បច្ចុប្បន្ន ផ្លូវសំខាន់២ខ្សែក្នុងខេត្តក្រចេះ(ផ្លូវលេខ៣៧៧ និង ៣៧៧A) សង់បាន ៩៣%

គិតត្រឹម ខែមករា ឆ្នាំ២០២៥នេះ គម្រោងស្តារ និងលើកកម្រិតគុណភាពផ្លូវសំខាន់ចំនួន ០២ខែ្ស ប្រវែង ៤៨,៥៩គីឡូម៉ែត្រ​ លាតសន្ធឹងពីវង្វង់មូលព្រាប(ស) ក្រុងក្រចេះ ដល់ឃុំសណ្ដាន់ ស្រុកសំបូរ ខេត្តក្រចេះ​ សម្រេចការសាងសង់​បាន ៩៣% ហើយ​ ។

នេះបើយោងតាមរបាយការណ៍បូកសរុបលទ្ធផលការងារឆ្នាំ២០២៤ របស់ក្រសួងសាធារណការ និងដឹកជញ្ជូន ដែលបានចេញផ្សាយនៅថ្ងៃទី២២ ខែមករា ឆ្នាំ២០២៥។

គួរបញ្ជាក់ថា ផ្លូវខេត្តដ៏សំខាន់ៗ​ចំនួន ០២ខែ្សនេះ មានប្រវែងសរុបជិត ៤៨,៥៩គីឡូម៉ែត្រ ស្ថិតក្នុងខេត្តក្រចេះ ក្នុងនោះមានផ្លូវខេត្តលេខ៣៧៧ មានប្រវែង ៣៥.៥គីឡូម៉ែត្រ គិតចាប់ពីរង្វង់មូលព្រាប«ស» (ក្រុងក្រចេះ) ដល់ស្រុកសំបូរ និងផ្លូវលេខ៣៧៧A មានប្រវែង ១៣,៦គីឡូម៉ែត្រ គិតចាប់ពីផ្សារសណ្តាន់ ដល់ភូមិសង្គម ឃុំសណ្តាន់ នៃស្រុកសំបូរ។

ផ្លូវទាំង២នេះគឺជាផ្នែកមួយដ៏សំខាន់ សម្រាប់បម្រើដល់ វិស័យទេសចរណ៍ និងវិស័យដឹកជញ្ជូន ជាពិសេសអាចធ្វើដំណើរទៅកាន់រមណីយដ្ឋានជាច្រើន តាមបណ្ដោយដងទន្លេមេគង្គត្រើយខាងកើត មានដូចជា៖តំបន់ទេសចរណ៍ភ្នំសបុក​ រម្មណីយដ្ឋានអន្លង់ផ្សោតកាំពី, រមណីយដ្ឋានទឹកជួរកាំពី ,ព្រះធំវិហារសសរ ១០០ , និងសហគមន៍ទេសចរណ៍កោះ ៣០ ជាដើម​ និងបង្កភាពងាយស្រួលដល់ប្រជាពលរដ្ឋក្នុងការដឹកជញ្ជូនទំនិញ និងកសិផល​ទៅកាន់ទីផ្សារនិងតំបន់ផ្សេងៗ បានលឿនជាមុន។

គួររំលឹកថា ផ្លូវទាំង២ខ្សែនេះ ត្រូវបានសាងសង់ដោយក្រុមហ៊ុន Poly Changda Engineering Co., Ltd ស្ថិតក្រោមក្របខ័ណ្ឌឥណទានសម្បទានរបស់ធនាគារពិភពលោក (RCIP)។ (អានបន្ថែម)

- Video Advertisement -

ព័ត៌មានដែលទាក់ទង

រដ្ឋប្រកាសប្តូរពេលវាលាបើកដំណើរការព្រលានតេជោថ្មី៖ ប្តូរពីខែកក្កដា ទៅខែកញ្ញា វិញ  

រដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល បានប្រកាសពីការផ្លាស់ប្តូរពេលវេលាក្នុងការបើកប្រតិបត្តិការអាកាសយានដ្ឋានអន្តរជាតិតេជោក្រុងតាខ្មៅ លំដាប់ថ្នាក់ 4F ពីថ្ងៃទី១០ ខែកក្កដា ទៅថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០២៥ វិញ។ នេះបើតាមសេចក្តីជូនដំណឹងរបស់រដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិលដែលបានចេញផ្សាយនៅថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៥។ ទន្ទឹមនឹងនេះ រដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល ក៏បានបញ្ជាក់បន្ថែមពីការកំណត់យកថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៥ សម្រាប់រៀបចំពិធីសម្ពោធបើកឱ្យប្រើប្រាស់ អាកាសយានដ្ឋានអន្តរជាតិតេជោ លំដាប់ថ្នាក់ 4F ជាផ្លូវការ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាផងដែរ។ គួររលឹកថា គិតត្រឹមពាក់កណ្តាលខែឧសភានេះ អាកាសយានដ្ឋានអន្តរជាតិតេជោក្រុងតាខ្មៅ សម្រេចការសាងសង់បានប្រមាណជាង ៩៦%  ហើយបានចំណាយទុនអស់ប្រមាណជា ១,៦ពាន់លានដុល្លារ។ (អានបន្ថែម) គម្រោងសាងសង់អាកាសយានដ្ឋានអន្តរជាតិតេជោនេះ ត្រូវបានចាប់ផ្តើមកាលពីថ្ងៃទី ១៦ ខែមិថុនា ឆ្នាំ ២០២០ ដែលលាតសន្ធឹងលើផ្ទៃដីទំហំ ២,៦០០ ហិកតា នៅទូទាំងស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល និងស្រុកបាទី ខេត្តតាកែវ។ ពាក់ព័ន្ធនឹងគម្រោងនេះ រដ្ឋាភិបាលអាម៉េរិក ទើបបានបង្ហាញពីផែនការដែលខ្លួនកំពុងសិក្សាវាយតម្លៃពីលទ្ធភាពផ្ដល់ហិរញ្ញប្បទានសម្រាប់គម្រោងសាងសង់អាកាសយានដ្ឋានអន្តរជាតិតេជោក្រុងតាខ្មៅនេះផងដែរ។(អានបន្ថែម) គួរបញ្ជាក់ថា ក្រោយអាកាសយានដ្ឋានថ្មីនេះ បើកដំណើរការ […]

ផ្លូវជាតិលេខ១០ ប្រវែងជាង១៩៧គ.ម សម្រេចការសាងសង់ ១០០%ហើយ

ការសាងសង់ផ្លូវជាតិលេខ១០ ប្រវែងជាង ១៩៧,៣៦ គីឡូម៉ែត្រ ត្រូវបានបញ្ចប់ការងារសាងសង់ជាស្ថាពរ ១០០% ហើយ ដែលនេះជាព្រឹត្តិការណ៍ដ៏សំខាន់ក្នុងការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធក្នុងតំបន់។ បច្ចុប្បន្នផ្លូវនេះ បានដំណើរការយ៉ាងពេញលេញ និងបានឆ្លងកាត់ការត្រួតពិនិត្យយ៉ាងម៉ត់ចត់ពីក្រុមអ្នកបច្ចេកទេសជំនាញ ដើម្បីធានាបាននូវអាយុកាលប្រើប្រាស់បានយូរ និងគោរពតាមស្តង់ដារបច្ចេកទេស។ នេះបើយោងតាមដំណើរចុះត្រួតពិនិត្យលម្អិត មុននឹងពិធីប្រគល់-ទទួល ដឹកនាំដោយឯកឧត្តម ខាន់ ម៉ាណេរ រដ្ឋលេខាធិការ ក្រសួងសាធារណការ និងដឹកជញ្ជូន និងជានាយកគម្រោង ជាមួយក្រុមសាងសង់ CRBC និងក្រុមហ៊ុនទីប្រឹក្សាបច្ចេកទេស ក្វាងចូវវ៉ានអាន នៅថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៥។ ឯកឧត្តម ខាន់ ម៉ាណេរ បានថ្លែងអំណរគុណដល់គ្រប់ផ្នែកពាក់ព័ន្ធ ដែលបានខិតខំបំពេញកិច្ចការងារដោយយកចិត្តទុកដាក់ និងក្រើនរម្លឹកដល់ក្រុមហ៊ុនសាងសង់ ខណៈឯកឧត្តមក៏សូមឱ្យបំពេញកិច្ចការងារដែលនៅសេសសល់តិចតួច មានការដាក់ផ្លាកសញ្ញាចរាចរណ៍ គំនូសសញ្ញាតាមដងផ្លូវជាដើម។ ទន្ទឹមគ្នានេះ ឯកឧត្តម ក៏ស្នើឱ្យបញ្ចប់ឱ្យបានត្រឹមត្រូវតាមបច្ចេកទេស កំណត់ទីតាំងឱ្យបានច្បាស់លាស់។ លើសពីនេះក្រុមហ៊ុនបានទទួលយល់ព្រមដោយសន្យាថានឹងអនុវត្តឱ្យបានរួចរាល់ក្នុងរយៈពេលបីខែទៀត ដើម្បីជាការសម្រួលដល់ការធ្វើដំណើរ និងការដឹកជញ្ជូនរបស់បងប្អូនប្រជាពលរដ្ឋ។គួរបញ្ជាក់ថា ផ្លូវជាតិលេខ១០ មានចំណុចចាប់ផ្តើមពីផ្លូវជាតិលេខ 57-7 ត្រង់ PK35+900 ស្ថិតក្នុងភូមិកញ្ចាំង ឃុំស៊ុង ស្រុកសំឡូត ខេត្តបាត់ដំបង ឆ្លងកាត់ឃុំប្រម៉ោយ […]

សិង្ហបុរីចាប់ផ្ដើមសង់ស្ថានីយអ្នកដំណើរធំបំផុត នៅអាកាសយានដ្ឋាន Changi ក្រោមផ្អាករយៈពេល២ឆ្នាំ

នៅក្នុងព្រឹត្តិការណ៍ដ៏សំខាន់មួយសម្រាប់វិស័យអាកាសចរណ៍របស់ប្រទេសសិង្ហបុរី ដំណើរការសាងសង់ស្ថានីយទី៥ (T5) នៅអាកាសយានដ្ឋាន Changi បាន និងកំពុងចាប់ផ្តើមជាផ្លូវការហើយ បន្ទាប់ពីបានផ្អាកអស់រយៈពេល ២ឆ្នាំ ដែលបណ្តាលមកពីជំងឺរាតត្បាត COVID-19 ។ ពិធីបើកការដ្ឋានសាងសង់នេះ ត្រូវបានប្រារព្ធឡើងក្រោមអធិបតីភាពរបស់លោកនាយករដ្ឋមន្ត្រី Lawrence Wong នៅថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២៥។ លោកនាយករដ្ឋមន្ត្រី Wong បានគូសបញ្ជាក់ថា ស្ថានីយថ្មីនេះ នឹងពង្រឹងសមត្ថភាពបន្ថែមឱ្យអាកាសយានដ្ឋាន Changi បានជាង ៥០% ទៀត។ លោកបានបន្ថែមថា “ស្ថានីយទី៥នេះ នឹងត្រូវសាងសង់លើផ្ទៃដីទំហំ ១០៨០ ហិកតា ដែលស្មើនឹងទំហំរួមបញ្ចូលគ្នានៃស្ថានីយដែលមានស្រាប់ទាំងអស់នៅអាកាសយានដ្ឋាន Changi បច្ចុប្បន្ន។ ការពង្រីកនេះនឹងអនុញ្ញាតឱ្យអាកាសយានដ្ឋាន Changi អាចផ្ទុកអ្នកដំណើរចំនួន ៥០លាននាក់បន្ថែមទៀត ជារៀងរាល់ឆ្នាំ” ។ ដើមឡើយផែនការអភិវឌ្ឃន៍គម្រោងនេះ ត្រូវបានប្រកាសតាំងពីឆ្នាំ២០១៣ មកម្ល៉េះ ប៉ុន្តែវាត្រូវបានផ្អាកដោយសារជំងឺរាតត្បាត COVID-19 យ៉ាងណាក៏ដោយ ឥឡូវនេះវាបានត្រលប់មកវិញហើយ។ ស្ថានីយទី៥នេះដែរ ត្រូវបានគេរំពឹងថានឹងអាចបើកដំណើរការនៅពាក់កណ្តាលទសវត្សរ៍ឆ្នាំ២០៣០ ដែលនឹងជំរុញការតភ្ជាប់អាកាសយានដ្ឋាន Changi ទៅកាន់ទីក្រុងគោលដៅជាង ២០០ […]

បច្ចុប្បន្ន ទំនប់ដូនទ្រី នៅបាត់ដំបង សង់បាន៩៧%, គ្រោងបញ្ចប់ក្នុងខែតុលា ២០២៥

  គិតត្រឹមថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០២៥នេះ គម្រោងអភិវឌ្ឍន៍ទំនប់ដូនទ្រី ស្ថិតក្នុងស្រុករុក្ខគិរី ខេត្តបាត់ដំបង ដែលទទួលបានការគាំទ្រដោយហិរញ្ញប្បទានសម្បទានពីសាធារណរដ្ឋកូរ៉េ សម្រេចបាន៩៧% ហើយគ្រោងនឹងបញ្ចប់នៅក្នុងខែតុលា ឆ្នាំ២០២៥នេះ ។ នេះបើតាមការចុះពិនិត្យវឌ្ឍនភាពគម្រោងក្រោមការដឹកនាំរបស់ ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម នៅថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២៥។ ខាងក្រោមនេះ គឺជាការងារសំខាន់ៗរបស់គម្រោង៖ ទី១)សំណង់ទំនប់មេប្រវែង ៦៥៤ម៉ែត្រ ទី២)សំណង់បង្ហៀរប្រវែង ៤១៤ម៉ែត្រ ទី៣)រូងទូនេលពង្វាងទឹករាងជាក្រចកជើងសេះប្រវែង ៤៦២ម៉ែត្រ ទី៤)សំណង់គ្រប់គ្រងទឹកជាប្រភេទសំណង់ប៉មមានទ្វារទឹកច្រើនថ្នាក់ ដែលមានទ្វារទឹកចំនួន៥ និងស្ពានសម្រាប់ឆ្លងទៅប៉មប្រវែង ៥៥ម៉ែត្រ ទី៥)ផ្លូវក្រាលថ្មភ្នំប្រវែង ១៧,៣គីឡូម៉ែត្រ និងទី៦)សំណង់ដោះទឹកចំនួន ៨កន្លែង និងស្ពានបណ្តោះអាសន្នចំនួន ៣កន្លែង។ បើតាមផែនការ គម្រោងអភិវឌ្ឍន៍ទំនប់ដូនទ្រីនេះ ត្រូវការរយៈពេល ៩០ខែ ដើម្បីសាងសង់ ដោយបានចាប់ផ្ដើមបើកការដ្ឋានតាំងពីខែមិថុនា ឆ្នាំ២០១៨ និងគ្រោងបញ្ចប់ក្នុងខែតុលា ឆ្នាំ២០២៥ ខាងមុខនេះ។ ក្នុងឱកាសនោះ ឯកឧត្តមរដ្ឋមន្ត្រីក៏បានលើកឡើងពីបច្ចេកទេសសំណង់ប្រកបដោយភាពច្នៃប្រឌិត ដូចជា ការជីករូងក្នុងភ្នំ ការជីកថ្ម និងវិធីសាស្រ្តពង្រឹងកែច្នៃបាតគ្រឹះទំនប់ជាដើម។ […]

មកទល់ពេលនេះគម្រោងសង់ប្រព័ន្ធធារាសាស្រ្ត ក្នុងភូមិសាស្ត្រខេត្តបន្ទាយមានជ័យ និងបាត់ដំបង សម្រេចបាន ៧៥%

  គិតត្រឹមថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២៥នេះគម្រោងអភិវឌ្ឍន៍ប្រព័ន្ធធារាសាស្ត្រ ដើម្បីកាត់បន្ថយទឹកជំនន់ ក្នុងភូមិសាស្ត្រខេត្តបន្ទាយមានជ័យ និងបាត់ដំបង សម្រេចបានប្រមាណ ៧៥% ។ គម្រោងអភិវឌ្ឍន៍នេះទទួលបានហិរញ្ញប្បទានពីធនាគារកូរ៉េ Eximbank។ នេះបើតាមការចុះពិនិត្យវឌ្ឍនភាពគម្រោងក្រោមការដឹកនាំរបស់ ឯកឧត្តមរដ្ឋមន្ត្រី ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម នៅថ្ងៃទី០៧ ខែឧសភា ឆ្នំា២០២៥។ ខាងក្រោមនេះជាការងារសំខាន់ៗ របស់គម្រោង៖ ទី១) ស្តារប្រព័ន្ធធារាសាស្ត្រប្រឡាយមេចំនួន ៦ខ្សែ សរុប ៩២,៦៥គីឡូម៉ែត្រ ទី២) សាងសង់ទំនប់អាងទឹក ៣កន្លែង (អាងទឹកវាំងហែង អាងទឹកពង្រ និងអាងទឹកកន្សែង) សរុបប្រវែង ២០,៣៦គីឡូម៉ែត្រ និងស្តារអាងទឹកទាំង៣ ដែលអាចស្តុកទឹកបានប្រមាណ ២២,៨លានម៉ែត្រត្រីគុណ និង ទី៣) សាងសង់សំណង់សិល្បការ្យសរុបចំនួន ២០៨កន្លែង។ បើតាមផែនការ គម្រោងអភិវឌ្ឍន៍ប្រព័ន្ធធារាសាស្ត្រ ដើម្បីកាត់បន្ថយទឹកជំនន់នេះ ត្រូវការរយៈពេល ៥៤ខែ ដើម្បីសាងសង់ ដោយបានចាប់ផ្ដើមតាំងពីខែធ្នូ ឆ្នាំ២០២១មកម្ល៉េះ  និងគ្រោងបញ្ចប់ក្នុងខែមិថុនា ឆ្នាំ២០២៦ ខាងមុខ។ ពេលសាងសង់រួច […]

គម្រោងសង់ស្ពានឆ្លងទន្លេមេគង្គ ក្នុងខេត្តក្រចេះ សម្រេចបានជាង ៩៤% ហើយ

គិតត្រឹមដើមខែឧសភា ឆ្នាំ២០២៥នេះ គម្រោងសាងសង់ស្ពានឆ្លងទន្លេមេគង្គក្នុងខេត្តក្រចេះ ប្រវែង១៧៦១ម៉ែត្រ សម្រេចបាន ៩៤,១០%ហើយ បើគ្មានការប្រែប្រួលទេ រដ្ឋគ្រោងនឹងបើកឱ្យប្រជាពលរដ្ឋធ្វើដំណើរឆ្លងកាត់ជាបណ្តោះអាសន្ន នៅកំឡុងខែកញ្ញា ឆ្នាំ២០២៥ ខាងមុខនេះ។ នេះបើយោងតាមការចុះផ្សាយលើទំព័រហ្វេប៊ុកផ្លូវការរបស់ក្រសួងសាធារណការ និងដឹកជញ្ជូន  នៅថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២៥។ មកទល់បច្ចុប្បន្ននេះ ក្រុមហ៊ុនសាងសង់សៀងហៃ(SCG) បានដំឡើងធ្នឹមស្ពានចុងក្រោយនៅប្រឡោះទី២៦ ដើម្បីភ្ជាប់តួស្ពានទាំងមូល។ ចំពោះស្ពានទាំងមូលនេះ ត្រូវបានចែកចេញជា ៣ផ្នែក គឺផ្នែកខាងកើត ជាប្រភេទធ្នឹមរាងជាអក្សរ(T)មានចំនួន២០ប្រឡោះ ផ្នែកកណ្តាល ជាប្រភេទធ្នឹមប្រអប់ មានចំនួន៦ប្រឡោះ និងផ្នែកខាងលិចជាប្រភេទធ្នឹមរាងជាអក្សរ(T)មានចំនួន១០ប្រឡោះ។ រីឯផ្លូវមេដែលតភ្ជាប់ស្ពាននេះ មានប្រវែងសរុប ១៥,៤៩គ.ម (ផ្លូវមេតភ្ជាប់ត្រើយខាងកើតប្រវែង ៧,៦៨គ.ម និងត្រើយខាងលិចប្រវែង ៧,៨០គ.ម) និងផ្លូវខ្នែងមានចំនួន៤ខ្សែ ប្រវែងសរុប ១៦,២០ គ.ម សម្រេចលទ្ធផលបាន ៦៩,៩១% ហើយ។ ស្ពាន និងផ្លូវ ដែលកំពុងសាងសង់នេះ គឺជាផ្នែកមួយដ៏សំខាន់នៃផ្លូវជាតិលេខ ៦០B តភ្ជាប់ពីខេត្តក្រចេះ ទៅខេត្តកំពង់ធំ ដែលមានភាពប្រទាក់ក្រឡាគ្នាជាមួយផ្លូវជាតិសំខាន់ៗ ដូចជាត្រើយខាងលិចតភ្ជាប់ផ្លូវជាតិលេខ៦ ត្រង់ផ្លូវបំបែកកំពង់ថ្ម កំពង់ធំ ឆ្ពោះទៅកាន់ខេត្តសៀមរាប […]