អ្នកជំនាញពីសាកលវិទ្យាល្បីចិនមកកម្ពុជា ដើម្បីជួយលើកកម្ពស់វិស័យវារីវប្បកម្ម
ក្នុងគោលបំណងលើកកម្ពស់ការចិញ្ចឹមត្រី និងបង្គាក្នុងប្រទេសកម្ពុជា ក្រុមអ្នកស្រាវជ្រាវចិនមកពីសាកលវិទ្យាល័យ Shanghai Ocean បានបញ្ចប់ដំណើរទស្សនកិច្ចសិក្សាស្រាវជ្រាវ និងបណ្តុះបណ្តាលនៅកម្ពុជានាពេលថ្មីៗនេះ ក្នុងគោលបំណងស្វែងរកដៃគូហការវិនិយោគលើគម្រោងសាងសង់ច្រករបៀងត្រី និងស្រូវរវាងប្រទេសចិននិងកម្ពុជា នេះបើយោងតាម Chinadaily ដែលបានធ្វើបច្ចុប្បន្នភាពនៅថ្ងៃទី ១៣ ខែឧសភា ២០២៤ នេះ។
“កម្ពុជា មានផ្ទៃដីដាំដុះស្រូវដែលមានស្រាប់ចំនួន ៣,៣លានហិកតា ប៉ុន្តែផ្ទៃដីដែលបានយកមកប្រើប្រាស់សម្រាប់វារីវប្បកម្មស្រះទឹកសាបក្នុងប្រទេសនេះ មានត្រឹមតែប្រមាណ ១.៣៥០ហិកតា តែប៉ុណ្ណោះ ដែលនាំឱ្យមានការផ្គត់ផ្គង់មិនគ្រប់គ្រាន់ និងតម្លៃទីផ្សារខ្ពស់នៃផលិតផលជលផល ដូចជាផលិតផលបង្គាយក្សទឹកសាប និងត្រីឡាបយ៉ាជាដើម។ កត្តានេះ នាំឱ្យមានសក្ដានុពលយ៉ាងធំ សម្រាប់ឱ្យប្រទេសទាំងពីរ អាចធ្វើកិច្ចសហប្រតិបត្តិការក្នុងការកសាងច្រករបៀងត្រី និងស្រូវ” នេះជាការលើកឡើងរបស់លោក Wu Xugan អ្នកដឹកនាំក្រុមស្រាវជ្រាវ និងជាសាស្ត្រាចារ្យនៅសាលាវិទ្យាសាស្ត្រជលសាស្ត្រ និងជីវវិទ្យា នៅសាកលវិទ្យាល័យ Shanghai Ocean។
ក្នុងអំឡុងពេលស្នាក់នៅប្រទេសកម្ពុជា ចាប់ពីថ្ងៃទី ២១ ដល់ថ្ងៃទី ២៧ ខែមេសា ក្រុមការងារស្រាវជ្រាវ បានទៅមើលតំបន់នៅតាមខេត្តមួយចំនួន និងបានធ្វើការសិក្សាស៊ីជម្រៅ និងរៀបចំព្រឹត្តិការណ៍ផ្សព្វផ្សាយ និងវគ្គបណ្តុះបណ្តាលបច្ចេកទេស ក្នុងគោលបំណងស្វែងយល់បន្ថែមអំពីស្ថានភាពទីផ្សារក្នុងស្រុក ដើម្បីជួយកសិករបង្កើនជំនាញចិញ្ចឹមត្រីក្នុងស្រែ។ .
ក្រោមការដឹកនាំក្រុមការងារបច្ចេកទេសដោយលោក ថាយ សុមុនី ប្រធាននាយកដ្ឋានអភិវឌ្ឍន៍វារីវប្បកម្ម នៃរដ្ឋបាលជលផលនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្រុមការងារស្រាវជ្រាវនេះ បានចុះទៅមើលមូលដ្ឋានបង្ហាត់បង្ហាញការចិញ្ចឹមបង្គាចំនួនបីទីតាំង ដែលខ្លួនបានជួយសាងសង់ក្នុងខេត្តតាកែវ និង បានផ្តល់វគ្គបណ្តុះបណ្តាលដល់កសិករជាង ៣០ នាក់នៅនឹងកន្លែង។
លោកសាស្ត្រាចារ្យ Wu បានឱ្យដឹងពីរបៀបចិញ្ចឹមត្រីនៅក្នុងស្រែនៅកម្ពុជាពេលខ្លះអាចខុសពីការធ្វើនៅប្រទេសចិន ដោយសារអាកាសធាតុ ទេសភាព និងលក្ខខណ្ឌផលិតកម្មខុសគ្នា ព្រមទាំងកង្វះហេដ្ឋារចនាសម្ព័ន្ធដូចជាអាងស្តុកទឹកជាដើម ដោយបានពន្យល់ថា៖ “មិនដូចគំរូនៃការចិញ្ចឹមត្រីនិងដាំស្រូវដែលស៊ីសង្វាក់គ្នានៅក្នុងប្រទេសចិននោះទេ កន្លែងជាច្រើនក្នុងប្រទេសកម្ពុជាអាចដាំដុះស្រូវ ឬត្រីបានតែក្នុងរដូវប្រាំង និងរដូវភ្លៀងតែប៉ុណ្ណោះ ព្រោះពួកគេមិនមានអាងស្តុកទឹកសម្រាប់គ្រប់គ្រងការប្រើប្រាស់ទឹក និងពិបាកក្នុងការការពារហានិភ័យ ដូចជាគ្រោះរាំងស្ងួត និងទឹកជំនន់)។ យើងឃើញថាទំហំវារីវប្បកម្មនៅទីនេះ (កម្ពុជា) មានចំនួនតិចតួច ហើយកសិដ្ឋានភាគច្រើន ដំណើរការជាលក្ខណៈគ្រួសារ និងមិនទាន់មានលក្ខណៈពាណិជ្ជកម្មពេញលេញនៅឡើយ។ ម្យ៉ាងទៀត ជំនាញគ្រប់គ្រងការប្រមូលផលចិញ្ចឹមត្រីក្នុងស្រែរបស់កសិករ នៅមិនទាន់អភិវឌ្ឍ និងកង្វះខ្សែសង្វាក់ឧស្សាហកម្មពេញលេញ បានធ្វើឱ្យមានកម្រិតផលិតភាពទាប និងតម្លៃចំណីត្រីខ្ពស់។”
ចំពោះបញ្ហាប្រឈមនេះ ក្រុមអ្នកស្រាវជ្រាវប្តេជ្ញាថានឹងខិតខំប្រឹងប្រែងបន្ថែមទៀតដើម្បីជួយកសិករកម្ពុជាអភិវឌ្ឍការចិញ្ចឹមត្រីក្នុងស្រែឱ្យខាងតែបាន។ លោក Wu បានបញ្ជាក់ថា៖ “យើងបានសិក្សាបន្ថែមទៀតអំពីលក្ខខណ្ឌក្នុងមូលដ្ឋានក្នុងអំឡុងពេលទស្សនកិច្ចនេះ។ យើងនឹងចាប់ផ្តើមជាមួយនឹងកិច្ចខិតខំប្រឹងប្រែងបង្កើនប្រសិទ្ធភាព ដើម្បីជួយអ្នកស្រុកការពារធនធានជលផលជាមុនសិន បន្ទាប់មកពង្រីកទៅដល់ការចិញ្ចឹមត្រីខ្នាតធំ និងការអនុវត្តវារីវប្បកម្មស្រះនាពេលអនាគត”។
ដោយមើលឃើញថា ទេពកោសល្យចិញ្ចឹមត្រីក្នុងស្រែក្នុងមូលដ្ឋានមានសារៈសំខាន់សម្រាប់ការអភិវឌ្ឍឧស្សាហកម្មប្រកបដោយនិរន្តរភាពរបស់កម្ពុជា ក្រុមការងារសាកលវិទ្យាល័យ Shanghai Ocean ក៏បានធ្វើការទាក់ទាញនិស្សិតកម្ពុជាឱ្យចូលមកក្នុងវិស័យនេះបន្ថែមទៀត ដោយរៀបចំព្រឹត្តិការណ៍ផ្សព្វផ្សាយនៅតាមសាលាវិទ្យាល័យក្នុងអំឡុងពេលទស្សនកិច្ចរបស់ខ្លួន។
យោងតាមសេចក្តីថ្លែងការណ៍រួមចិន-កម្ពុជា ដែលបានចេញផ្សាយកាលពីខែកញ្ញា ឆ្នាំ ២០២៣ ប្រទេសទាំងពីរ នឹងពន្លឿនការសាងសង់ច្រករបៀងដើម្បីបង្កើនទំហំពាណិជ្ជកម្មកសិ-ពាណិជ្ជកម្មទ្វេភាគី ដោយជំរុញការពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យកសិកម្ម ដែលផ្តោតអាទិភាពលើការអភិវឌ្ឍវារីវប្បកម្ម កសិកែច្នៃ កសិកម្មអេកូឡូស៊ីទំនើប ការប្រើប្រាស់បច្ចេកវិទ្យាម៉ាស៊ីនបច្ចេកវិទ្យាកសិកម្ម និងធនធានមនុស្សថ្មី។ ជាផ្នែកមួយនៃកិច្ចសហប្រតិបត្តិការនេះ ចាប់ពីឆ្នាំ ២០២១ ដល់ឆ្នាំ ២០២៣ ក្រុមការងារបានអនុវត្តគម្រោងមួយក្នុងប្រទេសកម្ពុជា ដែលផ្តោតលើកិច្ចសហប្រតិបត្តិការបច្ចេកទេសលើការចិញ្ចឹមស្រូវ-ត្រី និងការកាត់បន្ថយភាពក្រីក្រតាមរយៈការវារីវប្បកម្មក្នុងតំបន់ទន្លេឡានឆាង-មេគង្គ៕
- Video Advertisement -