តើច្បាប់វិនិយោគថ្មីផ្តល់នូវការធានាអ្វីខ្លះដល់អ្នកវិនិយោគ?

កម្ពុជាបានអនុម័តបង្កើត និងអនុម័តច្បាប់ស្តីពីវិនិយោគថ្មីកាលពីខែតុលា ឆ្នាំ២០២១ ដែលច្បាប់នេះមានលក្ខណៈ​ជាសកល ជួយបង្កើនចំណូលរបស់រដ្ឋ និងភាពងាយស្រួលដល់អ្នកវិនិយោគរយៈពេលវែង។ (អានបន្ថែម)

ចំណុចពិសេសនៃច្បាប់នេះមួយទៀតនោះ គឺមានលក្ខណៈអនុគ្រោះយ៉ាងច្រើនពិសេសលើផ្នែកពន្ធដារ និងពន្ធគយ ចំពោះគម្រោង ឬក្រុមហ៊ុនដែលមានលក្ខណៈសម្បត្តិគ្រប់គ្រាន់។ (អានបន្ថែម)

ទន្ទឹមនឹងនេះផងដែរ ក្រៅពីលក្ខខណ្ឌអនុគ្រោះ ច្បាប់នេះ ក៏បានចែងនូវលក្ខខណ្ឌធានាពិសេសមួយចំនួនផងដែរចំពោះ​អ្នកវិនិយោគ និងគម្រោងវិនិយោគ ដែលបានចុះបញ្ជីនៅក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ឬនៅអនុគណៈកម្មាធិការ​វិនិយោគរាជធានី-ខេត្ត។

ការធានាវិនិយោគទាំងនោះរួមមាន៖

  • ការមិនរើសអើងក្នុងករណីដែលមានការខូចខាតការវិនិយោគ៖ អ្នកវិនិយោគនឹងទទួលបាននូវបដិទាន សំ​ណ​​​ង ឬដំណោះស្រាយជាតម្លៃសេដ្ឋកិច្ចផ្សេងទៀត ដោយមិនមានការរើសអើង ក្នុងករណីដែលការវិនិ​យោ​គ​ទទួលរងនូវការខូចខាតដោយសារករណីប្រធានសក្តិ ប្រសិនបើមានច្បាប់ និងគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជាស្តីពីការធ្វើបដិទាន ឬផ្តល់សំណងសមរម្យណាមួយនោះ។
  • ការមិនរើសអើងចំពោះសញ្ជាតិបរទេស៖ ច្បាប់នេះមិនរើសអើងលើវិនិយោគិនបរទេសរូបណាឡើយ លើកលែងតែកម្មសិទ្ធិដីធ្លី ដែលមានចែងក្នុងរដ្ឋធម្មនុញ្ញ និងបទប្បញ្ញត្តិទាំងឡាយជាធរមាន។
  • ការមិនធ្វើជាតូបនីយកម្ម៖ រដ្ឋមិនរឹបអូសទ្រព្យសម្បត្តិរបស់វិនិយោគិនមកធ្វើជារបស់រដ្ឋឡើយ។
  • ការមិនធ្វើអស្សាមិករណ៍៖ រដ្ឋមិនត្រូវធ្វើអស្សាមិករណ៍ដែលនាំឱ្យប៉ះពាល់ដល់គម្រោងវិនិយោគដែលទទួលបានការអនុម័តនោះឡើយ។ តែក្នុងករណីបម្រើប្រយោជន៍សាធារណៈ រដ្ឋអាចធ្វើអស្សាមិករណ៍បានលុះត្រាតែ មានភាពមិនរើសអើង សំណងសមរម្យនិងយុត្តិធម៌ និងអនុលោមតាមច្បាប់និងនីតិវិធីអស្សាមិករណ៍ជាធរមាន។
  • ការមិនកំណត់ថ្លៃ៖ រដ្ឋមិនត្រូវកំណត់ថ្លៃលើផលិតផល ឬសេវានានាដែលបង្កើតដោយគម្រោងវិនិយោគនោះទេ។
  • ការទិញ និងបង្វិលទៅបរទេសនៃរូបិយបណ្ណបរទេសដោយសេរី៖ វិនិយោគិនមានសិទ្ធិទិញរូបិយបណ្ណ​បរទេ​ស​​​ដោយសេរី និងធ្វើការបង្វិលទៅបរទេសនូវរូបិយបណ្ណបរទេសទាំងអស់នោះ ដើម្បីទូទាត់កាតព្វកិច្ចខាងហិរញ្ញ​វត្ថុដែលពាក់ព័ន្ធនឹងការវិនិយោគរបស់ខ្លួនតាមរយៈប្រព័ន្ធធនាគារដែលជាអន្តរការីប្រតិស្រុតិ។
  • ការការពារកម្មសិទ្ធិបញ្ញា៖ កម្មសិទ្ធិបញ្ញារបស់វិនិយោគត្រូវបានការពារដោយអនុលោមតាមច្បាប់ និងលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធនឹងកម្មសិទ្ធិបញ្ញា។
  • កម្មសិទ្ធិដីធ្លី៖ វិនិយោគិនមានសិទ្ធិប្រើប្រាស់ដីធ្លីតាមរយៈ សម្បទានដីសេដ្ឋកិច្ច ឬសិទ្ធិជួលអចិន្ត្រៃយ៍ និងការជួលដែលមានអំឡុងពេលកំណត់ ស្របតាមច្បាប់ជាធរមាន។ ដោយឡែក​ កម្មសិទ្ធិដីធ្លី (ជាម្ចាស់) លើគម្រោងវិនិយោគ អនុវត្តបានចំពោះតែបុគ្គលសញ្ជាតិខ្មែរតែប៉ុណ្ណោះ។

ក្រៅពីការធានាខាងលើនេះ វិនិយោគិន ក៏ទទួលបានសិទ្ធិផ្សេងៗទៀតដូចជា៖

  • សិទ្ធិជួលនិយោជិតបរទេស ដើម្បីគ្រប់គ្រង ឬប្រតិបត្តិការគម្រោងវិនិយោគក្នុងចំនួនមិនលើសពីចំនួនដែលកំណត់ដោយច្បាប់ និងលិខិតបទដ្ឋានគតិយុត្តជាធរមាន ក្នុងករណីដែលពុំអាចរកនិយោជិតខ្មែរ ដែលមានជំនាញដើម្បីគ្រប់គ្រង ឬប្រតិបត្តិការគម្រោងវិនិយោគនោះ។ ការអនុញ្ញាតឱ្យជួលនិយោជិតបរទេស គឺត្រូវពិនិត្យទៅតាមស្ថានភាពជាក់ស្ដែង និងពុំមានលក្ខណៈអចិន្ត្រៃយ៍ទេ។
  • សិទ្ធិទទួលបានការអនុញ្ញាតស្នាក់នៅបណ្តោះអាសន្នរយៈពេលវែង សម្រាប់ខ្លួនឯងផ្ទាល់ សហព័ទ្ធ និងកូន ដែលជាអនីតិជនក្នុងអំឡុងពេល ដែលគម្រោងវិនិយោគរបស់ខ្លួនមានប្រតិបត្តិការ។
  • សិទ្ធិស្នើសុំការអនុញ្ញាតស្នាក់នៅបណ្ដោះអាសន្នរយៈពេលវែងសម្រាប់និយោជិតបរទេស សហព័ទ្ធ និងកូនដែលជាអនីតិជនក្នុងអំឡុងពេលកិច្ចសន្យាការងារ នៅមានសុពលភាព។
  • សិទ្ធិទទួលបានបណ្ណការងារ និងសៀវភៅការងារ សម្រាប់ខ្លួនឯងផ្ទាល់ និងនិយោជិតបរទេសរបស់ខ្លួន។

មិនត្រឹមតែប៉ុណ្ណោះ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ឬអនុគណៈកម្មាធិការវិនិយោគរាជធានី ខេត្ត ត្រូវចេញលិខិតបញ្ជាក់អំពីឋានៈជាវិនិយោគិនជូនបុគ្គលពាក់ព័ន្ធក្នុងគម្រោងវិនិយោគ ទៅតាមការស្នើសុំរបស់វិនិយោគិន ដើម្បីប្រើប្រាស់សម្រាប់ការស្នើសុំការអនុញ្ញាតស្នាក់នៅបណ្ដោះអាសន្នរយៈពេលវែង បណ្ណការងារ និងសៀវភៅការងារ និងគោលបំណងចាំបាច់ដទៃទៀតស្របតាមនីតិវិធីជាធរមាន។

គួរបញ្ជាក់ឱ្យដឹងថា ថ្មីៗនេះផងដែរ រាជរដ្ឋាភិបាលកម្ពុជា ក៏បានអនុញ្ញាតឱ្យក្រុមហ៊ុនកូរ៉េទាំងអស់ មានសិទ្ធិជាម្ចាស់ភាគហ៊ុន ១០០% ដោយមិនតម្រូវឲ្យមានភាគហ៊ុនក្នុងស្រុកនោះទេ។ (អានបន្ថែម)

- Video Advertisement -

ព័ត៌មានដែលទាក់ទង

ត្រឹមរយៈពេល៣ថ្ងៃ អាជ្ញាធរបង្រ្គាបបទល្មើសរ៉ែអានាធិបតេយ្យក្នុងខេត្តមណ្ឌលគីរីបាន ៥៦ទីតាង

ត្រឹមរយៈពេល៣ថ្ងៃ ពោលគិតចាប់ពីថ្ងៃទី៣-៥ ខែវិច្ឆិកា ឆ្នាំ២០២៤ អាជ្ញាធរនៃមន្ទីររ៉ែនិងថាមពល ខេត្តមណ្ឌលគិរី សហការជាមួយរដ្ឋបាលខេត្តមណ្ឌលគិរី មន្ទីរបរិស្ថានខេត្ត មន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្ត បានរកឃើញ និងបង្គ្រាបបទល្មើសរ៉ែអានាធិបតេយ្យនៅក្នុងខេត្តមណ្ឌលគីរី បានចំនួន៥៦ទីតាំង។ ថ្លែងក្នុងសន្និសីតសារព័ត៌មានកាលថ្ងៃទី០៦ ខែវិច្ឆិកា ឆ្នាំ២០២៤ ឯកឧត្តម អ៊ឹង ឌីប៉ូឡា អគ្គនាយកនៃអគ្គនាយកដ្ឋានធនធានរ៉ែ នៃក្រសួងរ៉ែ និងថាមពល បានឱ្យដឹងថា ប្រតិបត្តិការបង្ក្រាបក្នុងក្នុងតំបន់មេសំ ឃុំចុងផ្លាស់ ស្រុកកែវសីមា ខេត្តមណ្ឌលគិរី ចាប់ផ្តើមអនុវត្តកាលពីថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០២៤ បានរកឃើញ និងបង្គ្រាបបានចំនួន ៥៦ទីតាំង នៅក្នុងនោះគឺមាន៣៣អណ្តូង និងទីតាំងកិននិងរែងរ៉ែចំនួន២០ទីតាំង ហើយ៣ទីតាំងទៀតជាទីតាំងអណ្តូងចាស់ដែលមិនប៉ះពាល់ ខណៈបេសកកម្មនេះ នឹងបន្តបីបួនថ្ងៃទៀតដើម្បីឈានដល់ការបិទបញ្ចប់ជាស្ថាបពរ។ ឯកឧត្តម បន្តថា ក្នុងចំណោមទីតាំង ទាំង ៥៦នេះ អាជ្ញាធរពាក់ព័ន្ធបានកំណត់ទីតាំងរ៉ែ អត្តសញ្ញាណ និងម្ចាស់ទីតាំងដីដែលអនាធិបតេយ្យច្បាស់លាស់រួចរាល់ហើយ នឹងបញ្ជូនទៅបន្តនិតិវិធីនៅតុលាការនាពេលឆាប់ៗនេះ។ គួរបញ្ជាក់ថា ដើម្បីបង្គ្រាបបទល្មើសរ៉ែខុសច្បាប់នៅកម្ពុជាឱ្យមានប្រសិទ្ធភាព ក្រសួងរ៉ែ និងថាមពល ប្រកាសដាក់ចេញវិធានការធំៗចំនួន៦ រួមមាន៖ […]

រដ្ឋសម្រេចបន្តលើកលែងពន្ធប្រថាប់ត្រា ផ្ទះតម្លៃក្រោម ឬស្មើ $៧ម៉ឺន រហូតដំណាច់ឆ្នាំ២០២៥

​ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានសម្រេចបន្តលើកលែងពន្ធប្រថាប់ត្រាលើការផ្ទេរកម្មសិទ្ធិ​ ឬសិទ្ធិកាន់កាប់លំនៅឋានគ្រប់ប្រភេទ​ ដែលមានលក្ខណៈជាបុរី ដែលមានតម្លៃក្រោម ឬស្មើ ៧ម៉ឺនដុល្លារអាមេរិក រហូតដល់ដំណាច់ឆ្នាំ២០២៥។ នេះបើតាមសេចក្តីជូនដំណឹងលេខ ០១៤ សហវ.ស.ជ.ណ ចុះថ្ងៃទី៩ ខែតុលា ឆ្នាំ២០២៤។ ប្រភពដដែលនេះ បានបន្តថា រដ្ឋនឹងបន្តអនុគ្រោះពន្ធប្រថាប់ត្រាលើការផ្ទេរកម្មសិទ្ធិ ឬសិទ្ធិកាន់កាប់លំនៅឋានគ្រប់ប្រភេទ ដែលមានលក្ខណៈជាបុរី និងមានតម្លៃលើស ៧០.០០០ដុល្លារ ដោយអនុញ្ញាតឱ្យដកទំហំទឹកប្រាក់ ៧០. ០០០ដុល្លារ ចេញពីមូលដ្ឋានគិតពន្ធប្រថាប់ត្រា សម្រាប់ការទិញលំនៅឋានក្នុងគម្រោងអភិវឌ្ឍន៍ លំនៅឋានជាបុរី ដែលមានអាជ្ញាបណ្ណអាជីវកម្មអចលនវត្ថុ និងបានចុះបញ្ជីត្រឹមត្រូវ រហូតដល់ដំណាច់ឆ្នាំ ២០២៥។ បន្ថែមពីលើនេះ រាល់ការផ្ទេរកម្មសិទ្ធិដែលទទួលបានការលើកលែងនិងអនុគ្រោះពន្ធខាងលើនេះ ត្រូវបំពេញនូវលក្ខខណ្ឌដូចខាងក្រោម៖ ការទទួលកម្មសិទ្ធិ ឬសិទ្ធិកាន់កាប់អចលនទ្រព្យដែលមានតម្លៃក្រោម ឬស្មើ ឬលើស ៧០.០០០ (ប្រាំពីរម៉ឺន) ដុល្លារ តាមតម្លៃទីផ្សារជាក់ស្តែងដែលមានចែងនៅក្នុងកិច្ចសន្យាទិញ-លក់ ចាប់ពីថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២០ ដល់ដំណាច់ឆ្នាំ២០២៥ និងមកធ្វើការប្រកាសបង់ពន្ធប្រថាប់ត្រានៅក្នុងអំឡុងពេលនេះ ការទទួលកម្មសិទ្ធិ ឬសិទ្ធិកាន់កាប់អចលនទ្រព្យ (លំនៅឋានគ្រប់ប្រភេទ) ពីក្រុមហ៊ុនអភិវឌ្ឍន៍លំនៅឋាន ដែលបានចុះបញ្ជីនៅក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ (បច្ចុប្បន្ននិយ័តករអាជីវកម្មអចលនវត្ថុនិងបញ្ចាំ) ឬនៅ […]

ក្រសួង​សម្រេចផ្អាក​ដំណើរការ​ក្រុមហ៊ុន​វារីអគ្គិសនីដ៏ធំ១ នៅពោធិ៍សាត់ និងកោះកុង ជា​បណ្តោះ​អាសន្ន

​ក្រសួង​បរិស្ថាន​បាន​សម្រេច​ផ្អាក​ដំណើរ​ការ​សកម្ម​ភាព​ជា​បណ្តោះ​អាសន្ន​របស់​ក្រុម​ហ៊ុន​វារី​អគ្គិសនីស្ទឹងមេទឹក ​ហាយដ្រូ​ផៅវ័រ​ (Stung Meteuk Hydropower) របស់លោកអ្នកឧកញ៉ា​ លី យ៉ុងផាត់​ ដែលមានទីតាំងស្ថិតក្នុងដែនជម្រកសត្វព្រៃសំកុស ភូមិសាស្ត្រខេត្តពោធិ៍សាត់ និងខេត្តកោះកុង។ នេះ​បើ​តាម​លិខិត​របស់​រដ្ឋមន្រ្តី​ក្រសួង​បរិស្ថាន ​ចុះ​ថ្ងៃ​ទី ​២​ ខែ​កញ្ញា ​ដាក់​ទៅ​លោកអ្នកឧកញ៉ា​ លី យ៉ុងផាត់​ ដែលជា​ប្រធាន​ក្រុម​ប្រឹក្សា​ភិបាល​នៃ​ក្រុមហ៊ុន​ស្ទឹងមេទឹក​ហាយដ្រូ​ផៅវ័រខាងលើ។​ តាមលិខិតខាងលើបានឱ្យដឹងថា ការផ្អាកនេះ ក៏ព្រោះតែក្រុម​ហ៊ុន​វារី​អគ្គិសនីស្ទឹងមេទឹក ​ហាយដ្រូ​ផៅវ័រ ​របស់លោកអ្នកឧកញ៉ា​ លី យ៉ុងផាត់ ​ពុំបានអនុវត្តត្រឹមត្រូវតាមលិខិតបទដ្ឋានគតិយុត្ត ខ្លឹមសារណែនាំនៃសៀវភៅបន្ទុក ប្រមូលផល-អនុផលព្រៃឈើ និងការណែនាំរបស់រដ្ឋបាលខេត្តពោធិ៍សាត់ ព្រមទាំងសមត្ថកិច្ចមន្ទីរបរិស្ថានខេត្តពោធិ៍សាត់។ ជាងនេះទៅទៀត ក្រុមហ៊ុនបាន​ធ្វើ​សកម្ម​ភាព​ល្មើស​នឹង​បទ​ប្បញ្ញត្តិ​នៃ​ក្រម​បរិស្ថាន​ និង​ ធនធានធម្មជាតិម្តងហើយម្តងទៀត​ខុស​ពី​កិច្ច​សន្យាររហូតដល់ទៅបីលើក ក្នុងនោះរួមមាន៖ ទី១. ការដឹកជញ្ជូនឈើដោយគ្មានលិខិតអនុញ្ញាត ល្មើសនឹងការចែងក្នុងមាត្រា៨៥០ ចំណុច (ង), ទី២. ការកាប់ ប្រមូលឈើក្រៅតំបន់បាតអាងវារីអគ្គិសនី ល្មើសនឹងការចែងក្នុងមាត្រា៨៥១ ចំណុច (ខ) និង ទី៣. ការដឹកជញ្ចូន កែច្នៃឈើ ដែលមិនទាន់បង់ថ្លៃសួយសារ ល្មើសនឹងការចែងក្នុងមាត្រា៩៨ នៃច្បាប់ស្តីពីព្រៃឈើ។ ​ […]

កូរ៉េគ្រោងវិនិយោគវិស័យបរធនបាលកិច្ចនៅកម្ពុជា ដើម្បីពង្រីកទីផ្សារមួយនេះឱ្យរិតតែទូលំទូលាយ

​ក្រុមហ៊ុន Mugungwha Trust Co., Ltd. របស់កូរ៉េ មានគម្រោងទៅវិនិយោគលើវិស័យបរធនបាលកិច្ចនៅប្រទេសកម្ពុជានៅពេលខាងមុខ ដើម្បីជួយអភិវឌ្ឍសេដ្ឋកិច្ច និងពង្រីកទីផ្សារបរធនបាលកិច្ចនៅកម្ពុជាឱ្យរិតតែទូលំទូលាយ ខណៈបច្ចុប្បន្នមានក្រុមហ៊ុនប្រភេទនេះត្រឹមតែ ៨ក្រុមហ៊ុនប៉ុណ្ណោះ។ នេះបើតាមជំនួបរវាងសម្តេចតេជោ ហ៊ុន សែន និង លោក Oh Chang-seok ប្រធានក្រុមហ៊ុននៅរសៀលថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៤ នៅទីក្រុងសេអ៊ូល សាធារណរដ្ឋកូរ៉េ។ ក្នុងជំនួបនេះ លោក Oh Chang-seok បានជម្រាបឱ្យដឹងថា ក្រុមហ៊ុន Mugungwha Trust Co., Ltd.  ជាក្រុមហ៊ុនបរធនបាលកិច្ចរៀបចំថែទាំអគារទីក្រុង និងការអភិវឌ្ឍគម្រោងសាងសង់នានា ដែលកាលពី១០ឆ្នាំមុន ក្រុមហ៊ុនរបស់លោកធ្លាប់បានមកធ្វើការសិក្សានៅប្រទេសកម្ពុជា អំពីបរធនបាលកិច្ច ក្នុងគោលបំណងចង់រួមចំណែកក្នុងការវិនិយោគនៅប្រទេសកម្ពុជា ខណៈពេលនោះមិនទាន់មានក្រុមហ៊ុនណាមកវិនិយោគនៅឡើយ។ ជាងនេះទៅទៀត លោកក៏បាន​បន្ថែមថា ក្រុមហ៊ុនរបស់លោក អាចជាសសរដ៏រឹងមាំមួយសម្រាប់ការអភិវឌ្ឍប្រទេសកម្ពុជា និងតំបន់។ នៅក្នុងទិសដៅនេះ ក្រុមហ៊ុនរបស់លោក ត្រៀមខ្លួនរួចជាស្រេចក្នុងការសិក្សាអំពីប្រព័ន្ធច្បាប់ធនាគារ ហិរញ្ញវត្ថុរបស់កម្ពុជា ដើម្បីសហការជាមួយក្រុមហ៊ុនឯកជននៅប្រទេសកម្ពុជាក្នុងការពង្រីកទីផ្សារបរធនបាលកិច្ចនេះឱ្យរិតតែមានភាពទូលំទូលាយថែមទៀត។ លោកបន្ត​ បច្ចុប្បន្ននៅកម្ពុជា ក្រុមហ៊ុនប្រភេទនេះត្រឹមតែ ៨ក្រុមហ៊ុនប៉ុណ្ណោះ កំពុងធ្វើការនៅក្នុងប្រព័ន្ធបរធនបាលកិច្ចនេះ  […]

អគ្គនាយកដ្ឋានពន្ធដារប្រកាសឱ្យទៅបង់ពន្ធអចលនទ្រព្យឱ្យបានត្រឹមថ្ងៃទី៣០ កញ្ញា ២០២៤

អគ្គនាយកដ្ឋានពន្ធដារ បានរំលឹកដោយប្រកាសឱ្យម្ចាស់អចលនទ្រព្យទាំងអស់ ដែលមានអចលនទ្រព្យស្ថិតនៅរាជធានី និង នៅតាមបណ្តាខេត្តទាំងអស់ អញ្ជើញទៅបង់ពន្ធលើអចលនទ្រព្យ និងពន្ធលើដីធ្លីមិនបានប្រើប្រាស់ ឱ្យបានត្រឹមថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៤នេះ។ នេះបើតាមសេចក្តីជូនដំណឹងលេខ ២៧១៩៩ អពដ ចុះថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៤។ ការប្រកាសរំលឹកនេះ ក្រោយអគ្គនាយកដ្ឋាន បានសង្កេតឃើញថា មានម្ចាស់អចលនទ្រព្យមួយចំនួននៅមិនទាន់បានបំពេញកាតព្វកិច្ចប្រកាសបង់ប្រាក់ពន្ធប្រភេទទាំងនេះនៅឡើយ។ ដូចនេះ ដើម្បីជំរុញការប្រមូលពន្ធលើអចលនទ្រព្យ និងពន្ធលើដីធ្លីមិនបានប្រើប្រាស់សម្រាប់ឆ្នាំ២០២៣ នេះ ដោយចៀសវាងនូវការកកស្ទះ ការប្រជ្រៀតគ្នាមកប្រកាសបង់ប្រាក់ពន្ធនៅថ្ងៃជិតផុតកំណត់​ ម្ចាស់អចលនទ្រព្យទាំងអស់ ត្រូវមកបំពេញកាតព្វកិច្ចឱ្យបានត្រឹមថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៤។ ម្ចាស់អចលនទ្រព្យទាំងអស់ ត្រូវបង់ពន្ធនៅអគ្គនាយកដ្ឋានពន្ធដារ ឬសាខាពន្ធដារខេត្ត-ខណ្ឌដែលអចលនទ្រព្យស្ថិតនៅ ឬនៅគ្រប់សាខាធនាគារដែលជាដៃគូររបស់អគ្គនាយកដ្ឋានពន្ធដារ ឬតាមរយៈកម្មវិធី “GDT Taxpayer App” ដែលអាចទាញយកមកប្រើប្រាស់ពី App Store ឬ Play Store។ ចំពោះការខកខានមិនបានដាក់លិខិតប្រកាសបង់ពន្ធទាន់ពេលវេលាកំណត់ទេ ម្ចាស់អចលនទ្រព្យ នឹងត្រូវរងទណ្ឌ​កម្ម​រដ្ឋបាល តាមច្បាប់ស្តីពីសារពើពន្ធជាធរមាន។ - Video Advertisement -

ព្រឹទ្ធសភាអនុម័តច្បាប់ដឹកជញ្ជូនផ្លូវអាកាស ដើម្បីជំរុញនិងពង្រឹងការអភិវឌ្ឍវិស័យអាកាសចរណ៍នៅកម្ពុជា

ព្រឹទ្ធសភាកម្ពុជា បានឯកភាពអនុម័តទាំងស្រុងលើសេចក្តីព្រាងច្បាប់ពាក់ព័ន្ធនឹងការដឹកជញ្ជូនអន្តរជាតិតាមផ្លូវអាកាសជាផ្លូវការ ខណៈច្បាប់នេះ ត្រូវបានរំពឹងថា នឹងជួយជំរុញដល់ការអភិវឌ្ឍវិស័យអាកាសចរណ៍កម្ពុជាកាន់តែប្រសើរ។ ការអនុម័តរបស់ព្រឹទ្ធសភា បានធ្វើឡើងក្នុងសម័យប្រជុំវិសាមញ្ញព្រឹទ្ធសភា នីតិកាលទី៥ នាព្រឹកថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៤នេះ ក្រោមអធិបតីភាព សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា។ សេចក្តីប្រកាសព័ត៌មានស្តីពីលទ្ធផលនៃសម័យប្រជុំខាងលើ បានឱ្យដឹងថា អង្គប្រជុំព្រឹទ្ធសភា បានពិនិត្យ ហើយឱ្យយោបល់ឯកភាព និងអនុម័តទាំងស្រុងលើសេចក្តីព្រាងច្បាប់ ទាំងមូលដោយឥតកែប្រែចំនួន ៥៦សំឡេង នៃចំនួនសមាជិកព្រឹទ្ធសភាទាំងមូល។ ព្រឹទ្ធសភា បានឱ្យដឹងថា កម្ពុជារំពឹងថា បន្ទាប់ពីការចូលជាធរមាន ច្បាប់នេះ នឹងផ្តល់ឱ្យកម្ពុជានូវក្របខ័ណ្ឌ ច្បាប់ដ៏រឹងមាំដែលគាំទ្រដល់ការអភិវឌ្ឍវិស័យអាកាសចរណ៍របស់ខ្លួន ហើយក៏នឹងជំរុញកំណើន សេដ្ឋកិច្ចតាមរយៈទេសចរណ៍ ពាណិជ្ជកម្ម និងធានាការការពារសិទ្ធិអ្នកដំណើរតាមផ្លូវអាកាស ដែលរួមចំណែកដល់វឌ្ឍនភាព និងយុត្តិធម៌សង្គម ព្រមទាំងការធ្វើសមាហរណកម្មកម្ពុជាទៅក្នុងតំបន់និងពិភពលោកផងដែរ។ គួរបញ្ជាក់ដែរថា ការអនុម័តសេចក្តីព្រាងច្បាប់នេះ ក៏ជាការវិនិយោគដើម្បីអនាគតសំដៅឈានទៅសម្រេចបាននូវយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ ដែលក្នុងនោះរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ ស៊ីវិលស្ថិតនៅក្នុងយុទ្ធសាស្ត្របញ្ចកោណទី២ (ការធ្វើពិពិធកម្មសេដ្ឋកិច្ច និងការបង្កើនភាពប្រកួតប្រជែង) និងមុំទី២ (ការលើកកម្ពស់ការតភ្ជាប់និងការបង្កើនប្រសិទ្ធភាពលើវិស័យដឹកជញ្ជូន ឡូជីស្លឹក វិស័យ ថាមពល វិស័យទឹកស្អាត និងវិស័យឌីជីថល)។ នេះបើយោងតាមការឆ្លើយបំភ្លឺ របស់ឯកឧត្តម […]