វៀតណាម ស្នើសុំនាយករដ្ឋមន្ត្រីនាំចូលខ្សាច់ពីកម្ពុជាបន្ថែម ខណៈតម្រូវការខ្សាច់ក្នុងស្រុកកំពុងកើនឡើងខ្លាំង

ថ្មីៗនេះ ក្រសួងឧស្សាហកម្មនិងពាណិជ្ជកម្មវៀតណាម បានដាក់សំណើជូននាយករដ្ឋមន្ត្រីវៀតណាមលោក Phạm Minh Chính ដើម្បីសុំគោលការណ៍នាំចូលខ្សាច់បន្ថែមទៀតពីប្រទេសកម្ពុជា សម្រាប់បំពេញតម្រូវការវិស័យសំណង់ក្នុងប្រទេសវៀតណាម នេះបើយោងតាមការធ្វើបច្ចុប្បន្នភាពព័ត៌មានដោយ បានធ្វើការស្ទង់មតិលើលទ្ធភាពនៃការនាំចូលខ្សាច់សំណង់ពីកម្ពុជាទៅវៀតណាម Vietnamnews.vn ចុះផ្សាយកាលពីថ្ងៃទី ២៤ ខែមិថុនា ឆ្នាំ ២០២៤ នេះ។

យោងតាមប្រភពដដែលបានឱ្យដឹងថា រហូតមកទល់ពេលនេះ ក្រសួងចំនួនពីររបស់វៀតណាម បានធ្វើការសិក្សាសមិទ្ធិលទ្ធភាព (Survey on Feasibility) រួចទៅហើយ អំពីលទ្ធភាពដែលអាចបើកការនាំចូលខ្សាច់ពីកម្ពុជាបន្ថែមទៀតនេះ។ លទ្ធផលនៃការសិក្សាសមិទ្ធិលទ្ធភាពនេះ បង្ហាញឱ្យឃើញថា ធនធានខ្សាច់របស់កម្ពុជា អាចបំពេញតម្រូវការវិស័យសំណង់រយៈពេលវែង និងតម្រូវការចាំបាច់នៅពេលក្រោយៗទៀត នៃខេត្តភាគខាងត្បូងវៀតណាមបាន។

ស្ថិតិពីសារៈព័ត៌មានវៀតណាម Vietnamnews.vn បង្ហាញថា បច្ចុប្បន្ន ប្រទេសកម្ពុជាបាននាំចេញខ្សាច់ទៅកាន់វៀតណាមប្រមាណពី ៥០.០០០ ទៅ ៦០.០០០ ម៉ែត្រគូបក្នុងមួយថ្ងៃ។ មិនតែប៉ុណ្ណោះ រដ្ឋាភិបាល​កម្ពុជា​គាំទ្រ​ការ​ធ្វើ​អាជីវកម្ម​ខ្សាច់​ ក្រោមលក្ខខណ្ឌសេដ្ឋកិច្ចទីផ្សារសេរី ​ដោយមិន​ធ្វើ​អន្តរាគមន៍​ក្នុង​ការ​កំណត់​តម្លៃ ហើយ​នឹង​ចេញ​វិញ្ញាបនបត្រ​បញ្ជាក់​ប្រភព​ដើមនៃធនធានខ្សាច់ថែមទៀត។ ច្បាប់កម្ពុជា ក៏តម្រូវឱ្យអ្នកធ្វើអាជីវកម្មនេះ មានអាជ្ញាប័ណ្ណបញ្ជាក់អាជីវកម្មត្រឹមត្រូវ ការបង់ពន្ធ និងការប្រកាន់ខ្ជាប់នូវបទប្បញ្ញត្តិពាក់ព័ន្ធស្តីពីការបូមយកខ្សាច់ ការដឹកជញ្ជូន និងការនាំចេញ។

ក្នុងសំណើដាក់ជូនប្រមុខរដ្ឋាភិបាលក្រុងហាណូយនោះ ក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្មវៀតណាម បានផ្តល់អនុសាសន៍ឱ្យ រដ្ឋាភិបាលចាត់ឱ្យក្រសួងកិច្ចការដឹកជញ្ជូនវៀតណាម ដឹកនាំ និងសម្របសម្រួលជាមួយក្រសួង ស្ថាប័នពាក់ព័ន្ធ ដើម្បីពិនិត្យ និងកំណត់តម្រូវការសរុប និងបរិមាណខ្សាច់ដែលត្រូវការរបស់សហគ្រាស និងអ្នកម៉ៅការសំណង់វៀតណាម (មុននឹងបន្តចរចាលើសមត្ថភាពផ្គត់ផ្គង់ខ្សាច់ពីកម្ពុជា)។ វិធានការនេះ នឹងជំរុញឱ្យមានការចរចាយ៉ាងសកម្មជាមួយក្រុមហ៊ុនកម្ពុជាសម្រាប់កិច្ចសន្យាទិញខ្សាច់ស្របតាមបទប្បញ្ញត្តិនៃប្រទេសទាំងពីរ។

បច្ចុប្បន្ននេះ កម្ពុជាបានផ្តល់អាជ្ញាបណ្ណទាញយក និងនាំចេញខ្សាច់ទៅឱ្យក្រុមហ៊ុនក្នុងស្រុកចំនួនបីប៉ុណ្ណោះ (ក្រុមហ៊ុនបរទេសមិនត្រូវបានអនុញ្ញាតឱ្យធ្វើអាជីវកម្មបូមខ្សាច់ឡើយ)។ ក្នុង​នោះមាន ​ក្រុមហ៊ុន​ចតុមុខ​កម្ពុជា​នាំ​ខ្សាច់​ចេញ​ពី ៤ ម៉ឺន​ទៅ ៦ ម៉ឺន​ម៉ែត្រគូប​ក្នុង​មួយ​ថ្ងៃ​ទៅ​ឲ្យ​ក្រុមហ៊ុន​វៀតណាម​ប្រហែល ១៥ ទៅ ២០ក្រុមហ៊ុន។ ក្រុមហ៊ុន សុខ ធារ៉ា ដែល​មាន​ដី​បម្រុង​ទុក​ខ្សាច់​ជាង ២០០​លាន​ម៉ែត្រ​គូប នៅ​មិន​ទាន់​នាំ​ខ្សាច់​ចេញ​ទៅ​វៀតណាម​នៅ​ឡើយ​ទេ។ ចំណែកឯ ក្រុមហ៊ុន Global Green Energy ផ្គត់ផ្គង់ប្រហែល ១០.០០០  ម៉ែត្រគូបក្នុងមួយថ្ងៃដល់ក្រុមហ៊ុនវៀតណាមចន្លោះពីរទៅបីក្រុមហ៊ុន។

យោងតាមក្រសួងឧស្សាហកម្មនិងពាណិជ្ជកម្មវៀតណាម ប្រទេសកម្ពុជាបានត្រៀមខ្លួនរួចជាស្រេចក្នុងការចេញវិញ្ញាបនបត្របញ្ជាក់ប្រភពដើមនៃខ្សាច់ដែលបានទិញក្នុងប្រទេសកម្ពុជា ដើម្បីកាត់បន្ថយការក្លែងបន្លំ និងការរត់ពន្ធខុសច្បាប់។

គួររំលឹកថា នាដើមខែមេសា ឧបនាយករដ្ឋមន្ត្រីវៀតណាម លោក Trần Hồng Hà បានដឹកនាំកិច្ចប្រជុំនៅទីក្រុងហូជីមិញ Hồ Chí Minh ជាមួយក្រសួង ស្ថាប័នពាក់ព័ន្ធ ដើម្បីពិភាក្សាអំពីស្ថានភាពនិងផែនការផ្គត់ផ្គង់ខ្សាច់ សម្រាប់យកមកដាក់គ្រឹះឱ្យគម្រោងផ្លូវក្រវ៉ាត់ក្រុងហូជីមិញ គឺផ្លូវជាតិលេខ ៣។

ក្នុងជំនួបនោះ ក្រសួងកិច្ចការដឹកជញ្ជូនវៀតណាមបានបញ្ជាក់ថា ចាប់ពីឆ្នាំ២០២១-២០២៥ តំបន់ដីសណ្ដទន្លេមេគង្គ និងតំបន់ភាគអាគ្នេយ៍កំពុងអនុវត្តគម្រោងផ្លូវល្បឿនលឿន និងគម្រោងសំខាន់ៗចំនួន២១ខ្សែ។ តម្រូវការសរុបសម្រាប់ការសាងសង់គម្រោងផ្លូវទាំងនោះ នឹងមានជិត ៧៧លានម៉ែត្រគូប ក្នុងនោះរួមមានដីប្រហែល ៧លានម៉ែត្រគូប និងខ្សាច់ជិត ៧០ លានម៉ែត្រគូប។

យោងតាមក្រសួងធនធានធម្មជាតិ និងបរិស្ថាន តម្រូវការខ្សាច់សម្រាប់ចាក់គ្រឹះផ្លូវក្រវ៉ាត់ក្រុង Hồ Chí Minh City លេខ៣ មានចំនួនប្រមាណ ៩,៣ លានម៉ែត្រគូប ក្នុងនោះបរិមាណខ្សាច់ដែលត្រូវការសម្រាប់តែក្នុងឆ្នាំ ២០២៤ មានប្រហែល ៦លានម៉ែត្រគូប។ បច្ចុប្បន្ននេះ បរិមាណខ្សាច់ដែលបានមកពីប្រភពក្នុងស្រុកនិងដែលបានចុះកិច្ចសន្យាក្នុងគម្រោងនេះរួចហើយនោះ មានប្រមាណ ៧លានម៉ែត្រគូប ដែលតួលេខនេះបង្ហាញថា វៀតណាមកំពុងខ្វះខាតខ្សាច់បន្ថែម ប្រមាណ ២,៣លានម៉ែត្រគូប។

ជុំវិញបញ្ហានេះ សមាគមអចលនទ្រព្យទីក្រុងហូជីមិញធ្លាប់បានរាយការណ៍ថា កម្ពុជាមានបំណងនាំចេញខ្សាច់ប្រហែល ១០០លានម៉ែត្រគូបក្នុងមួយឆ្នាំទៅកាន់ប្រទេសវៀតណាម៕

- Video Advertisement -

ព័ត៌មានដែលទាក់ទង

ក្រសួងការងារកម្ពុជា និងមូលនិធិការងារអន្តរជាតិជប៉ុន រួមគ្នាពង្រឹងគាំទ្រអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ

ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈរបស់កម្ពុជា រួមជាមួយមូលនិធិការងារអន្តរជាតិជប៉ុន (JILAF) បានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការក្រោមគម្រោងគាំទ្រសកម្មភាពថ្នាក់មូលដ្ឋាន តាមរយៈបណ្ដាញនិយោជក និងកម្មករនិយោជិតអន្ដរជាតិ។ អនុស្សរណៈនេះ ត្រូវបានចុះនៅថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៥ នៅទីក្រុងតូក្យូ ប្រទេសជប៉ុន ក្នុងគោលបំណងជំរុញការងារសមរម្យ និងការធ្វើឱ្យកាន់តែប្រសើរឡើងនូវជីវភាពរបស់អ្នកធ្វើការនៅក្នុងសេដ្ឋកិច្ចក្រៅប្រព័ន្ធនៅកម្ពុជា តាមរយៈការបណ្តុះបណ្ដា​ល​​វិជ្ជាជីវៈ ការរៀបចំសិក្ខាសាលាស្ដីពីការគ្រប់គ្រងហិរញ្ញវត្ថុ និងប្រព័ន្ធគាំពារសង្គមនៅ​កម្ពុជា។ បន្ថែមពីនេះ អនុស្សរណៈនេះ ជាការសន្យារបស់មូលនិធិការងារអន្តរជាតិជប៉ុន និងថ្នាក់ដឹកនាំក្រសួងសុខាភិបាល ការងារ និងសុខុមាលភាពជប៉ុន និងការិយាល័យអង្គការអន្ដរជាតិខាងការងារប្រចាំប្រទេសជប៉ុន ក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការជាមួយក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈរបស់កម្ពុជា ឱ្យកាន់តែស៊ីជម្រៅបន្ថែមទៀត។ ផ្អែកតាមអនុស្សរណៈនេះ វាជាការលើកកម្ពស់ជីវភាពរស់នៅរបស់អ្នកធ្វើការនៅក្នុងសេដ្ឋកិច្ចក្រៅប្រព័ន្ធ ដែលរួមមានជាអាទិ៍៖ អ្នកបម្រើការងារក្នុងសហគ្រាសធុនមីក្រូ តូច និងមធ្យម ដែលមិនបានចុះបញ្ជីការផ្លូវការ, អ្នកបម្រើក្នុងផ្ទះ, បុគ្គលស្វ័យនិយោជន៍ ដូចជា អ្នកបើកបររ៉ឺម៉កកង់បី (តុកតុក), អាជីវករលក់ដូរតាមផ្លូវ, កសិករខ្នាតតូច, អ្នកធ្វើការដោយប្រើថ្នាលបច្ចេកវិទ្យា និងបុគ្គលដទៃទៀតដែលបំពេញការងារដោយគ្មានកិច្ចសន្យាការងារផ្លូវការ គ្មានប្រាក់ចំណូលច្បាស់លាស់ ឬពុំទាន់ទទួលបានអត្ថប្រយោជន៍របបសន្ដិសុខសង្គមជាមូលដ្ឋាន។ បើតាម ឯកឧត្ដម ហេង សួរ បានឱ្យដឹងក្នុងពិធីចុះហត្ថលេខាខាងលើនេះថា មូលនិធិការងារអន្តរជាតិជប៉ុន (JILAF) បានសហការជាយ៉ាងជិតស្និទ្ធជាមួយក្រសួងការងារ […]

កម្ពុជា-អូស្រ្តាលី ប្តេជ្ញារួមគ្នាស្វែងរកយុទ្ធសាស្រ្តថ្មី ដើម្បីពង្រីកកិច្ចសហប្រតិបត្តិការវិនិយោគ និងពាណិជ្ជកម្មទ្វេភាគី

នៅក្នុងជំហានដ៏សំខាន់មួយឆ្ពោះទៅរកការពង្រឹងទំនាក់ទំនងទ្វេភាគី កម្ពុជា និងអូស្ត្រាលីបានសន្យាស្វែងរកយុទ្ធសាស្ត្រថ្មីសម្រាប់ការពង្រីកការវិនិយោគ និងកិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម។ ការប្ដេជ្ញាចិត្តនេះត្រូវបានលើកឡើងនៅក្នុងកិច្ចប្រជុំដែលធ្វើឡើងនៅថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៥ រវាង សម្តេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា និងលោកជំទាវ Frances Adamson អភិបាលរដ្ឋ នៃរដ្ឋអូស្ត្រាលីខាងត្បូង (South Australia-SA) ប្រទេសអូស្ត្រាលី។ កិច្ចពិភាក្សានេះ បានគូសបញ្ជាក់ពីផ្នែកសំខាន់ៗនៃកិច្ចសហប្រតិបត្តិការដែលមានសក្តានុពល រួមមាន ពាណិជ្ជកម្ម ការវិនិយោគ ការអប់រំ ថាមពលស្អាត កសិកម្ម និងការបណ្តុះបណ្តាលវិជ្ជាជីវៈ។ មេដឹកនាំទាំងពីរបានសង្កត់ធ្ងន់លើសារៈសំខាន់នៃការជំរុញទំនាក់ទំនងរវាងប្រជាជននិងប្រជាជនតាមរយៈការផ្លាស់ប្តូរវប្បធម៌ និងគំនិតផ្តួចផ្តើមទេសចរណ៍ ដែលត្រូវបានគេមើលឃើញថាមានសារៈសំខាន់សម្រាប់ការពង្រឹងទំនាក់ទំនងរវាងប្រជាជាតិទាំងពីរឱ្យកាន់តែស៊ីជម្រៅ។ សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត និងលោកជំទាវ Adamson បានបង្ហាញសុទិដ្ឋិនិយមថា កិច្ចខិតខំប្រឹងប្រែងលើសហប្រតិបត្តិការទាំងនេះ នឹងរួមចំណែកយ៉ាងសំខាន់ដល់ការអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមរបស់កម្ពុជា។ ការសន្ទនារបស់ពួកគេបានគូសបញ្ជាក់ពីចក្ខុវិស័យរួមនៃកំណើនទៅវិញទៅមក និងនិរន្តរភាពនៅក្នុងតំបន់ផងដែរ។ គួររំលឹកថា មុនកិច្ចប្រជុំនេះ មានកិច្ចប្រជុំដាច់ដោយឡែកមួយទៀតរវាងលោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មកម្ពុជា ជាមួយនិងគណៈប្រតិភូមកពីសមាគមធុរកិច្ចអូស្ត្រាលី នៅទីក្រុងស៊ីដនី ដែលបានពិភាក្សាអំពីឱកាសវិនិយោគ ដោយសមាគមធុរកិច្ចអូស្ត្រាលីបានបង្ហាញពីចំណាប់អារម្មណ៍ចង់វិនិយោគនៅកម្ពុជា ដោយផ្តោតលើវិស័យដូចជា ពាណិជ្ជកម្ម ការរុករករ៉ែ […]

កម្ពុជា-ឡាវ ឯកភាពគ្នាជំរុញការនាំចេញកសិផលរបស់កម្ពុជាទៅប្រទេសទី៣ តាមរយៈរថភ្លើងល្បឿនលឿននៅឡាវ

  កម្ពុជា និងឡាវ បានឯកភាពគ្នាជំរុញកសិពាណិជ្ជកម្មរវាងប្រទេសទាំងពីរ ដោយផ្តោតលើការនាំចេញផលិតផលស្វាយទៅប្រទេសទី៣ ដោយប្រើប្រាស់ប្រព័ន្ធផ្លូវដែកនិងរថភ្លើងល្បឿនលឿន ដើម្បីជំរុញកសិពាណិជ្ជកម្មទ្វេភាគី។ ការឯកភាពនេះ ត្រូវបានធ្វើឡើងរវាងឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្មកម្ពុជា និងក្រសួងកសិកម្មឡាវ ក្នុងឱកាសបំពេញទស្សនកិច្ចផ្លូវការនៅប្រទេសឡាវ ចាប់ថ្ងៃទី៣០ ខែមេសា ដល់ថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៥ ។ នៅក្នុងដំណើរទស្សនកិច្ចនេះ ភាគីទាំងពីរបានឯកភាពគ្នាជំរុញកសិពាណិជ្ជកម្មរវាងប្រទេសទាំងពីរ ដោយផ្តោតលើការនាំចេញផលិតផលស្វាយទៅប្រទេសចិន ឬប្រទេសទី៣ តាមរយៈការប្រើប្រាស់ប្រព័ន្ធផ្លូវដែកនិងរថភ្លើងល្បឿនលឿនឆ្លងកាត់ប្រទេសឡាវ ដើម្បីបើកទីផ្សារថ្មីសម្រាប់ផលិតផលកសិកម្មរបស់កម្ពុជា។ លើសពីនេះ ភាគីទាំងពីរ ក៏បានឯកភាពបន្តពង្រឹងកិច្ចសហប្រតិបត្តិការផ្សេងៗទៀតលើឆាកអន្តរជាតិក្នុងវិស័យកសិកម្ម ដើម្បីផលប្រយោជន៍រួមនៃប្រទេសទាំងពីរផងដែរ។ គួរបញ្ជាក់ថា ដំណើរទស្សនកិច្ចរបស់ក្រសួងកសិកម្មទៅកាន់ប្រទេសឡាវ ក៏មានគោលដៅស្វែងយល់ពីដំណើរការទាញយករ៉ែ Potash មកប្រើប្រាស់ជាសារធាតុផ្សំមួយក្នុងការផលិតជីកសិកម្ម និងភ្ជាប់ទំនាក់ទំនងឱ្យអ្នកវិនិយោគកម្ពុជាអាចនាំយកផលិតផលសម្រេចជីប៉ូតាស (potash-based fertilizer) មកប្រើប្រាស់ក្នុងការផលិតជីនៅកម្ពុជាថែមទៀត។ ភាពជាដៃគូនេះគឺជាជំហានដ៏ជោគជ័យមួយឆ្ពោះទៅរកការលើកកម្ពស់សន្តិសុខស្បៀង និងកំណើនសេដ្ឋកិច្ចទាំងនៅក្នុងប្រទេសកម្ពុជា និងឡាវ ដោយសង្កត់ធ្ងន់លើការប្តេជ្ញាចិត្តរបស់ពួកគេក្នុងការអភិវឌ្ឍផ្លូវពាណិជ្ជកម្មកសិកម្មប្រកបដោយនិរន្តរភាព៕ - Video Advertisement -

ក្រុមហ៊ុន AEON បើកការដ្ឋានសង់ផ្សារទំនើបថ្មី១ទៀតតម្លៃជិត ៤៦លានដុល្លារ នៅវៀតណាម

  នៅក្នុងការផ្លាស់ប្តូរយុទ្ធសាស្រ្តចំពេលមានការធ្លាក់ចុះនៃសេដ្ឋកិច្ចពិភពលោក ក្រុមហ៊ុនលក់រាយដ៏ធំរបស់ជប៉ុន AEON កំពុងពង្រឹងវត្តមានរបស់ខ្លួននៅក្នុងប្រទេសវៀតណាមជាមួយនឹងការបើកការដ្ឋានសាងសង់ផ្សារទំនើបថ្មីមួយ។ នៅថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៥ AEON Vietnam បានចាប់ផ្តើមការដ្ឋានសាងសង់ផ្សារទំនើប AEON HAI DUONG ក្នុងខេត្ត Hai Duong ដែលស្ថិតនៅភាគខាងជើងទីក្រុងហាណូយ។ គម្រោងនេះមានទុនវិនិយោគ ១,១៨ ពាន់លានដុង (ស្មើនឹងប្រមាណ ៤៥,៦១ លានដុល្លារ) នេះបើយោងតាមការចុះផ្សាយរបស់សាព័ត៌មាន theinvestor.vn នៅថ្ងៃទី២១ ខែមេសា ឆ្នាំ២០២៥។ គម្រោងផ្សារទំនើប AEON HAI DUONG នេះ មានទីតាំងស្ថិតនៅក្នុងឃុំ Lien Hong ក្រុង Hai Duong នៃខេត្ត Hai Duong គ្រោងនឹងបើកដំណើរការនៅក្នុងត្រីមាសទី៣ ឆ្នាំ២០២៦ ដោយរំពឹងថានឹងអាចបង្កើតការងារបានប្រមាណ ១.០០០កន្លែងថែមទៀត។ ផ្សារទំនើបថ្មីនេះ នឹងត្រូវសាងសង់លើផ្ទៃដីសរុបប្រមាណ ៣,៦ហិកតា ដែលនឹងមានកន្លែងចតរថយន្តធំទូលាយ អាចផ្ទុករថយន្តបានប្រហែល ៦០០គ្រឿង និងម៉ូតូ ១២០០គ្រឿង […]

ម៉ាឡេស៊ីបញ្ចេញថវិកា ២៥០លានដុល្លារ បណ្តុះអ្នកជំនាញផ្នែកបន្ទះឈីប ១ម៉ឺននាក់ ដើម្បីធ្វើបដិវត្តន៍រចនាបន្ទះឈីបក្នុងស្រុក

ប្រទេសម៉ាឡេស៊ី បានចុះហត្ថលេខាលើភាពជាដៃគូដែលមានតម្លៃ ២៥០លានដុល្លារ ជាមួយ ក្រុមហ៊ុន Arm Holdings ដែលមានមូលដ្ឋាននៅចក្រភពអង់គ្លេស ក្នុងកិច្ចព្រមព្រៀង ផ្តល់ឱ្យប្រទេស អាស៊ីអាគ្នេយ៍មួយនេះ ទទួលបានកម្មសិទ្ធិបញ្ញាកម្រិតខ្ពស់របស់ក្រុមហ៊ុនអាម (Arm ដែលក្រុមហ៊ុនលំដាប់ខ្ពស់ផ្នែកស៊ីមីកុងដាក់ទ័រ) ជាមួយនឹងគោលបំណងផ្លាស់ប្តូរពីសេដ្ឋកិច្ចផ្អែកលើ ការផលិតផល ទៅជាមជ្ឈមណ្ឌលរចនា និងការបង្កើតថ្មីដែលមានតម្លៃខ្ពស់នៅក្នុងខ្សែច្រវាក់ ផ្គត់ផ្គង់ទីផ្សារបន្ទះឈីបសកលលោក នេះបើយោងតាមសេចក្តីរាយការណ៍ដោយ TechHQ នៅថ្ងៃទី ១៣ ខែមីនា ឆ្នាំ ២០២៥។ កិច្ចព្រមព្រៀងនេះត្រូវបានចុះហត្ថលេខាជាផ្លូវការនៅថ្ងៃទី ៥ ខែមីនា ឆ្នាំ ២០២៥ នៅទីក្រុង Kuala Lumpur ដោយនាយករដ្ឋមន្ត្រី Anwar Ibrahim និងនាយកប្រតិបត្តិក្រុមហ៊ុន Arm លោក Rene Haas។ ការបោះជំហានថ្មីលើវិស័យបន្ទះឈីបនេះ  គឺជាចំណុចរបត់ដ៏សំខាន់មួយនៅក្នុងមហិច្ឆតា របស់ប្រទេសម៉ាឡេស៊ីក្នុងការក្លាយជាអ្នកដឹកនាំក្នុងតំបន់ លើវិស័យរចនាបន្ទះឈីប AI ដែលមានប្រសិទ្ធភាពខ្ពស់។ នៅក្រោមលក្ខខណ្ឌនៃកិច្ចព្រមព្រៀងរយៈពេលមួយទសវត្សរ៍នេះ ប្រទេសម៉ាឡេស៊ី នឹងផ្តល់អាជ្ញាប័ណ្ណ ប្រព័ន្ធរងកុំព្យូទ័រ (CSS) ចំនួនប្រាំពីរពីក្រុមហ៊ុន Arm […]

ក្នុងត្រីមាសទី១ ឆ្នាំ២០២៥ កម្ពុជានាំចូលដែកជាង ២១៧លានដុល្លារ កើនឡើង ៧៥%

ក្នុងរយៈពេលបីខែ ដើមឆ្នាំ២០២៥ នេះ កម្ពុជាបាននាំចូលដែក និងដែកថែប មានទឹកប្រាក់សរុបប្រមាណ ២១៧លានដុល្លារ មានកំណើនរហូតដល់ ៧៥% ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ដែលមានត្រឹមតែជាង ១២៤លានដុល្លារ ប៉ុណ្ណោះ។​ របាយការណ៍ពីអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា ចេញផ្សាយនៅថ្ងៃទី ១០​ ខែមេសា បានបង្ហាញថា មុខទំ​និញនាំចូលដែក និងដែកថែប តំណាងឱ្យ ២,៩% នៃការនាំចូលតម្លៃទំនិញសរុប ប្រមាណ ៧៥៧៣លានដុលា្លរ ដែលកម្ពុជានាំចូលក្នុងរយៈពេលបីខែនេះ។​ ក្នុងខែមីនាតែមួយ ទំហំនៃការនាំចូលដែកមានចំនួន ៧២លានដុល្លារ កើនឡើង ៩០ភាគរយ ធៀបនឹងឆ្នាំមុនដែលមានត្រឹមតែ ៣៧លានដុល្លារប៉ុណ្ណោះ។​ គួររំលឹកថា ថ្មីនេះ ADB បានព្យាករថា កំណើនសេដ្ឋកិច្ចកម្ពុជានឹងកើនឡើងដល់ ៦,១ភាគរយ សម្រាប់ឆ្នាំ២០២៥ នេះ និង ៦,២ភាគរយ​ សម្រាប់ឆ្នាំ២០២៦។ (អានបន្ថែម) កំណើននេះត្រូវបានជំរុញជាចម្បងដោយការបង្កើនតម្រូវការខាងក្រៅសម្រាប់ទំនិញផលិត និងការបន្តការងើបឡើងវិញនៃវិស័យទេសចរណ៍។ ចំណែក វិស័យសំណង់ និងអចលនវត្ថុគួរតែរស់ឡើងវិញជាបណ្តើរៗ ខណៈពេលដែលវិស័យកសិកម្មគួរតែបន្តទទួលបាន។ ឆ្នាំ២០២៥ និង២០២៦ ត្រូវបានរំពឹងថា […]