ក្រុមហ៊ុនចិន គ្រោងអភិវឌ្ឍកសិឧស្សាហកម្មនៅកម្ពុជា ដោយវិនិយោគ ១២,៧ពាន់លានដុល្លារ លើដី៧៥ម៉ឺនហិកតា ក្នុងខេត្ត០៦

ក្រុមហ៊ុន Danong Development Group របស់ប្រទេសចិន បានបង្ហាញគំនិតផ្តួចផ្តើមវិនិយោគទ្រង់ទ្រាយធំមួយ ដោយគ្រោងនឹងវិនិយោគថវិកាដ៏ធំចំនួនជាង ១២,៧ ពាន់លានដុល្លារអាមេរិក ដើម្បីធ្វើកសិកម្មឆ្លាតវៃលើខេត្តយុទ្ធសាស្រ្តចំនួនប្រាំមួយ។ សេចក្តីប្រកាសនេះ ត្រូវបានបង្ហាញក្នុងសន្និសីទសារព័ត៌មានផ្តាច់មុខដោយទូរទស្សន៍អនឡាញ BDN កាលពីថ្ងៃទី ១៤ ខែសីហា។

ជាមួយនឹងទីតាំងយុទ្ធសាស្ត្រដែលលាតសន្ធឹងលើខេត្តព្រះសីហនុ កំពត បាត់ដំបង ពោធិ៍សាត់ សៀមរាប និងកំពង់ធំ ភាពធំទូលាយនៃគម្រោងនេះត្រូវការផ្ទៃដីកសិកម្មប្រមាណ ៧៥0 000 ហិកតា។ ក្រុមហ៊ុន Danong Development Group ត្រៀមខ្លួនជាស្រេចក្នុងការជំរុញឱ្យមានបដិវត្តន៍ក្នុងវិស័យកសិកម្ម ពង្រឹងជំហររបស់ប្រទេសកម្ពុជានៅលើឆាកកសិពាណិជ្ជកម្មពិភពលោក។

ឯកឧត្តម ដួង តារា រដ្ឋលេខាធិការទីស្តីការគណៈរដ្ឋមន្ត្រី បានកោតសរសើរចំពោះកិច្ចសហការជាយុទ្ធសាស្ត្រនេះ ដោយលោកមានប្រសាសន៍ថា “ក្រុមហ៊ុន Danong Development Group ជាក្រុមហ៊ុនមានបទពិសោធន៍និងជំនាញច្បាស់លាស់ ក្នុងវិស័យកសិឧស្សាហកម្មបែបទំនើប និងឆ្លាតវៃ ដែលមានមូលដ្ឋាននៅខេត្តសាន់តុងរបស់ចិន។ ខ្ញុំគិតថាបើបានក្រុមហ៊ុននេះមកចូលរួមជាមួយយើង នោះវិស័យកសិកម្មនៅស្រុកយើងនឹងរីកចម្រើនបានលឿនយ៉ាងពិតប្រាកដ។ ហើយពេលនោះ ​ប្រទេស​កម្ពុជានឹងក្លាយ​ជាគំរូ​នៃ​ការ​អភិវឌ្ឍ​កសិឧស្សាហកម្ម។”

ឯកឧត្តម ដួង តារា បន្តថា “ចេញពីការវិនិយោគនេះ កម្ពុជានឹងដើរតួជាឃ្លាំងស្បៀងអាហារ ដើម្បីផ្គត់ផ្គង់ស្បៀងអាហារដល់ប្រទេសចិន ខណៈដែលសេដ្ឋកិច្ចរបស់ប្រទេសមហាអំណាចមួយនេះកំពុងមានកំណើនយ៉ាងខ្លាំង ហើយប្រជាជនចិននឹងត្រូវការការផ្គត់ផ្គង់ស្បៀងអាហារបន្ថែមកាន់តែច្រើន។”

លោក ZHAO SHUJE ប្រធានក្រុមហ៊ុន Danong Development Group បានលើកឡើងពីយុទ្ធសាស្រ្តវិនិយោគដ៏ទូលំទូលាយ ដោយសង្កត់ធ្ងន់ថា “ក្រុមហ៊ុនយើងនឹងធ្វើការវិនិយោគលើវិស័យបសុសត្វ និងផលិតផលកសិកម្ម០៤ប្រភេទ រួមមាន (១). ការដាំស្មៅសម្រាប់ការចិញ្ចឹមសត្វ (២). ការបង្កាត់ពូជនិងដាំពោត (៣). ការដាំដុះដំឡូងមី និង(៤).ការចិញ្ចឹមជ្រូក និងគោ។ សមាសធាតុសំខាន់ៗទាំងនេះនឹងបង្កើតជាខ្សែសង្វាក់ផ្គត់ផ្គង់ដ៏រឹងមាំ ដោយរួមបញ្ចូលនូវគ្រឿងបរិក្ខារកែច្នៃកម្រិតខ្ពស់ និងការអនុវត្តកសិកម្មបសុសត្វប្រកបដោយភាពច្នៃប្រតិដ្ឋ។”

មូលដ្ឋានគ្រឹះនៃគំនិតផ្តួចផ្តើមផ្លាស់ប្តូរនេះគឺទិសដៅនៃការនាំចេញក្រោយពេលដំាំដុះនិងផលិតហើយ។ លោក ZHAO SHUJE បានគូសបញ្ជាក់អំពីសារៈសំខាន់នៃប្រទេសកម្ពុជាដែលក្លាយជាឃ្លាំងស្បៀងអាហារដ៏សំខាន់មួយ ដែលឆ្លើយតបទៅនឹងតម្រូវការកើនឡើងរបស់ប្រទេសចិន ដោយសារតែការពង្រីកសេដ្ឋកិច្ចយ៉ាងឆាប់រហ័សរបស់ខ្លួន។

“ក្រុមហ៊ុន Danong Development Group នឹងសាងសង់មជ្ឈមណ្ឌលពាណិជ្ជកម្មកណ្តាលរបស់ខ្លួននៅក្នងតំបន់សេដ្ឋកិច្ចពិសេសពហុបំណងក្នុងខេត្តព្រះសីហនុ ក្នុងនោះមាន ប្រព័ន្ធអេកូឡូស៊ីថាមវន្តដែលរួមមានមជ្ឈមណ្ឌលស្តុកអាហារ មជ្ឈមណ្ឌលផ្គត់ផ្គង់ មជ្ឈមណ្ឌលសេវាកម្មចម្រុះ និងបណ្តាញដឹកជញ្ជូនទំនើប នៅលើផ្ទៃដីទំហំរហូតដល់ ១៥ គីឡូម៉ែត្រការ៉េ។”

ជាចុងក្រោយលោក ZHAO SHUJE បញ្ជាក់ថា “ដោយសាររដ្ឋាភិបាលកម្ពុជាពុំមានដីសល់សម្រាប់សម្បទាន យុទ្ធសាស្រ្តវិនិយោគរបស់ក្រុមហ៊ុននឹងអនុវត្តជា០៣រូបភាព៖ (១).ជួលដីវិនិយោគ (២).សហការវិនិយោគ និង(៣). ទិញដីវិនិយោគក្នុងតម្លៃទីផ្សារសមស្រប។”

គួររំលឹកថា គម្រោង​វិនិយោគ​ប្រកបដោយ​ចក្ខុវិស័យ​នេះ ​បាន​លេចចេញ​ជារូបរាង​បន្ទាប់ពី​ដំណើរ​ទស្សនកិច្ច​របស់​សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ទៅកាន់​ប្រទេស​ចិន​កាលពី​ខែកុម្ភៈ ឆ្នាំ​២០២៣ ដែលកាលណោះ សម្តេចបានអំពាវនាវឱ្យវិនិយោគិនធំៗចិនបន្តមកវិនិយោគនៅកម្ពុជា។

លើសពីទំហំហិរញ្ញវត្ថុរបស់ខ្លួន គំនិតផ្តួចផ្តើមនេះ អាចរាប់ថាជាពន្លឺថ្មីនៃការជំរុញកំណើននៅទូទាំងវិស័យកសិកម្ម ដែលនឹងអាចនាំផលប្រយោជន៍ច្រើនក្រែលដល់សេដ្ឋកិច្ចរបស់ប្រទេស។ តម្លៃដ៏គួរឱ្យភ្ញាក់ផ្អើលនៃការវិនិយោគជាង ១២,៧ ពាន់លានដុល្លារនេះ គឺ ស្ទើរតែពាក់កណ្តាលនៃចំណូលក្នុងស្រុកសរុប (GDP) របស់ប្រទេសកម្ពុជាទាំងមូល កាលពីឆ្នាំ ២០២១៕

- Video Advertisement -

ព័ត៌មានដែលទាក់ទង

ក្រុមហ៊ុនចិនចាប់អារម្មណ៍ខ្លាំងលើការដាំដុះកែច្នៃទុរេននៅកម្ពុជា សម្រាប់នាំចេញទៅទីផ្សារអន្តរជាតិ

ក្នុង​ការ​ឈាន​ទៅ​រក​សក្តានុពល​កសិកម្ម​របស់​កម្ពុជា ក្រុមហ៊ុន Zhengzhou Chen’s Sun មក​ពី​ប្រទេស​ចិន​បាន​បង្ហាញ​ការ​ចាប់​អារម្មណ៍​យ៉ាង​ខ្លាំង​ក្នុង​ការ​វិនិយោគ​លើ​ការ​ដាំដុះ​ទុរេន​ និងបង្កើតរោងចក្រកែច្នៃសម្រាប់​ការ​នាំ​ចេញទៅទីផ្សារអន្តរជាតិ។ គំនិតផ្តួចផ្តើមដ៏មានសុទិដ្ឋិនិយមនេះត្រូវបានគូសបញ្ជាក់ក្នុងជំនួបរវាងសម្តេចនាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត និងលោកស្រី Xuemei Chen ជាប្រធានក្រុមហ៊ុន Zhengzhou Chen’s Sun នៅថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅទីក្រុង Kunming ខេត្ត Yunnan សាធារណៈរដ្ឋប្រជាមានិតចិន។ នាឱកាសនោះ លោកស្រី Chen បានលើកឡើងថា កម្ពុជាមានសក្ដានុពលធំធេងណាស់ក្នុងវិស័យកសិកម្ម ជាពិសេសឧស្សាហកម្មផ្លែឈើ តួយ៉ាងមានដូចជា ទុរេន ដែល​ត្រូវ​បាន​គេ​ស្គាល់​ថា​ជា “ស្តេច​នៃ​ផ្លែឈើ” ​ដែលអាចធ្វើការដំាដុះ និងកែច្នៃសម្រាប់ទីផ្សារ​ក្នុង​ស្រុក និង​ទីផ្សារ​អន្តរជាតិ។ យ៉ាងណាមិញលោកស្រីក៏បានបង្ហាញពីចក្ខុវិស័យចង់វិនិយោគដាំដុះទុរេន និងបង្កើតរោងចក្រកែច្នៃនៅក្នុងប្រទេសកម្ពុជា ដើម្បីបង្កើនសមត្ថភាពនាំចេញទៅកាន់ប្រទេសចិន និងប្រទេសដទៃទៀតផងដែរ។ លោកស្រី Chen ជឿជាក់យ៉ាងមុតមាំថា ផែនការវិនិយោគរបស់លោកស្រីនឹងជួយបង្កើតឱកាសការងារ បង្កើនប្រាក់ចំណូល និងលើកកម្ពស់ជីវភាពរស់នៅប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋកម្ពុជាជាច្រើនថែមទៀត។ នៅពេលដែលប្រទេសកម្ពុជាកំពុងស្វែងរកការជំរុញការនាំចេញកសិផលរបស់ខ្លួនដូច្នេះ ការចូលរួមរបស់អ្នកវិនិយោគបរទេសដូចជា Zhengzhou Chen’s Sun ត្រូវបានគេមើលឃើញថាជាការអភិវឌ្ឍន៍ដ៏វិជ្ជមាន។ ជាការឆ្លើយតប […]

ក្រុមហ៊ុនចិនGuoxing ប្រកាសវិនិយោគបង្កើតសួនឧស្សាហកម្ម និងវិស័យកសិកម្មនៅកម្ពុជា

ក្រុមហ៊ុន Guoxing Group មកពីប្រទេសចិន បានបង្ហាញពីការប្ដេជ្ញាចិត្ត ក្នុងការបោះទុនវិនិយោគបង្កើតសួនឧស្សាហកម្ម និងពិនិត្យលទ្ធភាពក្នុងការវិនិយោគលើវិស័យកសិកម្មដោយផ្តោតលើការផលិតជីធម្មជាតិនៅកម្ពុជាថែមទៀត។ នេះបើតាមជំនួបរវាងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី និង លោក Li Guolian ប្រធានក្រុមហ៊ុន នារសៀល ថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅទីក្រុងគុនមិញ ខេត្តយូណាន សាធារណរដ្ឋប្រជាមានិតចិន។ នាឱកាសនោះ លោកប្រធានក្រុមហ៊ុនបានឱ្យដឹងថា មានបណ្តាក្រុមហ៊ុនជាច្រើនរបស់ចិន បានមកទស្សនកិច្ចពាណិជ្ជកម្មនៅកម្ពុជា​ចំនួន ០៤លើកមកហើយ ក្រោមការសម្របសម្រួលរបស់ Guoxing Group ដើម្បីស្វែងយល់ពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា ព្រមទាំងបានប្ដេជ្ញាថានឹងបោះទុនវិនិយោគនៅក្នុងសួនឧស្សាហកម្ម និងការបង្កើតរោងចក្រនៅកម្ពុជាឱ្យបានច្រើនបន្ថែមទៀត។ លើសពីនេះ លោកប្រធានក៏បានជម្រាបបន្ថែមនូវសកម្មភាពវិនិយោគរបស់ក្រុមហ៊ុន Guoxing នាពេលកន្លងមក នៅកម្ពុជា និងបានបង្ហាញពីផែនការពង្រីកការវិនិយោគរបស់ក្រុមហ៊ុន​ក្នុង​រយៈ ៥ឆ្នាំខាងមុខ ដែលនឹងបង្កើតសួនឧស្សាហកម្មមួយផងដែរ។ ក្រៅពីការវិនិយោគលើសួនឧស្សាហកម្ម ក្រុមហ៊ុន Guoxing Group ក៏នឹងពិនិត្យលទ្ធភាពនៅក្នុងការវិនិយោគវិស័យកសិកម្មដោយផ្តោតលើការផលិតជីធម្មជាតិ ដើម្បីពង្រឹងគុណភាពដី និងជំរុញផលិតភាពផលិតផលកសិកម្មនៅកម្ពុជា។ ជាការឆ្លើយតប សម្ដេចបវរធិបតី បានស្វាគមន៍ចំពោះផែនការពង្រីកការវិនិយោគបន្ថែមទៀតរបស់ក្រុមហ៊ុន និងលើកឡើងថា នេះជាចំណុចដ៏ល្អមួយ […]

រដ្ឋគ្រោងរៀបចំប្រព័ន្ធស្តុកទឹកនៅជ្រលងភ្នំចំនួន ៣ ដើម្បីបម្រើវិស័យកសិកម្ម និងទេសចរណ៍

ក្រសួងធនធានទឹក និងឧតុនិយម គ្រោងរៀបចំប្រព័ន្ធស្តុកទឹកទុកឱ្យបានច្រើនជាអតិបរមានូវបរិមាណទឹកភ្លៀងជាប្រព័ន្ធដំណាក់បន្ត (Cascade Systems) នៅក្នុងតំបន់ជ្រលងភ្នំក្រវាញ ភ្នំឱរ៉ាល់ និងតំបន់ជ្រោះពេជ្រនិល ដើម្បីបម្រើវិស័យកសិកម្ម និងទេសចរណ៍។ នេះបើតាមការលើកឡើងរបស់ឯកឧត្តម ចាន់ ស៊ីណាត រដ្ឋលេខាធិការក្រសួងធនធានទឹក និងឧតុនិយម នៅថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៤។ ​ឯកឧត្តមរដ្ឋលេខាធិការ បានលើកឡើងអំពីគម្រោងនេះ នៅក្នុងដំណើរចុះពិនិត្យស្ថានភាពជាក់ស្តែងនៅតំបន់ភ្នំក្រវាញ ភ្នំឱរ៉ាល់ និងតំបន់ជ្រោះពេជ្រនិល ដើម្បីវាយតម្លៃធ្វើការរៀបចំយុទ្ធសាស្រ្តដ៏មានប្រសិទ្ធភាពក្នុងការគ្រប់គ្រង បញ្ជា និងប្រើប្រាស់ទឹកប្រកបដោយស័ក្តិសិទ្ធិភាព ក្នុងរដូវវស្សា។ ឯកឧត្តមរដ្ឋលេខាធិការ បាន​ឱ្យដឹងទៀតថា គម្រោងនេះ នឹងរៀបចំជាយុទ្ធសាស្ត្រក្នុងការស្តុកទឹកជាប្រព័ន្ធដំណាក់បន្តឱ្យបានច្រើន កាត់បន្ថយធារទឹកស្ទឹងព្រែកត្នោតផងដែរ។ ជាមួយគ្នានេះដែរ ឯកឧត្តមរដ្ឋលេខាធិការបានបញ្ជាក់បន្ថែមថា ទឹកដែលបានស្ដុកទុកនឹងបញ្ចេញមកវិញនៅរដូវប្រាំង ដើម្បីជួយដោះស្រាយនូវបញ្ហាគ្រោះរាំងស្ងួត ព្រមទាំងជាប្រភពទឹកដ៏ល្អសម្រាប់បម្រើវិស័យគមនាគមន៍ផ្លូវទឹក អេកូទេសចរណ៍ កសិកម្ម និងសម្រាប់បម្រើឱ្យការចញ្ចឹមសត្វគ្រប់ប្រភេទ ហើយផ្គត់ផ្គង់ទឹកស្អាតសម្រាប់ការប្រើប្រាស់ក្នុងជីវភាពរស់នៅប្រចាំថ្ងៃ និងឧស្សាហកម្ម។ - Video Advertisement -

អូស្ត្រាលី-កម្ពុជា សហការគ្នាបើកដំណើរការមន្ទីរពិសោធន៍វិភាគគុណភាពចំណីអាហារនៅកម្ពុជា

អូស្ត្រាលី និង វិទ្យាស្ថានប៉ាស្ទ័រកម្ពុជា បានសហការគ្នាបើកដំណើរការជាផ្លូវការនូវសេវាកម្មធ្វើតេស្តវិភាគគុណភាពចំណីអាហារនៅកម្ពុជា។​ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់ស្ថានទូតអូស្រ្តាលីនាថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៤។ កិច្ចសហប្រតិបតិ្តការនេះ ត្រូវបានបង្កើតឡើងដើម្បីផ្តល់សេវាកម្មធ្វើតេស្តវិភាគដោយមានការទទួលស្គាល់ (ដែលអនុលោមតាមស្តង់ដារ ISO 17025) សម្រាប់វិភាគរកកាកសំណល់ថ្នាំកសិកម្ម កាកសំណល់ថ្នាំផ្សះ និងលោហៈធ្ងន់។ ជាងនេះទៅទៀត កិច្ចសហការនេះ ត្រូវបានផ្តល់ឱ្យតាមរយៈជំនួយក្នុងកម្មវិធីភាពជាដៃគូ កម្ពុជា-អូស្ត្រាលី សម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចប្រកបដោយភាពធន់ (CAPRED) ដើម្បីធ្វើឱ្យប្រសើរឡើងនូវគុណភាពផលិតផលចំណីអាហារ និងភាពប្រកួតប្រជែងនៅទីផ្សារក្នុងស្រុក និងអន្តរជាតិ ជួយបង្កើតការងារ លើកកម្ពស់សុវត្ថិភាពចំណីអាហារ និងការពារអ្នកប្រើប្រាស់ ព្រមទាំងបង្កើនលទ្ធភាពទទួលបានទីផ្សារសម្រាប់ផលិតផលកសិកម្មកម្ពុជា។ ការផ្តល់ជំនួយខាងលើនេះ គឺជាការឆ្លើយតបចំពោះការប្រឈមមុខរបស់កម្ពុជា ដែលអាជីវកម្មប្រមាណ ៧០ភា​គ​រយ បាននិងកំពុងជួបប្រទះនៅរាល់ពេលដែលពួកគេធ្វើការស្នើសុំវិញ្ញាបនបត្របញ្ជាក់ពីគុណភាពផលិតផលកសិ​កម្ម។ ហេតុដូច្នេះហើយ ទើបមានតម្រូវការសេវាកម្មមន្ទីរពិសោធន៍ធ្វើតេស្តវិភាគដែលមានការទទួល​ស្គាល់ជាអន្តរជាតិ នៅក្នុងប្រទេសកម្ពុជា។ បើតាមសាស្ត្រាចារ្យ André Spiegel នាយកនៃវិទ្យាស្ថាន ប៉ាស្ទ័រកម្ពុជា បានមានប្រសាសន៍ថា៖ «សេវាកម្មមន្ទីរពិសោធន៍ថ្មីនេះ នឹងផ្តល់លទ្ធភាពឱ្យវិទ្យាស្ថាន ប៉ាស្ទ័រកម្ពុជា ផ្តល់សេវាធ្វើតេស្តពិសោធន៍សម្រាប់វិស័យកសិ-ចំណីអាហាររបស់កម្ពុជា។ សេវាកម្មមន្ទីរពិសោធន៍នេះ មិនត្រឹមតែលើកកម្ពស់សុវត្ថិភាពចំណីអាហារប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងរួមចំណែកដល់ការអភិវឌ្ឍប្រទេសប្រកបដោយនិរន្តរភាព តាមរយៈការកើនឡើងនូវឱកាសការធ្វើពាណិជ្ជកម្មផងដែរ” ៕ - Video Advertisement -

បច្ចុប្បន្ន កម្ពុជាមានខេត្ត១០ ដែលបញ្ចប់ការបន្ទោបង់ពាសវាលពាសកាល ខណៈសៀមរាបក្លាយជាខេត្តទី១០

គិតមកទល់ពេលបច្ចុប្បន្ន កម្ពុជាមានខេត្តចំនួន ១០ ត្រូវបានប្រកាសបញ្ចប់ការបន្ទោបង់ពាសវាលពាសកាល ក្នុងនោះមានសៀមរាបជាខេត្តទី១០ និងខេត្តចំនួន ៩ផ្សេងទៀតរួមមាន៖ ខេត្តស្វាយរៀង ខេត្តព្រៃវែង ខេត្តកណ្តាល ខេត្តកំពង់ស្ពឺ ខេត្តកំពង់ឆ្នាំង ខេត្តកែប ខេត្តព្រះសីហនុ និងខេត្តកំពង់ចាម, និង ខេត្តរតនគីរី។ សៀមរាប បានក្លាយជាខេត្ត​ទី១០​ ដែលបញ្ចប់ទាំងស្រុងលើការបន្ទោរបង់ពាសវាលពាសកាល ( ODF )​ជាផ្លូវការ នៅថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៤។ ពិធីប្រកាសជាផ្លូវការនេះ ត្រូវបានធ្វើក្រោមអធិបតីភាព ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្រ្តីក្រសួងអភិវឌ្ឍន៍ជនបទ និងភាគីពាក់ព័ន្ធបានចូលរួមប្រមាណជាង​ ២០០០នាក់។ ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្រ្តីក្រសួងអភិវឌ្ឍន៍ជនបទ បានវាយតម្លៃថា ការសម្រេចនេះ មានន័យថា នៅខេត្តសៀមរាប គ្រប់ខ្នងផ្ទះទាំងអស់មានបង្គន់អនាម័យផ្ទាល់ខ្លួន និងមានបង្គន់អនាម័យប្រើប្រាស់រួមគ្នា។ ទន្ទឹមគ្នានេះដែរ ឯកឧត្តមក៏បានបង្ហាញពីការលើកកម្ពស់ការផ្តល់សេវាទឹកស្អាត និងអនាម័យ ដែលបានធ្វើឱ្យប្រជាពលរដ្ឋបានផ្លាស់ប្តូរទម្លាប់ ពីការផឹកទឹកគ្មានសុវត្ថិភាព មកផឹកទឹកដែលមានសុវត្ថិភាព ពីការបន្ទោបង់ពាសវាលពាសកាល មកការប្រើប្រាស់បង្គន់អនាម័យត្រឹមត្រូវ និង មានរបៀបរស់នៅដែលមានភាពស៊ីវិល័យផងដែរ។ នាឱកាសនោះដែរ […]

កម្ពុជា-ចិន ចុះអនុស្សរណៈ ដើម្បីជំរុញការនាំចេញផលិតផលសំខាន់៣មុខទៅទីផ្សារចិនដោយផ្ទាល់

សមាគមកម្ពុជាធំៗចំនួនបី រួមមានស្វាយចន្ទីកម្ពុជា សមាគមត្រចៀកកាំខ្មែរ និងសមាគមសម្ព័ន្ធ​ដំឡូងមីកម្ពុជា បានចុះ​អនុស្សរណៈ​យោគយល់ (MoU) ជាមួយរដ្ឋបាលគយចិន នៅទីក្រុង​ណាន​នីង ខេត្តគ័ងស៊ី ប្រទេសចិន ដើម្បីជំរុញដំណើការនាំចេញដោយផ្ទាល់លើផលិតផលសំខាន់ៗចំនួន៣មុខ រួមមាន៖ គ្រាប់ស្វាយចន្ទី សំបុកត្រចៀកកាំ និងដំឡូងមីរបស់កម្ពុជា ទៅកាន់ទីផ្សារប្រទេសចិនឱ្យបានកាន់តែឆាប់រហ័ស និងរលូនជាងមុន។។ នេះបើយោងតាមការចុះផ្សាយដោយក្រសួងព័ត៌មាន កាលថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២៤។ លោក ស៊ុយ កុកធាន ប្រធានសមាគមត្រចៀកកាំខ្មែរបានលើកឡើងថា ផ្សារដែលធំបំផុតសម្រាប់សំបុកត្រចៀកកាំដែលកែច្នៃហើយ គឺប្រទេសចិន ហើយលោកក៏រំពឹងថា ​​តាមរយៈអនុស្សរណៈនេះ សំបុកត្រចៀកកាំនឹងអាចឡើងថ្លៃ ដោយសារតែអាចនាំចេញទៅប្រទេសចិន​បានដោយផ្ទាល់​មិនបាច់ឆ្លងកាត់ប្រទេសទី៣ ខណៈទីផ្សារបច្ចុប្បន្ន សម្រាប់សំបុក​ត្រចៀកកាំដែលមិនទាន់កែច្នៃភាគច្រើន​នាំចេញទៅដោយផ្ទាល់​ទៅ​កាន់ប្រទេសវៀតណាម ថៃ និងមួយចំនួនទៅប្រទេសចិន។ តាមការកត់សម្គាល់របស់ លោក អួន ស៊ីឡុត ប្រធានសមាគមស្វាយចន្ទីកម្ពុជា បានឱ្យដឹងថា បច្ចុប្បន្នការនាំចេញគ្រាប់ស្វាយចន្ទីរបស់កម្ពុជា ភាគច្រើននៅមានភាពស៊ាំញាំ និងស្មុគ្រស្មាញច្រើន ដែលធ្វើឱ្យកសិផលមួយ​ចំនួនត្រូវបង្ខំចិត្តឆ្លងកាត់ប្រទេសទី៣ ទើបអាចនាំចូល​ទៅទីផ្សារ​ប្រទេស​ចិនបាន។ ដូច្នេះតាមរយៈការចុះអនុស្សរណៈនេះ ផលិតផល​កសិកម្មមួយចំនួនរបស់កម្ពុជា អាចនឹងនាំចូលក្នុង​ខេត្តគ័ងស៊ី ប្រទេស​ចិនបានដោយផ្ទាល់ ដែលជំរុញឱ្យកសិករដែលជាអ្នក​ផលិត​ទទួលបានចំណូល​ច្រើនជាងមុន៕ - Video Advertisement -