ក្នុងឆ្នាំ២០២៤ កម្ពុជាមានទំនិញដឹកជញ្ជូនតាមផ្លូវអាកាសជិត ៨ម៉ឺនតោន កើន៤០%

ក្នុងឆ្នាំ២០២៤ កន្លងទៅនេះ  នៅកម្ពុជាមានការដឹកជញ្ជូនទំនិញតាមផ្លូវអាកាសចំនួន ៧៧.៨៥២តោន កើនឡើង ៤០% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២៣។ នេះបើយោងតាមរបាយការណ៍ ដែលបង្ហាញដោយប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត នៅថ្ងៃទី៥ ខែមីនា ឆ្នាំ២០២៥។

តាមរយៈប្រភពខាងលើបានឱ្យដឹងថា ការដឹកជញ្ជូនតាមផ្លូវអាកាស ត្រូវបានចាត់ទុកថា ជាកត្តាផលិតកម្មយុទ្ធសាស្ត្រមួយដ៏សំខាន់ នៃដំណើរការអភិវឌ្ឍន៍សេដ្ឋកិច្ច-សង្គម តាមរយៈការជួយសម្រួលដល់ការធ្វើដំណើរ ការដឹកជញ្ជូនទំនិញក្នុងរយៈ​ពេលខ្លី និងសុវត្ថិភាពខ្ពស់ ការជំរុញសកម្មភាពពាណិជ្ជកម្ម និងទេសចរណ៍ ការលើកកម្ពស់ទំនាក់ទំនងសង្គម និងបានចូលរួមចំណែកបង្កើនចំណូលថវិកាជាតិ។

បន្ថែមពីលើការដឹកជញ្ជូនទំនិញ វិស័យអាកាសចរណ៍ក៏មានភាពរីកចម្រើនសម្រាប់អ្នកដំណើរផងដែរ ដោយការធ្វើដំណើរតាមផ្លូវអាកាសបានកើនឡើង ២២% ដែលមានអ្នកដំណើរសរុប ៦,២៤លាននាក់ក្នុងឆ្នាំ២០២៤។ លើសពីនេះ ចំនួនជើងហោះហើរកើនឡើង ១៤% ដែលឈានដល់ចំនួនជើងហោះហើរដ៏រឹងមាំចំនួន ៥៨.៣៥៤។

គួរបញ្ជាក់ថា កម្ពុជាបច្ចុប្បន្នមានអាកាសយានដ្ឋានអន្តរជាតិឈានមុខគេចំនួនបី (ភ្នំពេញ សៀមរាប និងព្រះសីហនុ) ដែលបានដើរតួនាទីយ៉ាងសំខាន់ លើការតភ្ជាប់ជើងហោះហើរអន្តរជាតិទៅកាន់ ១២ប្រទេស ព្រមទាំងតំបន់រដ្ឋបាល​ពិសេសហុងកុង និងកោះតែវ៉ាន់ផងដែរ ដោយគិតជាសរុបបានភ្ជាប់ការហោះហើរទៅកាន់គោលដៅ ឬរាជធានី/ទីក្រុងចំនួន ៣៤ ក្នុងតំបន់ និងសកលលោក ហើយមានក្រុមហ៊ុនអាកាសចរណ៍ជាតិនិងអន្តរជាតិសរុបចំនួន ៣១ក្រុមហ៊ុន។

ជាមួយនឹងតួរលេខដ៏គួរឲ្យកត់សម្គាល់ទាំងនេះ បង្ហាញឱ្យឃើញថា វិស័យដឹកជញ្ជូនតាមផ្លូវអាកាសរបស់កម្ពុជាមិនត្រឹមតែរីកចម្រើនយ៉ាងឆាប់រហ័សប៉ុណ្ណោះទេ ថែមទាំងកំពុងមានឥទ្ធិពលគួរឱ្យកត់សម្គាល់លើឆាកអន្តរជាតិ ដោយបង្ហាញពីសក្តានុពល និងភាពរឹងមាំរបស់ប្រទេសក្នុងវិស័យដឹកជញ្ជូន និងទេសចរណ៍ពិភពលោក។

- Video Advertisement -

ព័ត៌មានដែលទាក់ទង

១០ ខែ ឆ្នាំនេះ ៖ កម្ពុជាទទួលបានអ្នកដំណើរតាមផ្លូវអាកាស រហូតជាង ៥,៦លាននាក់ កើន១៤%

ក្នុងរយៈ១០ខែ ចាប់ពីខែមករា ដល់ឆ្នាំ២០២៥ នៃឆ្នាំ២០២៥ កម្ព […]

រដ្ឋប្រកាសប្តូរពេលវាលាបើកដំណើរការព្រលានតេជោថ្មី៖ ប្តូរពីខែកក្កដា ទៅខែកញ្ញា វិញ  

រដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល បានប្រកាសពីការផ្លាស់ប […]