អាមេរិកនិងអ៊ឺរ៉ុបប្រឹងរិតពន្ធ ខណៈចិនប្រឹងរើ៖ កំណើននាំចេញចិនកើន ៧,៦%  ជាដង្ហើមថ្មីនៃសេដ្ឋកិច្ចសាកល

ការនាំចេញរបស់ប្រទេសចិនបានកើនឡើង ៧,៦% គិតត្រឹមខែឧសភា ដែលផ្តល់នូវការជំរុញឡើងវិញដ៏សំខាន់ដល់សេដ្ឋកិច្ចធំបំផុតទីពីររបស់ពិភពលោក បន្ទាប់ពីមានវិបត្តិទីផ្សារអចលនទ្រព្យដែលកំពុងបន្ត និងតម្រូវការក្នុងស្រុកបានថមថយអស់មួយរយៈធំមកហើយនោះ។ ការកើនឡើងវិញដ៏គួរឱ្យកត់សម្គាល់នេះ ត្រូវបានរាយការណ៍ដោយការិយាល័យគយរបស់ប្រទេសចិនកាលពីដើមខែមិថុនា ដែលបានឡើងលើសពីការកើនឡើង ១,៥%កាលពីកំឡុងខែមេសា និងលើសពីការរំពឹងទុករបស់អ្នកសេដ្ឋកិច្ចដែលធ្លាប់បានព្យាករថានឹងមានកំណើនត្រឹមតែ ៦,០% តែប៉ុណ្ណោះ នេះបើយោងបច្ចុប្បន្នភាពដោយសារៈព័ត៌មាន  Nikkei Asia ចុះផ្សាយនៅថ្ងៃទី ០៧ ខែមិថុនា ឆ្នាំ ២០២៤។

ដោយឡែក ការនាំចូលរបស់ប្រទេសចិន បានកើនឡើងតិចតួច គឺប្រមាណតែ ១,៨%ក្នុងខែឧសភា ធ្លាក់ចុះពីការកើនឡើងដល់ទៅ ៨,៤% ក្នុងកំឡុងខែមេសា ហើយបានធ្លាក់ចុះតិចជាងកំណើន ៤,២% ដែលជាតួលេខធ្លាប់ត្រូវបានព្យាករដោយការស្ទង់មតិរបស់សារៈព័ត៌មាន Reuters ។ ការអនុវត្តវិធានការនាំចេញយ៉ាងខ្នះខ្នែងរបស់ជាតិ មានឥទ្ធិពលមួយចំណែកទៅលើនិន្នាការថ្មីនេះ ដែលនាំមុខដោយផលិតផលបច្ចេកវិទ្យាខ្ពស់ ដូចជាផលិតផលបន្ទះសៀគ្វី ដែលទទួលបានកំណើនប្រមាណ ២៨,៥ % ។ ការនាំចេញរថយន្តក៏នៅតែជាចំណែកដ៏សំខាន់ផងដែរ ដែលទំហំនាំចេញសរុបបើគិតជាទឹកប្រាក់ស្មើនឹងប្រមាណ ១០,៥ ពាន់លានដុល្លារ ជាមួយនឹងការកើនឡើងនៃចំនួនគ្រឿងដែលបានដឹកជញ្ជូន បើទោះបីជាតម្លៃជាមធ្យមមានការថយចុះបន្តិចក៏ដោយ។

ចំណុចដែលគួរចាប់អារម្មណ៍នោះ គឺថាការកើនឡើងនៃការនាំចេញកើតឡើងចំពេលដែលភាពតានតឹងពាណិជ្ជកម្មពិភពលោកកើនឡើង។ ថ្មីៗនេះ សហរដ្ឋអាមេរិកបានដំឡើងពន្ធលើការនាំចូលរថយន្តអគ្គិសនីចិន បន្ទះស្រូបពន្លឺព្រះអាទិត្យ គ្រឿងអេឡិចត្រូនិក និងផលិតផលដែក និងអាលុយមីញ៉ូមមួយចំនួន ខណៈដែលសហភាពអឺរ៉ុបគ្រោងនឹងដាក់ពន្ធថ្មីលើរថយន្តអគ្គិសនីរបស់ចិនក្នុងពេលឆាប់ៗនេះផងដែរ។ បណ្តាប្រទេសនៅអាមេរិកឡាទីន ដូចជាម៉ិកស៊ិក ឈីលី និងប្រេស៊ីល ក៏បានដំឡើងពន្ធលើដែកថែបរបស់ចិនផងដែរ។

ទោះបីជាមានបញ្ហាប្រឈមទាំងនេះក៏ដោយ វិស័យផលិតកម្មរបស់ប្រទេសចិនបានបង្ហាញពីភាពធន់។ លោក Zichun Huang សេដ្ឋវិទូចិននៅក្រុមហ៊ុន Capital Economics បានកត់សម្គាល់ថា “តម្លៃនៃការនាំចេញបានកើនឡើង [ពីមួយឆ្នាំទៅមួយឆ្នាំ] ក្នុងល្បឿនដ៏លឿនបំផុតចាប់តាំងពីខែមេសា ឆ្នាំ ២០២៣ ជាមួយនឹងបរិមាណនាំចេញក៏កើនឡើងខ្លាំងផងដែរ”

លោក Huang បានបន្ថែមថា “ពន្ធគយថ្មីទំនងជាមិនគំរាមកំហែងដល់ការនាំចេញភ្លាមៗនោះទេ ហើយវាថែមទាំងអាចជំរុញឱ្យមានការកើនឡើងក្នុងរយៈពេលខ្លី ដោយសារក្រុមហ៊ុនពន្លឿនការនាំចេញដើម្បីចៀសវាងការបង់ពន្ធ។ ពេលនេះ ស្ថាប័នស្រាវជ្រាវផ្នែកវិទ្យាសាស្ត្រសេដ្ឋកិច្ចចិន Capital Economics ព្យាករថា “នឹងមានកំណើនពីរខ្ទង់ក្នុងបរិមាណនាំចេញសម្រាប់ឆ្នាំ ២០២៤ ដោយព្យាករថា កំណើន GDP ប្រទេសចិននៅឆ្នាំនេះ  កើនឡើង ៥,៥% លើសពីការព្យាករពីមុន ដែលមានត្រឹមតែ ៥,០% ប៉ុណ្ណោះ។”

ការ​នាំ​ចូល​ត្រូវ​បានរងឥទ្ធិពលពី​ការ​ធ្លាក់​ចុះ​តម្លៃ​ផលិតផល​កសិកម្មប្រមាណ ១៣,៦%។ ទោះជាយ៉ាងណាក៏ដោយ ការនាំចូលពីកូរ៉េខាងត្បូង និងតៃវ៉ាន់ បានបង្ហាញពីកំណើនគួរឱ្យកត់សម្គាល់ ខណៈពេលដែលការនាំចូលពីសហរដ្ឋអាមេរិកបានធ្លាក់ចុះ ៧,៨%។ ជាមួយគ្នានេះ ការនាំចូលពីប្រទេសប្រេស៊ីលបានធ្លាក់ចុះ ១៧,៧%នៅក្នុងខែឧសភា បន្ទាប់ពីការកើនឡើងរហូតដល់ ២០,៧%នៅក្នុងខែមេសា ខណៈការនាំចេញទៅប្រទេស​ប្រេស៊ីលវិញ កើនឡើងដល់ ៤៨,៩%។ ចំណែកឯការ​នាំ​ចេញទៅបណ្តាប្រទេសក្នុង​តំបន់​អាស៊ាន ​​កើន​ឡើង ២២,៥%។

អតិរេកពាណិជ្ជកម្មរបស់ប្រទេសចិនបានកើនឡើងដល់ ៨២,៦២ ពាន់លានដុល្លារក្នុងខែឧសភា កើនឡើងពី ៧២,៣៥ ពាន់លានដុល្លារក្នុងខែមេសា។ សរុបមក ក្នុងរវាងរយៈពេលប្រាំខែដំបូងនៃឆ្នាំ ២០២៤ ការនាំចេញបានកើនឡើង ២,៧% ខណៈពេលដែលការនាំចូលកើនឡើង ២,៩% ដែលឆ្លុះបញ្ចាំងពីពន្លឺផ្លាស់ប្តូរថ្មី ដែលកំពុងបន្តប្រឹងរះឡើងវិញនៅក្នុងសក្ដានុពលពាណិជ្ជកម្មពិភពលោក៕

- Video Advertisement -

ព័ត៌មានដែលទាក់ទង

ពិព័រណ៍សំណង់កម្ពុជា ២០២៤ ជាមួយអនាគតដ៏អស្ចារ្យនៃការអភិវឌ្ឍក្នុងឧស្សហកម្មសំណង់

មកកត់ត្រាទុកប្រតិទិនរបស់អ្នកសម្រាប់ព្រឹត្តិការណ៍ដ៏សំខាន់បំផុតមួយក្នុងឧស្សាហកម្មសំណង់នៅកម្ពុជា! សមាគមអ្នកសាងសង់កម្ពុជា (CCA) មានសេចក្តីរំភើបរីករាយក្នុងការប្រកាសពីពិព័រណ៍សំណង់កម្ពុជានាពេលខាងមុខ ដែលគ្រោងនឹងប្រព្រឹត្តទៅពីថ្ងៃទី ៥ ដល់ថ្ងៃទី ៧ ខែធ្នូ ឆ្នាំ ២០២៤ ខាងមុខនេះ។ ការតាំងពិព័រណ៍នេះគឺជាពេលវេលាមួយដ៏សំខាន់បំផុតនៃវិស័យសំណង់ដែលកំពុងរីកលូតលាស់។ ក្នុងរយៈពេលបីថ្ងៃប្រកបដោយថាមវន្ត ពិព័រណ៍នេះនឹងបង្ហាញពីការច្នៃប្រឌិត និងការផ្តល់ជូនរបស់ក្រុមហ៊ុនក្នុងស្រុក និងអន្តរជាតិរាប់រយ ដោយបង្ហាញផលិតផលជាង 2,000 និងសេវាកម្មជាង 50។ អ្នកចូលរួមនឹងរំពឹងថានឹងទទួលបានចំណេះដឹង និងឱកាសបង្កើតបណ្តាញជាច្រើន ដោយសារព្រឹត្តិការណ៍នេះនឹងមានសិក្ខាសាលាដែលមានគោលបំណងអប់រំអ្នកចូលរួមឱ្យយល់ដឹងពីច្បាប់ បទបញ្ញត្តិ និងនីតិវិធីនៃការសាងសង់ថ្មី។ ចំណុចលេចធ្លោមួយនៃព្រឹត្តិការណ៍នេះគឺកម្មវិធីបណ្តាញធុរកិច្ច ដែលត្រូវបានរៀបចំឡើងដើម្បីពង្រឹងទំនាក់ទំនងរវាងសមាជិក និងអ្នកចូលរួម ដោយផ្តល់កន្លែងសម្រាប់ពាណិជ្ជករក្នុងការជួប និងស្វែងយល់ពីវឌ្ឍនភាពចុងក្រោយបង្អស់នៅក្នុងទីផ្សារសំណង់។ ចាប់តាំងពីការបង្កើតឡើងក្នុងឆ្នាំ 2011 CCA បានដើរតួនាទីយ៉ាងសំខាន់ក្នុងការលើកកម្ពស់កំណើននៃវិស័យសំណង់នៅកម្ពុជា។ សមាគមនេះត្រូវបានគ្រប់គ្រងដោយសមាជិកក្រុមប្រឹក្សាភិបាលដែលត្រូវបានជ្រើសរើសរៀងរាល់ប្រាំឆ្នាំម្តងដោយសមាជិករបស់ខ្លួន។ បច្ចុប្បន្ន លោកអ្នកឧកញ៉ាបណ្ឌិត ពុង ខៀវសែ ជាប្រធានក្រុមប្រឹក្សាភិបាលធនាគារកាណាឌីយ៉ា និងសាជីវកម្មវិនិយោគក្រៅប្រទេសកម្ពុជា (OCIC) បានដឹកនាំ CCA ដោយបង្ហាញពីការយកចិត្តទុកដាក់ជាបន្តបន្ទាប់របស់គាត់ក្នុងការលើកកម្ពស់បេសកកម្មរបស់សមាគម។ កុំឲ្យឱកាសនេះកន្លងផុតទៅ ដើម្បីចូលរួមជាមួយអ្នកដឹកនាំឧស្សាហកម្ម និងស្វែងយល់ពីអនាគតនៃការសាងសង់នៅកម្ពុជា។ ចូលរួមជាមួយយើងនៅក្នុងពិព័រណ៍សំណង់កម្ពុជាឆ្នាំ 2024 និងជាផ្នែកមួយនៃដំណើរផ្លាស់ប្តូរនៅក្នុងវិស័យសំណង់! - Video Advertisement […]

ក្រុមហ៊ុនចិនចំនួន២ ប្រកាសពីផែនការពង្រីកការវិនិយោគបង្កើតរោងចក្រកាត់ដេរបន្ថែមទៀតនៅកម្ពុជា

ក្រុមហ៊ុនចិនចំនួនពីរ គឺក្រុមហ៊ុន Fortune Rich Trade Co., Ltd. និងក្រុមហ៊ុន Ju Wang Footwear Co., Ltd. បានបង្ហាញពីផែនការរបស់ខ្លួនក្នុងការពង្រីកការវិនិយោគបង្កើតរោងចក្រសម្លៀកបំពាក់ស្ត្រី និងកុមារនៅកម្ពុជាបន្ថែមទៀត។ ផែនការដ៏សំខាន់នេះ ត្រូវបានប្រកាសក្នុងជំនួបរវាងសម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត និងប្រធានក្រុមហ៊ុនទាំងពីរខាងលើ នៅថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០២៤ ដែលធ្វើឡើងនៅទីក្រុងគុនមីង ខេត្តយូណាន នៅខាងក្រៅកិច្ចប្រជុំកំពូលមហាអនុតំបន់មេគង្គ (GMS) លើកទី៨។ ក្នុងជំនួបនោះ លោកប្រធានក្រុមហ៊ុនបានកោតសរសើរចំពោះរាជរដ្ឋាភិបាលកម្ពុជា ដែលបានបង្កើតនូវបរិយាកាសវិនិយោគមួយប្រកបដោយស្ថិរភាព និងអនុគ្រោះ សម្រាប់វិនិយោគិន និងបានថ្លែងអំណរគុណចំពោះរាជរដ្ឋាភិបាលកម្ពុជាដែលតែងតែផ្ដល់ការគាំទ្រដល់ដំណើរការអាជីវកម្មរបស់ក្រុមហ៊ុននៅកម្ពុជាផងដែរ។ លើសពីនេះ លោកប្រធាន បានរាយការណ៍ពីភាពជោគជ័យរបស់ក្រុមហ៊ុននៅក្នុងប្រទេសកម្ពុជានាពេលកន្លងមក និង បានលើកឡើងពីផែនការពង្រីកទុនវិនិយោគតាមរយៈបង្កើតរោងចក្រនៅកម្ពជាបន្ថែមទៀត ដែលផ្តោតលើការផលិតសម្លៀកបំពាក់របស់ស្ត្រី និងកុមារសម្រាប់នាំចេញទៅកាន់ទីផ្សារអន្តរជាតិ។ នាឱកាសនោះ សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានសម្ដែងនូវការអរសាទរចំពោះភាពជោគជ័យរបស់ក្រុមហ៊ុនទាំងពីរនៅកម្ពុជា និងបានគូសបញ្ជាក់ថាវិស័យវាយនភ័ណ្ឌ និងសំលៀកបំពាក់ ជាវិស័យដែលកំពុងមានការរីកចម្រើនខ្លាំង ខណៈរាជរដ្ឋាភិបាលបានដាក់ចេញនូវគោលនយោបាយជាច្រើន ដើម្បីគាំទ្រដល់ភាពជោគជ័យរបស់ក្រុមហ៊ុន សហគ្រាសដែលបានបណ្ដាក់ទុនវិនិយោគនៅកម្ពុជាផងដែរ។ គំនិតផ្តួចផ្តើមនេះបានឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តរបស់កម្ពុជាក្នុងការក្លាយខ្លួនជាតួអង្គដ៏សំខាន់ក្នុងឧស្សាហកម្មវាយនភណ្ឌពិភពលោក និងគូសបញ្ជាក់ពីសារៈសំខាន់នៃភាពជាដៃគូអន្តរជាតិក្នុងការជំរុញកំណើនសេដ្ឋកិច្ចរបស់ខ្លួន។ - […]

ផលប្រយោជន៍នយោបាយនៅពីក្រោយរឿងក្តីកាស៊ីណូ Baha Mar៖ តុលាការក្រុងញ៉ូវយ៉ក ឱ្យក្រុមហ៊ុនចិនបង់ប្រាក់ចំនួន $១,៦ពាន់លាន

តុលាការក្រុងញូវយ៉កបានបញ្ជាឱ្យក្រុមហ៊ុន China Construction America Inc. (CCA) ដែលជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់រដ្ឋចិន China State Construction Engineering ឱ្យបង់ប្រាក់ចំនួន ១,៦ ពាន់លានដុល្លារអាមេរិកដល់ក្រុមហ៊ុន BML Properties ដែលជាម្ចាស់ដើមនៃរមណីយដ្ឋានកាស៊ីណូ Baha Mar ក្នុងប្រទេស Bahamas បន្ទាប់ពី អ្នកម៉ៅការត្រូវបានរកឃើញថាបានប្រព្រឹត្ត “អំពើក្លែងបន្លំជាច្រើន” កំឡុងពេលកាន់កាប់គម្រោង។ សេចក្តីសម្រេចនេះ គឺជាជ័យជំនះផ្លូវច្បាប់ដ៏សំខាន់មួយសម្រាប់ស្ថាបនិកក្រុមហ៊ុន BML លោក Sarkis Izmirlian ដែលបានដាក់បណ្តឹងកាលពីឆ្នាំ ២០១៧។ សាលក្រមនេះ ក៏រួមបញ្ចូលទាំងការតម្រូវឱ្យសងសំណងចំនួន ៨៤៥ លានដុល្លាររបស់ BML បូកនឹងការប្រាក់បង្គរចាប់តាំងពីខែឧសភា ២០១៤ ខណៈក្រុមហ៊ុន CCA ប្តេជ្ញាប្តឹងឧទ្ធរណ៍ចំពោះការសម្រេចចិត្តនេះ នេះ​បើ​តាមសារៈព័ត៌មាន scmp ចុះថ្ងៃទី ២៤ ខែតុលា ឆ្នាំ ២០២៤។ គម្រោង Baha Mar ដែលដំបូងឡើយ ជាគម្រោងអភិវឌ្ឍន៍មានបំណងក្លាយជាគោលដៅទេសចរណ៍និងរមណីយដ្ឋានប្រណីតលំដាប់ពិភពលោក […]

ដំណើរទេសចរណ៍ធុរកិច្ចរបស់សមាគមអ្នកសាងសង់កម្ពុជានៅទីក្រុងហ្វូសានបានបញ្ចប់ដោយជោគជ័យ

កិច្ចសហប្រតិបត្តិការតាំងបង្ហាញពិព័រណ៌កម្រិតអន្តរជាតិដ៏ធំមួយត្រូវបានរៀបចំឡើង ដោយមានការអញ្ជើញចូលរួមពីសមាជិកសមាគមអ្នកសាងសង់កម្ពុជាក្នុងឋាជាភ្ញៀវកិត្តិយស និងដៃគូអន្តរជាតិ បានរៀបចំដំណើរទេសចរណ៍ធុរកិច្ចដ៏ពិសេសមួយ ដើម្បីចូលរួមក្នុងពិព័រណ៍ Foshan Building Materials and Sanitary Ware RCEP & Central Asia Fair and Conference នៅទីក្រុង Foshan ខេត្ត Guangdong ប្រទេសចិន ពីថ្ងៃទី ១៨ ដល់ថ្ងៃទី២១ ខែតុលា ឆ្នាំ២០២៤។ នេះជាព្រឹត្តិការណ៍មួយដ៏សំខាន់សម្រាប់ក្រុមហ៊ុនសំណង់កម្ពុជាដើម្បីភ្ជាប់ទំនាក់ទំនងជាមួយអ្នកដឹកនាំឧស្សាហកម្ម អ្នកផ្គត់ផ្គង់ និងដៃគូដែលមានសក្តានុពលក្នុងវិស័យសំណង់នៅប្រទេសចិន ខណៈដែលបរិបទនៃសំណង់ជុំវិញពិភពលោកមានការវិវឌ្ឍយ៉ាងឆាប់រហ័ស។ ដំណើរធុរកិច្ចនៃសន្និសីទនេះបានផ្តល់ឱកាសពិសេសសម្រាប់អ្នកចូលរួមក្នុងការស្វែងរកទីផ្សារថ្មី និងជំរុញទំនាក់ទំនងអាជីវកម្មកាន់តែសំខាន់។ ដំណើរទស្សនកិច្ចនេះបានផ្តោជាសំខាន់លើកិច្ចសហប្រតិបត្តិការក្នុងតំបន់លើវិស័យ​សំណង់ដែលកាន់តែរីកចម្រើនខ្លាំង ជាពិសេសក្នុងក្របខ័ណ្ឌ RCEP ។ អ្នកចូលរួមបានបង្ហាញការពិភាក្សាប្រកបដោយផ្លែផ្កា និងបានចូលរួមក្នុងកិច្ចពិភាក្សាផ្គូផ្គងដៃគូអាជីវកម្មដែលរៀបចំឡើងដើម្បីជួយសម្រួលដល់កិច្ចសហការ ដោយផ្តោតលើការច្នៃប្រឌិត និងនិរន្តរភាព ហើយតំណាងកម្ពុជាបានបង្ហាញពីជំនាញ និងបំណងរបស់ខ្លួន នៅក្នុងកិច្ចសហប្រតិបត្តិការ និងឆ្លុះបញ្ចាំងពីសក្តានុពលនៃឧស្សាហកម្មសំណង់របស់កម្ពុជា។ ការចូលរួមរបស់សមាគមអ្នកសាងសង់កម្ពុជានៅក្នុងព្រឹត្តិការណ៍នេះ មិនត្រឹមតែបង្ហាញពីការប្តេជ្ញាចិត្ត ចំពោះភាពរីកចម្រើននៃឧស្សាហកម្មប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបញ្ជាក់ពីសារៈសំខាន់នៃភាពជាដៃគូអន្តរជាតិក្នុងការស្វែងរកឱកាសសេដ្ឋកិច្ចពិភពលោកដែលមានទំនាក់ទំនងគ្នាកាន់តែខ្លាំងឡើង។ នៅពេលដែលការអភិវឌ្ឍវិស័យសំណង់ក្នុងសាកលលោកបន្តនិន្នាការផ្លាស់ប្តូរ គំនិតផ្តួចផ្តើមនេះទំនងជានឹងត្រួសត្រាយផ្លូវសម្រាប់កិច្ចសហការ និងការរីកចម្រើននាពេលអនាគតនៅក្នុងវិស័យសំណង់កម្ពុជា។ - Video […]

១០ខែនេះ កម្ពុជានាំចូលដែកសរុបជាង ៥០០លានដុល្លារ កើន៦៥ភាគរយ

នៅក្នុងការអភិវឌ្ឍន៍គួរឱ្យកត់សម្គាល់សម្រាប់វិស័យសំណង់ ការនាំចូលដែក និងដែកថែបរបស់កម្ពុជាបានកើនឡើងដល់ជាង ៥០៥លានដុល្លារ ក្នុងរយៈពេល ១០ខែដំបូងនៃឆ្នាំ២០២៤ ។ តួលេខគួរឱ្យកត់សម្គាល់នេះ ត្រូវបានតំណាងឱ្យការកើនឡើង ៦៥ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ដែលការនាំចូលមានត្រឹមតែ ៣០៥លានដុល្លារប៉ុណ្ណោះ។ នេះ​បើ​តាមរបាយការណ៍របស់​អគ្គនាយកដ្ឋាន​គយ និង​រដ្ឋាករ​កម្ពុជា (GDCE)។ ក្នុងខែតុលាតែមួយបានកត់ត្រាថា ការនាំចូលដែក និងដែកដែលមានចំនួនសរុប ៥២,៥លានដុល្លារ ពោលគឺកើនឡើង ១០៥ភាគរយ ធៀបនឹងខែតុលា ឆ្នាំ២០២៣ ដែលមានចំនួននាំចូលត្រឹមតែ ២៥,៤លានដុល្លារប៉ុណ្ណោះ។ បច្ចុប្បន្នការនាំចូលដែក និងដែកថែប បានរួមចំណែក ២,២ភាគរយ នៃការនាំចូលសរុបរបស់កម្ពុជា ដែលមានតម្លៃប្រមាណ ២៣,៤ ពាន់លានដុល្លារ។ អ្នក​ជំនាញ​បានចាត់​ទុកថា ​ការ​កើន​ឡើង​នេះ​ជា​សញ្ញា​វិជ្ជមាន ដែល​បង្ហាញ​ថា​វិស័យ​សំណង់​របស់​កម្ពុជា​កំពុង​ងើប​ឡើង​វិញ​ជា​បណ្តើរៗ​ពី​បញ្ហា​ប្រឈម​នាៗ នាពេលកន្លងមក។ - Video Advertisement -

១០ខែ កំពង់ផែស្វយ័តភ្នំពេញទទួលបានកុងតឺន័រឆ្លងកាត់ជាង ៤០ម៉ឺនTEUs កើនជិត ២០%

នៅក្នុងសមិទ្ធិផលដ៏គួរឱ្យកត់សម្គាល់ កំពង់ផែស្វយ័តភ្នំពេញបានបង្ហាញរបាយការណ៍ថាទទួលបានកុងតឺន័រជាង ៤០ម៉ឺន TEUs ក្នុងរយៈពេលដប់ខែដំបូងនៃឆ្នាំ២០២៤ ដែលជាការកើនឡើងជិត ២០ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ កំណើនដ៏សំខាន់នេះបានឆ្លុះបញ្ចាំងពីការពង្រីកជាបន្តបន្ទាប់របស់កំពង់ផែ និងការបង្កើនតួនាទីនៅក្នុងវិស័យភស្តុភាររបស់កម្ពុជា។ នេះបើយោងតាមរបាយការណ៍ផ្សព្វផ្សាយលើទំព័រហ្វេប៊ុកផ្លូវការរបស់កំពង់ផែ នៅថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៤។ តាមប្រភពដដែលបានឱ្យដឹងទៀតថា សម្រាប់ខែតុលាតែមួយ កំពង់ផែស្វយ័តភ្នំពេញទទួលបាន ៣៥.២៦៤ TEUs ដែលមានការកើនឡើង ១៧,៧៥ភាគរយ ធៀបនឹងខែតុលា ឆ្នាំ២០២៣។ តួលេខទាំងអស់នេះបង្ហាញឱ្យឃើញថា ដំណើរការដ៏រឹងមាំរបស់កំពង់ផែចំពេលមានការប្រកួតប្រជែងក្នុងស្ថានភាពសេដ្ឋកិច្ចពិភពលោក។ បើនិយាយពីប្រាក់ចំណូលវិញ កំពង់ផែនេះរកបានជាង ២៧លានដុល្លារក្នុងអំឡុងពេលប្រាំបីខែដំបូងនៃឆ្នាំ ២០២៤ ដែលនេះជាការឆ្លុះបញ្ចាំងពីការកើនឡើង ១៥ភាគរយ ធៀបនឹងឆ្នាំមុន។ ប្រភពចំណូលទាំនោះរួមមានជាង ២២លានដុល្លារពីប្រតិបត្តិការកំពង់ផែ ជាង ៣លានដុល្លារពីអាជ្ញាធរកំពង់ផែ និងប្រាក់ចំណូលបន្ថែមពីសេវាកម្មផ្សេងៗដែលផ្តល់ដោយកំពង់ផែ។(អានបន្ថែម) យ៉ាងណាក៏ដោយ កំពង់ផែស្វយ័តភ្នំពេញនៅតែបន្តដើរតួនាទីយ៉ាងសំខាន់ក្នុងការពង្រឹងសមត្ថភាពពាណិជ្ជកម្ម និងការតភ្ជាប់របស់កម្ពុជា ដោយពង្រឹងជំហររបស់ខ្លួនជាតួអង្គដ៏សំខាន់ក្នុងការដឹកជញ្ជូនទំនិញតាមផ្លូវសមុទ្រក្នុងតំបន់។ - Video Advertisement -