ការធានារ៉ាប់រងតាមផ្លូវច្បាប់លើសំណង់ និងកាតព្វកិច្ចរបស់ភាគីពាក់ព័ន្ធនៅក្នុងវិស័យសំណង់៖ ឱកាសអាជីវកម្មថ្មីសម្រាប់ក្រុមហ៊ុនធានារ៉ាប់រង

ច្បាប់ស្តីពីសំណង់ បានណែនាំអំពីទិដ្ឋភាពផ្លូវច្បាប់ផ្សេងៗគ្នាអំពីការធានាលើសំណង់ ដែលគ្រប់អ្នកម៉ៅការសាងសង់ និងម៉ៅការសាងសង់បន្តទាំងអស់ ដែលចូលរួមនៅក្នុងគម្រោងសាងសង់ ត្រូវតែទទួលខុសត្រូវ ខណៈដែលកាតព្វកិច្ចថ្មីជាច្រើនត្រូវបានដាក់បន្ទុកដល់ភាគីពាក់ព័ន្ធនៅក្នុងគម្រោងសាងសង់របស់ខ្លួននៅក្នុងប្រទេសកម្ពុជា។ ការ្យនេះជាឱកាសសម្រាប់ក្រុមហ៊ុនធានារ៉ាប់រង ក្នុងការដើរតួនាទីយ៉ាងសំខាន់នៅក្នុងវិស័យនេះ ដោយគ្របដណ្តប់រាល់ហានិភ័យដែលអាចនឹងកើតមានឡើងនៅក្នុងវិស័យសំណង់នេះ។

យោងតាមទិន្នន័យថ្មីៗនេះ ដែលចេញដោយក្រសួងរៀបចំដែនដីនគរូបនីយកម្ម និងសំណង់ បានបង្ហាញថា ការវិនិយោគសរុបលើវិស័យសំណង់នៅកម្ពុជា មានលើសពី ៣ប៊ីលានដុល្លារអាមេរិក នៅចន្លោះខែមករា និងខែមិថុនា ឆ្នាំ២០១៩ បើប្រៀបធៀបទៅនឹងចំនួនតែ ២,១ប៊ីលានដុល្លារអាមេរិក នៅឆមាសទីមួយ ក្នុងឆ្នាំ ២០១៨ ដែលតំណាងឱ្យកំណើន ៥៧,៥ ភាគរយ។

ការអនុវត្តច្បាប់ដោយគ្រប់ជ្រុងជ្រោយក្នុងការគ្រប់គ្រងលើវិស័យសំណង់ ជាអាទិភាពខ្ពស់សម្រាប់រាជរដ្ឋាភិបាលកម្ពុជា ក្នុងគោលបំណងធានានូវទំនុកចិត្តរបស់វិនិយោគិន និងធ្វើឱ្យប្រសើរឡើងនូវកំរិតគុណភាព សុខភាព និងសុវត្ថិភាពនៅក្នុងវិស័យនេះ។

ពាក់ព័ន្ធនឹងការលើកឡើងខាងលើនេះ ច្បាប់ស្តីពីសំណង់ ត្រូវបានប្រកាស ឱ្យប្រើដោយព្រះរាជក្រមលេខ នស/ រកម / ១១១៩ / ០១៩ ចុះថ្ងៃទី ២ ខែវិច្ឆិកា ឆ្នាំ២០១៩ និងចូលជាធរមាននៅថ្ងៃទី ៣ ខែវិច្ឆិកា ឆ្នាំ២០១៩ ( ច្បាប់ស្តីពីសំណង់)។

ច្បាប់ថ្មីនេះ ចែងអំពីបទប្បញ្ញត្តិថ្មីផ្សេងៗគ្នា ដោយកំណត់ថា មានផលប៉ះពាល់នៅក្នុងវិស័យសំណង់ ដូចជាបទប្បញ្ញត្តិទាក់ទងនឹង៖ (i) រយៈពេលទំនួលខុសត្រូវ និង (ii) ទំនួលខុសត្រូវរបស់អ្នកពាក់ព័ន្ធគម្រោងសាងសង់។

មុនពេលអនុវត្តច្បាប់សំណង់ អ្នកម៉ៅការជាទូទៅ បដិសេធក្នុងការផ្តល់ការធានាសំណង់ដល់អតិថិជនរបស់ពួកគេ។ លក្ខខណ្ឌដែលបានព្រមព្រៀងគ្នា និងរយៈពេលនៃការទទួលខុសត្រូវ ជាធម្មតាគឺ ស្ថិតនៅក្រោមការចរចារយ៉ាងស្វិតស្វាញ និងចំណាយពេលច្រើន រវាងគូភាគី ហើយនៅក្នុងការអនុវត្តជាទូទៅ ត្រូវបានផ្តល់ជូនសម្រាប់រយៈពេលពីមួយ ឬពីរឆ្នាំប៉ុណ្ណោះ។

ឥឡូវនេះ ច្បាប់ស្តីពីសំណង់ តម្រូវឱ្យអ្នកម៉ៅការ និងអ្នកម៉ៅការបន្តទាំងអស់ ចូលរួមក្នុងគម្រោងសាងសង់នៅកម្ពុជា ផ្តល់ជូនអតិថិជនរបស់ពួកគេ នូវរយៈពេលធានាលើការទទួលខុសត្រូវជាកាតព្វកិច្ចសម្រាប់រយៈពេលជាក់លាក់ណាមួយ ទោះបីជាមិនបានបញ្ជាក់យ៉ាងច្បាស់នៅក្នុងកិច្ចសន្យាសំណង់ក៏ដោយ។

មាត្រា ៧១ នៃច្បាប់ស្តីពីសំណង់ ចែងអំពីរយៈពេលបីផ្សេងគ្នា សម្រាប់រយៈពេលនៃការទទួលខុសត្រូវរៀងៗខ្លួនអាស្រ័យលើប្រភេទការងារសំណង់ដែលកំពុងអនុវត្ត៖

ក) ពីរឆ្នាំសម្រាប់ការងារទាក់ទងនឹងអគ្គិសនីទឹកមេកានិកនិងការងារពាក់ព័ន្ធផ្សេងទៀត

ខ) ប្រាំឆ្នាំសម្រាប់ការងារទាក់ទងនឹងជញ្ជាំងខាងក្រៅ បង្អួចទ្វារ និងដំបូល និង

គ) ដប់ឆ្នាំសម្រាប់ការងារគ្រឿងបង្គុំ ដែលធ្វើពីបេតុងអាម៉េរ ដែកបេតុង ឬដែក។

នៅពេលដែលការខូចខាតណាមួយលេចចេញមក វានឹងទាមទារថាតើការខូចខាតនោះ និងលក្ខណៈនៃការងារ ត្រូវបានបញ្ជាក់ ថាតើការខូចខាតដែលកើតឡើង បានគ្របដណ្តប់ដោយរយៈពេលនៃកាតព្វក្នុងសុពលភាពធានាដែរឬទេ?

វាអាចធ្វើទៅបាន តាមរយៈកិច្ចព្រមព្រៀងគ្នាទៅវិញទៅមក សម្រាប់គូភាគីដើម្បីបន្ថែមរយៈពេលនៃការធានាទាំងនេះ ប៉ុន្តែមិនមែនដើម្បីកាត់បន្ថយការធានាទេ ដោយសារតែការរធានាបែបនេះ និងរយៈពេលអប្បបរមារនៃការធានា គឺជាសមាសធាតុនៃកាតព្វកិច្ចដែលមានចែងក្នុងកិច្ចសន្យាសំណង់។

មាត្រា ៧១ នៃច្បាប់ស្តីពីសំណង់ បានចែងយ៉ាងច្បាស់ថា “ភាគីពាក់ព័ន្ធនឹងកិច្ចសន្យាសាងសង់ អាចព្រមព្រៀងលើរយៈពេលទំនួលខុសត្រូវផ្សេងៗ ដែលមានរយៈពេលវែងជាងរយៈពេល ដែលបានចែងក្នុងមាត្រា ៧១” ប៉ុន្តែ “ការកំណត់រយៈពេលនៃការទទួលខុសត្រូវ ដែលមានរយៈពេលខ្លីជាងនេះនឹងត្រូវទុកជាមោឃៈ”។

គោលបំណងនៃមាត្រា ៧១ គឺដើម្បីការពារវិនិយោគិន ឬអ្នកទិញក្នុងករណីមានបញ្ហា ត្រូវបានរកឃើញបន្ទាប់ពីកាលបរិច្ឆេទចាប់ផ្តើមនៃការធានាទាំងនេះ (ឧទាហរណ៍កាលបរិច្ឆេទប្រគល់) និងពេញមួយអាយុកាលនៃរយៈពេលធានា។ នៅក្នុងសេណារីយ៉ូនេះ ភាគីដែលទទួលខុសត្រូវចំពោះការខូចខាតបែបនេះ នឹងត្រូវជាប់កាតព្វកិច្ចក្នុងការជួសជុលសង ឬដោះស្រាយជាសំណង។

សុពលភាពនៃកាលបរិច្ឆេទចាប់ផ្តើមរាប់សម្រាប់សុពលភាពនៃការធានាទាំងនេះ គឺរាប់គិតពីថ្ងៃនៃការប្រគល់-ទទួលសំណង់យកទៅប្រើប្រាស់ជាផ្លូវការដោយផ្នែក ឬទាំងមូល។ ដូច្នេះប្រសិនបើមានបញ្ហាកើតឡើងមុនកាលបរិច្ឆេទប្រគល់-ទទួល អ្នកម៉ៅការនឹងមិនមានកាតព្វកិច្ចជួសជុលឡើង បើយោងតាមមាត្រា ៧១ នៃច្បាប់ស្តីពីសំណង់។

ទោះយ៉ាងណាក៏ដោយ ករណីនេះ នៅតែអាចធ្វើទៅបាន ដោយយោងតាមមាត្រា ៦៥៤ នៃក្រមរដ្ឋប្បវេណីដែល “អ្នកម៉ៅការសាងសង់ត្រូវបានសន្មតទទួលកាតព្វកិច្ចបំពេញការងារជាមូលដ្ឋាន ដើម្បីបញ្ចប់ការងារដោយគ្មានបញ្ហាខូចខាតនៅពេលប្រគល់-ទទួលជាក់ស្តែង” ។

បន្ថែមលើសុពលភាពនៃរយៈពេលធានា ច្បាប់ស្តីពីសំណង់ រួមមាន បទប្បញ្ញត្តិទាក់ទងនឹងកាតព្វកិច្ចរបស់អ្នកពាក់ព័ន្ធទាំងអស់នៅក្នុងវិស័យសំណង់។

ច្បាប់សំណង់កត់សម្គាល់ទៅលើ (i) ការទទួលខុសត្រូវរបស់អ្នករចនាសិក្សាគម្រោង ដោយសារការខូចខាតដែលបណ្តាលមកពីឯកសារសិក្សាគម្រោងមានកំហុស (ii) ការទទួលខុសត្រូវរបស់អ្នកបញ្ជាក់ការងារ ក្នុងករណីមានការខូចខាតដែលបណ្តាលមកពីការត្រួតពិនិត្យមានលក្ខណៈមិនត្រឹមត្រូវ ឬមិនពេញលេញ (iii) ការទទួលខុសត្រូវរបស់អ្នកផលិតសម្ភារសំណង់ ផលិតផល និងឧបករណ៍បំពាក់ ប្រសិនបើពួកគេត្រូវបានគេចាត់ទុកថាមានភាពខ្វះចន្លោះ និង (iv) ការទទួលខុសត្រូវរួមគ្នារបស់ម្ចាស់ និងអ្នកម៉ៅការសាងសង់ក្នុងករណីមានការខូចខាតដោយសារការសាងសង់មានលក្ខណៈខ្វះចន្លោះ ឬការគ្រប់គ្រងទីតាំងមិនត្រឹមត្រូវ។

កាតព្វកិច្ចទទួលខុសត្រូវរបស់អ្នករចនាសិក្សាគម្រោង អ្នកបញ្ជាក់ការងារ ម្ចាស់ ឬអ្នកម៉ៅការសាងសង់ ត្រូវបានកំណត់ត្រឹមរយៈពេលបីឆ្នាំ គិតចាប់ពីថ្ងៃដែលភាគីរងគ្រោះ ឬតំណាងរបស់ខ្លួន ដាក់ទាមទារសំណងជាលើដំបូង ឬ ១០ ឆ្នាំ ក្នុងករណីបន្ទាប់ពីការខូចខាតបានកើតឡើងដំបូង។

ការទទួលខុសត្រូវរបស់អ្នកផលិត ត្រូវបានកំណត់ត្រឹមតែបីឆ្នាំគិតចាប់ពីថ្ងៃដែលជនរងគ្រោះ ឬអ្នកតំណាងអាចទាមទារសំណងជាមុន ឬដប់ឆ្នាំបន្ទាប់ពីការខូចខាតដំបូង។ ទោះជាយ៉ាងណាក៏ដោយ ប្រសិនបើសម្ភារផលិតផល និងឧបករណ៍បំពាក់រួមបញ្ចូលទាំងសារធាតុដែលចាត់ទុកថាមានគ្រោះថ្នាក់ដល់សុខភាពនោះ រយៈពេលនេះ អាចត្រូវបានពន្យារពេលដល់ ២០ឆ្នាំទៀត។

សេចក្តីណែនាំអំពីសុពលភាពនៃការទទួលខុសត្រូវដែលត្រូវបំពេញ និងកាតព្វកិច្ចរបស់ភាគីពាក់ព័ន្ធថ្មីៗ ត្រូវគ្នានឹងសកម្មភាពដែលកំពុងកើនឡើង ដែលត្រូវបានគេមើលឃើញក្នុងវិស័យសំណង់។ នេះក៏អាចត្រូវបានគេរំពឹងថា នឹងបង្កើនការចំណាយលើការសាងសង់ ដោយតម្រូវការដើម្បីគ្របដណ្តប់លើហានិភ័យថ្មីទាំងនេះសម្រាប់អ្នកម៉ៅការសាងសង់ និងអ្នកម៉ៅការសាងសង់បន្ត។

ជំហានបន្ទាប់គឺ ការបង្កើតគោលនយោបាយពាក់ព័ន្ធដោយក្រុមហ៊ុនធានារ៉ាប់រង ដើម្បីគ្របដណ្តប់លើហានិភ័យបែបនេះ។ គោលការណ៍ទាំងនេះ នឹងត្រូវប្រើទៅលើកត្តាដែលបង្កផលប៉ះពាល់ ប្រសិនបើអ្នកម៉ៅការសាងសង់ ឬអ្នកម៉ៅការសាងសង់បន្ត អ្នករចនាសិក្សាគម្រោង អ្នកផលិត ឬអ្នកអភិវឌ្ឍន៍ បរាជ័យក្នុងការដោះស្រាយកង្វះខាតសំណងនៅពេលរកឃើញ (ក្រោយប្រគល់) ឬខកខានមិនបានសងជំងឺចិត្តដល់វិនិយោគិន ឬអ្នកទិញ។

ក្រុមហ៊ុនធានារ៉ាប់រង នឹងត្រូវការច្នៃប្រឌិតខ្ពស់នៅពេលបង្កើតគោលនយោបាយប្រកួតប្រជែង ដើម្បីគ្របដណ្តប់លើហានិភ័យទាំងនេះ។ ច្បាប់ស្តីពីសំណង់ ផ្តល់ឱ្យពួកគេនូវឱកាសរកប្រាក់ចំណេញ ដើម្បីអភិវឌ្ឍសកម្មភាពរបស់ក្រុមហ៊ុន កែលម្អគោលនយោបាយ បង្កើនវេនប្រាក់ចំណេញ និងបង្កើនទំនុកចិត្តរបស់វិនិយោគិននៅពេលពួកគេចូលទីផ្សារ។ ក្នុងន័យនេះ ឧទាហរណ៍ក្នុងតំបន់ និងអន្តរជាតិ មានច្រើន ដែលក្រុមហ៊ុនធានារ៉ាប់រងកម្ពុជាអាចទទួលបានពីការសម្របសម្រួលការធានារ៉ាប់រងសមស្របសម្រាប់ហានិភ័យទាំងនេះ។

សរុបសេចក្ដីមក ច្បាប់ស្តីពីសំណង់ មានគោលបំណងធានា និងការពារវិនិយោគិន និងអ្នកទិញគម្រោងសំណង់ដោយកំណត់រយៈពេលនៃការទទួលខុសត្រូវ និងការទទួលខុសត្រូវលើអ្នកពាក់ព័ន្ធក្នុងវិស័យសំណង់។ ឥឡូវនេះ វាគឺជាវេនរបស់ក្រុមហ៊ុនធានារ៉ាប់រង ដើរតួនាទីយ៉ាងសំខាន់ នៅក្នុងឧស្សាហកម្មនេះ ហើយសម្របខ្លួននៃផលិតផលរបស់ពួកគេទៅនឹងច្បាប់ថ្មី៕


អំពីអ្នកនិពន្ធ៖

លោក Charles AMAR មានបទពិសោធន៍យ៉ាងច្រើនក្នុងគ្រប់ ទិដ្ឋភាពនៃច្បាប់ពាក់ព័ន្ធនឹងអចលនទ្រព្យ ដោយផ្តោតជាពិសេសលើបញ្ហាដែលទាក់ទងទៅនឹងការវិនិយោគអចលនទ្រព្យ ការអភិវឌ្ឍគម្រោង ការសាងសង់ និងការគ្រប់គ្រងទ្រព្យសម្បត្តិ។

គាត់​តែងតែ​ផ្តល់​ប្រឹក្សា​ដល់​អតិថិជន​ក្នុង​ស្រុក និងបរទេស​ដែល​ចង់​ស្វែងរក​ការ​ប្រឹក្សា​ជំនាញ និងដំណោះស្រាយ​ដោយ​ភាព​ច្នៃ​បង្កើត​លើ​ប្រតិបត្តិការ​សំខាន់ៗ និងស្មុគស្មាញ​ទាក់ទង​នឹង​ទ្រព្យសម្បត្តិ ទាំង​​ក្នុង​ដំណាក់​កាល​អភិវឌ្ឍ ឬការ​រៀបចំ​ផែនការ។

សមត្ថភាព និងជំនាញ​របស់​គាត់​អាច​បំពេញ​ការងារ​ដោយ​ពេញលេញ​ទៅ​លើ​គម្រោងអចលនទ្រព្យ​មិន​ថា​ជា​លំនៅដ្ឋាន (បុរី ខុនដូ) ការិយាល័យ ផ្សារ​ទំនើប​សណ្ឋាគារ ឃ្លាំង សម្ភារឧស្សាហកម្ម រហូត​ដល់​ចំណត​ឡាន៕

លោក Charles AMAR បច្ចុប្បន្នធ្វើការជាទីប្រឹក្សាពិគ្រោះយោបល់ជាមួយ Sarin & Associates ដោយធ្វើកិច្ចសហប្រតិបត្តិការជាមួយ DFDL។

សម្រាប់ព័ត៌មានលម្អិត សូមទំនាក់ទំនងគាត់តាមរយៈអាសយដ្ឋានដូចខាងក្រោម៖

លេខ ៣០ មហាវិថីព្រះនរោត្តម អគារ Bred Bank ជាន់ទី៤ សង្កាត់ផ្សារថ្មី៣ ខណ្ឌដូនពេញ (ប្រអប់សំបុត្រលេខ ៧) ភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា។

ទូរស័ព្ទ +855 23 210 400 ទូរស័ព្ទដៃ +855 68 68 66 02  អ៊ីម៉ែល charles.amar@dfdl.com


ការ​បោះពុម្ព​ផ្សាយ​នេះ​គឺ​សម្រាប់​ជា​ព័ត៌មាន​តែ​ប៉ុណ្ណោះ។ វា​មិន​​​ផ្តោត​ទាំង​ស្រុង ហើយ​ក៏​មិន​មែន​ជា​ការ​ប្រឹក្សា​យោបល់​​ផ្នែក​ច្បាប់​​ឡើយ។ អ្នក​ត្រូវតែ​ស្វែងរក​ការ​ប្រឹក្សា​យោបល់​ជាក់លាក់​ដែល​សម​ស្រប​តាម​​លក្ខខណ្ឌ​របស់​អ្នក។

​​​​ព័ត៌មាន​នៅ​ក្នុង​អត្ថបទ​នេះ​ផ្តល់​ជូន​សម្រាប់​គោលបំណង​ព័ត៌មាន​តែ​ប៉ុណ្ណោះ ហើយ​មិន​មាន​គោលបំណង​​ជា​ការ​ផ្តល់​ប្រឹក្សា​យោបល់​ផ្នែក​ច្បាប់​ណា​មួយ​ឡើយ។ ការ​ប្រឹក្សា​យោបល់​ផ្នែក​ច្បាប់ គួរ​តែ​ទទួល​ពី​អ្នក​ជំនាញ​ផ្នែក​ច្បាប់​សម្រាប់​គ្រប់​ស្ថានភាព​ជាក់លាក់។ លើកលែង​តែ​មាន​ការ​បញ្ជាក់​ផ្សេង​ពី​នេះ​ លោក Charles Amar គឺ​ជា​ម្ចាស់​កម្មសិទ្ធិ​លើ​អត្ថបទ​នេះ។ ប្រសិនបើ​អ្នក​ចង់​ផលិត​ឡើង​វិញ ឬ ប្រើ​អត្ថបទ​ ឬ ផ្នែក​ណាមួយ​​របស់​អត្ថបទ​នេះ វា​គឺ​ជា​ការ​ទទួល​ខុសត្រូវ​របស់​អ្នក​ក្នុង​ការ​យល់ព្រម​​ពី​ម្ចាស់​អត្ថបទ​ជា​មុន​សិន​ប្រសិន​បើ​ចាំបាច់។


 ប្រែសម្រួលក្រៅផ្លូវការដោយ ទស្សនាវដ្តីសំណង់ និងអចលនទ្រព្យ

- Video Advertisement -

ព័ត៌មានដែលទាក់ទង

មកស្គាល់ពីវិធីគិតរបស់វិស្វករឆ្នើម និងនាយកផ្នែកបច្ចេកវិទ្យារបស់ក្រុមហ៊ុន Bentley

លោក Julien Moutte ដែលជានាយកផ្នែកបច្ចេកវិទ្យានៃក្រុមហ៊ុន Bentley Systems មានទស្សនៈវិស័យមួយដ៏សាមញ្ញគឺ ការបំបាត់រាល់ឧបសគ្គនៃការចូលប្រើប្រាស់ និងការធ្វើឱ្យអ្វីៗគ្រប់យ៉ាងមានតម្លាភាព។ ខុសពីថ្នាក់ដឹកនាំដទៃ លោកមិនអង្គុយក្នុងបន្ទប់ធ្វើការដាច់ដោយឡែកនោះទេ ប៉ុន្តែលោកអង្គុយនៅកណ្តាលការិយាល័យរួមជាមួយបុគ្គលិកដទៃទៀត ដើម្បីឱ្យគ្រប់គ្នាអាចចូលមកពិភាក្សា និងសួរដេញដោលជាមួយលោកបានគ្រប់ពេលវេលា។ ចំណូលចិត្តក្នុងការស្វែងយល់ពីប្រព័ន្ធដែលបិទជិតរបស់លោក បានចាប់ផ្តើមតាំងពីវ័យជំទង់ នៅពេលដែលលោកបានរៀនសរសេរកម្មវិធីកុំព្យូទ័រដោយខ្លួនឯង និងបានលួចកែច្នៃម៉ាស៊ីនគិតលេខវិទ្យាសាស្ត្រ ដើម្បីរកអាថ៌កំបាំងនៃប្រព័ន្ធរបស់វា។ បទពិសោធន៍ទាំងនេះបានបង្រៀនលោកថា ព័ត៌មាន និងបច្ចេកវិទ្យានឹងដំណើរការបានល្អបំផុត នៅពេលដែលវាត្រូវបានចែករំលែកជាសាធារណៈ។ នៅក្រុមហ៊ុន Bentley លោក Moutte បានយកគោលការណ៍ “បើកចំហ” នេះមកអនុវត្តក្នុងការរចនាកម្មវិធីវិស្វកម្មសំណង់ស៊ីវិល។ លោកជឿជាក់ថា ទិន្នន័យនៃហេដ្ឋារចនាសម្ព័ន្ធដូចជា ស្ពាន និងផ្លូវថ្នល់ មិនគួរត្រូវបានចាក់សោទុកក្នុងប្រព័ន្ធណាមួយនោះទេ ប៉ុន្តែវាត្រូវតែអាចប្រើប្រាស់បានក្នុងរយៈពេលរាប់សិបឆ្នាំទៅមុខទៀតតាមរយៈប្រព័ន្ធបើកចំហ (Open Source)។ សម្រាប់លោក Moutte ការបើកចំហមិនមែនត្រឹមតែជាយុទ្ធសាស្ត្រធុរកិច្ចប៉ុណ្ណោះទេ ប៉ុន្តែវាគឺជាការផ្តល់ផលប្រយោជន៍ដល់សង្គម។ លោកតែងតែចែករំលែកទាំងចំណេះដឹងបច្ចេកវិទ្យាដល់ក្រុមការងារ ដោយប្រកាន់ខ្ជាប់នូវជំនឿថា “យើងត្រូវតែផ្តល់ឱ្យគេមុន ទើបយើងនឹងទទួលបានមកវិញ”។ តាមរយៈការធ្វើឱ្យបច្ចេកវិទ្យាអាចមើលឃើញ និងអាចចូលប្រើបាន លោកកំពុងជួយកសាងទីក្រុងឱ្យកាន់តែមានសុវត្ថិភាព និងមានភាពធន់ជាងមុនសម្រាប់មនុស្សគ្រប់គ្នា។ - Video Advertisement -

រដ្ឋសម្ពោធបើកដំណើរការវិទ្យាស្ថានបច្ចេកវិទ្យាយានយន្ដ និងឧស្សាហកម្មថាមពលថ្មីជាផ្លូវការ

វិទ្យាស្ថានបច្ចេកវិទ្យាយានយន្ដ និងឧស្សាហកម្មថាមពលថ្មី ត្រូវបានសម្ពោធដាក់ឱ្យដំណើរការជាផ្លូវការក្រោមអធិបតីភាពរបស់ ឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្ត្រីឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ នៅថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២៥។ ឯកឧត្តម ហែម វណ្ណឌី បានគូសបញ្ជាក់ថា ការដាក់ដំណើរការវិទ្យាស្ថានបច្ចេកវិទ្យាយានយន្ដ និងឧស្សាហកម្មថាមពលថ្មីនេះ គឺដើម្បីបណ្តុះបណ្តាលជំនាញ ជំរុញនវានុវត្តន៍ឧស្សាហកម្ម និងមធ្យោបាយធ្វើដំណើរដែលបញ្ចេញកាបូនទាប។ ឯកឧត្តមថា វិទ្យាស្ថាននេះ ក៏ជាវឌ្ឍនភាពថ្មីមួយទៀត ក្នុងការជំរុញការស្រាវជ្រាវ ការបណ្តុះបណ្តាលបច្ចេកទេស និងនវានុវត្តន៍ក្នុងវិស័យរថយន្តអគ្គិសនី និងបច្ចេកវិទ្យាថាមពលថ្មីផងដែរ។ វិទ្យាស្ថាននេះត្រូវបានបង្កើតឡើងក្រោមកិច្ចសហការរវាងសាកលវិទ្យាល័យបច្ចេកវិទ្យាឆុងឈីង ក្រុមហ៊ុន GTV Motor និងវិទ្យាស្ថានជាតិពហុបច្ចេកទេសកម្ពុជា ក្នុងគោលដៅអភិវឌ្ឍធនធានមនុស្ស លើជំនាញរថយន្តអគ្គិសនី វិស្វកម្មយានយន្តអគ្គិសនី និងបច្ចេកវិទ្យាឧស្សាហកម្មថាមពលថ្មី ដែលគាំទ្រការផ្លាស់ប្តូររបស់កម្ពុជា ឆ្ពោះទៅការផលិតប្រកបដោយនិរន្តរភាព និងមានតម្លៃបន្ថែមខ្ពស់។ ពាក់ព័ន្ធនឹងយានយន្តអគ្គិសនីនេះដែរ គិតចាប់ពីខែមករា ដល់ខែកញ្ញា ឆ្នាំ២០២៥ កម្ពុជា ចុះបញ្ជីយានយន្តអគ្គិសនីបានចំនួន ១០.៥៦៨គ្រឿង ខណៈនិន្នាការប្រើប្រាស់យានយន្តប្រភេទនេះនៅកម្ពុជា កំពុងបន្តកើនឡើងខ្លាំង។ នេះបើយោងតាមការបញ្ជាក់ពីឯកឧត្តម ផន រឹម អ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូន […]

ម្ចាស់ពានរង្វាន់ណូបែលរូបវិទ្យាអន្តរជាតិប្រកាសថា៖ ចង់បង្កើតមន្ទីរពិសោធន៍១នៅកម្ពុជា

លោកសាស្ត្រាចារ្យបណ្ឌិត Sir Konstantin (Kostya) S. Novoselov FRS ម្ចាស់ពានរង្វាន់ ណូបែលរូបវិទ្យាអន្តរជាតិម្នាក់បានប្រកាសពីគោលបំណងរបស់ខ្លួន ដោយចង់បង្កើតមន្ទីរពិសោធន៍មួយនៅកម្ពុជាដើម្បីផ្តល់ឱកាសដល់យុវជនកម្ពុជា ពង្រីកសមត្ថភាពរូបវិទ្យាបន្ថែមទៀត។ លោកលើកឡើងបែបនេះនៅក្នុងជំនួបពិភាក្សាជាមួយសម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៅថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២៥។ នាឱកាសនោះ លោក Sir Konstantin បានលើកឡើងថា បច្ចុប្បន្ននេះលោកបានមើលឃើញពីសក្តានុពលរបស់ប្រទេសកម្ពុជា ក្នុងនោះយុវជនកម្ពុជាដែលមានសមត្ថភាព ហើយក្នុងបេសកកម្មរបស់លោកនៅពេលនេះ កំពុងស្វែងរកយុវជន និងនិស្សិតកម្ពុជា ដែលមានសមត្ថភាពផ្នែកវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាដើម្បីបណ្តុះបណ្តាលពួកគេបន្ថែមទៀត ឱ្យក្លាយទៅជាធនធានដ៏ពូកែក្នុងផ្នែកវិទ្យាសាស្ត្រ បច្ចេកវិទ្យា។ លោកមានគម្រោង នឹងរៀបចំជាមន្ទីរពិសោធន៍នៅកម្ពុជា ដើម្បីផ្តល់ឱកាសដល់យុវជនកម្ពុជា ដែលមានសមត្ថភាពអាចពង្រីកខ្លួន និងបង្កើនសមត្ថភាពក្នុងផ្នែកបច្ចេកវិទ្យានេះ។ ជាការឆ្លើយតប សម្តេចតេជោ ហ៊ុន សែន បង្ហាញការពេញចិត្តម្ចាស់ជ័យលាភីណូបែលផ្នែករូបវិទ្យា ដែលបានសម្លឹងឃើញឱកាសនៅកម្ពុជា ហើយមានផែនការក្នុងការបណ្តុះបណ្តាលយុវជនកម្ពុជា ដែលមានសមត្ថភាពឱ្យមានការយល់ដឹងស៊ីជម្រៅក្នុងផ្នែកបច្ចេកវិទ្យា។សម្តេចតេជោ ក៏បានប្រាប់លោកសាស្ត្រាចារ្យរូបវិទ្យា ធ្វើកិច្ចការងារនេះ ជាមួយក្រសួងពាក់ព័ន្ធ ជាពិសេសក្រសួងអប់រំ ដើម្បីធ្វើយ៉ាងណាឱ្យយុវជនកម្ពុជាកាន់តែមានសមត្ថភាពនៅក្នុងផ្នែកបច្ចេកវិទ្យាវិទ្យាសាស្ត្រនេះកាន់តែច្រើន។ គួរបញ្ជាក់ថា យុវជនកម្ពុជាគឺមានសមត្ថភាពផ្នែកវិទ្យាសាស្ត្រ គួរឱ្យកត់សម្គាល់ដែលពួកគេបានខិតខំប្រឹងប្រែង និងអភិវឌ្ឍខ្លួនជាបន្តបន្ទាប់ រាជរដ្ឋាភិបាលរំពឹងថា […]

កម្ពុជា-ចិន ប្រកាសរួមគ្នាពង្រឹង និងលើកកម្ពស់ស្តង់ដារជំនាញវិជ្ជាជីវៈ តាមរយៈបង្កើតមជ្ឈមណ្ឌល…

ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ និងមូលនិធិអភិវឌ្ឍន៍វិស័យអប់រំ ខេត្តអានហួយ ប្រទេសចិន បានសម្រេចចុះហត្ថលេខាលើអនុស្សរណៈរួមគ្នា បង្កើតមជ្ឈមណ្ឌលអភិវឌ្ឍន៍ជំនាញវិជ្ជាជីវៈ និងទទួលស្គាល់ជំនាញរួមគ្នា ដើម្បីពង្រឹងសមត្ថភាពការបណ្តុះបណ្តាលជំនាញឱ្យកាន់តែប្រសើរ។ MoU រវាងភាគីទាំងពីរ បានចុះហត្ថលេខា នៅថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២៥ ក្រោមអធិបតីភាព ឯកឧត្តម ហេង សួរ រដ្ឋមន្រ្តីក្រសួងការងារ និងលោកស្រី Ling Shuangying អគ្គលេខាធិការនៃសម្ព័ន្ធអភិវឌ្ឍន៍វិស័យអប់រំបណ្តុះបណ្តាលវិជ្ជាជីវៈអន្តរជាតិ ខេត្តអានហួយ ប្រទេសចិន។ នាឱកាសនោះ ឯកឧត្តមរដ្ឋមន្ត្រី ហេង សួរ បានចាត់ទុក កិច្ចសហការនេះ នឹងក្លាយជាចលករដ៏សំខាន់បន្ថែមទៀតសម្រាប់កម្ពុជាក្នុងការទាក់ទាញវិនិយោគិនពីបរទេស ជាពិសេសវិនិយោគិនចិនមកកម្ពុជា។ ជាមួយគ្នានេះ លោកស្រី Ling Shuangying បានលើកឡើងដែរថា អនុស្សរណៈដ៏សំខាន់នេះ នឹងចូលរួមពង្រឹងកិច្ចសហប្រតិបត្តិការបណ្តុះបណ្តាលវិជ្ជាជីវៈ ពិសេសវិស័យពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក បច្ចេកទេសយានយន្តអគិ្គសនី និងបច្ចេកវិទ្យាកុំព្យូទ័រជាដើម ឱ្យមានកម្រិតស្តង់ដាវិជ្ជាជីវៈខ្ពស់ទទួលស្គាល់រវាងប្រទេសទាំងពីរ។ គួរបញ្ជាក់ថា MoU នេះ មានគោលបំណងពង្រឹងកិច្ចសហប្រតិបត្តិការរវាងភាគីទាំងពីរលើវិស័យអប់រំបណ្ដុះបណ្ដាលបច្ចេកទេស និងវិជ្ជាជីវៈ តាមរយៈការបង្កើតមជ្ឈមណ្ឌលបណ្តុះបណ្តាល និងទទួលស្គាល់ជំនាញរួមគ្នារវាង កម្ពុជា-ចិន ដោយនឹងផ្ដោតសំខាន់លើការសហការរៀបចំកម្មវិធីសិក្សា ការបណ្តុះបណ្តាលវិជ្ជាជីវៈ […]

កម្ពុជា និងចិន ចុះកិច្ចព្រមព្រៀងបណ្តុះបណ្តាលជំនាញបច្ចេកទេសសំណង់

កម្ពុជា និងចិនបានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា (MoU) រវាងមហាវិទ្យាល័យបច្ចេកទេសសំណង់ Zhejiang (ZCTC) និងវិទ្យាស្ថានពហុបច្ចេកទេសកម្ពុជាខេត្តពោធិ៍សាត់ (PIPP) នៅទីក្រុង Zhejiang ក្នុងគោលបំណងជំរុញប្រព័ន្ធអប់រំ និងបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ (TVET) របស់កម្ពុជា ដើម្បីបំពេញតម្រូវការក្នុងឧស្សាហកម្មដែលកំពុងរីកចម្រើន ជាពិសេសក្នុងវិស័យសំណង់។ គាំទ្រដោយកម្មវិធីភាពជាដៃគូរបស់ ILO/China MoU បង្កើតក្របខ័ណ្ឌសម្រាប់កិច្ចសហប្រតិបត្តិការរយៈពេលវែង រួមទាំងបច្ចេកវិទ្យាសំណង់ឆ្លាតវៃ ការផ្លាស់ប្តូរមហាវិទ្យាល័យ និងកម្មវិធីបណ្តុះបណ្តាលវិជ្ជាជីវៈរួមគ្នាដើម្បីបង្កើនការងាររបស់យុវជនកម្ពុជា។ គំនិតផ្តួចផ្តើមនេះក៏ជួយសម្រួលដល់ការផ្លាស់ប្តូរសិស្ស និងគ្រូ ការប្រកួតប្រជែងជំនាញ និងគម្រោងស្រាវជ្រាវផងដែរ។ ក្នុងពិធីចុះហត្ថលេខានេះ មន្ត្រីជាន់ខ្ពស់មកពី ILO/China បានលើកឡើងពីសារៈសំខាន់នៃការបណ្ដុះបណ្ដាលយុវជននូវជំនាញទីផ្សារពាក់ព័ន្ធ ដោយសារឧស្សាហកម្មសំណង់នៅកម្ពុជាកំពុងមានការរីកចម្រើនយ៉ាងឆាប់រហ័ស។ ប្រធានគម្រោង ILO/China Tian Feng បានកោតសរសើរ ដោយបានគូសបញ្ជាក់ថា វានឹងផ្តល់ឱកាសជាក់ស្តែងសម្រាប់យុវជនកម្ពុជាក្នុងការទទួលបាននូវវគ្គបណ្តុះបណ្តាលជំនាញកម្រិតខ្ពស់ និងសម្ភារៈទំនើបៗ។ ភាពជាដៃគូនេះមិនត្រឹមតែដោះស្រាយគម្លាតជំនាញប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងពង្រឹងទំនាក់ទំនងវប្បធម៌ ខណៈពេលដែលគាំទ្រដល់ការអភិវឌ្ឍន៍ជាតិប្រកបដោយនិរន្តរភាព ដែលជាផ្នែកមួយនៃគំនិតផ្តួចផ្តើមខ្សែក្រវ៉ាត់ និងផ្លូវ។ ជាមួយនឹងកិច្ចព្រមព្រៀងនេះ កម្ពុជាកំពុងវិនិយោគជាយុទ្ធសាស្ត្រលើធនធានមនុស្សរបស់ខ្លួន ដើម្បីធានាថាកម្លាំងការងាររបស់ខ្លួនត្រូវបានត្រៀមរួចស្រេចសម្រាប់បញ្ហាប្រឈមនានា នៅពេលអនាគតនៅក្នុងឧស្សាហកម្មផ្សេងៗ។ - Video Advertisement -

ក្រុមហ៊ុន Yalong ប្រកាសជួយកម្ពុជា ជំរុញវិស័យអប់រំបណ្ដុះបណ្ដាលបច្ចេកទេស និងវិជ្ជាជីវៈ

ក្រុមហ៊ុន Yalong Intelligent Equipment Group Co., Ltd បានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា ជាមួយក្រសួងការងារ ដើម្បីរួមគ្នាជួយលើកកម្ពស់ការផ្លាស់ប្ដូរការសិក្សាបែបអន្តរជាតិ និងការសហការលើវិស័យអប់រំបណ្ដុះបណ្ដាលបច្ចេកទេស និងវិជ្ជាជីវៈនៅកម្ពុជាឱ្យកាន់តែប្រសើរ។ ពិធីចុះហត្ថលេខានេះ ធ្វើឡើងក្រោមអធិបតីភាព ឯកឧត្តម ហេង សួរ រដ្ឋមន្រ្តីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ និងលោក CHEN Jiquan នាយកក្រុមហ៊ុន Yalong Intelligent Equipment Group Co., Ltd នៅថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៥។ នាឱកាសនោះ ឯកឧត្តមរដ្ឋមន្រ្តី  បង្ហាញក្តីសង្ឃឹមថា តាមរយៈបទពិសោធរបស់ក្រុមហ៊ុន Yalong នឹងអាចជួយឱ្យសិស្សកម្ពុជាទទួលបានការអប់រំបណ្ដុះបណ្ដាលបច្ចេកទេសនិងវិជ្ជាជីវៈ ដែលមានស្ដង់ដា និងមានសមត្ថភាពខ្ពស់ក្នុងការបំពេញការងារ។ ឯកឧត្តម ក៏បានបញ្ជាក់ពីភាពចាំបាច់ នៃការបណ្ដុះបណ្ដាលបច្ចេកទេស និងវិជ្ជាជីវៈ ដោយភ្ជាប់ជាមួយនឹងបច្ចេកវិទ្យាទំនើប ដើម្បីឱ្យពលរដ្ឋកម្ពុជាមានជំនាញពិតប្រាកដ និងស្របទៅតាមការវិវត្តនៃបច្ចេកវិទ្យានាពេលបច្ចុប្បន្ន ដែលជាគន្លឹះយ៉ាងសំខាន់ ក្នុងការបង្កើតផលិតភាពនៃកម្លាំងពលកម្មកម្ពុជាក្នុងទីផ្សារ និងប្រែក្លាយកម្ពុជាជាគោលដៅដ៏ទាក់ទាញនៃការវិនិយោគបន្ថែមទៀតពីសំណាក់វិនិយោគិនបរទេស។ ជាការឆ្លើយតប លោក CHEN Jiquan នាយកក្រុមហ៊ុន […]