ក្រសួងដែនដី ប្តេជ្ញាជំរុញការចុះបញ្ជីដីធ្លីនៅកម្ពុជាឱ្យបានចប់សព្វគ្រប់នៅឆ្នាំ២០២៨
ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានដាក់ទិសដៅនៃការចុះបញ្ជីដីធ្លីឱ្យបានចប់សព្វគ្រប់ត្រឹមឆ្នាំ២០២៨ ខាងមុខ ខណៈបច្ចុប្បន្ននៅសល់ក្បាលដីជាង ១លានទៀត។ ឯកឧត្តម សាយ សំអាល់ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់បានលើកឡើងបែបនេះនៅក្នុងពិធីបើកពិព័រណ៍សំណង់ និងសម្ភារៈសាងសង់ខ្នាតអន្តរជាតិ នៅមជ្ឈមណ្ឌលពិព័រណ៍ និងសន្និបាតកោះពេជ្រ នៅថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៤។ ឧបនាយករដ្ឋមន្ត្រី លើកឡើងថា សម្តេចតេជោ ហ៊ុន សែន បានផ្តួចផ្តើម ការចុះបញ្ជីដីធ្លី តាំងពីឆ្នាំ ១៩៨៩ ហើយឆ្នាំ២០២៩ ខាងមុខនឹងត្រូវខួបទី៤០ នៃការចុះបញ្ជីដីធ្លីនៅកម្ពុជា។ ឧបនាយករដ្ឋមន្ត្រី មានប្រសាសន៍ថា៖ “នៅពីរបីឆ្នាំខាងមុខនេះ គឺខួបលើកទី៤០នៃការចុះបញ្ជីដីធ្លី។ ក្នុងខួបទី៤០នេះ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ប្តេជ្ញាចិត្តខ្ពស់ និងការទទួលខុសត្រូវចំពោះមុខប្រជាជន ចំពោះមុខរាជរដ្ឋាភិបាល ចំពោះគណបក្ស គឺនឹងចុះបញ្ជីដីឱ្យបានចប់ ប្រហែលជាខែ១២ ឆ្នាំ២០២៨”។ គិតត្រឹមខែមករា ឆ្នាំ២០២៤ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានប្រគល់បណ្ណកម្មសិទ្ធិដីធ្លីប្រមាណ ៥លានបណ្ណជូនប្រជាពលរដ្ឋ។ (អានបន្ថែម) […]
រដ្ឋគ្រោងដំាដើមត្នោត ៣ម៉ឺនដើមថែមទៀតនៅតាមព្រំដែនកម្ពុជា-វៀតណាម ខណៈដាំបានជិត ២ម៉ឺនហើយ
ក្រសួងបរិស្ថាន គ្រោងដាំកូនត្នោត ៣ម៉ឺនដើមបន្ថែមទៀត នៅតាមខ្សែក្រវាត់ព្រំដែនកម្ពុជា-វៀតណាម បន្ទាប់ពីដាំបានប្រមាណជិត ២ម៉ឺនដើមរួចហើយ ដែលជាអត្តសញ្ញាណជាតិ និងផលប្រយោជន៍ជាច្រើនផ្នែកសេដ្ឋកិច្ច រាប់តាំងពីគល់ដល់ស្លឹក។ នេះបើតាមវិទ្យុជាតិកម្ពុជា បានចុះផ្សាយកាលពីថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០២៤។ ប្រភពនេះ បានដកស្រង់សម្តីរបស់ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន ដោយបានបញ្ជាក់ថា កូនត្នោតចំនួនជាង ៣ម៉ឺនដើមបន្ថែមទៀត នឹងផ្តល់ដល់អាជ្ញាធរមូលដ្ឋាន និងប្រជាពលរដ្ឋ ដើម្បីដាំនៅតាមខ្សែក្រវាត់ព្រំដែនកម្ពុជា-វៀតណាម ដែលមានប្រវែងប្រមាណ១២០គីឡូម៉ែត្រ ក្នុងភូមិសាស្ត្រខេត្តត្បូងឃ្មុំ កាលពីខែសីហានេះ។ ឯកឧត្តមបណ្ឌិត បានបន្ថែមថា ការដាំកូនត្នោត ជាការបណ្ដុះផ្នត់គំនិត «ពន្លកបៃតង» ដែលចូលរួមចំណែកក្នុងយុទ្ធសាស្រ្តចក្រាវិស័យបរិស្ថាន ដើម្បីផ្តល់ជាប្រយោជន៍ ដល់ប្រជាពលរដ្ឋកម្ពុជាគ្រប់រូប និងបរិស្ថាន។(អានបន្ថែម) ទន្ទឹមនឹងនេះ ឯកឧត្តមបណ្ឌិត បានបន្តថា ត្នោត គឺជាដើមរុក្ខជាតិរបស់ប្រទេសកម្ពុជា ហើយព្រឹត្តិការណ៍ដាំកូនត្នោតនេះ គឺពិតជាមានសារៈសំខាន់ណាស់ ក្នុងការបំផុសស្មារតីរបស់ពលរដ្ឋឱ្យស្រឡាញ់ធនធានធម្មជាតិ ស្រឡាញ់ទឹកដី ការពារនិងអភិរក្សធនធានធម្មជាតិ ការថែរក្សាអត្តសញ្ញាណ និងវប្បធម៌ជាតិរបស់ប្រទេសកម្ពុជា។ ក្រៅពីខេត្តត្បូងឃ្មុំ អាជ្ញាធរខេត្តកំពត ក៏បានប្រកាសពីយុទ្ធនាការដាំដើមត្នោតចំនួន ៤.៥០០ដើម នៅតាមសងខាងផ្លូវខ្សែក្រវ៉ាត់ព្រំដែនកម្ពុជា-វៀតណាម ប្រវែង ៣គីឡូម៉ែត្រ […]
រដ្ឋាភិបាលកម្ពុជា សម្រេចកាត់យកឃុំចំនួន៥ ពីស្រុកព្រៃនប់ បង្កើតជាក្រុងកំពង់សោម
រដ្ឋាភិបាលកម្ពុជាសម្រេចបង្កើតក្រុងកំពង់សោម ក្នុងខេត្តព្រះសីហនុ ដោយដកយកឃុំចំនួន ៥ ចេញពីស្រុកព្រៃនប់។ នេះបើយោងតាមអនុក្រឹត្យចុះថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៤ បានឲ្យដឹងថា ឃុំទាំង៥នោះរួមមាន ឃុំរាម ឃុំបិតត្រាំង អូរឧកញ៉ាហេង បឹងតាព្រហ្ម និងអូរជ្រៅ។ ជាមួយគ្នានេះដែរ សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានបញ្ជាក់ក្នុងអនុក្រឹត្យលេខ២០១អនក្រ.បក ថា ទីតាំងរដ្ឋបាលក្រុងកំពង់សោម នឹងត្រូវស្ថិតក្នុងសង្កាត់រាម។ ចំពោះរចនាសម្ព័ន្ធ និងប្រព័ន្ធគ្រប់គ្រងសាលាក្រុងកំពង់សោម ត្រូវគោរពតាមច្បាប់ និងបទប្បញ្ញត្តិពាក់ព័ន្ធ។ ក្រុមប្រឹក្សាស្រុកព្រៃនប់ និងគណៈអភិបាលស្រុកព្រៃនប់ ត្រូវបន្តគ្រប់គ្រងឃុំទាំង៥ រហូតដល់មានក្រុមប្រឹក្សាក្រុងកំពង់សោម និងគណៈអភិបាលក្រុងកំពង់សោម ត្រូវបានបង្កើតថ្មីមកជំនួស។ ជាងនេះទៅទៀត រដ្ឋមន្ត្រី និងអាជ្ញាធរពាក់ព័ន្ធ ត្រូវបានណែនាំឲ្យអនុវត្តអនុក្រឹត្យនេះ តាមភារកិច្ចរៀងៗខ្លួន ចាប់ពីថ្ងៃចុះហត្ថលេខាតទៅ។ គួរជម្រាបជូនថា ខេត្តព្រះសីហនុបច្ចុប្បន្នត្រូវបានបែងចែកជាពីរក្រុង និងស្រុកចំនួនបី។ ក្រុងទាំងពីរគឺក្រុងព្រះសីហនុ និងកោះរ៉ុង ចំណែកស្រុកចំនួនបី គឺស្រុកព្រៃនប់ កំពង់សិលា និងស្ទឹងហាវ។ ជាមួយនឹងការបង្កើតក្រុងកំពង់សោម នាពេលឆាប់ៗខាងមុខនេះ ខេត្តនឹងមានក្រុងថ្មីមួយបន្ថែមទៀត ដែលជាក្រុងទី៣ នៅក្នុងខេត្តព្រះសីហនុ។ - Video Advertisement […]
រដ្ឋាភិបាលកម្ពុជាបង្កើតកម្មវិធីថ្មីផ្តល់ដីដល់ប្រជាពលរដ្ឋក្រីក្រ ដើម្បីទប់ស្កាត់ការទន្ទ្រានព្រៃ និងដីរដ្ឋ
រដ្ឋាភិបាលកម្ពុជា គ្រោងដាក់ចេញនូវកម្មវិធីថ្មី ដើម្បីផ្តល់ដីសម្បទានសង្គមកិច្ចជូនប្រជាពលរដ្ឋខ្មែរដែលខ្វះខាតពិតប្រាកដ ក្នុងគោលបំណងដើម្បីទប់ស្កាត់ការកាប់បំផ្លាញព្រៃឈើ និងទន្ទ្រានដីរដ្ឋខុសច្បាប់។ នេះបើតាមការថ្លែងរបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត ក្នុងសេចក្តីថ្លែងការណ៍ពិសេស ស្តីពីសមិទ្ធផល ១ឆ្នាំ របស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា នៅថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៤។ កម្មវិធីថ្មីនេះ មានឈ្មោះថា កម្មវិធីផ្ដល់ដី-ការពារព្រៃ ដើម្បីរួមគ្នាអភិវឌ្ឍប្រកបដោយចីរភាព សំដៅដល់ការផ្តល់ដីសម្បទានជូនពលរដ្ឋខ្មែរដែលខ្វះដីពិតប្រាកដ និងផ្តល់ឱកាសឱ្យប្រជាពលរដ្ឋទាំងនោះអាចចូលរួមជាមួយរាជរដ្ឋាភិបាលក្នុងការការពារដីរដ្ឋ និងព្រៃឈើ។ សម្តេចបានពន្យល់បន្ថែមថា ក្នុងកម្មវិធីនេះ រដ្ឋត្រូវរៀបចំការផ្តល់ដីសម្បទានក្នុងក្របខណ្ឌដីសម្បទានសង្គមកិច្ចជូនប្រជាពលរដ្ឋខ្មែរដែលខ្វះខាតដីពិតប្រាកដ ហើយនឹងជួយរៀបចំការអភិវឌ្ឍនៅនឹងកន្លែងជូនពួកគាត់តែម្តង ដើម្បីលើកស្ទួយជីវភាពរបស់ប្រជាពលរដ្ឋក្រីក្រទាំងនោះឱ្យបានល្អប្រសើរ។ ជាងនេះទៅទៀត សម្តេចក៏បានសង្កត់ធ្ងន់ពី អត្ថប្រយោជន៍ដែលនឹងទទួលបាន ក្រោយអនុវត្តកម្មវិធីថ្មីនេះថា ប្រជាពលរដ្ឋទាំងនោះ ក៏នឹងជួយដល់រាជរដ្ឋាភិបាលក្នុងការការពារ ទប់ស្កាត់ ការកាប់បំផ្លាញព្រៃឈើ និងការទន្ទ្រានដីរដ្ឋខុសច្បាប់នៅជុំវិញកន្លែងដែលពួកគាត់កំពុងរស់នៅបានថែមទៀតផង។ សម្តេចបន្ត តាមរយៈកម្មវិធីថ្មីនេះដែរ វានឹងអាចជួយរំលត់បញ្ហាពីរក្នុងពេលតែមួយ ក្នុងនោះគឺអាចជួយប្រជាពលរដ្ឋខ្មែរដែលខ្វះខាតដីពិតប្រាកដ និងការពារការកាប់បំផ្លាញព្រៃឈើ និងការទន្ទ្រានដីរដ្ឋខុសច្បាប់។ គួរបញ្ជាក់ទៀតថា កម្មវិធីនេះនឹងផ្តោតជាសំខាន់ដល់ប្រជាពលរដ្ឋរស់នៅភាគឥសាននៃប្រទេស និងតំបន់មួយចំនួនទៀតក្នុងការការពារតំបន់ធនធានធម្មជាតិ ដែលនឹងចាប់ផ្តើមអនុវត្តនៅចុងឆ្នាំ២០២៤ នេះ។ - Video Advertisement -
កែបក្លាយជាខេត្តដំបូងគេបានចុះបញ្ជីដីរួចរាល់ ១០០% ខណៈអាជ្ញាធរប្តេជាប្រគល់ប័ណ្ណកម្មសិទ្ធិឱ្យបានរួចរាល់នៅចុងឆ្នាំនេះ
មន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តកែប បានធ្វើការចុះបញ្ជីដីធ្លីលក្ខណៈជាប្រព័ន្ធ រួចរាល់ ១០០ភាគរយហើយ ខណៈអាជ្ញាធរប្តេជ្ញាប្រគល់ប័ណ្ណកម្មសិទ្ធិដែលនៅសល់ជាង ១ម៉ឺនក្បាលដីទៀត ឱ្យបានរួចរាល់នៅចុងឆ្នាំនេះ។ នេះបើតាមការចុះផ្សាយរបស់វិទ្យុជាតិកម្ពុជា កាលពីថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៤។ ក្នុងកិច្ចសម្ភាសន៍ជាមួយវិទ្យុជាតិកម្ពុជា លោក សុទ្ធ ពុទ្ធិម៉ានីន ប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តកែបបានឱ្យដឹងថា បើគិតមកដល់ពេលនេះ នៅទូទាំងខេត្តមានដីចំនួនជាង ៥ម៉ឺនក្បាលដី។ ក្រុមការងារជំនាញរបស់មន្ទីរបានធ្វើការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធ រួចរាល់១០០ភាគរយហើយនៅទូទាំងខេត្ត។ លោកបានបន្តថា ក្រុមការងារ បានចេញប័ណ្ណកម្មសិទ្ធិដីធ្លីជូនប្រជាពលរដ្ឋបានចំនួន ១៤ភូមិ ខណៈនៅសល់ចំនួន ៤ភូមិទៀត ស្មើនឹងជាង ១ម៉ឺនក្បាលដីទៀតប៉ុណ្ណោះ ដែលត្រូវប្រគល់ឱ្យបានរួចរាល់នៅចុងឆ្នាំនេះ។ លោកបានបន្ថែមថា ប័ណ្ណកម្មសិទ្ធិនេះ ជាភស្តុតាងបញ្ជាក់ពីភាពស្របច្បាប់ ដែលត្រូវបានការពារ ដោយច្បាប់ និងធានាដោយរដ្ឋ ពោលគឺប្រជាពលរដ្ឋដែលជាម្ចាស់ក្បាលដី នឹងក្លាយជាម្ចាស់ដីពិតប្រាកដ មានសិទ្ធិស្របច្បាប់ ក្នុងការកាន់កាប់ប្រើប្រាស់ អាស្រ័យផល មិនត្រឹមតែប៉ុណ្ណោះ បណ្ណកម្មសិទ្ធិនេះ គឺជាឯកសារគតិយុត្តសម្រាប់ជាការសម្អាង នៅពេលមានបញ្ហាផ្សេងៗកើតឡើង បញ្ជាក់ថា ខ្លួនជាម្ចាស់ដីធ្លីពិតប្រាកដ។ - Video […]
ឆ្នាំ២០៣០ ប្រាសាទបុរាណខ្មែរចំនួន១៧ នឹងត្រូវរងប៉ះពាល់ខ្លាំងពីកំណើនដ៏ឆាប់រហ័សនៃចំនួនពលរដ្ឋ រស់នៅទីនោះ
យោងតាមលទ្ធផលវិភាគសិក្សារបស់អ្នកស្រាវជ្រាវបរទេសមួយក្រុម បានបង្ហាញថា ចំនួនប្រាសាទរបស់កម្ពុជា ដែលនឹងត្រូវរងផលប៉ះពាល់ខ្លាំងបំផុត នឹងកើនឡើងដល់ប្រមាណ ១៧ប្រាសាទ នៅឆ្នាំ២០៣០ ដោយសារតែកំណើនដ៏ឆាប់រហ័សនៃចំនួនប្រជាពលរដ្ឋនៅក្នុងតំបន់រមណីយដ្ឋានអង្គរ ។ របាយការណ៍នេះ ត្រូវបានបង្ហាញក្នុងកិច្ចពិគ្រោះយោបល់ស្តីពី “ការគ្រប់គ្រងតំបន់រមណីយដ្ឋានបេតិកភណ្ឌពិភពលោកអង្គរ” នៅខេត្តសៀមរាប កាលថ្ងៃទី១២ ខែសីហាឆ្នាំ២០២៤ ក្រោមអធីតីភាព ឯកឧត្ដម សាយ សំអាល់ ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងរៀបចំដែនដីនគររូបនីយកម្ម និងសំណង់ និង ភាគីពាក់ព័ន្ធប្រមាណជិត ៨០០នាក់។ នាឱកាសនោះ ឯកឧត្ដម សាយ សំអាល់ បានឱ្យដឹងថា យោងតាមលទ្ធផលវិភាគរបស់អ្នកសិក្សាស្រាវ ជ្រាវបរទេសមួយក្រុម បានបង្ហាញទិន្នាការដ៏គួរឱ្យព្រួយបារម្ភ ដែលបណ្តាលមកពីកំណើនដ៏ឆាប់រហ័សនៃចំនួនប្រជាពលរដ្ឋនៅក្នុងតំបន់រមណីយដ្ឋានអង្គរ រយៈពេល១៤ឆ្នាំចុងក្រោយនេះ។ ឯកឧត្តមបន្តថា ការសិក្សាបានបង្ហាញទៀតថា ពីឆ្នាំ២០០៤ ដល់ឆ្នាំ២០១៧ ផ្ទៃដីមានសំណង់ (Built-up Area) បានកើនឡើងប្រមាណជិត១៣គីឡូម៉ែត្រការ៉េ” នៅក្នុងតំបន់១ និងតំបន់២ នៃរមណីយដ្ឋានអង្គរ។ ឯកឧត្តមបញ្ជាក់ដែរថា តាមនិន្នាការនេះ ការសិក្សាខាងក៏បានព្យាករណ៍ដែរថា ចំនួនប្រាសាទ ដែលនឹងត្រូវរងផលប៉ះពាល់ខ្លាំងបំផុត នឹងកើនឡើងពីប្រមាណ ៩ប្រាសាទ នៅឆ្នាំ២០១៧ ទៅដល់ប្រមាណ១៤ប្រាសាទ […]