អ្នកទិញដែលជាអ្នកមានកម្ពុជាវិនិយោគនៅក្នុងអចលនទ្រព្យអូស្ត្រាលី

ប្រទេស​អូស្ត្រាលី ជា​គោលដៅ​នៃ​ជម្រើស​សម្រាប់​វិនិយោគិន​អចលនទ្រព្យ​ដែល​ស្វែងរក​ការវិនិយោគ​នៅ​បរទេស​ជា​យូរ​មក​ហើយ​។ របៀប​រស់នៅ ភាសា សេវា​ថែទាំ​សុខភាព និង​ឱកាស​ការអប់រំ បាន​ពង្រឹង​ស្ថានភាព​ប្រទេស​ឲ្យ​ស្ថិតនៅ​ជា​គោលដៅ​លំដាប់ថ្នាក់​ពិភពលោក​សម្រាប់​វិនិយោគិន​។ ប្រទេស​នេះ​ត្រូវបាន​គេ​មើលឃើញថា​ជា​ឋានសួគ៌​សុវត្ថិភាព​ដោយ​មាន​រចនាសម្ព័ន្ធ​ដែល​ត្រូវបាន​បង្កើតឡើង​ដោយ​ស្របច្បាប់ និង​រឹងមាំ ការការពារ​ទ្រព្យសម្បត្តិ និង​សង្គម​ពហុវប្បធម៌​។ លោកស្រី ចាន់ ម្លប់​សុខា មក​ពី​ការិយាល័យ​មេធាវី​សុខា បាន​លើកឡើង​ថា “​អ្នកទិញ​កម្ពុជា​កំពុង​ទិញ​អចលនទ្រព្យ​នៅ​ប្រទេស​អូស្ត្រាលី ដើម្បី​ឲ្យ​កូន​របស់​គេ​ស្នាក់នៅ​ក្នុង​ពេល​សិក្សា​នៅ​ទីនោះ ឬ​ក៏​ធ្វើ​អាជីវកម្ម​”​។

​សម្រាប់​វិនិយោគិន​បរទេស ភាព​ខ្សោយ​នៃ​ប្រាក់​ដុល្លារ​អូស្ត្រាលី​នៅ​ពីរ​ឆ្នាំ​ចុងក្រោយ​នេះ កំពុង​បង្កើន​តម្រូវការ​ក្នុង​ទីផ្សារ​លំនៅដ្ឋាន​ដែល​ទាញយក​ប្រយោជន៍​ពី​ការ​បញ្ចុះតម្លៃ​ដែល​ផ្ដល់​ដោយ​រូបិយប័ណ្ណ​ខ្សោយ​នេះ​។ នេះ​គឺជា​ការពិត ជាពិសេស​សម្រាប់​ប្រជាជន​កម្ពុជា​ដែល​អ្វី​គ្រប់​យ៉ាង​ត្រូវ​បាន​ទូទាត់​ជា​ដុល្លារ​អាមេរិក​។ លោក ងួន ឆាយលាង មក​ពី​ក្រុមហ៊ុន Ratanaka Realty បាន​ពន្យល់ថា “​មាន​ប្រជាជន​កម្ពុជា​ទិញ​អចលនទ្រព្យ​នៅ​ក្រៅប្រទេស ដូចជា ប្រទេស​អូស្ត្រាលី សហរដ្ឋអាមេរិក និង​សិង្ហ​បុរី​។ អ្នកទិញ​ទាំងនោះ​គឺជា​ក្រុម​អ្នកមាន​ដែល​ទិញ​អចលនទ្រព្យ​សម្រាប់​កូន​របស់​ពួកគេ​រស់នៅ​ក្រៅប្រទេស ឬ​ក៏​គ្រាន់តែ​សម្រាប់​ការវិនិយោគ​នៅ​ក្រៅ​ប្រទេស​កម្ពុជា​”​។​

​មិន​មាន​ពេលវេលា​ណា​ដែល​ល្អ​ប្រសើរ​សម្រាប់​អ្នក​ទិញ​ក្នុងការ​ឆ្ពោះទៅមុខ​លើ​ការសម្រេចចិត្ត​ទិញ​អចលនទ្រព្យ ជាង​ពេលដែល​លុយ​ដុល្លារ​អូស្ត្រាលី​ស្ថិតនៅ​កម្រិត​ទាប​ខ្លាំង​នោះ​ទេ​។ លុយ​ដុល្លារ​អូស្ត្រាលី​បាន​ធ្លាក់​ថ្លៃ​ប្រមាណ ២០ ភាគរយ​ធៀប​នឹង​លុយ​ដុល្លារ​អាមេរិក​ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ​។ ដូច្នេះ​ផលប្រយោជន៍​ពី​ការទិញ​គឺ​ពិតជា​មាន​ខ្ពស់ ដូច​ដែល​អ្នកមាន​នៅ​អាស៊ីអាគ្នេយ៍ ដែល​បាន​ពិចារណា​ទិញ​អចលនទ្រព្យ​នៅក្នុង​ទីក្រុង​ស៊ីដនី និង​មែ​ល​ប៊​ន កាលពី​ពីរ​បី​ឆ្នាំ​មុន ឥឡូវ​នេះ​ធ្វើ​ការសម្រេចចិត្ត​ទិញ​។ តំបន់​ជាយក្រុង​ដែល​មាន​តម្រូវការ​ខ្ពស់​ជាច្រើន​នៅក្នុង​ទីក្រុង​ស៊ីដ​នី និង​ទីក្រុង​មែ​ល​ប៊​ន បន្ដ​បង្ហាញ​កំណើន​រយៈពេល​វែង​យ៉ាងរឹងមាំ​ក្នុង​រយៈពេល​ជាច្រើន​ឆ្នាំ​។ ទីផ្សារ​អចលនទ្រព្យ​នាពេល​បច្ចុប្បន្ន​កំពុង​ប្រឈមមុខ​នឹង​ការផ្គត់ផ្គង់​មិន​គ្រប់គ្រាន់ ដែល​នេះ​ជា​ផ្នែក​មួយ​នៃ​ហេតុផល​ដែល​តម្លៃ​មាន​ការកើនឡើង​។ ទោះជា​យ៉ាងណា ទីក្រុង​ស៊ីដនី​បាន​ក្លាយជា​ទីក្រុង​មាន​តម្លៃ​ថ្លៃ​ពេក​សម្រាប់​វិនិយោគិន​ជាច្រើន​។ ទីផ្សារ​មួយ​ផ្សេង​ទៀត​ដែល​គួរ​សម្លឹង​មើល​ក្រៅពី​ទីក្រុង​ស៊ីដនី និង​មែ​ល​ប៊​ន នោះ​គឺ​ទីក្រុង Brisbane ដែល​ជា​ទីផ្សារ​មាន​កើនឡើង ហើយ​អចលនទ្រព្យ​មាន​ការលក់​យ៉ាង​ឆាប់រហ័ស​។​

​ក្រៅ​ពី​ប្រជាជន​ខ្មែរ​ដែល​ទៅ​កាន់​ប្រទេស​អូស្ត្រាលី​ក្នុងអំឡុង​ពាក់កណ្តាល និង​ចុង​ទសវត្សរ៍​ឆ្នាំ ១៩៧០ និង​បន្ទាប់​ពី​ការដួលរលំ​នៃ​របប​ខ្មែរក្រហម ភាគច្រើន​នៃ​អ្នកទិញ​ជនជាតិ​ខ្មែរ​នៅ​ទីក្រុង​ស៊ីដនី និង​មែ​ល​ប៊​ន គឺ​ជា​ឪពុក​ម្តាយ​ដែល​មាន​កូន​សិក្សា​នៅក្នុង​ប្រទេស​អូស្ត្រាលី​។ ដោយសារតែ​ប្រទេស​អូស្ត្រាលី​មាន​ភាពល្បីល្បាញ​សម្រាប់​ការផ្តល់ជូន​ការអប់រំ​លំដាប់ថ្នាក់​ពិភពលោក ដូចនេះ​ហើយ​មាន​និស្សិត​អន្តរជាតិ​ជាច្រើន​ទៅ​សិក្សា​នៅ​ទីនោះ​។ នាពេល​បច្ចុប្បន្ន​នេះ មាន​ប្រជាជន​កម្ពុជា​ចំនួន​ជិត ២.០០០​នាក់ ដែល​ចូល​រៀន​នៅ​វិទ្យាល័យ និង​សាកលវិទ្យាល័យ​អូស្ត្រាលី​។ ជាមួយនឹង​ការ​បន្ត​កើនឡើង​នៃ​ចំនួន​នេះ មិនយូរ​មិនឆាប់​វា​នឹង​ក្លាយ​ជា​កត្តា​សំខាន់​ជម្រុញ​តម្រូវការ​អចលនទ្រព្យ​នៅក្នុង​ប្រទេស​អូស្ត្រាលី ហើយ​នេះ​នឹង​នាំឲ្យ​មាន​លំហូរ​នៃ​អ្នក​ទិញ​ថ្មីៗ​ទៅ​ក្នុង​ទីផ្សារ​នេះ​ជា​រៀងរាល់ឆ្នាំ​។​

​ទោះបីជា​អ្នក​ទិញ​ទាំងនេះ​ជា​ឪពុកម្តាយ​ដែល​ទិញ​អចលនទ្រព្យ​សម្រាប់​ប្រើប្រាស់​របស់​កូន​ពួកគេ​លក្ខខណ្ឌ​តម្រូវ​អចលនទ្រព្យ​មិនមែន​ត្រូវ​បំពេញ​តាម​ដោយ​កូន​របស់​ពួកគេ​នោះ​ទេ​។ សម្រាប់​ឪពុកម្តាយ ពួកគេ​ក៏​ចង់បាន និង​ត្រូវការ​អចលនទ្រព្យ​នៅក្នុង​ប្រទេស​អូស្ត្រាលី​ដែល​ពួកគេ​អាច​ចំណាយ​ពេល​នៅ​ទីនោះ​ដូច​ជា​ផ្ទះ​ទី​ពីរ ឬ​ផ្ទះ​សម្រាកលំហែ​ថ្ងៃ​ឈប់សម្រាក​ផងដែរ​។ ការ​មាន​កម្មសិទ្ធិ​លើ​ផ្ទះ​ផ្ទាល់ខ្លួន​អាច​មើល​ទៅ​ដូចជា​គំនិត​ដ៏​ល្អ​មួយ ជាពិសេស​នៅពេល​ដែល​ពួកគេ​សម្រាក​វិស្សមកាល​នៅ​ប្រទេស​អូស្ត្រាលី​។ ប៉ុន្តែ​មុនពេល​ដែល​ពួក​គេ​ទិញ វា​ជា​ការសំខាន់​ដែល​ត្រូវ​មើល​តថភាព​ជាក់ស្តែង​នៃ​ការកាន់កាប់​ផ្ទះ​នៅ​បរទេស ប្រសិនបើ​ពួក​គេ​ចង់​ប្រើ​វា​ជា​ទ្រព្យ​វិនិយោគ​។​

​សម្រាប់​វិនិយោគិន​នានា លក្ខខណ្ឌ​តម្រូវ​សំខាន់​សម្រាប់​អ្នក​ទិញ​ភាគ​ច្រើន​រួម​មាន ទីតាំង​ស្ថិតនៅ​ជិត ស្ថានីយ​ឆ្លងកាត់​ធំៗ ឬ​នៅក្នុង​សង្កាត់​ល្អ ដែល​មាន​កន្លែង​ផ្តល់​សេវាកម្ម​ច្រើន​ដូចជា ហាង​កាហ្វេ ភោជនីយដ្ឋាន ផ្សារ​ទំនើប និង​ហាង​។ អចលនទ្រព្យ​នៅតាម​បណ្តោយ​ស្ថានីយ​ឆ្លងកាត់​ធំៗ មិន​ត្រឹមតែ​ផ្តល់​ប្រយោជន៍​ពាក់ព័ន្ធ​នឹង​ការធ្វើដំណើរ​ប៉ុណ្ណោះ​ទេ ថែម​ទាំង​ផ្តល់​នូវ​កំណើន​មូលធន​ផងដែរ ហើយ​សម្រាប់​អ្នក​ដែល​ចូលចិត្ត​រស់នៅ​ក្នុង​តំបន់​ជាយក្រុង ពួកគេ​ក៏​ចង់បាន​ចំណត​យានយន្ត​ផងដែរ​។​

​ការវិនិយោគ​សម្រាប់​កំណើន​មូលធន​មានន័យថា អ្នកវិនិយោគ​គួរ​មើល​លើ​តំបន់​ជាយក្រុង​ដែល​មាន​កំណើន​សម្រាប់​ជា​ជម្រើស​។ នៅ​ក្នុង​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ ដោយសារ​តែ​កំណើន​តម្លៃ​ផ្ទះ​បាន​កើនឡើង​យ៉ាង​ឆាប់រហ័ស​រួមផ្សំ​នឹង​កំណើន​ការផ្គត់ផ្គង់​លំនៅដ្ឋាន ផល​ពី​ការជួល​សរុប​បាន​ធ្លាក់ចុះ​ដល់​កម្រិត​ទាប​បំផុត​នៅក្នុង​ទីក្រុង​ស៊ីដនី និង​មែ​ល​ប៊​ន​។ បច្ចុប្បន្ន​ផល​ពី​ការជួល​សរុប​សម្រាប់​ផ្ទះ​នៅក្នុង​ទីក្រុង​ស៊ីដ​នី មាន​ត្រឹម ២,៨ ភាគរយ និង ៣,៨ ភាគរយ​ក្នុង​មួយ​យូ​នី​ត ។ នៅ​ទីក្រុង​មែ​ល​ប៊​ន ផល​ពី​ការជួល​ផ្ទះ​គឺ ២,៧ ភាគរយ និង ៤ ភាគរយ ក្នុង​មួយ​យូ​នី​ត​។ ដោយ​គិតគូរ​ពី​ការវិនិយោគ​មាន​ផល​ពី​ការជួល វិនិយោគិន​នឹងមិន​ចំណាយលុយ​ច្រើន​លើ​អចលនទ្រព្យ​ដែល​មិន​ផ្តល់​ផល​ត្រឡប់​មក​វិញ​ច្រើន​ពេក​នោះទេ​។​

​ជាទូទៅ ចំណូលចិត្ត​របស់​អ្នកទិញ គឺ​ទិញ​ការអភិវឌ្ឍន៍​ថ្មី​។ ការទិញ​អចលនទ្រព្យ​ថ្មី គឺ​មិន​សូវ​លំបាក​ក្នុង​ការកែលម្អ​ថ្មី និង​ងាយស្រួល​ថែទាំ​។ គម្រោង​ថ្មីៗ​ជាច្រើន​ត្រូវបាន​គេ​ដាក់​លក់​ដោយ​ជោគជ័យ​នៅក្នុង​រាជធានី​ភ្នំពេញ ជាពិសេស​អចលនទ្រព្យ​ពី​ទីក្រុង​មែ​ល​ប៊​ន​។ ឧទាហរណ៍ “Avant” ដែល​មាន​ទីតាំង​ស្ថិតនៅតាម​បណ្តោយ​ផ្លូវ ៥៤-៦៤ A’Beckett ជិត​សាកលវិទ្យាល័យ RMIT​។ ជម្រើស​នៃ​ការអភិវឌ្ឍ​ថ្មី​បាន​កើន​ឡើង​ជាង​ប៉ុន្មាន​ឆ្នាំ​កន្លង​ទៅ​ក្នុង​តំបន់​ផ្សេងៗ​គ្នា​ជិត​ទីប្រជុំជន​ទីក្រុង​ស៊ីដ​នី និង​មែ​ល​ប៊​ន​។​

​អា​ផាត​មិន​កម្ពស់​ខ្ពស់​គឺ​ស្ថិត​ក្នុង​តម្រូវការ​ជាពិសេស​ពី​និស្សិត​អន្ដរជាតិ ប៉ុន្តែ​ត្រូវ​ឆ្លើយតប​នឹង​សេចក្តីត្រូវការ​ជា​មុន​របស់​អ្នកទិញ​។ ទីតាំង​របស់​វា​ត្រូវ​ស្ថិតនៅ​ចម្ងាយ​ដែល​គេ​ត្រូវ​ដើរ​តែ ២ ទៅ ៥ នាទី​ពី​ស្ថានីយ និង​មាន​ចម្ងាយ​ខ្លី​ពី​ភោជនីយដ្ឋាន​ឈាន​មុខ​គេ ហាង​លក់រាយ​ប្រណីត​ទាន់សម័យ សាកលវិទ្យាល័យ​កំពូលៗ និង​រោងភាពយន្ត​។ ចំណុច​មួយ​ដែល​សំខាន់​ជាងគេ គឺ​អគា​រអា​ផាត​មិន​នេះ​គួរ​ផ្តល់​នូវ​ការរួម​បញ្ចូល​គ្នា​នៃ​ការ​រចនា​ម៉ូដ និង​លក្ខណៈ​ពិសេស​ប្លែក​គេ​។ សម្រាប់​ឪពុកម្តាយ​ដែល​ទិញ​អចលនទ្រព្យ​ក្នុង​ប្រទេស​អូស្ត្រាលី អចលនទ្រព្យ​នោះ​ត្រូវ​បម្រើ​ឲ្យ​គោលបំណង​នៃ​ការផ្តល់​នូវ​កន្លែង​ស្នាក់​នៅ​សម្រាប់​កូន​ពួកគេ​ក្នុង​អំឡុង​ពេល​សិក្សា ប៉ុន្តែ​ក៏​ត្រូវ​ឆ្លើយតប​នឹង​តម្រូវការ​នៃ​របៀប​រស់នៅ​ផងដែរ​។ វា​ជា​ការល្អ​ក្នុង​ការទិញ​នៅក្នុង​តំបន់​ដែល​ពេញនិយម​ក្នុងចំណោម​អ្នក​ជួល​សម្រាប់​ច្រើន​ឆ្នាំ​ខាងមុខ​។​

​មិន​មាន​ពេលវេលា​ណា​ដែល​ល្អ​ប្រសើរ​សម្រាប់​អ្នក​ទិញ​ក្នុងការ​ឆ្ពោះទៅមុខ​លើ​ការសម្រេចចិត្ត​ទិញ​អចលនទ្រព្យ ជាង​ពេលដែល​លុយ​ដុល្លារ​អូស្ត្រាលី​ស្ថិតនៅ​កម្រិត​ទាប​ខ្លាំង​នោះ​ទេ​។ វិនិយោគិន​គួរតែ​ពិចារណា​លើ​គ្រប់​ជម្រើស​ទាំងអស់ មិន​មែន​គិតតែ​លើ​តម្លៃ​ថោក​នោះទេ ហើយក៏​មិន​ត្រូវ​ទិញ​ដោយ​អារម្មណ៍​សុទ្ធសាធ​ដែរ​។ ដោយ​មិន​គិត​ពី​ថវិកា វា​ជា​ការសំខាន់​ក្នុង​ការជ្រើសរើស​ទីតាំង​ដែល​នឹង​ផ្តល់ជូន​នូវ​ការវិនិយោគ​រយៈពេល​វែង​។ ដោយសារ​តែ​ទីតាំង​គឺជា​រឿង​ពេញនិយម វា​មិន​មានន័យថា​វា​នឹង​ចាំបាច់​ត្រូវ​ផ្តល់​ផល​មកវិញ​ល្អ​បំផុត​ចំពោះ​ការវិនិយោគ​នោះទេ​។​

​ក្នុងនាម​ជា​វិនិយោគិន ការទិញ​ដោយ​ឆ្លាត​វៃ​មានន័យថា​ជា​ការទិញ​ដែល​ទទួល​បាន​កំណើន​មូលធន​ល្អប្រសើរ​ជាង​មុន និង​កំណើន​ខ្ពស់​នៃ​ផល​ពី​ការជួល​។​

- Video Advertisement -