តើទីផ្សារអចលនទ្រព្យកម្ពុជានឹងជួបបញ្ហាដូចចិនទេ នៅ៥-១០ ឆ្នាំខាងមុខ? ឬវិបត្តិចិនជាឱកាសសម្រាប់កម្ពុជា?

មិនត្រឹមតែ Evergrande ទេ បច្ចុប្បន្នក្រុមហ៊ុនអចលនទ្រព្យយក្សជាច្រើននៅចិន ដូចជា Shimao និងSunac កំពុងបន្ដធ្លាក់ក្នុងវិបត្តិបំណុល ក្រោយរដ្ឋចិនរឹតបន្ដឹងគោលនយោបាយកម្ចី។

អ្នកវិភាគបរទេសថា ឬសគល់នៃបញ្ហានេះគឺបណ្ដាលមកពីកត្តាធំៗ ៣ដូចជា  ទីផ្សារអចលនទ្រព្យដែលពុះកញ្ច្រោលខ្លាំងពេក  កម្ចីក្នុងវិស័យអចលនទ្រព្យដែលកើនលើសលុបពិសេសនៅក្នុងក្រុមហ៊ុនធំៗ  និងភាពធូររលុងនៃគោលនយោបាយព្រោះរដ្ឋចិនចង់បានចំណូលពីវិស័យនេះមកទ្រទ្រង់សេដ្ឋកិច្ចច្រើនជ្រុលពេក។

អ្នកវិភាគខ្លះថា កម្ពុជាក៏កំពុងដើរទៅរកផ្លូវស្រដៀងៗគ្នានេះ។ ដូច្នោះ តើ ៥ ទៅ ១០ ឆ្នាំខាងមុខ កម្ពុជានឹងជួបវិបត្តិដូចចិនដែរឬទេ? ហេតុអ្វី?

ផ្ទុយទៅវិញ តើក្នុងវិបត្តិ អាចមានឱកាសឬទេ ដែលក្រុមហ៊ុនជាប់បំណុលទាំងនោះ ងាកមកវិនិយោគនៅកម្ពុជា ដើម្បីរកប្រភពចំណូលថ្មី? ហេតុអ្វី?

ជាក់ស្ដែងបើសង្កេតមើលតួលេខជាក់ស្ដែង  ស្ថានភាពអចលនទ្រព្យនៅកម្ពុជា គឺស្រដៀងគ្នានឹងប្រទេសចិនដែរ។ ពីឆ្នាំ ២០១៨ វិស័យសំណង់បានហក់ឡើងយ៉ាងគំហុក ដែលរួមចំណែកដល់ទៅ ១១,៥% នៃកំណើនសេដ្ឋកិច្ចក្នុងឆ្នាំនោះ។

ប៉ុន្តែវិស័យនេះ បានដាំក្បាលចុះយ៉ាងខ្លាំងក្រោយមានការបិទហ្គេមអនឡាញនៅខេត្តព្រះសីហនុ និងការឈានជើងចូលមកដល់នៃវិបត្តិកូវីដ។ (អានបន្ថែម)

យោងតាមរបាយការណ៍របស់ធនាគារពិភពលោក ទុនវិនិយោគផ្ទាល់ពីបរទេសដែលបានអនុម័តក្នុងវិស័យអចលនទ្រព្យរបស់កម្ពុជាបានធ្លាក់ចុះពី ១,៧ ពាន់លានដុល្លារក្នុងឆ្នាំ ២០១៩ មកត្រឹម ១៤២  លានដុល្លារក្នុងឆ្នាំ ២០២០។

តួលេខចុងក្រោយរបស់ធនាគារជាតិ បង្ហាញថា គម្រោងសាងសង់ដែលបានអនុម័ត ទាំងតម្លៃវិនិយោគ ផ្ទៃក្រឡា និងចំនួនគម្រោង ធ្លាក់ចុះប្រមាណ ៣៣% ៣២% និង២១%  រៀងៗគ្នា ក្នុងឆមាសទី ១ ឆ្នាំ​២០២២ នេះ បើធៀបនឹងឆ្នាំមុន។

សំណង់ជាច្រើនត្រូវផ្អាកនៅខេត្តព្រះសីហនុ ខណៈខុនដូជាច្រើនក៏ត្រូវនៅសល់ព្រោះការផ្គត់ផ្គង់លើសតម្រូវការ និងការបាត់បង់អ្នកទិញបរទេស ហើយប្រតិបត្តិការទិញលក់ខុនដូក៏ត្រូវបានព្យាករថានឹងធ្លាក់ចុះ ៤៤% ទៀតផងដែរក្នុងឆ្នាំនេះ។

ចំណុចសំខាន់មួយ ទៀត ដែលកម្ពុជាដូចទៅនឹងប្រទេសចិនគឺ កម្ចីក្នុងសំណង់ និងអចលនទ្រព្យដែលបន្ដកើនខ្លាំង។ ត្រឹមចុងខែមិថុនានេះកម្ចីក្នុងវិស័យទាំងនេះ មានដល់ទៅ ១៤ពាន់លានដុល្លារ ឬ ស្មើនឹង ៣២% នៅកម្ចីក្នុងវិស័យឯកជនសរុប។ (អានបន្ថែម)

កំណើននេះ តែងតែជាសេចក្ដីព្រួយបារម្ភរបស់អង្គការអន្តរជាតិដូចជា IMF WorldBank និងADB ដែលតែងតែក្រើនរម្លឹកថា កំណើនឥណទានវិស័យសំណង់ និងអចលនទ្រព្យ គឺជាហានិភ័យសម្រាប់សេដ្ឋកិច្ចកម្ពុជា។

បើវិភាគតាមតួលេខខាងលើ កម្ពុជាហាក់ដូចជាដើរទៅរកផ្លូវស្រដៀងគ្នានឹងចិន ប៉ុន្តែលោកស្រី Grace Rachany Fong ដែលជានាយកប្រតិបត្តិរបស់ក្រុមហ៊ុន Century 21 Cambodia និងជាអ្នកវិភាគទីផ្សារអចលនទ្រព្យជើងចាស់មួយរូប យល់ឃើញផ្ទុយថា កម្ពុជា​នៅតែអាចគ្រប់គ្រងហានិភ័យបានយ៉ាងល្អ ហើយនឹងមិនជួបបញ្ហាដូចប្រទេសចិនទេ។

លោកស្រីថា បញ្ហានៅប្រទេសចិន គឺជ្រៅជាង ៣ ហេតុផលដែលបានលើកឡើងខាងលើ ហើយការជាប់បំណុលរបស់ក្រុមហ៊ុនធំៗ ក៏មិនអាស្រ័យទៅលើគោលនយោបាយរបស់រដ្ឋទាំងស្រុងដែរ ដោយត្រូវវិភាគលើបញ្ជីហិរញ្ញវត្ថុផ្ទៃក្នុងរបស់ក្រុមហ៊ុននីមួយៗ។

«ចំណុចសំខាន់បំផុត កម្ចីក្នុងវិស័យអចលនទ្រព្យនៅកម្ពុជាគឺមិនធូរទេ។ អត្រាការប្រាក់ក៏ខ្ពស់ដល់ទៅ ៨ ទៅ ១០% ហើយក៏មិនផ្ដល់កម្ចីក្នុងរយៈពេលវែងខ្លាំងដូចនៅចិនដែរ។ លើសពីនេះ ធនាគារជាតិកម្ពុជា បានកំណត់ CAP  ឬកម្ចីអតិបរមាច្បាស់លាស់ ដែលសមាមាត្រទៅនឹងចំណូលរបស់អ្នកខ្ចី។ ដូច្នេះ ហានិភ័យកម្ចីច្រើនលើសលុប ហើយគ្មានថវិកាសង់វិញគឺនៅទាបណាស់» លោកស្រីបញ្ជាក់។

បើយោងតាមធនាគារជាតិនៃកម្ពុជា ប្រព័ន្ធធនាគាររបស់កម្ពុជាជារួម នៅតែរឹងមាំ ជាមួយនឹងទ្រព្យសម្បត្តិសកម្មជាង  ៧៥  ពាន់លានដុល្លារ ខណៈកម្ចីមិនដំណើរការ (កម្ចីដែលអ្នកខ្ចីគ្មានលុយសង) មានត្រឹមជាង ២% ប៉ុណ្ណោះ។

«លើសពីនេះ កម្ពុជាជាប្រទេសមួយដែលនៅប្រើសាច់ប្រាក់សុទ្ធច្រើន ទាំងអ្នកទិញ និងអ្នកអភិវឌ្ឍ។ អ្នកទិញភាគច្រើន ទាល់តែមានសាច់ប្រាក់ក្នុងដៃទើបហ៊ានទិញ ដូចគ្នានឹងអ្នកអភិវឌ្ឍធំៗ នៅកម្ពុជា សុទ្ធសឹងតែជាក្រុមហ៊ុនដែលមានលំហូរសាច់ប្រាក់ក្នុងដៃខ្ពស់» លោកស្រី បន្ថែម។

ចំណុចទី ២ ទីផ្សារអចលនទ្រព្យកម្ពុជាគឺមិនពុះកញ្ជ្រោលខ្លាំងហួសនោះទេ ដោយអ្នកវិភាគថា មុនបិទហ្គេមអនឡាញតម្លៃអចលនទ្រព្យនៅខេត្តព្រះសីហនុ អាចនឹងឡើងហួសកំណត់ពិតមែន តែបច្ចុប្បន្នបានត្រឡប់មករកតម្លៃទីផ្សារវិញហើយ។

បើយោងតាមទិន្នន័យរបស់ក្រុមហ៊ុន Key Real Estate Co., Ltd តម្លៃផ្ទះជួលមុនបិទហ្គេមអនឡានគឺចន្លោះពី ៨០០០ដុល្លារ ទៅ ១៦០០០ដុល្លារក្នុងមួយខែ។  ប៉ុន្ដែ ក្រោយបិទ តម្លៃជួលធ្លាក់ចុះនៅសល់ត្រឹមតែ ២០០០ ទៅ ៦០០០ដុល្លារប៉ុណ្ណោះក្នុងមួយខែ។

លោកស្រី Grace Rachany Fong  បានឱ្យថា ៖ «វិស័យអចនលទ្រព្យនៅកម្ពុជាមិនទាន់ពុះកញ្ជ្រោលខ្លាំងពេកនោះទេ។ ជាក់ស្ដែង តម្លៃដីតំបន់កណ្ដាលក្រុង គឺនៅទាប បើធៀបនឹងក្រុងហូជីមិញ និងបាងកក  ដូច្នេះមិនចាត់ទុកថាកើនហួសជ្រុលទេ។ ដោយឡែក បច្ចុប្បន្នអ្នកអភិវឌ្ឍក៏បានងាកមកបង្កើតបុរី សង់គេហដ្ឋាន ដើម្បីឆ្លើយតបនឹងតម្រូវជាក់ស្ដែងក្នុងស្រុកជាជាងខុនដូ ដែលនេះជាទិសដៅល្អ»។

«ហើយខុនដូ ដែលជាប់គាំង នឹងត្រូវលក់ដាច់ក្នុងពេលអនាគត ព្រោះរសនិយមមនុស្សជំនាន់ក្រោយចាប់ផ្ដើមចូលចិត្តខុនដូជាងផ្ទះបន្តិចម្ដងៗ» លោកស្រី បានបន្ដ។

ចំណុចចុងក្រោយ ដែលថា កម្ពុជារំពឹងលើវិស័យសំណង់ និងអចលនទ្រព្យខ្លាំងមកទ្រទ្រង់សេដ្ឋកិច្ច គឺមិនត្រឹមត្រូវទាំងស្រុងនោះទេ។

បើយោងតាម អ្នកជំនាញផ្នែកអចលនទ្រព្យ និងជាប្រធានក្រុមហ៊ុន KW Cambodia លោកបណ្ឌិត គីម ហ៊ាង ជាក់ស្ដែង វិស័យកសិកម្ម ទេសចរណ៍ និងឧស្សាហកម្ម គឺជាស្នូលទ្រទ្រង់សេដ្ឋកិច្ចជាតិ ខណៈវិស័យអចលនទ្រព្យគឺធៀបបាននឹងថ្នាំប៉ូវ ឬជាជីដាក់ចូលទៅឱ្យសេដ្ឋកិច្ចលូតលាស់ធំធាត់កាន់តែលឿនប៉ុណ្ណោះ។ ដូច្នេះសេដ្ឋកិច្ចគោលរបស់យើងគឺមិនពឹងលើវិស័យអចលនទ្រព្យទាំងស្រុងនោះទេ។

លើសពីនេះ ស្ថានភាពកម្ពុជា គឺមានហានិភ័យខុសពីប្រទេសអភិវឌ្ឍ ឬប្រទេសចិន ដែលការផ្ដាស់ប្ដូរគោលនយោបាយអ្វីមួយ អាចប៉ះទង្គិចវិស័យសេដ្ឋកិច្ចផ្សេងៗ តៗគ្នា ទាំងអស់។ ប៉ុន្តែ កម្ពុជាមានភាពបត់បែនខ្ពស់។ នេះបើយោងតាម លោកស្រី Grace Rachany Fong ។

ជាសរុប ហានិភ័យវិស័យអចលនទ្រព្យកម្ពុជាគឺនៅទាប ព្រោះកម្ពុជានឹងគ្រប់គ្រងគោលនយោបាយហិរញ្ញវត្ថុ ឬឥណទានឯកជនបានល្អ ខណៈរដ្ឋាភិបាលក៏បានធ្វើការផ្ដាស់ប្ដូរធំសឱ្យឃើញតាមរយៈការបិទហ្គេមអនឡាញក្នុងគោលបំណងចង់យកតែអ្នកវិនិយោគល្អៗដែលមិនបំប៉ោងតម្លៃទីផ្សារ។

យ៉ាងណាមិញហានិភ័យ ក៏អាចនឹងកើតមានឡើង បើគោលនយោបាយ ឬចំណុចណាមួយនៃទីផ្សារធូររលង់ខ្លាំងពេក ខណៈស្ថានភាពសេដ្ឋកិច្ចពិភពលោកក៏អាចជាកត្តាជំរុញមួយផងដែរ។

ប៉ុន្តែ ក្នុងវិបត្តិមានឱកាសឬទេ? តើក្រុមហ៊ុនដែលជាប់បំណុលធ្ងន់នៅប្រទេសចិនទាំងនោះ អាចងាកមកវិនិយោគនៅកម្ពុជា ដើម្បីរកប្រភពចំណូលថ្មីឬទេ? ហេតុអ្វី?

ជាក់ស្ដែង រដ្ឋាភិបាលចិនបាន និងកំពុងព្យាយាមបង្កើតប្រភពចំណូលថ្មីដោយមិនរំពឹងលើវិស័យអចលនទ្រព្យច្រើនដូចមុនទេ ដូចជាការងាកទៅរកវិស័យបច្ចេកវិទ្យាថ្មីៗ ជាដើម។ ដើម្បីធ្វើដូច្នោះបាន ក៏ទាមទារឱ្យមានកំណែទម្រង់ឧស្សាហកម្មជាច្រើនដើម្បីបង្កើនការប្រកួតប្រជែង និងជំរុញវិស័យឯកជន។

ដូច្នេះ ជៀសមិនផុតពីការមកវិនិយោគនៅក្រៅប្រទេសគឺជាជម្រើសមួយ ហើយកម្ពុជាក៏ជាទីតាំងគោលដៅសំខាន់របស់ចិនផងដែរ។ ការវិនិយោគ អាចមិនមែនជាការវិនិយោគសង់ខុនដូ ឬក្នុងវិស័យអចលនទ្រព្យដោយផ្ទាល់ដូចមុនទេ តែអាចជាការសង់រោងចក្រ ឬបើកក្រុមហ៊ុននានា ជាដើម។

ការវិនិយោគទាំងនេះ នឹងផ្ដល់ផលប្រយោជន៍ដោយប្រយោលទៅដល់វិស័យអចលនទ្រព្យ ព្រោះរាល់ការបើកក្រុមហ៊ុន ឬសង់រោងចក្រត្រូវមានការទិញលក់ដី កើតឡើង ដែលនេះគឺជាវិស័យអចលនទ្រព្យជៀសមិនផុត។

លើសពីនេះ ការវិនិយោគទាំងនេះក៏នឹងជួយបង្កើតការងារ បង្កើនចំណូលពន្ធ បន្ថែមជំនាញដល់ពលរដ្ឋខ្មែរ និងបន្ថែមលំហូរសាច់ប្រាក់ទៅក្នុងសេដ្ឋកិច្ចផងដែរ។

 

- Video Advertisement -

ព័ត៌មានដែលទាក់ទង

ត្រីមាសទី២-២០២៤ អត្រាទំនេរក្នុងអគារការិយាល័យនៅប្រទេសថៃ កើន ២៦,៣%

អត្រាទំនេរនៃអគារការិយាល័យនៅទីក្រុងបាងកកនៅក្នុងអគារលំដាប់ A នៅតាមតំបន់សំខាន់ៗ បានកើនឡើងដល់ ២៦,៣% ដែលឆ្លុះបញ្ចាំងពីការកើនឡើងនៃការផ្គត់ផ្គង់លើសតម្រូវការ ប៉ុន្តែក្រុមហ៊ុន Frasers Property Limited (FPL) ដែលដឹកនាំដោយមហាសេដ្ឋីដែលមានបំផុតរបស់ប្រទេសថៃ រំពឹងថាជម្លោះពាណិជ្ជកម្មរវាងសហរដ្ឋអាមេរិក និងចិននឹងជំរុញតម្រូវការអគារការិយាល័យ និងកន្លែងឧស្សាហកម្មនៅទូទាំងអាស៊ីអាគ្នេយ៍ឡើងវិញ ការព្យាករនេះ ត្រូវបានចុះផ្សាយក្នុងសារៈព័ត៌មាន bangkokpost កាលពីថ្ងៃទី ១៩ ខែកញ្ញា ឆ្នាំ ២០២៤។​ ជាមួយនឹងការវិនិយោគចំនួន ៣,៦ ពាន់លានដុល្លារអាមេរិកនៅក្នុងគម្រោង ‘One Bangkok’ ដែលជាគម្រោងអភិវឌ្ឍន៍អចលនទ្រព្យដ៏ធំបំផុតនៅក្នុងប្រទេស នាយកប្រតិបត្តិក្រុមហ៊ុន FPL លោក Panote កូនប្រុសរបស់មហាសេដ្ឋីថៃលោក Charoen Sirivadhanabhakdi បានបង្ហាញសុទិដ្ឋិនិយមថា តំបន់អាស៊ីអាគ្នេយ៍នឹងមើលឃើញការកើនឡើងគួរឱ្យកត់សម្គាល់នៃការវិនិយោគផ្ទាល់ពីបរទេស ជាពិសេសពីប្រទេសចិន និងសិង្ហបុរី ដែលជំរុញតម្រូវការសម្រាប់វិស័យទ្រព្យផ្នែក ពាណិជ្ជកម្ម។ ដំណាក់កាលដំបូងនៃគម្រោង One Bangkok នេះ ដែលគ្រោងនឹងដាក់ឱ្យដំណើរការជាផ្លូវការនៅថ្ងៃទី ៦ ខែតុលា ឆ្នាំ ២០២៤ រួមមានអគារការិយាល័យចំនួន ៣អគារ និងតំបន់លក់រាយចំនួន ២ […]

ថៃរំពឹងថា កំណើនយ៉ាងឆាប់រហ័សនៃឧស្សាហកម្មរថយន្តអគ្គិសនី នឹងជួយជំរុញការរីកចម្រើននៃវិស័យអចលនទ្រព្យរបស់ប្រទេស

ឧស្សាហកម្មរថយន្តអគ្គិសនី (EV) ដែលកំពុងរីកចម្រើនយ៉ាងឆាប់រហ័សរបស់ប្រទេសថៃ ត្រូវបានគេព្យាករថា នឹងចូលរួមចំណែកដល់កំណើនទីផ្សារអចលនទ្រព្យដែលមានតម្លៃយ៉ាងហោចណាស់ ៦,៥ ពាន់លានដុល្លារនៅឆ្នាំ ២០៣០ ដែលជំរុញដោយគោលនយោបាយរបស់រដ្ឋាភិបាល និងការវិនិយោគពីបរទេសដ៏រឹងមាំ។ នាយកគ្រប់គ្រង Jones Lang Lasalle (JLL) លោក Michael Glancy បានគូសបញ្ជាក់ពីសក្តានុពលនេះនៅក្នុងសេចក្តីថ្លែងការណ៍មួយ ដែលត្រូវបានចុះផ្សាយដោយ​ RetalkAsia នៅថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ ២០២៤។ ដោយសារប្រទេសថៃមានមហិច្ឆតាចង់ពង្រឹងជំហររបស់ខ្លួនជាមជ្ឈមណ្ឌលឈានមុខគេនៅអាស៊ីអាគ្នេយ៍សម្រាប់ការផលិត EV ហេតុដូច្នេះហើយកំណើននេះ នឹងជំរុញឱ្យមានតម្រូវការសម្រាប់អចលនទ្រព្យផ្នែកពាណិជ្ជកម្មកើនឡើង ដើម្បីគាំទ្រដល់ការផលិត ការស្រាវជ្រាវ និងការពង្រីកឧស្សាហកម្មនេះ។ ឧស្សាហកម្ម EV របស់ប្រទេសថៃ កំពុងត្រៀមខ្លួនសម្រាប់ការពង្រីកជាបន្តបន្ទាប់ ដោយសារគោលនយោបាយសាមសិបអែតសាមសិប (30@30) ដ៏មានមហិច្ឆតារបស់រដ្ឋាភិបាល ដែលកំណត់ថា ៣០% នៃយានយន្តទាំងអស់ដែលផលិតនៅក្នុងប្រទេសថៃនៅឆ្នាំ ២០៣០ ត្រូវតែជារថយន្តអគ្គិសនី។ គំនិតផ្តួចផ្តើម 30@30 នេះ រួមជាមួយនឹងកញ្ចប់លើកទឹកចិត្ត EV ៣,៥ សម្រាប់ឆ្នាំ ២០២៤ – ២០២៧ រួមមានការឧបត្ថម្ភធនយ៉ាងច្រើន […]

បច្ចុប្បន្នភាពត្រីមាសទី៣ឆ្នាំ ២០២៤ នៃនិន្នាការអត្រាការប្រាក់របស់ធនាគារនៅកម្ពុជា ធៀបនឹងទីផ្សារសកល

ទិដ្ឋភាពហិរញ្ញវត្ថុពិភពលោក បង្ហាញពីការប្រែប្រួលសំខាន់ៗនៃគោលនយោបាយអត្រាការប្រាក់នៅទូទាំងធនាគារកណ្តាលនៃប្រទេសទីផ្សារសំខាន់ៗ ដែលភាគច្រើនស្ថិតនៅកម្រិតជុំវិញចន្លោះពី ៣,៥%​ ទៅ ៦% ខណៈធនាគារកម្ពុជា រក្សាអត្រាខ្ពស់ជាងគេ បើធៀបនឹងសមភាគីអន្តរជាតិ ពោលគឺលើ ១០% បើគិតត្រឹមរយៈពេលពីខែធ្នូ ឆ្នាំ ២០២១ រហូតដល់ខែធ្នូ ឆ្នាំ ២០២៤ យោងតាមទិន្នន័យពី NBC, Global Rates, Macrobond, CBRE Research, Q3 2024 ដែលចុះផ្សាយដោយ CBRE Cambodia ចុះថ្ងៃទី ១៧ ខែតុលា ឆ្នាំ ២ឥ២៤។ ដោយឈរនៅលំដាប់ខ្ពស់បំផុត ធនាគារកម្ពុជារក្សាអត្រាការប្រាក់ចន្លោះពី ១០-១២% ដែលអត្រានេះគឺខ្ពស់ជាងចន្លោះពី ២-៣ ដងច្រើនជាងធនាគារកណ្តាលសេដ្ឋកិច្ចអភិវឌ្ឍន៍ភាគច្រើន។ ក្នុងចំណោមធនាគារកណ្តាលនៃប្រទេសក្នុងតំបន់អាស៊ី៖ ធនាគារកណ្តាលចិនរក្សាអត្រាការប្រាក់ប្រហែល ៣,៥-៤% ធនាគារកណ្តាលជប៉ុន រក្សាអត្រាទាបគួរឱ្យកត់សម្គាល់ជិត 0% ធនាគារកណ្តាលសិង្ហបុរីដំណើរការប្រហែល ៣,៥% ធនាគារកណ្តាលឥណ្ឌារក្សាអត្រាការប្រាក់ប្រហែល ៦% ធនាគារកណ្តាលរបស់ប្រទេសលោកខាងលិច៖ ធនាគារកណ្តាលរបស់សហរដ្ឋអាមេរិក (US Federal Reserve)៖ […]

ការវិនិយោគលើវិស័យសំណង់នៅកម្ពុជា នៅមិនទាន់អាចងើបឡើងវិញបាននៅឡើយ ខណៈតួលេខឆ្នាំ ២០២៤ នៅទាបខ្លាំង ធៀបនឹងឆ្នាំមុនៗ

បច្ចុប្បន្នភាពនៃវិស័យសំណង់របស់កម្ពុជា នៅមិនទាន់មានកំណើនខ្លាំងឡើងវិញនៅឡើយទេ ជាក់ស្តែងតួលេខនៃចំនួនគម្រោងវិនិយោគដែលត្រូវបានអនុម័តក្នុងឆ្នាំ ២០២៤ នៅមានតិចតួចជាងឆ្នាំ ២០២១ និង២០២៣ ពោលគឺបានធ្លាក់ចុះមកនៅត្រឹមប្រហែល ២១៩០គម្រោង (ក្រោម ៤​ពាន់លានដុល្លារ) គិតត្រឹមខែសីហា ឆ្នាំ ២០២៤ ពីចំនួនជិត ៤៨៤១ គម្រោង (ជិត១២ពាន់លានដុល្លារ) ក្នុងឆ្នាំ ២០២០ នេះបើយោងតាមរបាយការណ៍ចុងក្រោយបំផុតរបស់ក្រសួងរៀបចំដែនដី និងនគរូបនីយកម្ម ត្រីមាសទី ៣ ឆ្នាំ ២០២៤ និងបានបង្ហាញដោយ CBRE Research ចុះថ្ងៃទី ១៧ ខែតុលា ឆ្នាំ ២០២៤។ គួររំលឹកថា ចាប់ពីឆ្នាំ ២០១៧ ដល់ឆ្នាំ ២០២៤ ទិដ្ឋភាពនៃការវិនិយោគលើវិស័យសំណង់របស់ប្រទេសកម្ពុជា មានការផ្លាស់ប្តូរជាដំណាក់កាលគួរឱ្យកត់សម្គាល់ផ្សេងៗគ្នា។ រយៈពេលពីឆ្នាំ ២០១៧ ដល់ឆ្នាំ ២០២០ វិស័យនេះ មានការកើនឡើងជាបន្តបន្ទាប់ និងបានឈានដល់កម្រិតខ្ពស់បំផុតក្នុងឆ្នាំ ២០២០ដែលមានចំនួនគម្រោងវិនិយោគរហូតដល់ ៤៨៤១ គម្រោង ស្មើនឹងទំហំទឹកប្រាក់វិនិយោគប្រមាណជិត ១២ ពាន់លានដុល្លារ។ ចំពោះគម្រោងវិនិយោគតាមវិស័យផ្សេងៗវិញ […]

ភ្ញៀវទេសចរអន្តរជាតិមកកម្ពុជាកើនជិតស្មើ​កម្រិត​មុនវិបត្តិសកល ប៉ុន្តែទេសចរចិននៅមានចំនួនតិចតួច បើធៀបនឹងប្រទេសជិតខាង

ចំនួនភ្ញៀវអន្តរជាតិចូលមកទេសចរណ៍ក្នុងប្រទេសកម្ពុជា ក្នុងឆ្នាំ ២០២៤ បានកើនឡើងដល់ ៤,៤ លាននាក់ក្នុងរយៈពេល ៨ ខែដំបូង ស្មើនឹងការកើនឡើង ២២,៥% បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ ២០២៣។ តួលេខដ៏ខ្ពស់នេះ បង្ហាញពីការងើបឡើងវិញនៃវិស័យទេសចរណ៍ជាបណ្តើរៗ ពោលគឺនៅសល់តែ១,៦% ទៀតតែប៉ុណ្ណោះ នឹងបានស្មើនឹងកម្រិតចំនួនទេសចរកាលពីកំឡុងពេលមុនមានវិបត្តិសាកល ដែលនៅពេលនោះ ចំនួនទេសចរអន្តរជាតិបានធ្លាក់ចុះយ៉ាងខ្លាំងពី ៦,៩ លាននាក់ក្នុងឆ្នាំ ២០១៩ មកត្រឹមតែ ២០០K នាក់ក្នុងឆ្នាំ ២០២១។ កំណើនទេសចរណ៍បានចាប់ផ្តើមឡើងវិញ នៅឆ្នាំ ២០២២ ជាមួយនឹងការមកដល់ ២,៣ លាននាក់ និងបានកើនឡើងបន្ថែមទៀតដល់ ៥,៤ លាននាក់នៅឆ្នាំ ២០២៣ ដែលឆ្លុះបញ្ចាំងពីស្ថានភាពប្រសើរឡើងវិញនៃវិស័យទេសចរណ៍ ប៉ុន្តែទោះយ៉ាងណាក៏ដោយ ទិន្នន័យជាក់ស្តែងបង្ហាញពីចំនួនតិចតួចនៃទេសចរចិន បើធៀបនឹងប្រទេសថៃ និងវៀតណាម នេះបើយោងតាម ស្ថិតិទេសចរណ៍ចុងក្រោយ ដែលត្រូវបានចុះផ្សាយដោយ CBRE Cambodia នៅថ្ងៃទី ១៧ ខែតុលា ឆ្នាំ ២០២៤។ បច្ចុប្បន្នភាពទេសចរណ៍នៅកម្ពុជា គិតត្រឹមពាក់កណ្តាលខែតុលា ឆ្នាំ ២០២៤ […]

ក្រុមហ៊ុន PwC ត្រូវ​បានពិន័យ​ជា​ប្រាក់​ចំនួន ៦២,២ លាន​ដុល្លារ និង​បម្រាម​រយៈពេល ៦ ខែ​ជុំវិញ​សវនកម្មលើក្រុមហ៊ុនអចលនទ្រព្យក្ស័យធន Evergrande

ក្រុមហ៊ុន PwC Zhong Tian ដែលជាសាខាក្រុមហ៊ុន​ PwC ផ្នែក គណនេយ្យលំដាប់ពិភពលោកក្នុងប្រទេសចិន ត្រូវបានពិន័យជាប្រាក់ចំនួន ៦២,២ លានដុល្លារអាមេរិក  និងត្រូវបានហាមឃាត់មិនឱ្យធ្វើសវនកម្មរយៈពេលប្រាំមួយខែសម្រាប់ការខកខានរបស់ខ្លួនក្នុងការកំណត់អត្តសញ្ញាណមិនត្រឹមត្រូវនៃរបាយការណ៍ហិរញ្ញវត្ថុនៅក្នុងគណនីរបស់ក្រុមហ៊ុនអចលនទ្រព្យក្ស័យធនដ៏ធំ Evergrande Group។ ការផាកពិន័យនេះ រាប់ថាជាការដាក់ទណ្ឌកម្មធ្ងន់ធ្ងរបំផុតលើក្រុមហ៊ុនសវនកម្មនៅក្នុងប្រទេសចិន គឺជាផ្នែកមួយនៃការបង្រ្កាបយ៉ាងទូលំទូលាយរបស់ទីក្រុងប៉េកាំងលើការគ្រប់គ្រងមិនត្រឹមត្រូវ និងកិច្ចខិតខំប្រឹងប្រែងដើម្បីរក្សាសុចរិតភាពទីផ្សារ នេះបើយោងតាមសេចក្តីប្រកាសរបស់ scmp នៅថ្ងៃទី ១៣ ខែកញ្ញា ឆ្នាំ ២០២៤។ កំហុសរបស់ក្រុមហ៊ុន PwC Zhong Tian ក្នុងការធ្វើសវនកម្មទៅលើក្រុមហ៊ុនក្ស័យធននេះ គឺដោយសារតែក្រុមហ៊ុនមិនបានរកឃើញទិន្នន័យ ឬព័ត៌មានមិនពិត នៅក្នុងរបាយការណ៍ហិរញ្ញវត្ថុរបស់ Evergrande ក្នុងអំឡុងពេលសវនកម្មរបស់ខ្លួន។ គណៈកម្មាការនិយតកម្មមូលបត្រចិន (CSRC) បានបង្ហាញឱ្យឃើញថា ក្រុមហ៊ុននេះ ថែមទាំងមិនបានរកឃើញថា អចលនទ្រព្យមួយចំនួនដែលបានចុះបញ្ជីរួចរាល់ជាដីទំនេរពិតប្រាកដនោះទេ។ ក្រុមហ៊ុន PwC Zhong Tian និងសាខាប្រចាំខេត្តក្វាងចូវ បាននិយាយថា “PwC Zhong Tian និងអង្គភាពក្វាងចូវរបស់ខ្លួនមិនបានផ្តល់យោបល់សវនកម្មសមរម្យដើម្បីចង្អុលបង្ហាញអំពីគណនេយ្យមិនពិតទាំងនេះទេ” ។ ចំពោះការថ្លស់ធ្លោយនេះ និយ័តករចិន CSRC […]