ឯឧ ស៊ុន ចាន់ថុល ជួបនឹងទូតកូរ៉េ ដោះស្រាយបញ្ហា និងពន្លឿនការដ្ឋានផ្លូវលេខ ២ និង ២២
រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូនឯកឧត្តម ស៊ុន ចាន់ថុល បានជួបជានឹងគណៈប្រតិភូនៃសាធារណរដ្ឋកូរ៉េ និងភាគីពាក់ព័ន្ធ ដើម្បីដោះស្រាយបញ្ហា និងពន្លឿងការអនុវត្តគម្រោងលើកកម្ពស់ផ្លូវជាតិលេខ២ និងលេខ២២ សម្រេចបានគោលដៅ។
កិច្ចប្រជុំធ្វើឡើងកាលពីថ្ងៃទី ០៦ ខែតុលា ឆ្នាំ២០២២ ដោយមានការចូលរួមពីឯកឧត្តម Park Heung-Kyeong ឯកអគ្គរដ្ឋទូតសាធារណរដ្ឋកូរ៉េនៅកម្ពុជា លោកស្រី Minnie Chey នាយិកាមូលនិធិ EDCF តំណាងក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ក្រុមហ៊ុនម៉ៅការសាងសង់ Hanshin Engineering & Construction Co., Ltd ក្រុមហ៊ុនទីប្រឹក្សាបច្ចេកទេស Dasan Constructions Co., Ltd, Dong II Engineering Consultants Co., Ltd និង Seoyoung Engineering Co., Ltd Join Venture។
ជំនួបពិភាក្សានេះ ភាគីទាំងពីរ (កម្ពុជា-កូរ៉េ) បានលើកយកបញ្ហាប្រឈមដែលបានកើតឡើង មកជជែក ស្វែងរកដំណោះស្រាយរួមគ្នា ស្តាប់សំណូមពររបស់ក្រុមហ៊ុនម៉ៅការសាងសង់ និងភាគីពាក់ព័ន្ធទាំងអស់ ដែលបានជួបប្រទះកន្លងមក។
កិច្ចប្រជុំក៏បានស្នើសុំអនុសាសន៍ណែនាំបន្ថែម ក្នុងគោលបំណងជំរុញឱ្យការអនុវត្តគម្រោងអាចសម្រេចបាននូវលទ្ធផលល្អប្រកបដោយគុណភាព និងត្រឹមត្រូវតាមលក្ខណៈបច្ចេកទេស។
ឯកឧត្តម ស៊ុន ចាន់ថុល ថាក្រុមហ៊ុនម៉ៅការសាងសង់ មិនត្រូវបណ្តែតបណ្តោយឱ្យបញ្ហាប្រឈមទាំងអស់ជះផលប៉ះពាល់ដល់ការអនុវត្តគម្រោងការងារនោះឡើយ ដែលជាកត្តាអវិជ្ជមានដល់ការធ្វើដំណើរ ការរស់នៅ និងការប្រកបអាជីវកម្មរបស់បងប្អូនប្រជាពលរដ្ឋ។
គួររម្លឹកដែរថា គម្រោងធ្វើឱ្យប្រសើរឡើងវិញកំណាត់ផ្លូវជាតិលេខ២ និងលេខ២២នេះ ប្រើប្រាស់ថវិកាហិរញ្ញប្បទានសម្បទានកូរ៉េ រួមជាមួយថវិកាបដិភាគរបស់រដ្ឋ សរុប ៥១ លានដុល្លារ។
ផ្លូវនេះ ការសាងសង់មានការយឺតយ៉ាវខ្លាំង ព្រោះក្រុមហ៊ុនសាងសង់មិនមានគ្រឿងចក្រ និងកម្លាំងពលកម្មគ្រប់គ្រាន់ លើសពីនេះ ក៏មានចំណុចខ្លះសង់ខ្វះគុណភាពជាច្រើន។ ក្រសួងក៏បានដាក់កំហិតឱ្យក្រុមហ៊ុនដោះស្រាយ បើផ្លូវនេះគ្មានគុណភាព ក្រសួងនឹងមិនទទួលយកទេ។ (អានបន្ថែម)
គម្រោងផ្លូវនេះ មានប្រវែងសរុប ៧២,១៧ គីឡូម៉ែត្រ ដែលក្នុងនោះកំណាត់ផ្លូវជាតិលេខ២ ចាប់ពីរង្វង់មូលតាខ្មៅដល់អូរចំបក់ មានប្រវែង ៦២,៥៦ គីឡូម៉ែត្រ និងផ្លូវជាតិលេខ២២ ពីអូរចំបក់ ដល់អង្គតាសោម មានប្រវែង ៩,៦១គីឡូម៉ែត្រ ស្ថិតក្នុងភូមិសាស្រ្តខេត្តតាកែវ។
- Video Advertisement -