សិង្ហបុរីវ៉ាដាច់អាមេរិកដែលមានទំហំវិនិយោគបរទេសធំជាងគេនៅអាស៊ីប៉ាស៊ីហ្វិក

វិនិយោគិនសិង្ហបុរី រួមចំណែកប្រហែល ៨,៣ពាន់លានដុល្លារអាមេរិក ទៅក្នុងទីផ្សារអចលនទ្រព្យនៅទូទាំងអាស៊ីប៉ាស៊ីហ្វិកទាំងមូល ពោលគឺលើសពីខ្ទង់វិនិយោគរបស់អ្នកវិនិយោគអាមេរិក ដែលមានត្រឹមតែ ៧,៣ ពាន់លានដុល្លារប៉ុណ្ណោះ។ កំណើនខ្ទង់វិនិយោគនេះ ធ្វើឱ្យសិង្ហបុរីជាប់ឈ្មោះជាប្រទេសមានវិនិយោគិនទៅបរទេស ដែលមានទំហំទឹកប្រាក់វិនិយោគធំបំផុតនៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិកក្នុងឆ្នាំ ២០២៣  នេះបើយោងតាមរបាយការណ៍ក្រុមហ៊ុន MSCI Real Assets ថ្ងៃទី ២៧ ខែកុម្ភៈ  ឆ្នាំ ២០២៤។

អ្វីដែលគួរឱ្យកត់សម្គាល់គឺថា វិនិយោគិនសិង្ហបុរី បានបន្តចាប់អារម្មណ៍វិនិយោគភាគច្រើននៅក្នុងប្រទេសអូស្ត្រាលី និងចិន ជាមួយនឹងកិច្ចព្រមព្រៀងសំខាន់ៗមួយចំនួន ដែលទើបតែបានបញ្ចប់នៅក្នុងត្រីមាសទី៤ កាលពីឆ្នាំទៅមិញនេះ។ ប្រទេសធំៗទាំងពីរនេះ គឺជាទីផ្សារសេដ្ឋកិច្ចដ៏ធំ ដែលអ្នកវិនិយោគក្នុងប្រទេសផ្សេងទៀតក្នុងពិភពលោក កំពុងដកខ្លួនថយ។

លោក Benjamin Chow ប្រធានផ្នែកស្រាវជ្រាវទ្រព្យសកម្មប្រចាំទ្វីបអាស៊ីរបស់ក្រុមហ៊ុន MSCI បាននិយាយថា “ការដកខ្លួនថយចេញពីទីផ្សារធំៗនៅអាស៊ីប៉ាស៊ីហ្វិចនេះ បានបង្ហាញអំពីនិន្នាសកលនៃអ្នកវិនិយោគ ដែលងាកទៅរកទីផ្សារដែលនៅជិតប្រទេសដើមរបស់ខ្លួនវិញ” ។

វិនិយោគិនមកពីអាមេរិកខាងជើង និងអឺរ៉ុប បានកាត់បន្ថយការចំណាយរបស់ពួកគេនៅអាស៊ីប៉ាស៊ីហ្វិកច្រើនជាង ៥០% ក្នុងឆ្នាំ ២០២៣ បើធៀបនឹងឆ្នាំមុន។ ក្នុងលំនាំដូចគ្នានេះដែរ ការវិនិយោគពីកាណាដា និងអឺរ៉ុបបានធ្លាក់ចុះ ៧៥% និង ៧៩% រៀងគ្នា ប៉ុន្តែ លើកលែងតែប្រទេសជប៉ុន ដែលគេពុំឃើញមាននិន្នាការដកទុនវិនិយោគពីសំណាក់វិនិយោគិនបរទេសនោះទេ។

ជាលទ្ធផលភាគហ៊ុនរបស់វិនិយោគិនសកលនៃសកម្មភាពលទ្ធកម្មអចនទ្រព្យនៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក បានធ្លាក់ចុះមកត្រឹម ៩% ដែលជាកម្រិតទាបបំផុតទីពីរសម្រាប់កំណត់ត្រាប្រចាំឆ្នាំ។ ក្រៅពីវិនិយោគិនសិង្ហបុរី, វិនិយោគិនជប៉ុនក៏បង្កើនការចំណាយរបស់ពួកគេយ៉ាងខ្លាំងកាលពីឆ្នាំមុន ដែលខ្ទង់ចំណាយក្នុងឆ្នាំ២០២៣ ច្រើនជាងខ្ទង់ចំណាយ ឆ្នាំ ២០២០ និងឆ្នាំ២០២២ រួមបញ្ចូលគ្នាទៅទៀត។ អូស្ត្រាលី ក៏ជាទីផ្សារគោលដៅដ៏សំខាន់បំផុតរបស់ពួកគេផងដែរ។ ឧទាហរណ៍ ការលក់អគារពាណិជ្ជកម្មទីក្រុងស៊ីដនី ផ្លូវ ៦០ Margaret ទៅឱ្យក្រុមហ៊ុន Mitsubishi Estate និងដៃគូ AsheMorgan ដែលមានមូលដ្ឋាននៅទីក្រុង Syndey ក្នុងតម្លៃ ៦៨០លានដុល្លារ កាលពីខែតុលាឆ្នាំមុន គឺជាកិច្ចព្រមព្រៀងទ្រព្យសម្បត្តិដ៏ធំបំផុតប្រចាំឆ្នាំរបស់អូស្ត្រាលី។

នៅក្នុងកិច្ចព្រមព្រៀងអចលនទ្រព្យនៅអាស៊ីប៉ាស៊ីហ្វិក ភាគច្រើនគឺសម្បូរតែអ្នកទិញឯកជនដែលជ្រើសរើសការជាវយកសណ្ឋាគារ និងអចលនទ្រព្យប្រភេទហាងលក់រាយ នៅទូទាំងប្រទេសភាគច្រើននៅក្នុងតំបន់។ ចំណែកឯអ្នកទិញជាស្ថាប័នវិញ ភាគច្រើនចាប់អារម្មណ៍តែលើវិស័យណាដែលកំពុងមានការរីកចម្រើន និងទីផ្សារដែលមានការចាប់អារម្មណ៍ខ្លាំង ដូចជាមជ្ឈមណ្ឌលទិន្នន័យ និវាសនដ្ឋានសម្រាប់និស្សិត ឃ្លាំងភស្តុភារក្នុងប្រទេសជប៉ុន ប្រភេទអគារសាងសង់ដើម្បីទុកជួលនៅប្រទេសអូស្ត្រាលី និងអាផាតមិនជួលក្នុងប្រទេសចិនជាដើម៕

- Video Advertisement -

ព័ត៌មានដែលទាក់ទង

ក្រុមហ៊ុនជប៉ុន Minebea គ្រោងពង្រីកទុនវិនិយោគជាង ៣២០លានដុល្លារ នៅកម្ពុជា និងថៃ

ក្រុមហ៊ុន MinebeaMitsumi ជាអ្នកផ្គត់ផ្គង់គ្រឿងអេឡិចត្រូនិចរបស់ជប៉ុន គ្រោងវិនិយោគ ៥០ពាន់លានយ៉េន ស្មើនឹង ៣២១លានដុល្លារ ដើម្បីសាងសង់រោងចក្រនៅកម្ពុជា និងពង្រីកទិន្នផលរោងចក្រថាមពលសូឡានៅថៃ។ នេះបើតាមកាសែត NIKKEI ASIA ចុះផ្សាយកាលពីថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២៤។ បើតាមប្រភពខាងលើ ក្រុមហ៊ុន គ្រោងនឹងចំណាយទុន ៣២ពាន់លានយ៉េន ស្មើនឹងជាង ២០៥លានដុល្លារ សាងសង់រោងចក្រនៅកម្ពុជាក្នុងឆ្នាំនេះ ដែលគ្រោងនឹងបើកដំណើរការនៅដើមឆ្នាំក្រោយ ហើយគ្រោងនឹងផលិតគ្រឿងបង្គុំរថយន្ត និងម៉ាស៊ីន រួមជាមួយនឹងផលិតផលផ្សេងទៀត។ រោងចក្រថ្មីនេះ នឹងសាងសង់លើផ្ទៃដី ៥០០.០០០ម៉ែត្រក្រឡា ដែលធំជាងរោងចក្រដែលកំពុងដំណើរការនៅកម្ពុជាចំនួន ២,៥ដង។ ដោយឡែកនៅប្រទេសថៃវិញ ក្រុមហ៊ុនជប៉ុននេះ ក៏គ្រោងនឹងបោះទុន ១៧ពាន់លានយ៉េន ស្មើនឹងជាង ១០៩លានដុល្លារ ដើម្បីបង្កើនសមត្ថភាពផលិតថាមពលសូឡានៅរោងចក្រដែលកំពុងដំណើរការ ដែលគ្រោងនឹងតម្លើងឧបករណ៍ផលិតក្នុងឆ្នាំ២០២៥ ខាងមុខនេះ និងអាចបង្កើនថាមពលដល់ ១៧០មេហ្កាវ៉ាត់ ខណៈមាន ១៦.៥មេហ្កាវ៉ាត់រួចមកហើយ។ ជាមួយនឹងគម្រោងនេះ ក្រុមហ៊ុន អាចប្រើប្រាស់ថាមពលសូឡាបានរហូតដល់ទៅ ៥០% នៃតម្រូវការប្រើប្រាស់ថាមពលអគ្គិសនីសរុបរបស់ខ្លួននៅប្រទេសថៃ។ ទន្ទឹមនឹងនេះ ក្រុមហ៊ុន បានកំណត់គោលដៅរបស់ខ្លួន ក្នុងការចូលរួមកាត់បន្ថយការបញ្ចេញឧស្ម័នកាបូនិចចំនួន ៣០% នៅត្រឹមឆ្នាំ២០៣០។ […]

៤ខែនេះ កម្ពុជាមានទំហំពាណិជ្ជកម្មជាង ១៦ពាន់លានដុល្លារ កើនជិត ១២%

ត្រឹមរយៈពេល៤ខែ គិតពីខែមករា រហូតដល់ខែមេសា ឆ្នាំ២០២៤នេះ កម្ពុជាសម្រេចទំហំពាណិជ្ជកម្មបានជាង ១៦ពាន់លានដុល្លារ កើនប្រមាណជិត ១២ភាគរយ ខណៈការនាំចេញក៏កើនឡើងប្រមាណជិត ១២ភាគរយផងដែរ។ នេះបើតាមប្រសាសន៍របស់លោកជំទាវ ចម និម្មល រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម ក្នុងពិធីបើកសម្ពោធ “ពិព័រណ៍ពាណិជ្ជកម្មអន្តរជាតិកម្ពុជាឆ្នាំ២០២៤” នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ នៅព្រឹកថ្ងៃទី១០ ខែឧសភា។ នាឱកាសនោះ លោកជំទាវ ចម និម្មល បានឱ្យដឹងថា​ ក្នុងរយៈពេល ៤ខែ ដើមឆ្នាំ២០២៤ នេះ ទំហំពាណិជ្ជកម្មរបស់កម្ពុជាសម្រេចបានជាង ១៦.៩១៣លានដុល្លារ មានកំណើនប្រមាណជិត ១២ភាគរយ ខណៈការនាំចេញមានទំហំទឹកប្រាក់ ប្រមាណ ៨ពាន់លានដុល្លារ កើនឡើងប្រមាណជិត ១២ភាគរយ។ លោកជំទាវ បានចាត់ទុកកំណើននេះថា គឺបានបញ្ជាក់ពីថាមវន្តពាណិជ្ជកម្មរបស់កម្ពុជា បានដើរតួនាទីយ៉ាងសំខាន់ក្នុងសកម្មភាពសេដ្ឋកិច្ចជាតិ។ ជាមួយគ្នានេះដែរ លោកជំទាវ បានបន្ថែមទៀតថា “ពិព័រណ៍ពាណិជ្ជកម្មអន្តរជាតិកម្ពុជាឆ្នាំ២០២៤” នេះត្រូវបានរៀបចំឡើង ដើម្បីកៀរគរអ្នកជំនួញអន្តរជាតិប្រមាណជាង ២៥០០នាក់ មកពី ១៦ប្រទេស ចូលរួមស្វែងយល់ពីកាលានុវត្តភាព ក្នុងកិច្ចការធុរកិច្ច ពាណិជ្ជកម្ម និងវិនិយោគនៅកម្ពុជា។ […]

៤ខែក្នុងឆ្នាំ២០២៤ កម្ពុជាលក់សំបុត្រចូលទស្សនាអង្គរបានជិត ២០លានដុល្លារ កើនជិត ៤២%

រយៈពេល ៤ខែ ដើមឆ្នាំ២០២៤ ប្រទេសកម្ពុជារកចំណូលបានចំនួន ១៩.៩១៧.៥៣៣ដុល្លារ ពីការលក់សំបុត្រចូលទស្សនារមណីយដ្ឋានអង្គរ ទៅភ្ញៀវទេសចរបរទេសចំនួន ៤២១.៣៧៩នាក់ កើន៤០,៩៣ភាគរយ។ នេះបើតាមរបាយការណ៍ចេញផ្សាយដោយគ្រឹះស្ថានអង្គរនៅថ្ងៃទី០១ ខែឧសភា ឆ្នាំ២០២៤ បានឱ្យដឹងថា ចំណូលនេះបានកើនឡើង ៤១,៩៥ភាគរយ ធៀបនិងរយៈពេលដូ​ចគ្នាក្នុងឆ្នាំ២០២៣។ របាយការណ៍ដដែលបានឱ្យដឹងថា សម្រាប់ខែមេសា ឆ្នាំ២០២៤នេះ គ្រឹះស្ថានអង្គរ រកចំណូលបានចំនួន ៣.៣៨៤.២៤០ដុល្លារ ពីការលក់បណ្ណជូនភ្ញៀវទេសចរបរទេស ចូលទស្សនារមណីយដ្ឋានអង្គរចំនួន ៧៣.៨៤៥​នាក់ ដែលចំណូលនេះកើនឡើង ១៦,៨៧ភាគរយ ធៀបនឹងរយៈពេលដូចគ្នា ក្នុងឆ្នាំ២០២៣។ គួរបញ្ជាក់ថា តម្លៃចូលទស្សនារមណីដ្ឋានអង្គរសម្រាប់ទេសចរអន្តរជាតិ ក្នុងមួយថ្ងៃតម្លៃ ៣៧ដុល្លារ ៣ថ្ងៃ តម្លៃ៦២ដុល្លារ និង១សប្តាហ៍តម្លៃ ៧២ដុល្លារ។ - Video Advertisement -

ឆ្នាំ២០២៣ ខេត្តព្រះសីហនុមានអត្រាពលរដ្ឋភាពក្រីក្រ ថយចុះ ១,៦៨%

គិតត្រឹមឆ្នាំ២០២៣ ស្ថានភាពសេដ្ឋកិច្ចរបស់ខេត្តព្រះសីហនុ មានអាត្រាកំណើនសេដ្ឋកិច្ច ៦,៤ភាគរយ ដែលធ្វើឱ្យអត្រាភាពក្រីក្ររបស់ប្រជាពលរដ្ឋក្នុងខេត្តមួយនេះមានការថយចុះមកត្រឹម ១,៦៨ភាគរយ ខណៈរដ្ឋកំពុងបន្តជំរុញនូវការដាក់ចេញវិធានការច្បាប់ និងយុទ្ធសាស្ត្រដើម្បីបង្កើនការអភិវឌ្ឍន៍ខេត្តមួយនេះបន្ថែមទៀតផងដែរ។ នេះបើតាមប្រសាសន៍របស់ ឯកឧត្តម ឡុង ឌីម៉ង់ អភិបាលរងនៃគណៈអភិបាលខេត្តព្រះសីហនុ ថ្លែងក្នុងសិក្ខាសាលាផ្សព្វផ្សាយច្បាប់ស្តីពីវិនិយោគ និងអនុក្រឹត្យស្តីពីការអនុវត្តច្បាប់ស្តីពីវិនិយោគ និងកម្មវិធីកសាងសមត្ថភាពមន្រ្តីនៃអនុគណៈកម្មាធិការវិនិយោគខេត្តព្រះសីហនុ នៅថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៤។ ឯកឧត្តមបានលើកឡើងថា ក្នុងឆ្នាំ២០២៣ ចំណូលជាមធ្យមសម្រាប់មនុស្សម្នាក់ (GDP) ក្នុងខេត្តព្រះសីហនុមានចំនួន ៤.៦០២ដុល្លារ និងមានអាត្រាកំណើនសេដ្ឋកិច្ច ៦,៤ភាគរយ ដែលនាំឱ្យអត្រាភាពក្រីក្ររបស់ប្រជាពលរដ្ឋក្នុងខេត្តមួយនេះថយចុះមកត្រឹម ១,៦៨ភាគរយ។ សិក្ខាសាលាខាងលើនេះ ក៏មានការអញ្ជើញចូលរួមពីឯកឧត្តម យុន ហេង អគ្គលេខាធិការរងគណៈកម្មាធិការវិនិយោគកម្ពុជា, តំណាងកំពង់ផែខេត្តព្រះសីហនុ, តំណាងសភាពាណិជ្ជកម្មខេត្ត, ពាណិជ្ជករ និងតំណាងមន្ទីរជំនាញពាក់ព័ន្ធចំណុះឱ្យរដ្ឋបាលខេត្ត សរុបចំនួន ៨៦រូប។ ជាមួយគ្នានេះ ឯកឧត្តម យុន ហេង ក៏បានបញ្ជាក់ដែរថា ដើម្បីជំរុញការអភិវឌ្ឍន៍រាជធានី/ខេត្ត ពិសេសខេត្តព្រះសីហនុ រដ្ឋាភិបាលបានដាក់ចេញនូវច្បាប់យុទ្ធសាស្ត្រដែលមានភាពឆ្លាតវៃខ្ពស់ក្នុងការប្រកួតប្រជែង ដើម្បីទាក់ទាញនិងលើកទឹកចិត្តដល់វិនិយោគគិនដែលជាការពង្រឹងមូលដ្ឋានគ្រឹះសម្រាប់កិច្ចអភិវឌ្ឍសេដ្ឋកិច្ចឱ្យកាន់តែរឹងមាំ។ សូមរម្លឹកដែរថា កាលពីឆ្នាំ២០២២កន្លងទៅនេះ ខេត្តព្រះសីហនុមានអត្រាកំណើនសេដ្ឋកិច្ច ២.៣ភាគរយ និងអត្រាភាពក្រីក្រធ្លាក់ចុះរហូត ១,៨៦ភាគរយ […]

ត្រីមាសទី១-២០២៤ កំពង់ផែក្រុងព្រះសីហនុ មានកុងតឺន័រឆ្លងកាត់រហូត ២៤ម៉ឺនTEUs កើន ២៣%

គិតត្រឹមរយៈពេល១៤សប្តាហ៍ ឬប្រមាណ៩៨ថ្ងៃដំបូង ក្នុងឆ្នំា២០២៤ កំពង់ផែស្វយ័តក្រុងព្រះសីហនុមានកុងតឺន័រឆ្លងកាត់ចំនួន ២៤ម៉ឺនTEUs កើនឡើងជាង ២៣ភាគរយ បើប្រៀបធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នំា២០២៣ កន្លងទៅ។ នេះបើតាមប្រសាសន៍របស់ឯកឧត្តម ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការនិងដឹកជញ្ជូន ថ្លែងក្នុងពិធីសំណេះ​សំណាលជាមួយមន្ត្រីរាជការ បុគ្គលិក កម្មករនិយោជិតកំពង់ផែស្វយ័តក្រុងព្រះសីហនុ ក្នុងឱកាសអបអរសាទរខួបអនុស្សាវរីយ៍លើកទី១៣៨ នៃទិវាពលកម្មអន្តរជាតិ ថ្ងៃទី១ ឧសភា ២០២៤។ នាឱកាសនោះ ឯកឧត្តបានឱ្យដឹងថា បច្ចុប្បន្នកំពង់ផែស្វយ័តក្រុងព្រះសីហនុ មានមន្ត្រីរាជការ បុគ្គលិក កម្មករ និយោជិត សរុបចំនួន ១.៣៥៥នាក់ (ក្នុងនោះមានស្ត្រី ១៣១នាក់) ហើយបើគិតក្នុងរយៈពេល ១៤សប្តាហ៍ដំបូងក្នុងឆ្នាំ២០២៤នេះ មានបរិមាណកុងតឺន័រឆ្លងកាត់ចំនួនប្រមាណ ២៤ម៉ឺនTEUS កើនឡើង ២៣,៤៨% ធៀបនឹងរយៈពេលដូចគ្នាឆ្នាំ២០២៣ ដែលតួលេខនេះបានបង្ហាញពីសន្ទុះប្រកប ដោយភាពរឹងមាំសម្រាប់ឆ្នាំ២០២៤។ គួរបញ្ជាក់ថា កាលពីឆ្នាំ២០២៣កន្លងទៅ កំពង់ផែខាងលើនេះ ទទួលបានបរិមាណកុងតឺន័រឆ្លងកាត់ សរុបចំនួនជិត ៨០ម៉ឺនTEUS កើនឡើង ៦,៣៥% បើប្រៀបធៀបទៅនឹងរយៈពេលដូចគ្នាឆ្នាំ២០២២ និងមានចំណូលអាជីវកម្មសរុបប្រមាណជាង ៩៥លានដុល្លារ កើនឡើង ៥,៤២%។ ជាមួយគ្នានេះដែរ […]

ត្រីមាសទី១​ ឆ្នាំ២០២៤ កំពង់ផែស្វយ័តភ្នំពេញ រកចំណូលបានជាង ៨លានដុល្លារ កើន ៧%​

ក្នុងត្រីមាសទី១ ឆ្នាំ២០២៤ នេះ កំពង់ផែស្វយ័តភ្នំពេញ រកចំណូលបាន ៨.០៦៤.៦៥៧ដុល្លារ ដែលកើនឡើង ៧% ធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២៣ ខណៈមិនទាន់ធ្វើសវនកម្មនៅឡើយ។ នេះបើតាមសេចក្តីប្រកាសពត៌មានចុះថ្ងៃទី១២ ខែមេសា ឆ្នាំ២០២៤។ ចំណូលនេះ បានបែងចែកជាចំណូលពីប្រតិបត្តិការផែ មានចំនួន ៦.៥១៧.១៨៥ដុល្លារ កើន ១២% ចំណូលពីអាជ្ញាធរផែ មានចំនួន ១.៣០៩.៦៩៣ដុល្លារ កើន ១៤% និងចំណូលពីសេវាកម្មផ្សេងៗ មានចំនួន ២៣៧.៧៧៩ដុល្លារ ធ្លាក់ចុះ ៦៩%។ ដោយឡែកសម្រាប់ខែមីនាវិញ កំពង់ផែស្វយ័តភ្នំពេញ រកចំណូលបាន ២.៨៤៩.៦០៨ដុល្លារ (ពុំទាន់ធ្វើសវនកម្ម) ដកើនឡើង ៦% ធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២៣។ គួរបញ្ជាក់ថា ថ្មីៗនេះដែរ កំពង់ផែស្វយ័តភ្នំពេញ បានសម្ពោធដាក់ឱ្យប្រើប្រាស់ចំណតផែរណបពហុបំណងចំនួន ០៣ទីតាំង រួមមាន TS១១(នៅរាជធានីភ្នំពេញ), UM២(ស្ថិតក្នុងខេត្តត្បូងឃ្មុំ) និង LM២៦(ស្ថិតក្នុងខេត្តព្រៃវែង)។ (អានបន្ថែម)   - Video Advertisement -