អ្នកទិញអចលនទ្រព្យងាកទៅចាប់អារម្មណ៍លំនៅឋានដែលមានតម្លៃសមរម្យ

អ្នកជំនាញក្នុងវិស័យអចលនទ្រព្យបានវិភាគថា តម្រូវការលំនៅឋានដែលមានតម្លៃសមរម្យ បាននិងកំពុងបន្តកើនឡើង ខណៈដែលចំនួនប្រជាជនដែលមានប្រាក់ចំណូលមធ្យមការកើនឡើងជាបន្តបន្ទាប់។ លើសពីនេះ ការអភិវឌ្ឍលំនៅឋានដែលមានតំលៃសមរម្យ និងការអភិវឌ្ឍន៍ទីផ្សារការិយាល័យពាណិជ្ជកម្មសម្រាប់ជួល ដែលមានគុណភាពខ្ពស់ នឹងក្លាយជាការផ្តោតអារម្មណ៍ខ្លាំងសម្រាប់ឆ្នាំ ២០២០ នេះ។

វិស័យអចលនទ្រព្យ ដែលជាវិស័យស្នូលសម្រាប់ទ្រទ្រង់កំណើនសេដ្ឋកិច្ចកម្ពុជា ត្រូវបានអ្នកជំនាញព្យាករថា នឹងបន្តកំណើនក្នុងរយៈពេល ៥ ឆ្នាំទៅមុខទៀត។

យោងតាមរបាយការណ៍បច្ចុប្បន្នភាពទីផ្សារអចលនទ្រព្យឆ្នាំ ២០១៩ របស់ ស៊ី.ប៊ី.អ.អ៊ី បានបង្ហាញឱ្យឃើញថា ទីផ្សារអចលនទ្រព្យនៅកម្ពុជា នៅតែបន្តមានសុខភាពល្អ ទោះបីជាមានការប្រឈមនឹងហានិភ័យខ្លះៗក៏ដោយ។ របាយការណ៍នេះបានវាយតម្លៃថា ការរក្សាបានកំណើននេះ ដោយសារតែទីផ្សារអចលនទ្រព្យនៅកម្ពុជា ហាក់ដូចជា មានភាពចាស់ទុំ និងភាពធន់ជាងមុន។

ការផ្គត់ផ្គង់ខុនដូបន្តការរីកចម្រើនយ៉ាងឆាប់រហ័ស ជាពិសេសនៅក្នុងវិស័យដែលមានកំរិតតម្លៃខ្ពស់ និងកម្រិតមធ្យម។ ត្រឹមដំណាច់ឆ្នាំ ២០១៩ នេះ រាជធានីភ្នំពេញ មានអត្រាផ្គត់ផ្គង់ខុនដូសរុប ប្រមាណ ៤០.០០០ យូនីត (បន្ថែមចំនួន ១៦.៩៣៩ យូនីត ទៅលើចំនួនខុនដូដែលមានស្រាប់) គឺស្មើនឹងកំណើន ១២០% នៃការផ្គត់ផ្គង់សរុបប្រចាំឆ្នាំ។

រហូតដល់ចុងឆ្នាំ ២០២០ ខណ្ឌចំការមន នឹងបន្តក្លាយជាតំបន់ដែលមានការផ្គត់ផ្គងខុនដូ ដែលមានបរិមាណច្រើនជាងគេបំផុត គឺប្រមាណ ១២.០០០ យូនីត បន្ទាប់មក ខណ្ឌ៧មករា និងខណ្ឌសែនសុខ ដែលតំណាងឱ្យការផ្គត់ផ្គង់ ១៤% នៃចំនួនការផ្គត់ផ្គង់សរុបនៅឆ្នាំ ២០២០ ។ ការបើកដំណើរការខុនដូថ្មីដែលគ្រោងនឹងមានចំនួន ៥.១៤០ យូនីត ត្រូវបានប្រកាសថា នឹងចាប់ដំណើរការ ក្នុងអំឡុងត្រីមាសនេះ។ ការចាប់ផ្តើមគម្រោងថ្មីផ្តោតលើខណ្ឌចំការមន ចំនួន ៤៤ ភាគរយ និងខណ្ឌជ្រោយចង្វារដែលមាន ៤០ ភាគរយ នៃចំនួនខុនដូ ដែលទើបនឹងបើកដំណើរការទាំងអស់។

របាយការណ៍នេះបានរំលេចឱ្យឃើញពីផលប៉ះពាល់ពីរដែលកើតចេញការកើនឡើងនៃការផ្គត់ផ្គង់ ទីមួយគឺជាការធ្លាក់ចុះតម្លៃដើម្បីសម្របទៅនឹងតម្លៃលក់ជាមធ្យម និងតម្លៃអត្រាការជួលនៅក្នុងទីផ្សារ និងការកើនឡើងការផ្លាស់ប្តូរខុនដូ ទៅជាសេវាអាផាតមិន ក្នុងគោលបំណងដើម្បីកាត់បន្ថយការផ្គត់ផ្គង់ហួសកម្រិតនៅទូទាំងទីផ្សារ។

សម្រាប់វិស័យទីផ្សារការិយាល័យ ក្នុងរាជធានីភ្នំពេញ បានរីកធំធាត់គួរឱ្យកត់សម្គាល់ក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ។ កត្តាចម្បងដែលជំរុញការអភិវឌ្ឍនៃការផ្គត់ផ្គង់ថ្មីនេះ គឺដោយសារអ្នកជួលការិយាល័យ ដែលកំពុងសម្លឹងមើលការពង្រីក និងបង្កើតខ្លួនឯងនៅក្នុងការិយាល័យពាណិជ្ជកម្មពហុអនុញ្ញាត ក៏ដូចជាអ្នកចូលទីផ្សារថ្មីផងដែរ។

ជារួម ការផ្គត់ផ្គង់ការិយាល័យជួលសម្រាប់ពាណិជ្ជកម្ម ត្រូវបានគេរំពឹងទុក បានឃើញការកើនឡើង ដល់ ៣៩៤.៦០៥ ម៉ែត្រការ៉េ នៅចុងបញ្ចប់ ឆ្នាំ ២០១៩។ សម្រាប់ឆ្នាំ ២០២០ មានការព្យាករថា តម្រូវការទីផ្សារទូទៅគឺវិជ្ជមាន និងការផ្គត់ផ្គង់លើសនឹងត្រូវបានស្រូបយកដោយអត្រានៃការជួលការិយាល័យពាណិជ្ជកម្ម ដែលចេះតែមានកំណើនឡើងបន្ថែមទៀត។

ចំណែកឯការផ្គត់ផ្គង់អាផាតមិននៅភ្នំពេញ មានបានកើនឡើងជាលំដាប់ក្នុងរយៈពេលមួយទសវត្សរ៍ចុងក្រោយនេះ។ នៅឆ្នាំ ២០១៩ អាផាតមេនលំដាប់អេ និងប៊ី នៅរាជធានីភ្នំពេញ ត្រូវបានគេព្យាករថា នឹងកើនដល់ចំនួនសរុបប្រមាណ ២,៤៩៧ យូនីត ដែលរួមមានអាផាតមិនលំដាប់អេ ( A ) ចំនួន ១៣៣៥ យូនីត និងលំដាប់ប៊ី (B) ចំនួន ៩០៨ យូនីត។ សម្រាប់ឆ្នាំ ២០២០ អាផាតមិនលំដាប់អេ ( A ) និងប៊ី (B)មានគេរំពឹងថា នឹងមានកំណើនតិចតួចប៉ុណ្ណោះ គឺនឹងកើនដល់ចំនួន ២.៧៦៣ យូនីតត្រឹមដំណាច់ឆ្នាំនេះ។

ទោះបីកំណើនវិស័យអចលនទ្រព្យបែបនេះក្តី បើតាមលោក ច្រឹក សុខនីម ប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា បានឱ្យដឹងតាមរយៈកិច្ចសម្ភាសន៍វិទ្យុបារាំងអន្តរជាតិបានឱ្យដឹងថា ការផ្គត់ផ្គង់លំនៅឋាននៅតែមានការខ្វះខាតច្រើន ពីព្រោះកំណើននៃតម្រូវការ បណ្តាលមកពីកំណើនសេដ្ឋកិច្ច។ លោកបានបន្តថា កំណើនតម្រូវលើលំនៅឋាននេះ នឹងបន្តកើនឡើងរយៈពេលប្រាំឆ្នាំបន្តទៅមុខទៀត ដែលក្នុងមួយឆ្នាំនឹងកើនឡើងយ៉ាងហោចក៏ប្រហែលពី ៣០.០០០ ទៅ ៥០.០០០ ខ្នងផ្ទះ។

ចំពោះមូលហេតុនៃកំណើនលំនៅឋាននេះ លោក ច្រឹក សុខនីម មានទស្សនាទានស្របនឹងរបកគំហើញរបាយការណ៍ព្យាករណ៍បច្ចុប្បន្នភាពរបស់ស៊ី.ប៊ី.អ.អ៊ីថា គឺដោយសារតែការកើនឡើងយ៉ាងឆាប់រហ័សនៃតម្លៃដីនៅទូទាំងរាជធានីភ្នំពេញ ក្នុងប៉ុន្មានឆ្នាំចុងក្រោយនេះ បាននាំឱ្យដីធ្លី មិនអាចទទួលយកបានកាន់តែខ្លាំងឡើងសម្រាប់យុវជនកម្ពុជា ដែលជាកត្តាជំរុញឱ្យគ្រួសារវ័យក្មេង និងអ្នកទិញវណ្ណៈកណ្តាលដែលកើនឡើង បានងាក់ទៅចាប់អារម្មណ៍លើវិស័យខុនដូច្រើនជាងមុន។

ចំពោះការសម្រេចចិត្តវិនិយោគលើអចលនទ្រព្យសម្រាប់ឆ្នាំ ២០២០ លោក ច្រឹក សុខនីម បានឱ្យផ្តល់ជាតម្រុយគំនិតថា “ប្រជាពលរដ្ឋគួរទិញជាប្រភេទផ្ទះលំនៅឋាន អាចជាប្រភេទផ្ទះល្វែង ឬផ្ទះវិឡា តាមលទ្ធភាពជាក់ស្តែង ហើយសម្រាប់អ្នកទិញជាយុវវ័យ អាចជាការទិញលំនៅឋានបែបខុនដូ។”

គួរកត់សម្គាល់ផងដែរថា ដោយសារមាននិន្នាការកើនឡើងនៃអ្នកទិញក្នុងស្រុក ផ្តោតលើតម្លៃសមរម្យផ្នែកខុនដូ ដែលតម្លៃលក់អាចទាបជាង ១.៤០ ដុល្លារក្នុងមួយម៉ែត្រការ៉េ ស្មើនឹងតិចជាង ៥ ម៉ឺនដុល្លារក្នុងមួយម៉ែត្រការ៉េឯកតា។

សូមគូសបញ្ជាក់ផងដែរថា ទាំងអ្នកជំនាញ ទាំងរបាយការណ៍បច្ចុប្បន្នភាពអចលនទ្រព្យរបស់ CBRE សុទ្ធតែបានមើលឃើញដូចគ្នាថា តម្រូវការលំនៅដ្ឋានដែលមានតម្លៃសមរម្យកំពុងកើនឡើង ខណៈចំនួនប្រជាជនដែលមានប្រាក់ចំណូលមធ្យម ការកើនឡើង ដូច្នេះធ្វើឱ្យពួកគេទំនងជាសម្រេចចិត្តចង់បានផ្ទះដែលមានតម្លៃសមរម្យច្រើនជាង។

ដូច្នេះ សម្រាប់អ្នកអភិវឌ្ឍបុរី ឬផ្ទះល្វែង គួរតែពិនិត្យមើលការអភិវឌ្ឍលំនៅដ្ឋានដែលមានតំលៃសមរម្យ ឆ្លើយតបនឹងតម្រូវការ និងលទ្ធភាពទីផ្សារ។ សម្រាប់ខុនដូ គួរតែមានតម្លៃ ចាប់ពី ៤០.០០០ ដុល្លារទៅ ៧ ម៉ឺនដុល្លារក្នុងមួយយូនីត ចំណែកឯការអភិវឌ្ឍបុរី គួរតែលក់ក្នុងតម្លៃ ចាប់ពី ៥ ម៉ឺនទៅ ៦០.០០០ ដុល្លារក្នុងមួយយូនីត ទើបជាការល្អ។ សម្រាប់ការអភិវឌ្ឍបុរី ឬផ្ទះល្វែង តម្លៃខ្ពស់ គឺចាប់ពី ១០ម៉ឺនដុល្លារទៅ នឹងលំបាកក្នុងការប្រកួតប្រជែងក្នុងទីផ្សារ។

លើសពីនេះ ក្នុងគោលបំណងដើម្បីជួយជំរុញឱ្យប្រជាពលរដ្ឋដែលមានចំណូលមធ្យមមានលំនៅឋានរស់នៅ ក៏ដូចជាជួយជំរុញសេដ្ឋកិច្ចផងដែរនោះ រដ្ឋាភិបាល កាលពីថ្មីៗនេះ បានប្រកាសលើកលែងពន្ធប្រថាប់ត្រាសម្រាប់អ្នកទិញអចលនទ្រព្យដែលមានតម្លែទាបជាង ៧ ម៉ឺនដុល្លារ រយៈពេលមួយឆ្នាំពោលគឺគិតពីខែ កុម្ភៈ ឆ្នាំ ២០២០ ដល់ខែមករា ឆ្នាំ ២០២១។ (អានបន្ថែម)

បន្ថែមពីការលើកលែងពន្ធនេះ រដ្ឋាភិបាល តាមរយៈឯកឧត្តម គង់ វិបុល ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋានពន្ធដារ ក៏បានអំពាវនាវដល់អ្នកអភិវឌ្ឍន៍អចលនទ្រព្យនៅក្នុងស្រុកទាំងអស់គួរតែបញ្ចុះតម្លៃការប្រាក់លើការទិញផ្ទះបន្ថែមទៀត។ (អានបន្ថែម)

- Video Advertisement -

ព័ត៌មានដែលទាក់ទង

គម្រោងសង់ពុទ្ធបដិមាខ្ពស់ជាងគេលើលោកតម្លៃជាង ៣០លានដុល្លារ ចាប់ផ្តើមហើយ

គម្រោងសាងសង់ពុទ្ធបដិមាខ្ពស់ជាងគេលើលោក ដែលមានតម្លៃជាង ៣០ […]

ជប៉ុនជួយកម្ពុជាសង់អគារមេត្តយ្យសិក្សានៅខេត្តបាត់ដំបង និង កោះកុង

រដ្ឋាភិបាលជប៉ុន បានឯកភាពផ្តល់ជំនួយឥតសំណងដែលមានថវិកាសរុប […]

ក្រសួងបរិស្ថាន៖ ផ្ទៃដីទាំងអស់របស់កម្ពុជាត្រូវបានចែកចេញជា ២១​ប្រភេទ

ទិន្នន័យបឋមនៃការប្រើប្រាស់ដីឆ្នាំ២០២២ ត្រូវបានសិក្សាលម្ […]

ក្រសួងបើកការដ្ឋានសាងសង់ សាលាជាតិវិជ្ជាជីវៈទេសចរណ៍ ជាផ្លូវការហើយ

ក្រសួងទេសចរណ៍ បានបើកការដ្ឋានសាងសង់ សាលាជាតិវិជ្ជាជីវៈទេ […]

ក្រសួងនឹងបើកការដ្ឋានសង់សាលាជាតិវិជ្ជាជីវៈ តម្លៃជាង ១១លានដុល្លារ ក្នុងខែវិច្ឆិកានេះ

សាលាជាតិវិជ្ជាជីវៈទេសចរណ៍ (VST) ចំនួនពីរទីតាំង នៅភ្នំពេ […]

សមាគមអ្នកសាងសង់ស្នើឱ្យជប៉ុនជួយធ្វើទំនើបកម្មពង្រឹងស្ដង់ដាកិច្ចសន្យាសំណង់នៅកម្ពុជា

សមាគមអ្នកសាងសង់នៅកម្ពុជា​ ឬCCA បានស្នើឱ្យអ្នកជំនាញជប៉ុន […]