អ្នកអង្កេតការពិសេសរបស់នាយកដ្ឋានពន្ធដារនឹងចុះធ្វើបច្ចុប្បន្នភាពអចលនទ្រព្យនៅសង្កាត់ទាំង៥
ក្រុមការងារអង្គេតអចលនទ្រព្យ របស់អគ្គនាយកដ្ឋានពន្ធដារ សហការជាមួយរដ្ឋបាលខេត្តកំពត នឹងចុះផ្តល់សេវាពន្ធដារលើការចុះបញ្ជី និងធ្វើបច្ចុប្បន្នភាពព័ត៌មានអចលនទ្រព្យក្នុងសង្កាត់ទាំង៥ ក្នុងក្រុងកំពត ចាប់ពីថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០២២ ខាងមុខនេះតទៅ។ នេះបើតាមសេចក្តីប្រកាសព័ត៌មានកាលពីថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២២។
បើតាមលោក ស៊ិន សេងហោ ប្រធានលេខាធិការដ្ឋានអង្កេតអចលនទ្រព្យតាមបណ្តាខេត្ត បានឲ្យដឹងថា ក្រុមការងារចុះអង្គេតអចលនទ្រព្យ នឹងចុះដល់មូលដ្ឋាន ដើម្បីប្រមូលផ្តុំទិន្នន័យ អត្តសញ្ញាណម្ចាស់អចលនទ្រព្យ ព័ត៌មានអចលនទ្រព្យ រូបថតទីតាំង និយាមការ និងព័ត៌មានចាំបាច់ផ្សេងៗទៀត សម្រាប់ធ្វើបច្ចុប្បន្នភាព និងជំរុញការចុះបញ្ជីបានត្រឹមត្រូវនៅក្នុងប្រព័ន្ធទិន្នន័យគ្រប់គ្រងអចលនទ្រព្យ និងប្រថាប់ត្រារបស់អគ្គនាយកដ្ឋានពន្ធដារ។
ការងារអង្កេតអចលនទ្រព្យ មានសារៈសំខាន់ណាស់ក្នុងការប្រមូលព័ត៌មាន ដើម្បីបម្រើសេវាជូនអ្នកជាប់ពន្ធតាមរយៈការបង់ពន្ធតាមធនាគារជាដៃគូរបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដោយគ្រាន់តែប្រើប្រាស់ប័ណ្ណសម្គាល់ការបង់ពន្ធអចលនទ្រព្យ ក្រោយពីបានចុះបញ្ជី និងធ្វើបច្ចុប្បន្នភាពព័ត៌មានអចលនទ្រព្យរួចរាល់ ព្រមទាំងការបង់ពន្ធតាមប្រព័ន្ធអនឡាញ (GDT Taxpayer Application)។
គួរបញ្ជាក់ថា ក្រុមការងារអង្កេតអចលនទ្រព្យ កំពុងចុះធ្វើបច្ចុប្បន្នភាពព័ត៌មានអចលនទ្រព្យ ក្នុងខណ្ឌទាំង១៤ ក្នុងរាជធានីភ្នំពេញ ខេត្តកណ្តាល ខេត្តបាត់ដំបង ខេត្តបន្ទាយមានជ័យ និងកំពុងអនុវត្តការងារនេះនៅខេត្តសៀមរាបផងដែរ។

