១០ខែ កម្ពុជានាំទំនិញចេញទៅទីផ្សារអន្តរជាតិបានជិត ២២ពាន់លានដុល្លារ កើនឡើង១៦%

គិតត្រឹមរយៈពេល ១០​ខែ (គិតចាប់ពីខែមករា ដល់ខែតុលា ឆ្នាំ២០២៤) កម្ពុជាបាននាំចេញទំនិញទៅកាន់ទីផ្សារអន្តរជាតិ សម្រេចបានជិត ២២ពាន់លានដុល្លារ កើនឡើង១៦% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ នេះបើយោងតាមទិន្នន័យដែលបានចុះផ្សាយដោយក្រសួងព័ត៌មាន នៅថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៤។

ប្រភពខាងលើបានឱ្យដឹងថា ក្នុងរយៈពេល១០ខែនេះ សម្រាប់ការនាំចេញរបស់កម្ពុជាទៅកាន់ទីផ្សារអន្តរជាតិ សរុបចំនួន ២១,៥៧ពាន់លានដុល្លារ កើនឡើង១៦% ដោយក្នុងនោះ នាំទំនិញចេញទៅសហរដ្ឋអាមេរិកមានតម្លៃជាង ៨,២ពាន់លានដុល្លារ កើន៩,៨ភាគរយ ចិនមានតម្លៃជាង១,៤ពាន់លានដុល្លារ កើនឡើង២១,១ភាគរយ និងជប៉ុនមានតម្លៃជាង១,១ពាន់លានដុល្លារ កើនឡើង១៨% រួមនឹងទីផ្សារផ្សេងទៀត។

ប្រភពដដែលបានបន្តថា  សម្រាប់ទំនិញដែលកម្ពុជានាំចេញរួមមាន៖ សម្លៀកបំពាក់ និងគ្រឿងបន្ទាប់បន្សំដែលធ្វើឡើងពីក្រណាត់ ម៉ាស៊ីន និងឧបករណ៍អគ្គិសនី សម្លៀកបំពាក់ និងគ្រឿងបន្ទាប់បន្សំនៃសម្លៀកបំពាក់មិនធ្វើឡើង ពីការចាក់ដោយម្ជុលពីរ កៅស៊ូ និងផលិតធ្វើអំពីកៅស៊ូ និងកសិផលមួយចំនួនទៀត។

ទន្ទឹមគ្នានេះដែរ កម្ពុជាមានទំនិញនាំចូលដែលរួមមាន៖ រ៉ែប្រើជាគ្រឿងចំហេះ ប្រេងខនិជ និងផលិតផលពីការចម្រាញ់ ផលិតផលបានពីការចាក់ដោយម្ជុល ម៉ាស៊ីន និងឧបករណ៍អគ្គិសនី និងបំណែកភាគរបស់វា សម្ភារអគ្គិសនី សរសៃអំបោះសិប្បនិម្មិតខ្លីៗ យានក្រៅពីអយស្ម័យយាន ឬអយរថអគ្គិសនី និងសម្ភារមួយចំនួនទៀត។

ដោយឡែក សម្រាប់ទីផ្សារអាស៊ីវិញ ពោលរយៈពេល១០​ ខែមកនេះ កម្ពុជា ក៏បាននាំចេញទំនិញទៅប្រទេសវៀតណាម សម្រេចបានទឹកប្រាក់២,៩ពាន់លានដុល្លារ កើនឡើងជាង៣២,១% ខណៈការនាំចូលមានទឹកប្រាក់ចំនួន៣,៤ពាន់លានដុល្លារ កើនឡើងជិត១៤,៥ភាគរយ បើធៀបទៅនឹងឆ្នាំមុន៕

តួលេខទាំងនេះបង្ហាញពីតួនាទីដែលកំពុងកើនឡើងរបស់កម្ពុជាក្នុងពាណិជ្ជកម្មអន្តរជាតិ និងគន្លងនៃការងើបឡើងវិញរបស់ខ្លួននៅក្នុងទីផ្សារពិភពលោក។

- Video Advertisement -

ព័ត៌មានដែលទាក់ទង

ក្រសួងពាណិជ្ជកម្មបើកដំណើរការមជ្ឈមណ្ឌលសេវានាំចេញជាផ្លូវការ ដើម្បីបង្កើនសមត្ថភាពនាំចេញរបស់កម្ពុជា

នៅក្នុងការផ្លាស់ប្តូរដ៏សំខាន់មួយដើម្បីបង្កើនសមត្ថភាពនាំចេញរបស់ប្រទេស ក្រសួងពាណិជ្ជកម្មកម្ពុជាបានសម្ពោធជាផ្លូវការនូវមជ្ឈមណ្ឌលសេវាកម្មនាំចេញ (Export Service Center_ESC)។ គំនិតផ្តួចផ្តើមថ្មីនេះ បានចាប់ផ្តើមនៅថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០២៤ ក្នុងបំណងលើកកម្ពស់ផលិតផលកម្ពុជានៅក្នុងទីផ្សារពិភពលោក និងផ្តល់ឱកាសទីផ្សារដល់ពាណិជ្ជករក្នុងស្រុកទទួលបានជោគជ័យលើឆាកអន្តរជាតិ។ ពិធីនេះ បានធ្វើឡើងក្រោមអធិបតីភាព លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម និងមានការអញ្ជើញចូលរួមពីសំណាក់បណ្តាអង្គទូតប្រចាំនៅព្រះរាជាណាចក្រកម្ពុជា តំណាងក្រសួង-ស្ថាប័នពាក់ព័ន្ធ វិស័យឯកជន និងដៃគូអភិវឌ្ឍ ជាច្រើនរូប នាព្រឹកថ្ងៃអង្គារ ទី៥ ខែវិច្ឆិកា ឆ្នាំ២០២៤។ មជ្ឈមណ្ឌល(ESC)នេះ ត្រូវបានផ្តួចផ្តើមបង្កើតឡើងដោយក្រសួងពាណិជ្ជកម្ម សហការជាមួយមជ្ឈមណ្ឌលសម្រាប់ជំរុញការនាំចូល​ពីប្រទេសកំពុងអភិវឌ្ឍន៍ (CBI) ក្នុងគោលបំណង លើកកម្ពស់សេវាការនាំចេញរបស់កម្ពុជា  និងជួយដល់ពាណិ​ជ្ជ​​ករក្នុងការត្រៀមខ្លួនក្នុងការនាំចេញ ព្រមទាំងជួយជំរុញដល់ពាណិជ្ជករឱ្យមានទំនុកចិត្តក្នុងការប្រកួតប្រជែង​លើទីផ្សា​រអន្តរជាតិផងដែរ។ បន្ថែមពីនេះ ការបង្កើតមជ្ឈមណ្ឌលសេវានាំចេញ (ESC) នេះ នឹងជួយជំរុញការនាំចេញ តាមរយៈការជួ​យ​​ឱ្យអ្នកនាំចេញទទួលបាននូវការយល់ដឹងសំខាន់ៗដូចជា៖ ការបណ្តុះបណ្តាលអំពីនីតិវិធីក្នុងការនាំចេញ និងឱកា​ស​ក្នុ​ងការភ្ជាប់ទំនាក់ទំនងជាមួយនឹងអ្នកជំនាញក្នុងឧស្សាហកម្ម និងអ្នកទិញសក្ដានុពលនៅក្នុងទីផ្សារគោលដៅរបស់ពួកគេ។ តំណាងអាជីវកម្ម និងម្ចាស់សហគ្រាស ដែលមានបំណងចង់យល់ដឹងបន្ថែមអំពីនីតិវិធីពាក់ព័ន្ធនឹងការនាំចេញ អាចធ្វើការទាក់ទងមកកាន់មជ្ឍមណ្ឌលសេវានាំចេញ ដែលមានទីតាំងនៅទីស្តីការក្រសួងពាណិជ្ជកម្ម រៀងរាល់ម៉ោងធ្វើការ ឬហៅមកកាន់ប្រព័ន្ធទូរស័ព្ទសាធារណៈរបស់ក្រសួងពាណិជ្ជកម្ម ១២៦៦ ឬ ស្វែងរកព័ត៌មានបន្ថែមលើគេហទំព័រ៖ https://exportservicecenter.moc.gov.kh ជាមួយនឹងការផ្តោតជាយុទ្ធសាស្ត្ររបស់ខ្លួនលើការជំរុញការនាំចេញ […]