អូស្ត្រាលីចង់វិនិយោគដាំស្ពៅនៅកម្ពុជា ដើម្បីច្នៃជាអង្ករមានកាឡូរីទាប និងជីវៈឧស្ម័ន

ក្រុមហ៊ុន Enserv Holding Australia បង្ហាញបំណងវិនិយោគលើការកែច្នៃដំណាំស្ពៅ (Sorghum) នៅកម្ពុជា ដើម្បីកែច្នៃជីវៈឧស្ម័ន (Biogas) និងអង្ករដែលមានកាឡូរីទាប តែមានប្រូតេអ៊ីនខ្ពស់។ នេះបើតាមជំនួបរវាង សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី និងលោក Tanachat Pochana ប្រធានក្រុមហ៊ុន នាឱកាសកិច្ចប្រជុំកំពូលពិសេស អាស៊ាន-អូស្រ្តាលី នៅទីក្រុងម៉ែលប៊ន ប្រទេសអូស្ត្រាលី កាលពីថ្ងៃទី០៤ ខែមីនា ឆ្នាំ២០២៤។

ក្នុងជំនួបខាងលើ លោកប្រធានក្រុមហ៊ុន បានជម្រាប​ឱ្យដឹងថា ក្រុមហ៊ុន គឺវិនិយោគផ្តោតលើការដាំដុះដំណាំស្ពៅ (Sorghum) ដែលក្រុមហ៊ុនមានសមត្ថភាពកែច្នៃដំណាំនេះទៅជាអង្ករមានកាឡូរីទាបតែមានប្រូតេអ៊ីនខ្ពស់ ពិសេសអាចកែច្នៃយកទៅប្រើប្រាស់ទៅជាជីវៈឧស្ម័ន្ម (Biogas)។

លោកប្រធានក្រុមហ៊ុន បានបន្ថែមថា  ដំណាំស្ពៅ (Sorghum) នេះគឺជាដំណាំដែលផ្តល់ទិន្នផលខ្ពស់ មិនរើសប្រភេទដី និងមិនត្រូវការទឹកច្រើនដូចដំណាំស្រូវ ហើយក៏អាចរួមចំណែក ក្នុងការស្រូបយកឧស្ម័នកាបូនិកពីបរិយាកាសផងដែរ។

ទន្ទឹមនឹងនេះ លោកប្រធានក្រុមហ៊ុន លោកប្រធានក្រុមហ៊ុន បានបង្ហាញពីបំណងវិនិយោគលើដំណាំនេះនៅកម្ពុជា ដើម្បីកែច្នៃទៅជាផលិតផលសម្រេចសម្រាប់នាំចេញទៅក្រៅប្រទេស ដោយពិនិត្យឃើញអំពីសក្ដានុពលនៃវិស័យកសិកម្ម និងស្ថានភាពដីកសិកម្មនៅកម្ពុជាដែលមានលក្ខណៈអំណោយផលទៅលើប្រភេទដំណាំនេះ។

ជាការឆ្លើយតប សម្តេចធិបតី បានឱ្យដឹងថា កម្ពុជាបានសម្រេចបញ្ឈប់ការផ្តល់ការអនុញ្ញាតឱ្យបង្កើតនូវរោងចក្រដំណើរការដោយថាមពលធ្យូងថ្មទៀតទេ ហើយតាមរយៈគម្រោងនេះ ជាផ្នែកមួយនៃការចូលរួមជាមួយរាជរដ្ឋាភិបាល ក្នុងការអភិវឌ្ឍវិស័យថាមពល តាមរយៈការប្រើប្រាស់នូវបច្ចេកវិទ្យាថ្មីៗ និងទំនើប។

បន្ថែមពីនេះ សម្តេច បានលើកទឹកចិត្តឱ្យក្រុមហ៊ុនបំពេញទស្សនកិច្ចនៅកម្ពុជា ដើម្បីពិនិត្យលទ្ធភាពក្នុងការស្វែងរកឱកាសវិនិយោគនៅកម្ពុជា ដោយសហការជាមួយក្រសួងស្ថាប័នពាក់ព័ន្ធ ជាពិសេសក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ តាមរយៈការសម្របសម្រួលរបស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងក្រសួងពាណិជ្ជកម្ម៕

- Video Advertisement -

ព័ត៌មានដែលទាក់ទង

រដ្ឋជំរុញជីកប្រឡាយប្រវែង ៥២គ.ម ដើម្បីការពារឧទ្យានជាតិតេជោសែនឬស្សីត្រឹប ទំហំជាង ១ម៉ឺនហិចតា

រាជបណ្ឌិត្យសភាកម្ពុជា កាលពីថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២៤ បានប្រកាសបើកការដ្ឋានជីកប្រឡាយប្រវែង ៥២គីឡូម៉ែត្រ មានទទឹង៦ម៉ែត្រ ជម្រៅ២,៥ម៉ែត្រ ដើម្បីធ្វើជាព្រំប្រទល់រក្សារការពារឧទ្យានជាតិតេជោសែន ឬស្សីត្រឹប ដែលមានទំហំជាង ១ម៉ឺនហិកតា នៅខេត្តព្រះវិហា។ ថ្លែងក្នុងពិធីបើកការដ្ឋានជីកប្រឡាយខាងលើ លោកបណ្ឌិត្យ សុខ ទូច ប្រធានបទរាជបណ្ឌិត្យសភាកម្ពុជាបានឱ្យដឹងថា គោលបំណងសំខាន់ៗដែលរាជរដ្ឋាភិបាលសម្រេចជីកប្រឡាយនេះ គឺដោយសារមើលឃើញពីសក្តានុពលដ៏ច្រើនលើសលប់នៃឧទ្យានជាតិតេជោសែន ឬស្សីត្រឹប ថាជាកន្លែងឆ្មាំអាចមានលទ្ធភាពចល័តពេលយាមកាមតាមព្រំដែនបានយ៉ាងងាយស្រួល ជាប្រភពទឹកសម្រាប់សត្វព្រៃនិងសត្វបក្សាបក្សីគ្រប់ប្រភេទ ផ្តល់ភាពងាយស្រួលដល់ការគ្រប់គ្រងធនធាននៅក្នុងឧទ្យាន ពិសេសផ្តល់ភាពទាក់ទាញ សោភ័ណភាព និងភាពស្រស់ស្រាយជូនដល់ភ្ញៀវទេសចរណ៍ដែលមកកាន់ទីនេះផងដែរ។ យ៉ាងណាមិញ លោកបណ្ឌិត្យ សុខ ទូច បានបញ្ជាក់បន្ថែមថា គម្រោងជីកប្រឡាយទឹកធ្វើជាព្រំប្រទល់ឧទ្យាននេះ គ្រោងចំណាយថវិកាប្រមាណ ៥២ម៉ឺនដុល្លារ។ ហេតុនេះ រាជបណ្ឌិត្យសភាកម្ពុជា ក៏សូមអំពាវនាវទៅប្រជាពលរដ្ឋខ្មែរ ពិសេសសប្បុររសជនចូលរួមបរិច្ចាកថវិកា ដើម្បីឈានទៅអាចបញ្ចប់គម្រោងនេះឱ្យបានឆាប់។ គួររំលឹកថា ឧទ្យានរាជបណ្ឌិត្យសភាកម្ពុជា តេជោសែន ឫស្សីត្រឹប ត្រូវបានបង្កើតនិងទទួលស្គាល់ ដោយព្រះរាជក្រឹត្យលេខ នស/រកត/០៤១៤/៤៣៦ ចុះថ្ងៃទី៨ ខែមេសា ឆ្នាំ២០១៤ មានទំហំ ផ្ទៃដី១១.៤៣៥ហិកតា មានទីតាំងស្ថិតក្នុងឃុំឆែបមួយ និង ឃុំឆែបពីរ […]

ត្រីមាសទី១-២០២៤ កម្ពុជាទទួលបានទុនវិនិយោគក្នុងវិស័យឧស្សាហកម្មសរុបជិត ២០ពាន់លានដុល្លារ

ក្នុងត្រីមាសទី១ ឆ្នាំ២០២៤ កម្ពុជាទទួលបានទុនវិនិយោគក្នុងវិស័យឧស្សាហកម្មមានចំនួនសរុបជិត ២០ពាន់លានដុល្លារ កើនឡើង ១៣,៥៥ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២៣។ នេះបើតាមការលើកឡើងរបស់ឯកឧត្តម ហែម វណ្ឌឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និង នវានុវត្តន៍ ក្នុងឱកាសសម្ពោធដាក់ដំណើរការជាផ្លូវការនូវរោងចក្រផ្គុំ និងដំឡើងរថយន្ត តូយ៉ូតា កាលពីថ្ងៃទី២ ខែឧសភា ឆ្នាំ២០២៤ ក្រោមអធិបតីភាពរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី។ នាឱកាសនោះ ឯកឧត្តម រដ្ឋមន្ត្រី បានលើកឡើងថា រោងចក្រផ្គុំ និងដំឡើងរថយន្តតូយ៉ូតានេះ គឺជាសមិទ្ធផលថ្មីមួយទៀតនៅក្នុងដំណើរអភិវឌ្ឍន៍ឧស្សាហកម្មរថយន្តរបស់កម្ពុជា ដែលឆ្ពោះទៅរកកំណើនសេដ្ឋកិច្ច ការបង្កើតការងារ និងការរីកចម្រើនផ្នែកបច្ចេកវិទ្យា។ ឯកឧត្តមបានបន្ថែមថា ការដំណើរការរោងចក្រនេះ នឹងក្លាយជាកម្លាំងដ៏ទាក់ទាញសម្រាប់វិនិយោគិនបរទេសមកកម្ពុជាកាន់តែច្រើនបន្ថែមទៀត។ ជាមួយគ្នានេះដែរ លោក Kashitani ICHIRO ប្រធាន និងជានាយកប្រតិបត្តិនៃក្រុមហ៊ុន Toyota Tsusho Corporation ក៏បានឱ្យដឹងដែរថា ក្រុមហ៊ុនមិនត្រឹមតែនឹងផលិតយានយន្តប៉ុណ្ណោះទេ តែក៏នឹងផ្តោតលើការបណ្តុះបណ្តាល និងការអប់រំក្នុងវិស័យយានយន្តផងដែរ ដោយគ្រោងបង្កើតសាលាបណ្ដុះបណ្ដាលតូយ៉ូតា ដើម្បីរួមចំណែកដល់ការអភិវឌ្ឍឧស្សាហកម្មរបស់កម្ពុជា។ គួរបញ្ជាក់ថា […]

ឆ្នាំ២០២៣ ADB បញ្ចេញថវិកាជិត១០ពាន់លានដុល្លារ ជួយដល់វិបត្តិអាកាសធាតុនៅអាស៊ីប៉ាស៊ីហ្វិក

ក្នុងឆ្នាំ២០២៣ ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានសម្រេចផ្តល់ជំនួយចំនួន ២៣,៦ពាន់លានដុល្លារ ដែលក្នុងនោះ ៩,៨ពាន់លានដុល្លារ សម្រាប់ដោះស្រាយវិបត្តិអាកាសធាតុ ក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក។​ នេះបើតាមសេចក្តីប្រកាសព័ត៌មានចុះថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៤។ ទឹកប្រាក់ទាំងនេះ បានគាំទ្រដល់ប្រទេសកំពុងអភិវឌ្ឍជាសមាជិក (Developing Member Countries ឬ DMCs) ដើម្បីដោះស្រាយវិបត្តិអាកាសធាតុដែលកាន់តែអាក្រក់ ក៏ដូចជាផលប៉ះពាល់នៃជម្លោះ អសន្តិសុខស្បៀង និងបំណុល ដែលកំពុងកើនឡើង ក្នុងចំណោមបញ្ហាប្រឈមផ្សេងទៀត។ ប្រធាន ADB លោក Masatsugu Asakawa បានមានប្រសាសន៍ថា «ADB បានបន្តប្រែក្លាយជា ធនាគារ អាកាសធាតុសម្រាប់អាស៊ីប៉ាស៊ីហ្វិក ដោយឈានដល់ការផ្តល់ហិរញ្ញប្បទានប្រចាំឆ្នាំខ្ពស់បំផុត មិនធ្លាប់មានសម្រាប់សកម្មភាពអាកាសធាតុ។ ការវិនិយោគរបស់យើងគឺ ផ្តោតយ៉ាងខ្លាំងលើកសិកម្មដែលត្រូវធ្វើការបន្សាំ និងកាត់បន្ថយភាពធន់នៃអាកាសធាតុ ថាមពលកកើតឡើងវិញ និងការដឹកជញ្ជូន ដែលបញ្ចេញកាបូនទាប។» ចំនួនទឹកប្រាក់ទាំងអស់ខាងលើនេះ រួមមានប្រាក់កម្ចី ជំនួយ ការវិនិយោគទុន ការធានា និងជំនួយបច្ចេកទេសដែលផ្តល់ដល់រដ្ឋាភិបាល និងវិស័យឯកជន។ បន្ថែមទៅនឹងធនធានផ្ទាល់ខ្លួន ADB បានប្រមូលថវិកាបន្ថែមចំនួន ១៦,៤ ពាន់លានដុល្លារជាសហហិរញ្ញប្បទាន […]

ត្រីមាសទី១​ ឆ្នាំ២០២៤ កំពង់ផែស្វយ័តភ្នំពេញ រកចំណូលបានជាង ៨លានដុល្លារ កើន ៧%​

ក្នុងត្រីមាសទី១ ឆ្នាំ២០២៤ នេះ កំពង់ផែស្វយ័តភ្នំពេញ រកចំណូលបាន ៨.០៦៤.៦៥៧ដុល្លារ ដែលកើនឡើង ៧% ធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២៣ ខណៈមិនទាន់ធ្វើសវនកម្មនៅឡើយ។ នេះបើតាមសេចក្តីប្រកាសពត៌មានចុះថ្ងៃទី១២ ខែមេសា ឆ្នាំ២០២៤។ ចំណូលនេះ បានបែងចែកជាចំណូលពីប្រតិបត្តិការផែ មានចំនួន ៦.៥១៧.១៨៥ដុល្លារ កើន ១២% ចំណូលពីអាជ្ញាធរផែ មានចំនួន ១.៣០៩.៦៩៣ដុល្លារ កើន ១៤% និងចំណូលពីសេវាកម្មផ្សេងៗ មានចំនួន ២៣៧.៧៧៩ដុល្លារ ធ្លាក់ចុះ ៦៩%។ ដោយឡែកសម្រាប់ខែមីនាវិញ កំពង់ផែស្វយ័តភ្នំពេញ រកចំណូលបាន ២.៨៤៩.៦០៨ដុល្លារ (ពុំទាន់ធ្វើសវនកម្ម) ដកើនឡើង ៦% ធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២៣។ គួរបញ្ជាក់ថា ថ្មីៗនេះដែរ កំពង់ផែស្វយ័តភ្នំពេញ បានសម្ពោធដាក់ឱ្យប្រើប្រាស់ចំណតផែរណបពហុបំណងចំនួន ០៣ទីតាំង រួមមាន TS១១(នៅរាជធានីភ្នំពេញ), UM២(ស្ថិតក្នុងខេត្តត្បូងឃ្មុំ) និង LM២៦(ស្ថិតក្នុងខេត្តព្រៃវែង)។ (អានបន្ថែម)   - Video Advertisement -

១០ខែ ក្នុងឆ្នាំ២០២៣ កម្ពុជា-ចិន សម្រេចទំហំពាណិជ្ជកម្មចំនួន ១០ពាន់លានដុល្លារ កើនឡើង ៤.៦%

ក្នុងរយៈពេល ១០ខែ ដើមឆ្នាំ២០២៣ កម្ពុជា-ចិន មានទំហំពាណិជ្ជកម្មទ្វេភាគីមានតម្លៃ ១០ពាន់លានដុល្លារ កើនឡើង ៤,៦% ធៀបនឹងឆ្នាំ២០២២។ នេះបើតាមការលើកឡើងរបស់សម្តេច ឃួន សុដារី ប្រធានរដ្ឋសភា ក្នុងជំនួបពិភាក្សាការងារជាមួយឯកឧត្តម ចាង ឈីងលី (ZHANG Qingli) អនុប្រធានគណៈកម្មការជាតិទី១៣​ នៃសន្និសីទប្រឹក្សានយោបាយចិន និងជាប្រធានក្រុមប្រឹក្សាសេដ្ឋកិច្ច និងសង្គមកិច្ច នៃសាធារណរដ្ឋប្រជាមានិតចិន នៅថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៤ នៅវិមានរដ្ឋសភា។ ទន្ទឹមនឹងនេះ សម្តេចបានស្នើដល់ចិនជួយជំរុញ និងកៀរគរអ្នកវិនិយោគ និងអ្នកទេសចរចិន ឱ្យមកកម្ពុជាបន្ថែមទៀត និងបានអញ្ជើញឱ្យចូលរួមមហាសន្និបាត ICAPP លើកទី១២ និងមហាសន្និបាតសភាអន្តរជាតិដើម្បីភាពអត់ឱន និងសន្តិភាព (IPTP) លើកទី១១ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះនៅខែ វិច្ឆិកា ឆ្នាំ២០២៤ ខាងមុខផងដែរ។ គួររម្លឹកដែរថា រយៈពេល ០២ខែដំបូង ក្នុងឆ្នាំ២០២៤ ទំហំពាណិជ្ជកម្មរបស់កម្ពុជាជាមួយប្រទេសសំខាន់ៗ មានទំហំប្រមាណជាង ៨ពាន់លានដុល្លារ ដែលកើនឡើងជិត ២០% បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២៣។ (អានបន្ថែម) ដោយឡែក […]

Royal Group គ្រោងបើកដំណើរការរថភ្លើងល្បឿនលឿននៅកម្ពុជា ក្នុងខែមិថុនា ២០២៤នេះ

ក្រុមហ៊ុន Royal Railway Cambodia របស់អ្នកឧកញ៉ា គិត ម៉េង បានបញ្ជាទិញរថភ្លើងចំនួន ៥ ពីប្រទេសជប៉ុន ដែលគ្រោងនឹងដាក់ឱ្យដំណើរការដឹកការជារថភ្លើងល្បឿនលឿនរត់ពីភ្នំពេញ-ក្រុងព្រះសីហនុ និងពីភ្នំពេញ-ប៉ោយប៉ែតនៅក្នុងខែមិថុនាខាងមុខនេះ។ នេះបើតាមការចុះផ្សាយរបស់ទូរទស្សន៍អប្សរា នៅថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៤។ ប្រភពដដែលបានឱ្យដឹងថា រថភ្លើងនេះ នឹងបើកបរដោយល្បឿនចន្លោះពី៩០ ទៅ ១១០ គីឡូម៉ែត្រក្នុងមួយម៉ោង អាស្រ័យតាមស្ថានភាពផ្លូវ ខណៈដែលរថភ្លើងបច្ចុប្បន្នអាចរត់បានល្បឿនត្រឹមតែ ៥០គីឡូម៉ែត្រក្នុងមួយម៉ោងប៉ុណ្ណោះ។ បើតាមការបញ្ជាក់របស់លោក ចន ឃើរី នាយកប្រតិបត្តិក្រុមហ៊ុន Royal Railway Cambodia បានឱ្យដឹងថា ក្រុមហ៊ុន នឹងប្រើប្រាស់រថភ្លើងដែលទិញពីប្រទេសជប៉ុន ដែលមានសរុបចំនួន ១១ទូ ស្មើនឹង ៥រថភ្លើង សម្រាប់ដឹកអ្នកដំណើរប្រមាណ ៧០០នាក់លើផ្លូវទាំង ០២ខ្សែ។ លោកបានបន្ថែមថា រថភ្លើងនេះ បានបំពាក់ជាមួយម៉ាស៊ីនត្រជាក់ និងកៅអីពិសេស (First Class) ដែលមានតម្លៃចន្លោះពី២៤០០០រៀល ទៅ ៤០០០០រៀលក្នុងមួយកៅអី។ លោកបានបន្តថា នៅជំហានដំបូងក្រុមហ៊ុន នឹងបើកដំណើរការរថភ្លើងនៅពេលថ្ងៃសិន តែឆាប់ខាងមុខនេះដែរ […]