អ្នក​ឧកញ៉ា ពុង ឃាវសែ ឧបត្ថម្ភទឹកប្រាក់៥០ម៉ឺនដុល្លារដល់រាជរដ្ឋាភិបាលកម្ពុជាដើម្បីទប់ស្កាត់កូវីដ១៩

អ្នក​ឧកញ៉ា ពុង ឃាវសែ និងលោកជំទាវ បានឧបត្ថម្ភទឹកប្រាក់ចំនួន ៥០ ម៉ឺនដុល្លារអាមេរិក ដល់រាជរដ្ឋាភិបាលកម្ពុជា សម្រាប់សកម្មភាពប្រយុទ្ធប្រឆាំង និងការរាតត្បាតជំងឺកូវីដ១៩ ដែលកំពុងបង្កគ្រោះភ័យដល់សុខភាព និងជីវិតរបស់ប្រជាជនកម្ពុជា។

ដើម្បីឆ្លើយ​តបចំពោះកាយវិការ និងទឹកចិត្តដ៏សប្បុរស​ ប្រកបដោយសង្គហធម៌ចំពោះប្រជាជាតិកម្ពុជា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា នៅថ្ងៃទី២០ ខែមីនា ឆ្នាំ២០២០ នេះ បានផ្ញើលិខិតថ្លែងអំណរគុណចំពោះអ្នកឧកញ៉ា ពុង ឃាវសែ និងលោកជំទាវ ដែលបានចូលរួមជាវិភាគទាន ជាមួយរដ្ឋាភិបាលកម្ពុជា ក្នុងការទប់ទល់នឹងសភាពការណ៍គ្រោះភ័យ ដែលបង្កដោយជំងឺរាលដាលកូវីដ-១៩។

នៅក្នុងលិខិតរបស់សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា ៖ «ខ្ញុំមានមោទនភាពណាស់ ដោយឃើញជនរួមជាតិយើង មានការគិតគូរយកចិត្តទុកដាក់ ជួយគ្នាទៅវិញទៅមកនៅក្នុងគ្រាអាសន្នបែបនេះ»។

គួរបញ្ជាក់ផងដែលថា អ្នកឧកញ៉ា ពុង ឃាវសែ បច្ចុប្បន្នជាប្រធានក្រុមប្រឹក្សាភិបាលនៃធនាគារកាណាឌីយ៉ា និងក្រុមហ៊ុនវិនិយោគទុនអាណិកជនកម្ពុជា OCIC ដែលជាក្រុមហ៊ុនវិនិយោគលើគម្រោងព្រលានយន្តហោះតម្លៃ១,៥ ប៊ីលានដុល្លារអាមេរិក។​ បន្ថែមពីលើមុខងារបច្ចុប្បន្ន អ្នកឧកញ៉ា ពុង ឃាវសែ ក៏ជាប្រធានសមាគមអ្នកសាងសង់កម្ពុជា និងជាប្រធានសមាគមសម្ព័ន្ធខ្មែរ-ចិននៅកម្ពុជាផងដែរ ដែលរួមចំណែកយ៉ាងសំខាន់ក្នុងការអភិវឌ្ឍន៍វិស័យសំណង់នៅកម្ពុជា ហើយថ្មីៗនេះ ក្នុងនាមជាប្រធានសមាគមសម្ព័ន្ធខ្មែរ-ចិន អ្នកឧកញ៉ា ពុង ឃាវសែ ក៏បានបាននាំយកថវិកាជាង ៤០ម៉ឺនដុល្លារដើម្បីរួមចំណែកជាមួយរដ្ធាភិបាលចិនក្នុងការប្រយុទ្ធប្រឆាំងមេរោគដ៏កាចសាហាវជំងឺផ្លូវដង្ហើមកូវីដ-១៩ នេះផង។

Photo: CCTIME

កន្លងមកនេះ អ្នកឧកញ៉ា ពុង ឃាវសែ តែងតែចូលរួមចំណែកយ៉ាងធំធេងជាមួយរដ្ឋាភិបាលកម្ពុជា ក្នុងការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមជាតិ តាមរយៈការសាងសង់ និងវិនិយោគលើគម្រោងធំៗក្នុងស្រុក ទុកជាស្នាដៃសម្រាប់ប្រទេសកម្ពុជា រហូតទទួលបានសញ្ញាប័ត្របណ្ឌិតកិត្តិយស ផ្នែករដ្ឋបាលធុរកិច្ចពីរដ្ឋាភិបាលកម្ពុជា កាលពីថ្មីៗនេះទៀតផង។ (អានបន្ថែម)

សូមជម្រាបថា គិតត្រឹមម៉ោង១២​​​:៤០នាទី នៅថ្ងៃទី២១ ខែមីនា រដ្ឋាភិបាលកម្ពុជាបានទទួលជំនួយពីសំណាក់សប្បុរសជននានាជាទឹកប្រាក់សរុបប្រមានជាង ៩ លានដុល្លារហើយ ដើម្បីប្រយុទ្ធទប់ស្កាត់កូវីដ១៩។

សម្រាប់​សប្បុរសជននានា ដែលចង់ចូលរួមជាថវិកា សម្រាប់ប្រយុទ្ធ និងទប់ស្កាត់ការរាតត្បាតនៃជំងឺកូវីដ១៩ អាចអញ្ជើញ ទៅទីស្តីការក្រសួងសុខាភិបាល ដែលមានអាសយដ្ឋាន ដីឡូតិ័លេខ ៨០ វិថីសម្តេច ប៉ែន នុត​ (២៨៩) បន្ទប់ជាន់ផ្ទាល់ដី និង/ឬ អាចទាក់ទងទៅកាន់លេខទូរសព្ទ៖ ០១២ ៨៤២ ៩៦៦, ០១២ ៨៣៨ ៨៨៥, ០១២ ៧៣១ ៨៨៨, ០១២ ៧៧៦ ៥៧៨៕

- Video Advertisement -