១០ ក្រុមហ៊ុនដែលឈ្នះពានរង្វាន់បច្ចេកវិទ្យាសំណង់ដែលមានភាពច្នៃប្រឌិតបំផុត

នៅក្នុងការប្រកួតប្រជែងការបច្ចេកវិទ្យាសំណង់សម្រាប់ឆ្នាំ២០១៨ ដែលបានប្រព្រឹត្តិឡើងកាលពេលថ្មីៗនេះ  មានក្រុមហ៊ុនចំនួន​ ១០  មកពីជុំវិញពិភពលោក​ បានឈ្នះពានរង្វាន់សម្រាប់ការច្នៃប្រឌិតបច្ចេកវិទ្យាដែលមានឥទ្ធិពលបំផុតនៅក្នុងឧស្សាហកម្មសំណង់។

កម្មវិធីប្រកួតប្រជែងនេះ  ត្រូវបានរៀបចំឡើងដោយក្រុមហ៊ុនសំភារៈសំណង់ឈានមុខគេមួយនៅម៉ិចស៊ីកូឈ្មោះថា CEMEX Ventures កាលពីថ្ងៃទី ៨​ ខែកក្កដា កន្លងមកនេះ ដោយមានការចូលរួមពីក្រុមហ៊ុន និង គណកម្មការជំនាញក្នុងវិស័យសំណង់ ជាច្រើនរូប មកពីបណ្ដាប្រទេសជាច្រើនជុំវិញពិភពលោក។

ព្រឹត្តិការណ៍រយៈពេល ៣ ថ្ងៃនេះត្រូវបានធ្វើឡើងក្នុងគោលបំណងស្វែងរកដំណោះស្រាយដែលមានប្រសិទ្ធភាពបំផុតក្នុងឧស្សាហកម្មសំណង់នាពេលបច្ចុប្បន្ន ដោយបើកឱកាសក្រុមហ៊ុនទើបតែបើកថ្មី បានបញ្ចេញសមត្ថភាពនិងភាពច្នៃប្រឌិតរបស់ខ្លួន។

ជាមួយគ្នានេះដែរ ព្រឹត្តិការណ៍នេះក៏ត្រូវបានធ្វើឡើងដើម្បីឆ្លើយតបទៅនឹងនិន្នាការនិងតំរូវការបច្ចេកវិទ្យាសំណង់ ដែលកំពុងកើនឡើងជាបន្តបន្ទាប់។ បើយោងតាមការឲ្យដឹងពីក្រុមហ៊ុន CREtech  ទុនវិនិយោគលើវិស័យបច្ចេកវិទ្យាសំណង់របស់ក្រុមឯកជន  បានកើនឡើងយ៉ាងគំហុក គឺចាប់ពី ៣៥២ លានដុល្លារក្នុងឆ្នាំ ២០១៦ ដល់ជាង ៦ ពាន់លានដុល្លារនៅឆ្នាំ ២០១៨ ។

ប្រភពដដែលនេះក៏បានបន្ថែមទៀតថាបច្ចេកវិទ្យាដែលពេញនិយមនិងមានប្រយោជន៍បំផុតនាពេលបច្ចុប្បន្នរួមមាន Artificial Intelligence, Digital Twins ក៏ដូចជា  3D printing ជាដើម។

ដោយឡែក ចំពោះអ្នកឈ្នះក្នុងកម្មវិធីការប្រកួតប្រជែងរបស់ CEMEX Ventures នៅឆ្នាំនេះ គឺផ្តល់ជូនលើសពីអ្វីដែលរំពឹងទុក ដោយក្រុមទាំងនោះរួមមាន៖

360 Smart Connect
ក្រុមហ៊ុនបារាំងមួយនេះ បានបង្កើតប្រព័ន្ធតាមដាននិងបំលែងកូដ ពោលគឺការដាក់បញ្ចូល Communication Chip ទៅក្នុងជញ្ជាំងបេតុង។ បច្ចេកវិទ្យានេះ អាចជួយប្រមូលទិន្នន័យ ដូចជាឯកសារត្រួតពិនិត្យគុណភាពសំណង់ ក៏ដូចជាព័ត៌មានការប្រតិបត្តិការផ្សេងៗទៀត ក្នុងការដ្ឋានសំណង់។

Arqlite
ក្រុមហ៊ុនមួយនេះមានមូលដ្ឋាននៅប្រទេសអាហ្សង់ទីន ហើយបានបង្កើតក្រួសសិប្បនិម្មិតពីផ្លាស្ទិចកែច្នៃ។ ចំនុចពិសេសរបស់ក្រួសនេះ គឺវាមានតម្លៃថោក  មានទំងន់ស្រាលជាងក្រួសធម្មតា ៣​ ដង ហើយមានអ៊ីសូឡង់ថាមពលច្រើនជាងក្រួសធម្មតា​ដល់ទៅ ១០ដង។

BuildStream
ក្រុមហ៊ុនសហរដ្ឋអាមេរិកមួយនេះ បានបង្កើតកម្មវិធី (Software) ដើម្បីជួយសម្រួលដល់ការគ្រប់គ្រងបែបបន្ដផ្ទាល់ (Real-time management) នៃឧបករណ៍ធុនធ្ងន់ និងភ័ស្តុភារក្នុងគម្រោងសាងសង់។

BldBox
ក្រុមហ៊ុននេះផលិតកម្មវិធី (Software) វិភាគនិងព្យាករណ៍ ដែលអាចកត់ត្រាទិន្នន័យគម្រោងដែលធ្លាប់ធ្វើរូចកន្លងមក ហើយម្ចាស់គម្រោងអាចប្រើទិន្នន័យនេះ ដើម្បីធ្វើការប៉ាន់ស្មានតម្លៃនិងភាពលម្អិតនៃគម្រោងសាងសង់ថ្មីឲ្យបានត្រឹមត្រូវជាងមុន។

Matrak
ក្រុមហ៊ុនអូស្រ្តាលីមួយនេះបាន បង្កើតខ្សែសង្វាក់ផ្គត់ផ្គង់បែបឌីជីថល ដែលជួយឱ្យអ្នកប្រើប្រាស់អាចតាមដាននិងចែករំលែកទិន្នន័យបែបបន្ដផ្ទាល់ (Real-time data) នៅគ្រប់ដំណាក់កាលនៃការសាងសង់ទាំងអស់។

Morta
ក្រុមហ៊ុនសហរដ្ឋអាមេរិកមួយនេះ បានបង្កើតម៉ាស៉ីនត្រួតពិនិត្យលេខកូដដោយស្វ័យប្រវត្តិដើម្បីធានាថាការរចនាអគារ គឺស្របទៅនឹងច្បាប់និងបទប្បញ្ញត្របរបស់រដ្ឋាភិបាល។

PlanRadar
ក្រុមហ៊ុនអូទ្រីសមួយនេះ បានបង្កើតកម្មវិធី (Software) គ្រប់គ្រងសំណង់ថ្មីមួយ ដែលជួយសម្រួលដល់ឯកសារគម្រោងនិងការទំនាក់ទំនងអន្តរក្រុម។

Rebartek
ក្រុមហ៊ុនន័រវែសមួយនេះ បានបង្កើតប្រព័ន្ធម៉ូឌែល 3D ដែលអាចសម្ភារសំណង់ផ្សេងៗ ដោយស្វ័យប្រវត្តិ តាមរយៈការប្រើមនុស្សយន្ត។

Thunderbolt Pipeline
ក្រុមហ៊ុនអាមេរិចមួយនេះ បានប្រើប្រាស់បច្ចេកវិទ្យា AI និង Machine Learning ក្នុងបង្កើតកម្មវិធី (Software) វៃឆ្លាតមួយ ដើម្បីកាត់បន្ថយហានិភ័យក្នុងគម្រោង។ កម្មវិធីនេះក៏អាចជួយឲ្យម្ចាស់គម្រោងធ្វើការដោយមានប្រសិទ្ធភាពជាងមុន តាមរយៈការពង្រឹងផែនការកម្លាំងពលកម្ម និងតាមដានការដេញថ្លៃ។

Vero Solutions
ក្រុមហ៊ុនកាណាដាមួយនេះ បានបង្កើតប្រព័ន្ធរចនាសម្រាប់ដែកថែបនិងស៊ីម៉ងត៍។

ថ្លែងក្នុងកម្មវិធីប្រគល់រង្វាន់ ក្រុមហ៊ុនទាំង ១០ នេះ បានសន្យាថានឹងបន្តអភិវឌ្ឍបច្ចេកវិទ្យាទាំងនេះ ក្នុងគោលបំណងដើម្បីរួមចំណែកធ្វើឲ្យវិស័យសំណង់ជុំវិញពិភពលោកប្រសិទ្ធភាពនិងនិរន្តរភាពជាមុន ។

- Video Advertisement -

ព័ត៌មានដែលទាក់ទង

រយៈពេល ២៤ឆ្នាំ រដ្ឋចេញលិខិតអនុញ្ញាតសាងសង់បានជិត ៧ម៉ឺនគម្រោង ស្មើនឹង ៧៨,៩៦ពាន់លានដុល្លារ

ក្នុងរយៈពេល ២៤ឆ្នាំកន្លងមកនេះ ប្រទេសកម្ពុជាមានការរីកចម្រើនគួរឱ្យកត់សម្គាល់នៅក្នុងវិស័យសំណង់របស់ខ្លួន ដោយបានចេញលិខិតអនុញ្ញាតសាងសង់បានជិត ៧ម៉ឺនគម្រោង គិតជាទុនវិនិយោគមានប្រមាណជិត ៧៩ពាន់លានដុល្លារ នេះបើចាប់ពីឆ្នាំ២០០០ រហូតដល់ឆ្នាំ២០២៤។ ទិន្នន័យនេះត្រូវបានបង្ហាញក្នុងរបាយការណ៍សន្និបាតរបស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់នៅថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២៤។ តាមរយៈរបាយការណ៍ខាងលើបានឱ្យដឹងថា រយៈពេល២៤ឆ្នាំនេះ រាជរដ្ឋាភិបាលកម្ពុជាបានផ្តល់លិខិតអនុញ្ញាតសាងសង់ចំនួន ៦៧.៦៩៦គម្រោង នៅទូទាំងប្រទេស ដោយគ្របដណ្តប់លើផ្ទៃដីសំណង់ដ៏ធំចំនួន ១៩៩.៤៥៥.៤៤០ម៉ែត្រការ៉េ និងមាន​ទុនវិនិយោគសរុបប្រមាណ ៧៨.៩៦៩.៧៦៦.១២៩ដុល្លារ។ ប្រភពដដែលបង្ហាញទៀតថា ក្នុងឆ្នាំ ២០២៤ តែមួយ ក្រសួង និងរដ្ឋបាលថ្នាក់ក្រោមជាតិបានចេញលិខិតអនុញ្ញាតសម្រាប់គម្រោងថ្មីចំនួន ២.៦២២គម្រោង ដែលគ្របដណ្ដប់លើផ្ទៃដីសំណង់សរុប ១០.៤៤៧.០៤២ម៉ែត្រការ៉េ និងមានទុនវិនិយោគប្រមាណ ៤.៣៣៤.៤៨៦.៧៥៤ដុល្លារ។ ទោះជាយ៉ាងណាក៏ដោយ តួលេខនេះត្រូវបានគេមើលឃើញថាមានការថយចុះពីឆ្នាំ២០២៣ ដែលមានគម្រោងថ្មីរហូតដល់ ២.៩២៤គម្រោង គ្របដណ្តប់លើផ្ទៃក្រឡាសំណង់ចំនួន ១២.៣៣៥. ០៤៣ម៉ែត្រការ៉េ និងមានទុនវិនិយោគសរុបប្រមាណ ៥.១០៩.៤៧១.០២២ដុល្លារ ថយចុះ១៥,១៧%។ លើសពីនេះ ក្នុងរយៈពេល ២៤ឆ្នាំនេះដែល រដ្ឋបានចេញលិខិតអនុញ្ញាតសម្រាប់ការបើកការដ្ឋានសាងសង់បានចំនួន ២,៨០០គម្រោង, សម្រាប់ការបិទគម្រោងចំនួន ១,៣៤៤គម្រោង និងសម្រាប់ការជួសជុលចំនួន ២២៨គម្រោង។ ជាការកត់សម្គាល់ រដ្ឋាភិបាលក៏បានផ្តល់វិញ្ញាបនបត្រប្រើប្រាស់សំណង់បានចំនួន […]

ក្រសួងរ៉ែគ្រោងវិនិយោគលើរោង​ចក្រចម្រាញ់​ប្រេងកាត ដើម្បីធានាការផ្គត់ផ្គង់នៅកម្ពុជា

ក្រសួង​រ៉ែ និង​ថាមពល​ ប្រកាសពីផែនការចង់​វិនិយោគ​លើ​គម្រោងបង្កើត​រោងចក្រ​ចម្រាញ់​ប្រេង ដើម្បី​ធានា​ការ​ផ្គត់ផ្គង់​ប្រេង​កាតនៅកម្ពុជា។ ខណៈដែលបច្ចុប្បន្នក្រសួងកំពុងស្វែងរកដៃគូវិនិយោគសម្រាប់ការរុករកប្រេងទាំងនៅឈូងសមុទ្រ និងនៅក្នុងដីផងដែរ។ ឯកឧត្តម កែវ រតនៈ រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល បានលើកឡើងពីគម្រោងវិនិយោគរោងចក្រចម្រាញ់ប្រេងកាតនេះ ក្នុងកិច្ចប្រជុំប្រចាំឆ្នាំរបស់ក្រសួង នៅថ្ងៃទី២១ ខែវិច្ឆិកានេះថា «នាពេលខាងមុខនេះ ក្រសួងគ្រោងនឹងស្នើសុំការគាំទ្រពីរាជរដ្ឋាភិបាល សម្រាប់ដំណាក់កាលទី១ សម្រាប់គម្រោង​វិនិយោគ​បង្កើតរោងចក្រចម្រាញ់​ប្រេង​របស់​ប្រទេស​ដែល​នឹង​រួម​បញ្ចូល​ទាំង​ការ​កំណត់​និង​ការ​គូស​បញ្ជាក់​ពី​វិសាលភាព​នៃ​ការ​បម្រុង​ទុក​ប្រេង​ជា​យុទ្ធសាស្ត្រ»។ ជាមួយគ្នានេះដែរ ឯកឧត្តម ក៏​បាន​ទទួល​ស្គាល់​ថា កម្ពុជា​នៅមាន​ទីផ្សារ​ប្រេង​តិចតួចនៅឡើយ។ នាឱកាសនោះ ឯកឧត្តមរដ្ឋមន្ត្រី ក៏បានបញ្ជាក់បន្ថែមពីការប្តេជ្ញាចិត្តរបស់ក្រសួងក្នុងការលើកកម្ពស់សុវត្ថិភាពក្នុងការដឹកជញ្ជូន ការស្តុកទុក ការចែកចាយ និងការប្រើប្រាស់ផលិតផលប្រេង ដោយផ្តោតជាយុទ្ធសាស្ត្រលើការទាក់ទាញឧស្សាហកម្មចម្រាញ់ប្រេងមកកម្ពុជាឱ្យបានច្រើនផងដែរ។ គម្រោងនេះគឺស្របតាមគោលបំណងរបស់រដ្ឋាភិបាលក្នុងការស្វែងរកអ្នកវិនិយោគសក្តានុពលសម្រាប់បន្តអភិវឌ្ឍប្លុក A និងស្រាវជ្រាវនៅប្លុកផ្សេងៗទៀត។ កន្លងទៅថ្មីៗនេះ មានក្រុមហ៊ុនចំនួន៤ បានដាក់សំណើរសុំបន្តអភិវឌ្ឍរុករកប្រេង ក្នុងប្លុក A នេះផងដែរ។​ (អានបន្ថែម) យោងតាមក្រសួងរ៉ែ និងថាមពល វិស័យប្រេងនឹងរកចំណូលបានប្រមាណ ១២,៣៥ លានដុល្លារសម្រាប់រដ្ឋនៅឆ្នាំ ២០២៤។ - Video Advertisement -

រហូតមកទល់ពេលនេះ រដ្ឋសម្រុកវាស់វែង និងចុះបញ្ជីដីធ្លីនៅមណ្ឌលគិរីបានជិត ៩ម៉ឺនហិកតា

មន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តមណ្ឌលគិរី បានឱ្យដឹងថា គិតមកដល់ពេលនេះ ការចុះបញ្ជី និងចេញបណ្ណកម្មសិទ្ធដីធ្លីនៅក្នុងខេត្តមណ្ធលគីរី សម្រេចបានជាង៤ម៉ឺន បណ្ណ ឬស្មើនឹងទំហំជិត៩ម៉ឺនហិកតា។ របស់ការណ៍ខាងលើនេះ ត្រូវបានបង្ហាញឡើងនៅក្នុងសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៤ និងទិសដៅការងារបន្តសម្រាប់ឆ្នាំ២០២៥ របស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ នាថ្ងៃទី ២៦ វិច្ឆិកា ២០២៤។ នាឱកាសនោះ មន្ទីររៀបចំដែនដីខេត្តមណ្ឌលគីរី បានឱ្យដឹងថា មន្ទីរបានអនុវត្តនូវតួនាទីភារកិច្ចរបស់ខ្លួនដោយសម្រេចបានលទ្ធផលគួរជាទីកត់សម្គាល់ ដែលក្នុងនោះតាមរយៈការចុះបញ្ជីមានលក្ខណៈជាប្រព័ន្ធ ខេត្តមណ្ឌលគិរី ជាខេត្តមួយដែលបានប្រកាសតំបន់វិនិច្ឆ័យរួចទាំងស្រុង ក្នុងភូមិសរុបទាំង ៩២ភូមិ ២១ ឃុំ/សង្កាត់ ៥ក្រុង/ស្រុក បានចុះបញ្ជី និងចេញបណ្ណសរុបចំនួន ៤០.៣២៣បណ្ណ ស្មើនឹងទំហំ ៨៩. ៧៧៦ហិកតា និងបានចុះបញ្ជីដីរដ្ឋរួចទំហំ ៣៣១.៤៣៩ហិកតា ស្មើនឹង ១៨% ។ ដោយឡែក ចំពោះការចុះបញ្ជីដីសមូហភាព ខេត្តមណ្ឌលគីរី មានសហគមន៏ជនជាតិដើមភាគតិចដែលបានទទួលស្គាល់ជានីតិបុគ្គល សរុបចំនួន ៣៦សហគមន៏ បានដាក់ពាក្យស្នើសុំចុះបញ្ជីចំនួន ២៧សហគមន៏ ដោយក្នុងនោះ ចេញបណ្ណរួច ៧សហគមន៏ […]

ADB សម្រេចផ្តល់​កម្ចី ៥០​លាន​ដុល្លារ ដើម្បី​ពង្រឹង​វិស័យ SME នៅកម្ពុជា

នៅក្នុងការជំរុញយ៉ាងសំខាន់ដល់សេដ្ឋកិច្ចរបស់កម្ពុជា ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានអនុម័តប្រាក់កម្ចីប្រមាណ ៥០លានដុល្លារ ក្នុងគោលបំណងលើកកម្ពស់បរិយាកាសធុរកិច្ចសម្រាប់សហគ្រាសធុនតូច ខ្នាតតូច និងមធ្យម (MSMEs) នៅក្នុងប្រទេស។ គំនិតផ្តួចផ្តើមដែលត្រូវបានគូសបញ្ជាក់នៅក្នុងសេចក្តីប្រកាសព័ត៌មានថ្មីៗនេះ ត្រូវបានរៀបចំឡើងដើម្បីលើកកម្ពស់ការប្រកួតប្រជែង និងកាត់បន្ថយរបាំងពាណិជ្ជកម្មក្នុងប្រទេសអាស៊ីអាគ្នេយ៍។ នាយក ADB ប្រចាំប្រទេសកម្ពុជា លោក Jyotsana Varma បានសង្កត់ធ្ងន់លើសារៈសំខាន់នៃកម្មវិធីនេះ ដោយបញ្ជាក់ថា វាមានសារៈសំខាន់ណាស់សម្រាប់ការពង្រឹងនិងថែរក្សាវិស័យ MSME ដែលដើរតួជាឆ្អឹងខ្នងនៃសេដ្ឋកិច្ចកម្ពុជា។ លោកស្រីបានកត់សម្គាល់ថា “តាមរយៈការជំរុញកំណើននៃសហគ្រាសទាំងនេះ យើងអាចទាក់ទាញការវិនិយោគ បង្កើតឱកាសការងារថ្មីៗ និងគាំទ្រដល់កំណើនសេដ្ឋកិច្ចប្រកបដោយចីរភាព”។ កម្មវិធីនេះស្វែងរកការសម្របសម្រួលពាណិជ្ជកម្មឆ្លងព្រំដែនដោយធ្វើឱ្យប្រសើរឡើងនូវក្របខ័ណ្ឌបទប្បញ្ញត្តិ សម្រួលនីតិវិធី និងកាត់បន្ថយរបាំងពាណិជ្ជកម្ម។ ជាងនេះទៅទៀត វិធីសាស្រ្តនេះត្រូវបានគេរំពឹងថានឹងពង្រឹងការធ្វើសមាហរណកម្មរបស់កម្ពុជាទៅក្នុងទីផ្សារទាំងក្នុងតំបន់ និងពិភពលោក។ យោងតាម ​​ADB ទិដ្ឋភាពបច្ចុប្បន្នសម្រាប់សហគ្រាសធុនតូច និងមធ្យមនៅកម្ពុជា គឺពោរពេញទៅដោយបញ្ហាប្រឈមដែលរារាំងផលិតភាព និងការប្រកួតប្រជែងរបស់ពួកគេ។ ដំណោះស្រាយសម្រាប់បញ្ហាទាំងនេះ ADB នឹងសហការជាមួយរាជរដ្ឋាភិបាលកម្ពុជា ដើម្បីសម្រួលបទប្បញ្ញត្តិធុរកិច្ច និងកែលម្អសេវាសាធារណៈ ធ្វើឱ្យវាកាន់តែងាយស្រួលសម្រាប់ការរីកលូតលាស់របស់សហគ្រាស។ គួរបញ្ជាក់ថា គំនិតផ្តួចផ្តើមនេះមានគោលបំណងគាំទ្រសហគ្រាសធុនតូច និងមធ្យមប្រមាណ ៥០.០០០ ដែលនឹងធ្វើការចុះឈ្មោះជាផ្លូវការតាមរយៈប្រព័ន្ធចុះបញ្ជីអាជីវកម្មអនឡាញនៅឆ្នាំ២០២៧។ លើសពីនេះ វានឹងជួយឱ្យអាជីវកម្មទាំងនេះទទួលបានអាជ្ញាប័ណ្ណ វិញ្ញាបនបត្រ […]

ក្រុមហ៊ុនផលិតម៉ាស៊ីនត្រជាក់ដ៏ល្បីរបស់ជប៉ុន សម្ពោធពង្រីកអាជីវកម្មបន្ថែមនៅកម្ពុជា

ក្រុមហ៊ុន Daikin ជាក្រុមហ៊ុនផលិតម៉ាស៊ីនត្រជាក់ឈានមុខគេមួយរបស់ប្រទេសជប៉ុន បានសម្ពោធជាផ្លូវការនូវប្រតិបត្តិការពង្រីកខ្លួនបន្ថែមនៅក្នុងប្រទេសកម្ពុជា ដែលនេះជាឆ្លុះបញ្ចាំងពីការកើនឡើងនូវទំនុកចិត្តរបស់អ្នកវិនិយោគលើសក្តានុពលសេដ្ឋកិច្ចរបស់កម្ពុជា។ ពិធីសម្ពោធនេះត្រូវបានធ្វើឡើងក្រោមអធិបតីភាពរបស់ឯកឧត្តម ហែម វណ្ឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ នៅថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២៤។ ក្នុងឱកាសនោះឯកឧត្តមរដ្ឋមន្រ្តី បានសង្កត់ធ្ងន់ពីសារៈសំខាន់នៃវត្តមានរបស់ក្រុមហ៊ុន ដោយបញ្ជាក់ថា “ការសម្រេចចិត្តរបស់ក្រុមហ៊ុន Daikin ក្នុងការពង្រីកប្រតិបត្តិការរបស់ខ្លួននៅកម្ពុជានាពេលនេះ មិនមែនគ្រាន់តែជាការពង្រីកអាជីវកម្មប៉ុណ្ណោះទេ ប៉ុន្តែក៏ជា​ការ​បញ្ជាក់​នូវ​ទំនុក​ចិត្ត​របស់​អ្នក​វិនិយោគ​ជប៉ុន និង​អ្នក​វិនិយោគ​ផ្សេង​ៗទៀត​ លើសក្តានុពល​សេដ្ឋកិច្ច និងឧស្សាហកម្មរបស់​​កម្ពុជាផងដែរ”។ ជាមួយគ្នានេះដែរ ឯកឧត្តមក៏បានលើកទឹកចិត្តដល់ក្រុមហ៊ុនឱ្យផ្តោតលើការបណ្តុះបណ្តាលជំនាញបច្ចេកទេសម៉ាស៊ីនត្រជាក់ តាមរយៈការផ្ទេរចំណេះដឹង និងជំនាញ ជាពិសេសសម្រាប់ជាងដំឡើង ជាងជួសជុល និងជំនាញដែលពាក់ព័ន្ធនឹងដំណោះស្រាយអគារដែលមានប្រសិទ្ធភាពថាមពល។ ជាងនេះទៅទៀត ឯកឧត្តម បានបន្តថា Daikin នឹងចូលរួមចំណែកដល់ការសម្រេចមហិច្ឆតាអព្យាក្រឹតភាពកាបូនរបស់កម្ពុជានៅឆ្នាំ២០៥០ ដោយបានជំរុញឱ្យក្រុមហ៊ុនធ្វើជាគំរូ និងឈានមុខលើការផលិត និងចែកចាយផលិតផលដែលសន្សំសំចៃថាមពល និងដំណោះស្រាយបៃតង។ ចុងក្រោយ ឯកឧត្ត បានផ្តល់នូវអនុសាសន៍ឱ្យក្រុមហ៊ុន Daikin ពិចារណាបង្កើតរោងចក្រផលិតផ្ទាល់នៅកម្ពុជានាពេលអនាគត ដោយសហការជាមួយក្រុមហ៊ុនក្នុងស្រុកឱ្យបានច្រើន ព្រមទាំងចូលរួមអនុវត្តគម្រោងស្រាវជ្រាវ និងអភិវឌ្ឍន៍ (R&D) ទាក់ទងនឹងបច្ចេកវិទ្យាប្រព័ន្ធត្រជាក់  ដើម្បីគាំទ្រដល់ឧស្សាហកម្មចំណីអាហារ និងកសិ-ឧស្សាហកម្មរបស់កម្ពុជា។ ក្រុមហ៊ុន […]

ថៃ​ប្រកាស​សង់​ស្ពាន​ថ្មីតភ្ជាប់ខេត្តចាន់ថាបុរី-ប៉ៃលិន ​ដើម្បី​ពង្រឹង​ទំនាក់ទំនង​ពាណិជ្ជកម្ម និង​ទេសចរណ៍​ជាមួយ​កម្ពុជា

នៅក្នុងការផ្លាស់ប្តូរដ៏សំខាន់មួយដើម្បីបង្កើនការតភ្ជាប់ឆ្លងព្រំដែន រដ្ឋាភិបាលថៃបានបង្ហាញពីផែនការសង់ស្ពានថ្មីមួយខ្សែដែលនឹងតភ្ជាប់រវាងខេត្តចាន់ថាបុរីក្នុងប្រទេសថៃជាមួយខេត្តប៉ៃលិនក្នុងប្រទេសកម្ពុជា។ គម្រោង​នេះ​គ្រោង​ចំណាយ​ថវិកា​ប្រមាណ ១៥លាន​បាត ​ក្នុង​គោលបំណង​ជំរុញ​ពាណិជ្ជកម្ម និង​ទេសចរណ៍​រវាង​ប្រទេស​ទាំងពីរ​។ នេះបើយោងតាមការចុះផ្សាយរបស់ការសែត Bangkok Post នៅថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៤។ នាឱកាសដែលរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក Anutin Charnvirakul ចុះត្រួតពិនិត្យទីតាំងនៅច្រកព្រំដែន Ban Pakkad ក្នុងស្រុក Pong Nam Rong លោកបានបង្ហាញពីសុទិដ្ឋិនិយមអំពីសក្តានុពលរបស់ស្ពាននេះក្នុងការជំរុញកំណើនសេដ្ឋកិច្ច។ លោក​បាន​បញ្ជាក់​ថា រចនាសម្ព័ន្ធ​ថ្មី​ដែល​មាន​ឈ្មោះ​ថា ស្ពាន​មិត្តភាព​ចាន់ថាបុរី-ប៉ៃលិននេះ នឹងមក​ជំនួសឱ្យ​ស្ពាន​ដែក​បណ្ដោះ​អាសន្ន​ដែល​មាន​ស្រាប់នាពេលបច្ចុប្បន្ន​។ ស្ពានបេតុងថ្មីនេះ នឹងមានប្រវែងប្រហែល ៤០ម៉ែត្រ និង​ផ្លូវ​ដើរ​ទទឹង​ ៣​ម៉ែត្រ​នៅ​សងខាង​ផ្លូវ​រថយន្ត​។ ស្ពាននេះនឹងធ្វើអោយប្រសើរឡើងនូវផ្នែកដឹកជញ្ជូន និងពាណិជ្ជកម្មរវាងប្រទេសថៃ និងកម្ពុជា។ លោករដ្ឋមន្ត្រី Anutin ក៏បានលើកឡើងពីសារៈសំខាន់នៃគម្រោងក្នុងការសម្រួលដល់ការធ្វើដំណើរកាន់តែងាយស្រួល និងការលើកកម្ពស់ពាណិជ្ជកម្ម និងទេសចរណ៍ទ្វេភាគី។ ការសាងសង់ស្ពាននេះគ្រោងនឹងចាប់ផ្តើមនៅឆ្នាំក្រោយ ខណៈប្រទេសទាំងពីរបានរៀបចំសេចក្តីព្រាងអនុស្សរណៈយោគយល់គ្នា (MoU) សម្រាប់គម្រោងនេះរួចរាល់ហើយ ដោយកំពុងដាក់ជូនគណៈរដ្ឋមន្ត្រីថៃ ដើម្បីអនុម័តក្នុងពេលឆាប់ៗនេះ។ ទន្ទឹមគ្នានេះដែរ នាយករដ្ឋមន្ត្រី Paetongtarn Shinawatra បានអនុម័តគំនិតផ្តួចផ្តើមនេះជាគោលការណ៍រួចហើយ ដែលនឹង ផ្តល់មូលនិធិតាមរយៈថវិកាកណ្តាលរបស់ប្រទេសថៃ។ គួរបញ្ចាក់ថា […]