ឱកាស ៣ សំខាន់ៗ ដែលកម្ពុជាត្រូវតែចាប់យកឱ្យបាន ដើម្បីស្ដារសេដ្ឋកិច្ច ក្រោយវិបត្តិកូវីដ
របាយការណ៍ពិសេសរបស់អ្នកស្រាវជ្រាវពីក្រុមហ៊ុន DHL បានសម្តែងសុទិដ្ឋិនិយមថា ប្រទេសកម្ពុជានឹងងើបឡើងវិញយ៉ាងឆាប់រហ័សពីវិបត្តិកូវីដ ១៩ ដោយសារកត្តាចម្បង ៣ រួមមាន គោលនយោបាយកញ្ចប់ថវិកាជំរុញសេដ្ឋកិច្ចរបស់រដ្ឋាភិបាល កំណើនឱកាសដៃគូពាណិជ្ជកម្មថ្មីៗ និងពិសេសនិន្នាការកើនឡើងនៃរំហូរចូលនៃការវិនិយោគផ្ទាល់។
កត្តាគោលនយោបាយ
ចុះផ្សាយនៅក្នុងកាសែត Business Times នៅដើមខែនេះ របាយការណ៍ដដែលបានលើកឡើងថា កត្តាដំបូងបង្អស់ គឺជាការគាំទ្រយ៉ាងខ្លាំងពីរដ្ឋាភិបាលតាមរយៈវិធានចាក់បញ្ចូលថវិការដ្ឋដ៏ច្រើនចូលក្នុងចរន្តសេដ្ឋកិច្ច។
រហូតមកដល់បច្ចុប្បន្ន កញ្ចប់ថវិការដ្ឋដើម្បីជំរុញសេដ្ឋកិច្ចបានឈានដល់ជាង ១,១៦ ពាន់លានដុល្លារអាមេរិកហើយ ឬស្មើនឹងប្រមាណ ៥% នៃ GDP។ កញ្ចប់ថវិកានេះ បានប្រើប្រាស់លើវិស័យផលប៉ះពាល់ជាច្រើន។ លើសពីនេះ ការលើកលែងពន្ធសម្រាប់វិស័យសណ្ឋាគារ និងទេសចរណ៍ ក៏កំពុងបន្តអនុវត្ត ដែលសុទ្ធសឹងតែជាការជួយស្ដារសេដ្ឋកិច្ច។
លើសពីនេះ ធនាគារជាតិនៃកម្ពុជាក៏បានកាត់បន្ថយអត្រាការប្រាក់ ហើយនៅតែបន្តផ្តល់ការរៀបចំប្រាក់កម្ចីឡើងវិញ ឬ Loan Restructuring ដល់ធនាគារពាណិជ្ជកម្មរហូតដល់ពាក់កណ្តាលឆ្នាំ ២០២១។
កត្តាដៃគូពាណិជ្ជកម្ម
ទោះបីជាកំពុងមានវិបត្តិកូវីដក្ដី ប្រទេសកម្ពុជានៅតែសកម្មក្នុងការស្វែងរកដៃគូពាណិជ្ជកម្ម និងឱកាសអាជីវកម្ម។ ឧទាហរណ៍ ដូចជាថ្មីៗនេះ កម្ពុជាបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី (FTA) ជាមួយប្រទេសចិន ដែលគោលការណ៍នេះ រំពឹងថានឹងចូលជាធរមានក្នុងពេលឆាប់ៗ ។
តាមរយៈកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីនេះ ផលិតផលប្រមាណ ៣០០ ប្រភេទពីវិស័យផ្សេងៗ អាចនឹងទទួលបានការអនុគ្រោះពន្ធ ឬបង់ពន្ធទាប សម្រាប់ការនាំចេញនាំចូល។
ក្រៅពីនេះ កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា – កូរ៉េ ក៏ស្ថិតក្នុងដំណាក់កាលចរចាផងដែរ។ ប្រសិនបើចរចាសម្រេច កិច្ចព្រមព្រៀងពាណិជ្ជកម្មនេះក៏នឹងជំរុញសេដ្ឋកិច្ចបានមួយកម្រិតធំបន្ថែមទៀត។
របាយការណ៍ដដែល បានបន្ថែមទៀតថា កិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយក្នុងតំបន់ ឬRCEP ក៏ជាកត្តាសំខាន់មួយទៀត ក្នុងការបង្កើនការនាំចេញរបស់កម្ពុជាទៅកាន់ទីផ្សារធំៗ ដូចជាចិន កូរ៉េខាងត្បូង ជប៉ុន និងអូស្ត្រាលី។ យោងតាមធនាគារពិភពលោក RCEP រំពឹងថា នឹងជួយជំរុញការនាំចេញរបស់កម្ពុជាទៅកាន់ប្រទេសចិនដល់ទៅ ២៣%។
កត្តានិន្នាការកំណើនលំហូរចូលនៃការវិនិយោគផ្ទាល់
អត្ថបទដដែលក៏បានលើកឡើងថា ប្រសិនបើរដ្ឋាភិបាលអាចកាត់បន្ថយនីតិវិធីស្មុគស្មាញទាក់ទិនការវិនិយោគ និងធ្វើអាជីវកម្មនៅកម្ពុជាបាន កម្ពុជានឹងអាចទាក់ទាញរំហូរ FDI បានកាន់តែច្រើនបន្ថែមទៀត ពីលើបរិមាណដែលមានស្រាប់។
រហូតមកដល់បច្ចុប្បន្ន ប្រទេសចិននៅតែជាចំណែកដ៏ធំបំផុតនៃលំហូរវិនិយោគផ្ទាល់ពីបរទេស ដោយជប៉ុន កូរ៉េ និងដៃគូអភិវឌ្ឍន៍ដទៃទៀត មានចំណែកច្រើនបន្ទាប់។ យោងតាមរបាយការណ៍របស់ធនាគារពិភពលោកក្នុងឆ្នាំ ២០១៩ វិនិយោគទុនបរទេសផ្ទាល់របស់ចិនភាគច្រើនផ្តោតលើសំណង់ ពិសេសតាមរយៈគម្រោងហេដ្ឋារចនាសម្ព័ន្ធធំៗ ដូចជាគម្រោងផ្លូវល្បឿនលឿនភ្នំពេញ – ព្រះសីហនុដែលមានទឹកប្រាក់ ២ ពាន់លានដុល្លារជាដើម។
លើសពីនេះ លំហូរ FDI ពីប្រទេសចិនឈានដល់ ៨៦០ លានដុល្លារ ក្នុងរយៈពេល ១១ខែ នៃឆ្នាំ ២០២០ ដែលកើនឡើង ៧០% បើប្រៀបធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ ដូច្នេះបើសេដ្ឋកិច្ចប្រទេសចិនមានកំណើន កម្ពុជាក៏នឹងទទួលបានផលប្រយោជន៍ដែរ។
របាយការណ៍បានឱ្យដឹងទៀតថា រំហូរចូលនៃការវិនិយោគផ្ទាល់មកកម្ពុជា មាននិន្នាការកើនឡើង ដោយសារតែទី១ អ្នកវិនិយោគចង់ដាក់រោងចក្រនៅច្រើនកន្លែងជាជាងដាក់នៅប្រទេសតែមួយដូចពេលមុន ដើម្បីកាត់បន្ថយហានិភ័យការដាច់សង្វាក់ផលិតកម្ម ទី២ ប្រទេសកម្ពុជាគ្រប់គ្រងកូវីដ១៩ បានល្អ និងទី៣ ប្រទេសជិតខាងដូចជាមីយ៉ាន់ម៉ា និងថៃកំពុងមានបញ្ហានយោបាយ ដែលជាកត្តាជំរុញទឹកចិត្តដល់អ្នកវិនិយោគឱ្យពិចារណាប្រទេសកម្ពុជា។
ជាសរុប ក្រៅពីកត្ដាទាំង ៣ របាយការណ៍ពិសេសនេះ ក៏បានបញ្ជាក់ថា ក៏នៅមានកត្តាសំខាន់ៗ ផ្សេងៗ ប៉ុន្តែនៅតែសង្កត់ធ្ងន់ថា ការកាត់បន្ថយការនីតិវិធីស្មុគស្មាញទាក់ទិនការវិនិយោគ និងធ្វើអាជីវម្មនៅកម្ពុជា គឺជាបេះដូងសំខាន់។

