នៃប្រទេសជប៉ុន ដោយមានការចូលរួមពីសមាជិកសមាគមអ្នកសាងសង់ចំនួន២០ក្រុមហ៊ុន ក៏ដូចជាមន្រ្តីរដ្ឋបាលខេត្តរាជរាធានី។
ក្នុងវេទិកានេះ មន្រ្តីជំនាញជប៉ុន បានធ្វើបទបង្ហាញពីការរៀបចំ និងការអភិវឌ្ឍន៍ទីក្រុងវៃឆ្លាតរបស់ប្រទេសជប៉ុន ក៏ដូចជាផ្តល់ជាធាតុចូលលើការរៀបចំនិងអភិវឌ្ឍទីក្រុងវៃឆ្លាតដល់កម្ពុជា។
ទន្ទឹមនឹងនេះ មន្រ្តីរដ្ឋបាលរាធានីភ្នំពេញ ខេត្តសៀមរាប និងបាត់ដំបង បានធ្វើការបទបង្ហាញ ពីវឌ្ឍនភាពនៃការរៀបចំ និងការអភិវឌ្ឍន៍ទីក្រុងវៃឆ្លាត ក្នុងខេត្តក្រុងរបស់ខ្លួនផងដែរ។

