ឯកជនគ្រោងអភិវឌ្ឍតំបន់ទេសចរណ៍ធម្មជាតិ ៥ កន្លែងលើផ្ទៃដីសរុបជិត ៥០ ហិកតា នៅកោះកុង
ក្រុមហ៊ុនឯកជនមួយចំនួនកំពុងត្រៀមវិនិយោគបង្កើតតំបន់ទេសចរណ៍ធម្មជាតិ ៥ កន្លែង លើផ្ទៃដីសរុបជិត ៥០ ហិកតា ក្នុងតំបន់ដងពែង ស្រុកស្រែអំបិល នៃខេត្តកោះកុង។
នេះបើយោងតាម អាជ្ញាធរខេត្តកោះកុងដែលបានចុះកំណត់ទីតាំងបោះបង្គោលព្រំប្រទល់សម្រាប់គម្រោងទាំងនេះ កាលពីខែ ៩ ខែកុម្ភៈ កន្លងទៅនេះ។
គម្រោងទាំងនេះ ស្ថិតនៅក្នុង ‘តំបន់ប្រើប្រាស់ច្រើនយ៉ាងតាមដងពែង’ ឬស្គាល់ថាជាតំបន់ដែលសម្បូរដោយប្រព័ន្ធធម្មជាតិ ហើយរាល់ការអភិវឌ្ឍត្រូវតែរក្សាជីវៈចម្រុះ និងប្រព័ន្ធអូកូឡូស៊ី។
រមណីយដ្ឋានធម្មជាតិទាំង ៥ នេះ ត្រូវបានស្នើដោយ លោកស្រី ហៃ នរី (ផ្ទៃដី ៩,៣៥ ហិកតា) លោកស្រី ទី សារឹម (ផ្ទៃដីទំហំ ៩,៥៣ ហិកតា) លោក ហៃ ណង (ផ្ទៃដីទំហំ ៩,៥១ ហិកតា) លោក ហេង វឌ្ឍនៈ (ផ្ទៃដីទំហំ ៩,៥១ ហិកតា) និងលោកស្រី កេវ៉ាលី (ផ្ទៃដីទំហំ ៩,៥២ ហិកតា)។
ទោះជាអនុញ្ញាតឱ្យសាងសង់ហើយក្ដី រដ្ឋាភិបាលក៏បានណែនាំឱ្យម្ចាស់គម្រោងទាំងអស់ឱ្យ ដោះស្រាយផលប៉ះពាល់ឱ្យបានត្រឹមត្រូវ សហការជាមួយរដ្ឋបាលមូលដ្ឋាន កំណត់ទីតាំងនិងបោះបង្គោលឱ្យត្រូវតាមបច្ចេកទេស និងជាពិសេសត្រូវគិតគូររឿងបរិស្ថានឱ្យបានដឹតដល់។
ខេត្តកោះកុង ក្នុងប៉ុន្មានឆ្នាំចុងក្រោយនេះ បាន និងកំពុងទាក់ទាញគម្រោងអភិវឌ្ឍន៍ជាច្រើន តួយ៉ាង គម្រោងដែលទើបតែស្នើថ្មីៗដូចជា គម្រោងរោងចក្រផលិតទឹកស្អាតលើដីទំហំជាង ៣០០ ហិកតា គម្រោងវារីវប្បកម្មលើដីជិត ៣៧០ ហិកតា និងគម្រោងសេដ្ឋកិច្ចខៀវជាដើម។ (អានបន្ថែម និងបន្ថែម)
លើសពីនេះ ក៏នៅមានគម្រោងដែលកំពុងដំណើរសាងសង់ជាច្រើនទៀត ដូចជា គម្រោងតារាសាគរ ព្រលានយន្តហោះថ្មី គម្រោងវារីអគ្គិសនី និងគម្រោងរោងចក្រថាមពលធ្យូងថ្មជាដើម។ (អានបន្ថែម និងបន្ថែម)

