អ្នកជំនាញ៖បង្ហាញសុទិដ្ឋិនិយមចំពោះការងើបឡើងវិញនៃវិស័យអចលនទ្រព្យកម្ពុជាក្នុងឆ្នាំ២០២៣

ទោះបីជាវិបត្តិកូវីដ១៩ និងវិបត្តិសេដ្ឋកិច្ចសកលនៅបន្តមានភាពមិនច្បាស់លាស់ក្តី អ្នកជំនាញអចលនទ្រព្យកម្ពុជាបានបង្ហាញក្តីរំពឹងលើការងើបឡើងវិញ នៃវិស័យអចលនទ្រព្យរបស់កម្ពុជា នៅក្នុងឆ្នាំ២០២៣នេះ ដរាបណារដ្ឋាភិបាលកម្ពុជាដាក់ចេញជាគោលនយោបាយលើកទឹកចិត្តវិនិយោគិនបន្ថែមទៀត។

ឧកញ៉ា គីម ហ៊ាង ប្រធានក្រុមហ៊ុន KW Cambodia បានឱ្យដឹងថា ក្នុងរយៈពេល៣ឆ្នាំចុងក្រោយនេះ ពោលគឺចាប់ពីឆ្នាំ២០២០ ដល់ឆ្នាំ២០២២ ក្រុមហ៊ុនអចលនទ្រព្យជាច្រើនបានបិទដំណើរការដោយសារតែផលប៉ះពាល់នៃកូវីដ១៩។ នៅក្នុងឆ្នាំ២០២៣ ក៏នឹងមានការបិទជាច្រើនបន្តទៀត ប៉ុន្តែស្របពេលការបិទនៃក្រុមហ៊ុនទាំងនោះ ក៏នឹងមានការបើកដំណើរការនៃក្រុមហ៊ុនថ្មីៗ ជាច្រើនផងដែរ។

ឧកញ៉ាបានបញ្ជាក់ថា ស្ថានភាពអចលនទ្រព្យជារួមនៅក្នុងឆ្នាំ២០២៣ នឹងមានភាពល្អប្រសើរជាងឆ្នាំ២០២២ ប៉ុន្តែនៅមិនទាន់មានភាពល្អប្រសើរដូចមុនវិបត្តិកូវីដ១៩ទេ ព្រោះវិស័យមួយនេះទាមទារពេលវេលា ដោយសារបញ្ហាសេដ្ឋកិច្ច និងផលប៉ះពាល់ក្នុងរយៈពេល៣ឆ្នាំមកនេះជាជំងឺធ្ងន់ធ្ងរ។

យ៉ាងណាម៉ិញ បើយោងតាមលោកឧកញ៉ា ការងើបឡើងវិញនៃវិស័យអចលនទ្រព្យកម្ពុជា នឹងចាប់ផ្ដើមមានសញ្ញាវិជ្ជមានបណ្តើរៗ ដោយអាស្រ័យលើអត្រានៃការងើបឡើងវិញនៃសេដ្ឋកិច្ចជារួមរបស់ប្រទេសនីមួយៗ។

ស្រដៀងគ្នានេះ ឧកញ៉ា សំ សុខនឿន ប្រធានសមាគមអចលនទ្រព្យសកល បានមានប្រសាសន៍ថា ស្ថានភាពអចលនទ្រព្យកម្ពុជាអាចនឹងបន្តអូសបន្លាយនៅក្នុងឆ្នាំ២០២៣នេះ ដោយសារផលប៉ះពាល់នៃវិបត្តិកូវីដ១៩ នៅតែបន្ត ហើយនៅមិនទាន់មានភាពល្អប្រសើរនៅឡើយ។

យ៉ាងណាក្តី លោកឧកញ៉ាលើកឡើងថា ប្រសិនបើរាជរដ្ឋាភិបាលកម្ពុជាមានយុទ្ធសាស្ត្រណាមួយ ក្នុងការទាក់ទាញនូវវិនិយោគបរទេសចូលមកកាន់ប្រទេសកម្ពុជា ដើម្បីជំរុញចលនាអចលនទ្រព្យឡើងវិញ នោះស្ថានភាពអចលនទ្រព្យក្នុងឆ្នាំ២០២៣នឹងអាចមានការកើនឡើងវិញ។

លោកឧកញ៉ាសង្កត់ធ្ងន់ថា «ប្រសិនបើរាជរដ្ឋាភិបាលកម្ពុជាមិនមានគោលនយោបាយណាមួយ ដើម្បីជំរុញទឹកចិត្ត ឬលើកទឹកចិត្ត ដើម្បីឲ្យអ្នកវិនិយោគបរទេសចូលមកវិនិយោគក្នុងប្រទេសកម្ពុជាយើងទេ នោះឆ្នាំ២០២៣អាចនឹងមានការថមថយបន្តទៀត ព្រោះជំងឺឆ្នាំ២០២២ នៅមិនទាន់ជាទេ»។

ធនាគារជាតិនៃកម្ពុជា បានព្យាករថា វិស័យអចលនទ្រព្យកម្ពុជាត្រូវបានរំពឹងថានឹងបន្តងើបឡើងជាសន្សឹមៗ ក្នុងអត្រា១.២% ដែលគាំទ្រដោយកំណើនតម្រូវការក្នុងស្រុកផ្ដោតលើទីផ្សារ អចលនទ្រព្យលំនៅឋានដែលមានតម្លៃសមរម្យ ខណៈដែលសំណង់ប្រភេទប្រណីតដែលបម្រើដល់ តម្រូវការអនិវេសជនត្រូវការពេលវេលា ដើម្បីអាចវិលត្រឡប់ ទៅរកស្ថានភាពមុនពេលមានវិបត្តិ៕

- Video Advertisement -

ព័ត៌មានដែលទាក់ទង

ADB ប្រកាស​ពង្រីកទំហំហិរញ្ញប្បទានរបស់ខ្លួនដល់ $៣៦ពាន់លាន ដើម្បី​ដោះស្រាយ​បញ្ហា​ប្រឈម​នៅអាស៊ីប៉ាស៊ីហ្វិក

នៅក្នុងការផ្លាស់ប្តូរដ៏សំខាន់មួយក្នុងការជំរុញការអភិវឌ្ឍ […]

ការដកខ្លួនរបស់ទីភ្នាក់ងារ USAID ត្រួសត្រាយផ្លូវសម្រាប់ការពង្រីកឥទ្ធិពលរបស់ចិននៅកម្ពុជា និងអាស៊ាន

ការបង្កកជំនួយ USAID ភ្លាមៗក្រោមរដ្ឋបាលអាមេរិកថ្មីរបស់លោ […]

សេដ្ឋកិច្ច​ចិនជួបវិបត្តិថ្មី ជះឥទ្ធិពលដល់ទីផ្សារ​អចលន​ទ្រព្យ​និងគម្រោងអភិវឌ្ឍន៍សំខាន់ៗនៅអាស៊ាន

ទំហំពាណិជ្ជកម្មតម្លៃប្រមាណ ៧២២ពាន់លានដុល្លាររ វាងចិន និ […]

ទីផ្សារអចលនទ្រព្យអាស៊ីអាគ្នេយ៍ ត្រៀមខ្លួនសម្រាប់កំណើន ដែលមិនធ្លាប់មានពីមុនមក

ទិដ្ឋភាពអចលនទ្រព្យអាស៊ីអាគ្នេយ៍ កំពុងជួបប្រទះការផ្លាស់ប […]