អ្នកជំនាញCBRE ព្យាករពេលវេលាច្បាស់លាស់ជាងមុនសម្រាប់ការងើបឡើងវិញនៃទីផ្សារអចលនទ្រព្យកម្ពុជា
ទីផ្សារអចលនទ្រព្យនៅកម្ពុជា បច្ចុប្បន្នកំពុងស្ថិតក្នុងដំណាក់កាលកែតម្រូវជាចាំបាច់ ដែលដំណាក់កាលកែតម្រូវនេះ ត្រូវឆ្លងកាត់ដំណាក់ដែលអ្នកជំនាញហៅថា “ដំណាក់កាលឈឺចាប់” ប៉ុន្តែចាំបាច់សម្រាប់ដំណើរបន្ទាប់ឆ្ពោះទៅរកស្ថានភាពប្រសើរឡើងវិញ និងដើម្បីរក្សាស្ថិរភាពទីផ្សារ និងការត្រៀមខ្លួនសម្រាប់កំណើននាពេលអនាគត នេះបើយោងតាមលោកស្រី Kim Kin Kesa នាយកគ្រប់គ្រងក្រុមហ៊ុន CBRE Cambodia ដែលបានលើកឡើងនៅក្នុងសិក្ខាសាលាធ្វើបទបង្ហាញស្តីពីបច្ចុប្បន្នភាពទីផ្សារអចលនទ្រព្យភ្នំពេញ ដែលប្រារព្ធធ្វើកាលពីថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៤។
ក្នុងពិធីដដែល គណៈពិភាក្សាពេញអង្គដែលរួមមានវាគ្មិនល្បីៗជាច្រើនរូបមកពីស្ថាប័ន ជំនាញក្នុងវិស័យអចលនទ្រព្យ បានធ្វើបច្ចុប្បន្នភាពអំពីស្ថានភាពទីផ្សារ និងពេលវេលានៃការងើបឡើងវិញសម្រាប់វិស័យនេះ ជុំវិញសំណួរចម្បងដែលបានចោទសួរថា តើទីផ្សារអចលនទ្រព្យកម្ពុជានឹងត្រឡប់ទៅរកភាពល្អប្រសើរឡើងវិញ នៅពេលណាឱ្យប្រាកដ?
ខណៈតម្លៃលែងឡើងចុះខ្លាំងហើយចាប់ផ្តើមមានកម្រិតមធ្យម នោះជាសញ្ញាណនៃភាពប្រសើរឡើងវិញ
ក្នុងឱកាសនោះ លោកស្រី Kim Kin Kesa បានកត់សម្គាល់ថា ខណៈពេលដែលតម្លៃអចលនទ្រព្យកំពុងតែស្ថិតនៅមានកម្រិតមធ្យម ដែលយើងច្រើនតែមើលឃើញថានេះជាបញ្ហាប្រឈមសម្រាប់អ្នកអភិវឌ្ឍន៍គម្រោងភាគច្រើននោះ តាមពិតទៅ គឺដំណាក់កាលនេះហើយ ទើបជាដំណាក់កាលដែលមានសារៈសំខាន់បំផុតសម្រាប់ជំរុញទីផ្សារទៅកាន់កម្រិតមួយដែលមានចីរភាពឡើងវិញ។
លោកស្រីបានមានប្រសាសន៍ថា “តម្លៃនឹងមិនធ្លាក់ចុះរហូតទេ ហើយវាក៏មិនចេះតែឡើង រហូតដែរ។ នៅពេលណាដែលតម្លៃ ចាប់ផ្តើមប្រែមកស្ថិតក្នុងកម្រិតមធ្យម (ពោលគឺតម្លៃក្នុងទីផ្សារចាប់ផ្តើមមានលំនឹង លែងឡើងចុះខ្លាំងវិញ) ដែលអាចទទួលយកបានសម្រាប់ទីផ្សារ គឺនៅពេលនោះហើយដែលកំណើននៃតម្រូវការអចលនទ្រព្យ នឹងចាប់ផ្តើមមានភាពប្រសើរឡើងវិញទៅតាមនោះដែរ”។
គិតតែអភិវឌ្ឍន៍សម្រាប់តម្រូវការអនាគត ភ្លេចគិតថាបច្ចុប្បន្នគ្មានអ្នកត្រូវការ
ចំណែកឯលោក Channdara Latt អ្នកគ្រប់គ្រងផ្នែកស្រាវជ្រាវ និងប្រឹក្សានៅក្រុមហ៊ុន CBRE Cambodia និងជាសមាជិកគណៈពិភាក្សាពេញអង្គមួយរូបក្នុងឱកាសនោះដែរ បានលើកឡើងពីលក្ខណៈវិលជុំនៃការវិវត្តរបស់ទីផ្សារ។ លោកបានកត់សម្គាល់ថា “យើងតែងតែមានទម្លាប់និយាយតៗគ្នាថា ឆ្នាំក្រោយទីផ្សារនឹងប្រសើរឡើងវិញហើយ” ដោយបន្ថែមថាពំនោលប្រកបដោយសុទិដ្ឋិនិយមនេះ បានបន្តតាំងតែពីឆ្នាំ ២០២០មកម្ល៉េះ។
លោក Channdara ថែមទាំងបានលម្អិតបន្តថា ប្រភពបញ្ហាដែលបណ្តាលឱ្យមានការបន្តរាំងស្ទះដល់ការងើបឡើងវិញ នោះគឺ ស្ថានភាពអភិវឌ្ឍន៍បច្ចុប្បន្ន គឺសម្រាប់តែបម្រុងទុកដើម្បីបំពេញតម្រូវការទីផ្សារអនាគតច្រើនពេក ជាជាងដើម្បីដោះស្រាយតម្រូវការជាក់ស្តែងដែលនៅចំពោះមុខបច្ចុប្បន្ន ពោលគឺអភិវឌ្ឍន៍សម្រាប់តែអនាគតលើសតម្រូវការបច្ចុប្បន្ន។ កត្តានេះ បណ្តាលឱ្យមានការកែតម្រូវទីផ្សារ ក្នុងនោះការផ្គត់ផ្គង់ និង តម្រូវការ ត្រូវតែមានតុល្យភាពគ្នា។ តួយ៉ាងគេឃើញមានគម្រោងអភិវឌ្ឍន៍គេហដ្ឋានជាច្រើន ត្រូវបានសាងសង់ឡើងដោយរំពឹងថានឹងមានអ្នកទិញកាន់តែច្រើននាពេលអនាគត ជាងការពិតបច្ចុប្បន្នដែលទីផ្សារកំពុងខ្វះតម្រូវការ។
មិនអាចពឹងតែលើអចលនទ្រព្យតែមួយមុខទេ តែត្រូវការពិពិធកម្មនិងពេលវេលា
ជាមួយគ្នានោះដែរ លោក Channdara ក៏បានលើកឡើងទៀតថា វិស័យអចលនទ្រព្យតែឯង មិនអាចងើបឡើងវិញបានទេ បើវិស័យផ្សេងៗទៀតមិនបានងើបឡើងវិញជាមុនសិនដែរទេនោះ។ លោកបានសង្កត់ធ្ងន់លើសារៈសំខាន់នៃវិស័យសេដ្ឋកិច្ចសំខាន់ៗផ្សេងទៀត ដូចជាវិស័យពាណិជ្ជកម្ម ការនាំចូល-ការនាំចេញ ការលក់រាយ និងវិស័យទេសចរណ៍ ដែលកំពុងជះឥទ្ធិពលដល់ការងើបឡើងវិញនៃទីផ្សារអចលនទ្រព្យ។
រីឯលោក Ramzi Sharif ដែលជាអ្នកវិភាគម្នាក់ទៀតបានរំលេចអំពីផលប៉ះពាល់នៃការកើនឡើងនៃប្រាក់កម្ចីមិនដំណើរការ (NPLs) និងតួនាទីនៃអាកប្បកិរិយារបស់វិនិយោគិននៅក្នុងការធ្លាក់ចុះនៃទីផ្សារ។ លោកបានចង្អុលបង្ហាញថា ការកើនឡើងយ៉ាងឆាប់រហ័សនៃការវិនិយោគអចលនទ្រព្យបាននាំឱ្យមានពពុះទ្រព្យសកម្ម (Asset bubble) ដែលជាហេតុបណ្តាលឱ្យអ្នកវិនិយោគហក់លោតជាច្រើន បានឱកាសពង្រីកការវិនិយោគរបស់ខ្លួនហួសលទ្ធភាព ។ បាតុភូតនេះ បានបណ្តាលឱ្យមានភាពតានតឹងផ្នែកហិរញ្ញវត្ថុ ដែលប៉ះពាល់ដល់សមត្ថភាពរបស់ពួកគេក្នុងការរក្សាប្រតិបត្តិការអាជីវកម្មផ្សេងទៀត។
លោក Ramzi Sharif បានផ្តល់យោបល់ថា ការងើបឡើងវិញនឹងមានបន្តិចម្តងៗ អាស្រ័យលើកំណើនសេដ្ឋកិច្ចក្នុងក្របខណ្ឌជាតិទាំងមូល និងការធ្វើពិពិធកម្មលើសពីវិស័យទេសចរណ៍ និងអចលនទ្រព្យផ្សេងទៀត។
មកដល់ត្រង់ចំណុចនេះ ក្រុមអ្នកវិភាគសុទ្ធតែបានឯកភាពគ្នាថា ការស្ទុះងើបឡើងវិញពេញលេញនៅក្នុងទីផ្សារអចលនទ្រព្យភ្នំពេញនឹងពឹងផ្អែកលើសុខភាពនៃវិស័យសេដ្ឋកិច្ចផ្សេងទៀត។ នៅពេលដែលវិស័យទាំងនេះរីកចម្រើន ទីផ្សារអចលនទ្រព្យត្រូវបានគេរំពឹងថានឹងដើរតាមក្រោយ ទោះបីជាអាចមានការពន្យារពេលពី ៦ ខែទៅមួយឆ្នាំក្រោយទៀតក៏ដោយ។
ចំណែកឯលោក Youdy Bun អ្នកជំនាញម្នាក់ទៀតនៅក្នុងក្រុមនេះបានជំរុញឱ្យអ្នកអភិវឌ្ឍន៍អចលនទ្រព្យផ្តោតលើគម្រោងដែលបំពេញតម្រូវការជាក់ស្តែង ជាជាងការអភិវឌ្ឍន៍គម្រោងតាមតែការរំពឹងទុករបស់ខ្លួន។ លោកបានបញ្ជាក់ពីសារៈសំខាន់នៃការស្តាប់ (យល់អារម្មណ៍)ទីផ្សារ និងវិធីសាស្ត្រណាដែលមានប្រសិទ្ធភាពពិតប្រាកដក្នុងការដោះស្រាយតម្រូវការជាក់ស្តែងរបស់អតិថិជន។
រក្សាសុទិដ្ឋិនិយម ប៉ុន្តែត្រូវមានយុទ្ធសាស្ត្របង្កើតតម្លៃ
សរុបសេចក្តីមក ខណៈពេលដែលពេលវេលាពិតប្រាកដសម្រាប់ការងើបឡើងវិញពេញលេញនៅតែមិនច្បាស់លាស់ក៏ពិតមែនក្តី ប៉ុន្តែក្រុមអ្នកវិភាគហាក់នៅមានសុទិដ្ឋិនិយមដដែលអំពីសក្តានុពលរយៈពេលវែងនៃទីផ្សារអចលនទ្រព្យកម្ពុជាជាពិសេសសម្រាប់រាជធានីភ្នំពេញ។ អ្នកជំនាញបានណែនាំវិធីសាស្រ្តប្រុងប្រយ័ត្នមួយចំនួន ដោយផ្តោតលើការអភិវឌ្ឍន៍ប្រកបដោយនិរន្តរភាព និងការធ្វើពិពិធកម្មនៃការវិនិយោគ ដើម្បីធានាបាននូវទីផ្សារដែលមានតុល្យភាព និងភាពធន់ជាងមុន។
ទោះយ៉ាងណាក្តី សារគន្លឹះដែលរាល់អ្នកជំនាញបានលើកឡើងដូចៗគ្នា ចេញពីកិច្ចពិភាក្សាពេញអង្គនេះ គឺច្បាស់ណាស់ថា៖ យើងត្រូវរក្សាភាពអត់ធ្មត់ និងត្រូវមានយុទ្ធសាស្ត្រ ផ្តោតលើការបង្កើតតម្លៃ និងរក្សាជំនឿលើសក្តានុពលរយៈពេលវែងនៃទីផ្សារអចលនទ្រព្យកម្ពុជា៕
- Video Advertisement -