អ្នកជំនាញ៖ កម្ចីអចលនទ្រព្យធូររលុងបង្កហានិភ័យខ្ពស់ដល់អ្នកទិញ
អ្នកនាង អាន សុធីតា អ្នកជំនាញផ្នែកអចលនទ្រព្យ និងនាយិការក្រុមហ៊ុន CBRE Cambodia កាលពីថ្មីៗនេះ បានសំដែងពីការព្រួយបារម្ភចំពោះអ្នកទិញអចលនទ្រព្យនៅប្រទេសកម្ពុជា ថាងាយនឹងរងហានិភ័យខ្ពស់ពីការផ្ដល់កម្ចីអចលនទ្រព្យដែលមានភាពធូររលុង ជាពិសេសពីម្ចាស់គម្រោង។
ការព្រួយបារម្ភនេះ គឺបន្ទាប់ពីអង្គការអន្តរជាតិមួយចំនួន បានតឿនដល់កម្ពុជាថាត្រូវតែរឹតបន្តឹងវិធានការផ្តល់ប្រាក់កម្ចីទៅលើវិស័យអចលនទ្រព្យ ដើម្បីជៀសវាងហានិភ័យ។
របាយការណ៍ចុងក្រោយរបស់មូលនិធិរូបិយវត្ថុអន្តរជាតិ ឬហៅកាត់ថា IMF បានបង្ហាញថា ការផ្តល់ប្រាក់កម្ចីទៅឲ្យអ្នកអភិវឌ្ឍន៍អចលនទ្រព្យនៅកម្ពុជានៅតែមិនទាន់មានការត្រួតពិនិត្យ និងមិនមានការគ្រប់គ្រងឲ្យបានល្អនៅឡើយ ដែលជាកត្តាគួរឱ្យព្រួយបារម្ភ (អានបន្ថែម)
ដូចគ្នានេះដែរ ធនាគារអភិវឌ្ឍន៍អាស៊ីឬ ADB កាលពីពេលថ្មីៗនេះ ក៏បានក្រើនរំលឹកថា កម្ពុជាគួរតែកាត់បន្ថយហានិភ័យផ្នែកហិរញ្ញវត្ថុដែលកើតចេញពីការផ្តល់ឥណទានទៅលើវិស័យអចលនទ្រព្យ។ (អានបន្ថែម)
ជុំវិញបញ្ហានេះ អ្នកនាង អាន សុធីតា បានពន្យល់ថា អ្នកនាងមិនសូវបារម្ភប៉ុន្មានទេចំពោះ កម្ចីពីធនាគារ ព្រោះថាភាគច្រើនធនាគារ គឺមានគោលនយោបាយនិងការត្រួតពិនិត្យតឹងរឹងនិងហ្មត់ចត់មុននិងផ្ដល់កម្ចី ហើយមួយវិញទៀតការគ្រប់គ្រងលើប្រព័ន្ធហិរញ្ញវត្ថុនេះគឺជាកាតព្វកិច្ចរបស់ធនគារជាតិ។ ប៉ុន្តែអ្នកនាងព្រួយបារម្ភខ្លាំងពីកម្ចីដែលផ្ដល់ដោយម្ចាស់គម្រោង។
គម្រោងអចលនទ្រព្យនៅកម្ពុជារួមមានគម្រោងលំនៅដ្ឋាន គម្រោងដីឡូ ជាច្រើន បាននិងកំពុងកើនឡើងជាបន្តបន្ទាប់។ លើសពីនេះ គម្រោងអចលនទ្រព្យនីមួយៗ សុទ្ធសឹងតែមានសេវាកម្មកម្ចីរំលោះរបស់ខ្លួន ដែលជាជម្រើសគួរឱ្យទាក់ទាញមួយសម្រាប់អ្នកទិញដែលចង់ទិញផ្ទះ ទិញដី លើកដំបូង ឬផ្ទះថ្មីរបស់ខ្លួន។
ខណៈពេលដែលទីផ្សារអចលនទ្រព្យនៅកម្ពុជាមានការប្រកួតប្រជែងខ្ពស់ ការអនុម័តផ្ដល់កម្ចីអចលនទ្រព្យ ដែលតម្រូវឱ្យអតិថិជនបង់រំលោះជាប្រចាំខែ ហាក់បីដូចជាមានភាពធូររលុង ក្នុងគោលបំណងដើម្បីទាក់ទាញដល់អតិជនឱ្យមកទិញអចលនទ្រព្យឲបានឆាប់រហ័ស។
អ្នកនាង អាន សុធីតា បានពន្យល់ថា៖ «បញ្ហានាពេលបច្ចុប្បន្នគឺ អ្នកម្ចាស់គម្រោងមិនសូវរឹតបន្តឹងចំពោះអ្នកទិញឡើយ ពោលគឺមិនបានសិក្សាឱ្យបានហ្មត់ចត់ទៅលើកម្រិតជីវភាពរបស់អ្នកទិញថាអាចមានលទ្ធផលក្នុងការបង់រំលោះប្រចាំខែបានឬទេ»។
«អ្វីដែលពួកគាត់ផ្ដោតសំខាន់គឺ លក់ចេញនូវគម្រោងរបស់ខ្លួនឱ្យបានច្រើន និងលក់ឲអស់តាមពេលកំណត់។ នេះគឺបញ្ហាចំបង តួរយ៉ាងដូចជា ក្នុងករណីដែលអ្នកទិញមិនអាចបង់រំលោះបានគ្រប់ចំនួន ឬអស់លទ្ធភាពបង់ជាប្រចាំខែដល់ម្ចាស់គម្រោង ម្ចាស់គម្រោងនឹងដកហូតអចលនទ្រព្យ តាមកិច្ចសន្យា។ ដូច្នេះ អ្នកដែលត្រូវខាតគឺ អ្នកទិញ។» អ្នកនាង បានបន្ត។
ជាមួយគ្នានេះដែរ អ្នកនាង ក៏បានធ្វើការអំពាវនាវដល់អ្នកទិញឱ្យពិចារណាលើស្ថានភាពហិរញ្ញវត្ថុរបស់ខ្លួនឱ្យបានច្បាស់លាស់ មុននឹងសម្រេចចិត្តបង់រំលោះអចលនទ្រព្យណាមួយ ចៀសវាងការប្រឈមនូវហានិភ័យដែលកើតឡើងដោយមិនបានព្រៀងទុក។
គួរបញ្ជាក់ផងដែរថា បើយោងតាម «ទស្សនវិស័យអភិវឌ្ឍន៍អាស៊ី (អេឌីអូ) ឆ្នាំ ២០១៩» ឥណទានដល់វិស័យឯកជនកើនឡើង ២៦,៤ ភាគរយពីមួយឆ្នាំទៅមួយឆ្នាំ គិតត្រឹមខែមិថុនា ឆ្នាំ ២០១៩ ខណៈការផ្តល់ប្រាក់កម្ចីសម្រាប់អចលនទ្រព្យកើនឡើង ៣៧,២ ភាគរយ ប្រាក់កម្ចីលំនៅដ្ឋានកើនឡើង ៣៩,៤ ភាគរយ និងកម្ចីសំណង់ ៣២,១ ភាគរយ នេះ។
រូបភាព៖ Address of Choice
អ្នកនាង អាន សុធីតា អ្នកជំនាញផ្នែកអចលនទ្រព្យ និងនាយិការក្រុមហ៊ុន CBRE Cambodia
- Video Advertisement -