អ្នកជំនាញ៖ ឆ្នាំ២០២៥ យុទ្ធសាស្រ្តទីផ្សារអចលនវត្ថុនៅកម្ពុជាគួរមានយន្តការកែលម្អ, ខណៈទីផ្សារក្នុងតំបន់មានលក្ខណៈប្រកួតប្រជែងខ្លាំង!

គិតត្រឹមដើមឆ្នាំ២០២៥ ទីផ្សារអចលនទ្រព្យរបស់កម្ពុជា បង្ហាញពីបញ្ហាប្រឈមសំខាន់ៗជាមួយនឹង អត្រាកាន់កាប់អគារការិយាល័យនៅត្រឹមកម្រិត ៦៥,១% ទាបជាងស្តង់ដារអន្តរជាតិ ដែលជាទូទៅមាន ចន្លោះពី ៨៥-៩០% ដែលរក្សាបាននូវតម្លៃជួលបុព្វលាភនៅត្រឹមរង្វង់ ២៧ដុល្លារ ក្នុងមួយម៉ែត្រការ៉េ នេះបើយោងតាមរបាយការណ៍ “Fearless Forecast” ដែលបង្ហាញដោយប្រធាន CBRE Cambodia លោក Marc Townsend នៅ Novotel Phnom Penh BKK1 កាលពីថ្ងៃទី ១៤ ខែមករា ឆ្នាំ ២០២៥។

វិស័យហាងលក់រាយ ប្រឈមមុខនឹងបញ្ហាស្រដៀងគ្នានេះដែរ ដែលមានអត្រាកាន់កាប់ហាងលក់រាយមាន នៅត្រឹមរង្វង់ ៦១,៨% ទាបជាងស្តង់ដារពិភពលោក ដែលជាទូទៅយ៉ាងហោចត្រូវមានចាប់ពីចន្លោះ ៩០-៩៥% សម្រាប់ទីផ្សារលក់រាយដែលមានសុខភាពល្អ។ ទោះបីជាមានបញ្ហាប្រឈមនឹងការកាន់កាប់ ទាំងនេះក៏ដោយ គេសង្កេតឃើញថា កន្លែងលក់រាយសំខាន់ៗនៅតែបន្តរក្សាតម្លៃបានប្រហែល ២២,៦ ដុល្លារក្នុងមួយម៉ែត្រការ៉េ ដែលបង្ហាញពីភាពមិនស៊ីសង្វាក់គ្នាដែលអាចកើតមានរវាងស្ថានភាពតម្លៃពិត នៃទីផ្សារ និងយុទ្ធសាស្រ្តកំណត់តម្លៃនៅក្នុងទិដ្ឋភាពអចលនទ្រព្យដែលកំពុងវិវត្តរបស់កម្ពុជា។

ការផ្គត់ផ្គង់ខុនដូចូលបន្ថែមថ្មីមកក្នុងទីផ្សារមានចំនួនជាង ៣២០០យូនីត ដែលកំពុងតែ បង្ហាញពីសញ្ញាណឲ្យមានការត្រួតពិនិត្យដោយប្រុងប្រយ័ត្នឡើងវិញសម្រាប់អ្នកអភិវឌ្ឍក្នុងវិស័យនេះ ខណៈតម្លៃលក់សម្រាប់ខុនដូ កម្រិតខ្ពស់នាពេលបច្ចុប្បន្ន គឺ ២.៦៥០ ដុល្លារ ក្នុងមួយម៉ែត្រការ៉េ ដែលស្ថិតនៅខាងក្រោមកម្រិតស្តង់ដារ ក្នុងតំបន់បន្តិច។ បើប្រៀបធៀបទៅ យើងឃើញថា ខុនដូប្រណីតក្នុងទីក្រុងបាងកក ជាមធ្យមមានតម្លៃ ៦.៥០០ ដុល្លារក្នុងមួយម៉ែត្រការ៉េ ខណៈ យូនីតមធ្យមក្នុងទីក្រុងភ្នំពេញ ជាធម្មតាមានតម្លៃ ២.២០០ ដុល្លារក្នុងមួយម៉ែត្រការ៉េ ដែលបង្ហាញថាទីផ្សារកំពុងរក្សាតម្លៃប្រកួតប្រជែងក្នុងបរិបទតំបន់។

ដោយឡែក ការបន្ថែមនៃគម្រោងថ្មីផ្នែកអគារប្រភេទអាផាតមិន ចំនួនជាង ២៤០យូនីត កំពុងតែ បង្ហាញពីការពង្រីកថ្មីមានតិចតួចនៅក្នុងទីផ្សារ ដោយតម្លៃជួលអគារអាផាតមិនកម្រិត A មានតម្លៃ ១៩,៣ ដុល្លារក្នុងមួយម៉ែត្រការ៉េ។ វិស័យសេវាកម្មអាផាតមិន បង្ហាញចន្លោះប្រហោងសម្រាប់ការកែលម្អ ដោយសារអត្រាកាន់កាប់បច្ចុប្បន្ន មានត្រឹមតែ ៥៥% នៅក្រោមកម្រិតស្តង់ដារដែលជាទូទៅគឺចន្លោះពី ៨៨-៩២% និងជាធម្មតាកម្រិតនេះ អាចសម្រេចបានដោយអគារអាផាតមិនជោគជ័យនានា នៅក្នុងទីក្រុងនៃប្រទេស អាស៊ីផ្សេងទៀត។ តួលេខនេះ បង្ហាញពីសក្តានុពលដ៏សំខាន់សម្រាប់កំណើននៅពេលដែលទីផ្សារ មានភាពចាស់ទុំ។

សូចនាករទីផ្សារទាំងនេះ បង្ហាញថា វិស័យអចលនវត្ថុរបស់កម្ពុជា កំពុងវិវត្តក្នុងដំណាក់កាលសំខាន់ មួយ មុននឹងឈានទៅដល់ភាពចាស់ទុំទីផ្សារ។ ជាមួយនឹងអត្រាកាន់កាប់អគារការិយាល័យ និងហាងលក់រាយ ស្ថិតក្រោមកម្រិតស្តង់ដារអន្តរជាតិដែលកំណត់ថាទីផ្សារដែលមានសុខភាពល្អ ជាធម្មតា នឹងមានអត្រា ទំនេរត្រឹមតែ ១០-១៥% សម្រាប់អគារការិយាល័យ និង ៥-១០% សម្រាប់ហាងលក់រាយប៉ុណ្ណោះនោះ  អ្នកអភិវឌ្ឍគម្រោងនិងភាគីជាប់ផលប្រយោជន៍ ប្រហែលជាត្រូវអនុវត្តការកែតម្រូវជាយុទ្ធសាស្រ្ត ដើម្បី កែលម្អមូលដ្ឋានគ្រឹះទីផ្សារបន្ថែមទៀត។

លោក Marc Townsend បានធ្វើការកត់សម្គាល់ថា សក្ដានុពលទីផ្សារបច្ចុប្បន្ន បង្ហាញពីតម្រូវការ សម្រាប់ការកែតម្រូវជាយុទ្ធសាស្រ្ត ជាជាងការព្រួយបារម្ភបែបទាន់ហន់ ដោយសង្កត់ធ្ងន់លើសារៈសំខាន់ នៃ យន្តការកែតម្រូវទីផ្សារ។ សម្រាប់វិស័យខុនដូ ការរក្សាបាននូវការប្រកួតប្រជែងតម្លៃ ព្រមជាមួយនឹងការធានាគុណភាពឲ្យបាននៅក្នុងទីផ្សារ នៅតែជាកត្តាសំខាន់ ជាពិសេសនៅពេលដែល ទីផ្សារខុនដូបែបប្រណីតក្នុងបណ្តាប្រទេសជិតខាងក្នុងតំបន់ បន្តបង្ហាញពីដំណើរការល្អខ្លាំង

ម្ចាស់អចលនៈទ្រព្យនៅគ្រប់វិស័យទាំងអស់ ប្រហែលជាត្រូវគិតគូរពីយុទ្ធសាស្ត្រផ្សេងទៀត ដើម្បីកែលម្អអត្រាការជួល ក្នុងនោះរាប់ទាំងការគិតគូរពីការកែសម្រួលអត្រាជួលដែលមានសក្តានុពល កែលម្អគ្រឿងបរិក្ខារអចលនទ្រព្យឲ្យប្រសើរឡើង និងវិធីសាស្រ្តវាយលុកទីផ្សារដ៏ខ្លាំងក្លាបន្ថែមទៀត ដើម្បីឲ្យស្របតាមស្តង់ដារទីផ្សារអន្តរជាតិ និងទាក់ទាញអ្នកជួលប្រកបដោយគុណភាពនៅ ក្នុងទិដ្ឋភាពទីផ្សារដែលកាន់តែមានលក្ខណៈប្រកួតប្រជែងនេះ៕

- Video Advertisement -

ព័ត៌មានដែលទាក់ទង

ADB ប្រកាស​ពង្រីកទំហំហិរញ្ញប្បទានរបស់ខ្លួនដល់ $៣៦ពាន់លាន ដើម្បី​ដោះស្រាយ​បញ្ហា​ប្រឈម​នៅអាស៊ីប៉ាស៊ីហ្វិក

នៅក្នុងការផ្លាស់ប្តូរដ៏សំខាន់មួយក្នុងការជំរុញការអភិវឌ្ឍ […]

ការដកខ្លួនរបស់ទីភ្នាក់ងារ USAID ត្រួសត្រាយផ្លូវសម្រាប់ការពង្រីកឥទ្ធិពលរបស់ចិននៅកម្ពុជា និងអាស៊ាន

ការបង្កកជំនួយ USAID ភ្លាមៗក្រោមរដ្ឋបាលអាមេរិកថ្មីរបស់លោ […]

សេដ្ឋកិច្ច​ចិនជួបវិបត្តិថ្មី ជះឥទ្ធិពលដល់ទីផ្សារ​អចលន​ទ្រព្យ​និងគម្រោងអភិវឌ្ឍន៍សំខាន់ៗនៅអាស៊ាន

ទំហំពាណិជ្ជកម្មតម្លៃប្រមាណ ៧២២ពាន់លានដុល្លាររ វាងចិន និ […]

ទីផ្សារអចលនទ្រព្យអាស៊ីអាគ្នេយ៍ ត្រៀមខ្លួនសម្រាប់កំណើន ដែលមិនធ្លាប់មានពីមុនមក

ទិដ្ឋភាពអចលនទ្រព្យអាស៊ីអាគ្នេយ៍ កំពុងជួបប្រទះការផ្លាស់ប […]

អ្នកជំនាញ៖ ដូណាល់ត្រាំអាចនឹងផ្តាច់ខ្សែច្រវាក់ផលិតកម្មវៀតណាមដូចធ្វើដាក់ចិន ហើយកម្ពុជានឹងមានផលចំណេញច្រើន

ប្រទេសកម្ពុជា ត្រៀមខ្លួនក្លាយជាអ្នកទទួលផលដ៏សំខាន់នៃការផ […]