៥ខែដើមឆ្នាំ កម្ពុជានាំចូលសម្ភារៈសំណង់មានទំហំទឹកប្រាក់ជាង ១ពាន់លានដុល្លារ កើន៣៥%
ស្ថិតក្នុងដំណាក់កាលនៃការពង្រីកខ្លួនជាបន្តបន្ទាប់នៅក្នុងវិស័យសំណង់ និងអចលនទ្រព្យ កម្ពុជាបាននាំចូលសម្ភារៈសំណង់គិតជាទឹកប្រាក់មានទំហំរហូតដល់ ១.០១៧ពាន់លានដុល្លារ ក្នុងរយៈពេល ៥ខែដំបូង នៃឆ្នាំ២០២៥។ តួលេខដ៏ធំសម្បើមនេះបានកើនឡើង ៣៥% ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២៤ ដែលមានទំហំទឹកប្រាក់ត្រឹមតែ ៧៥២លានដុល្លារ ប៉ុណ្ណោះ។ នេះបើយោងតាមរបាយការណ៍ចុងក្រោយរបស់អគ្គនាយកដ្ឋាគយ និងរដ្ឋាករកម្ពុជា ដែលបានចេញផ្សាយកាលពីពេលថ្មីៗនេះ។
របាយការណ៍ដដែលបានគូសបញ្ជាក់ថាការនំាំចូល ដែក និងដែកថែប ក្នុងរយៈពេលដូចគ្នានេះ មានប្រមាណជា ៤៧៧លានដុល្លារ កើនឡើង ៥៣% បើប្រៀបធៀបទៅនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២៤។ ដោយឡែក ការនាំចូលស៊ីម៉ងត៍បែរជាមានការធ្លាក់ចុះបន្តិច ដែលមានចំនួនត្រឹមតែជិត ៨លានដុល្លារប៉ុណ្ណោះ ធ្លាក់ចុះ ០,២៣% ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២៤។
ការវិវឌ្ឍន៍ទាំងនេះ បានគូសបញ្ជាក់អំពីសក្ដានុពលដ៏ជាក់លាក់នៅក្នុងឧស្សាហកម្មសំណង់របស់កម្ពុជា ដែលនៅតែបន្តរួមចំណែកយ៉ាងសំខាន់ដល់កំណើនសេដ្ឋកិច្ចជាតិ។ បើតាមអ្នកវិភាគបានលើកឡើងថា ការអនុវត្តដ៏រឹងមាំក្នុងការនាំចូលសម្ភារៈសំណង់គឺបង្ហាញពីការវិនិយោគ និងការអភិវឌ្ឍន៍ជាបន្តបន្ទាប់នៅក្នុងហេដ្ឋារចនាសម្ព័ន្ធ និងអចលនវត្ថុ ដែលពង្រឹងតួនាទីរបស់វិស័យនេះថាជាមូលដ្ឋានគ្រឹះនៃទិដ្ឋភាពសេដ្ឋកិច្ចរបស់កម្ពុជា។
នៅពេលដែលប្រទេសជាតិកំពុងដំណើរការទៅមុខ រដ្ឋាភិបាលកម្ពុជា និងភាគីពាក់ព័ន្ធក្នុងឧស្សាហកម្មសំណង់នៅតែមានសុទិដ្ឋិនិយមចំពោះកំណើនប្រកបដោយនិរន្តរភាព និងឱកាសបន្ថែមទៀតនៅក្នុងវិស័យមួយនេះ។
- Video Advertisement -