ជប៉ុនសម្រេចជួយជិត ៨លានដុល្លារបន្ថែមទៀតដល់ CMAC ដើម្បីបន្តសកម្មភាពបោសសម្អាតមីននៅកម្ពុជា

រដ្ឋាភិបាលជប៉ុន បានស្រេចផ្តល់ហិរញ្ញប្បទានឥតសំណង ដែលមានទឹកប្រាក់សរុបចំនួន​១.១៦៦លានយ៉េន ឬប្រមាណ ៧,៨លានដុល្លារអាមេរិក ដើម្បីពង្រឹងសមត្ថភាពមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា(CMAC) និង​ទិញគ្រឿងយន្តរ៉ូបឺតជីកកាយមីននៅកម្ពុជា។

ជំនួយឥតសំណងប្រមាណ ៧,៨លានដុល្លារអាមេរិកនេះ បានចុះហត្ថលេខាកាលព្រឹកថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០២៥ នៅទីបញ្ជាការស៊ីម៉ាក់ភ្នំពេញ ក្រោមអធិបតីភាព ឯកឧត្តម ហេង រតនា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក CMAC, លោក SANUI KAZUMASA ប្រធានទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន (JICA) ប្រចាំនៅកម្ពុជា​ រួមជាមួយលោក FUJISAKI Seiyu ប្រធានគម្រោង នៃក្រុមហ៊ុនប្រឹក្សាយោបល់ប្រព័ន្ធសហប្រតិបត្តិការអន្តរជាតិជប៉ុន​ (JICS)។

ហិរញ្ញប្បទានឥតសំណងខាងលើនេះ គឺសម្រាប់ដំណើរការ គម្រោងជំនួយលទ្ធកម្មសម្ភារបច្ចេកទេសបោសសម្អាតមីនផ្តល់ជូនអង្គភាពCMAC ​តាមរយៈការពង្រឹងសមត្ថភាពអង្គភាពCMAC​ ធ្វើទំនើបកម្មសម្ភារបច្ចេកទេស​ ដោយទិញសម្ភារបច្ចេកទេសរួមមានគ្រឿងចក្រកម្ទេចមីន​ ឧបករណ៍រាវមីន ALIS គ្រឿងយន្តរ៉ូបឺតជីកកាយមីន​ រថយន្តពីរបាំង​ និងរថយន្តBus ព្រមទាំងរថយន្តដឹកគ្រឿចក្រកម្ទេចមីនធុនធ្ងន់​ជាដើម។

គួរបញ្ជាក់ថា កាលពីថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៥ លោក អ៊ូអ៊ីណូ អាត់ស៊ូ (UENO Astushi) ឯកអគ្គរដ្ឋទូតប្រចាំកម្ពុជា ក៏ទើបតែបានចុះហត្ថលេខាផ្តល់ជំនួយឥតសំណងឱ្យកម្ពុជាសរុបជាង១០លានដុល្លារអាម៉េរិក សម្រាប់ទិញសម្ភារៈបច្ចេកទេសក្នុងការកម្ចាត់មីន រួមទាំងពង្រឹងចំណេះដឹងដល់អ្នកជំនាញផងដែរ៕ (អានបន្ថែម)

តាមរយៈការផ្តល់មូលនិធិដ៏សប្បុរសនេះ ជប៉ុនបញ្ជាក់ជាថ្មីពីការប្តេជ្ញាចិត្តរបស់ខ្លួនក្នុងការជួយដល់ប្រទេសកម្ពុជាក្នុងការស្វែងរកបរិស្ថានដែលគ្មានមីនដែលមានសុវត្ថិភាពជាងមុន។

- Video Advertisement -

ព័ត៌មានដែលទាក់ទង

ព្រះវររាជមាតាជាតិខ្មែរ ឧបត្ថម្ភ ២០ពាន់ដុល្លារ ដល់មជ្ឈមណ្ឌលសកម្មភាពកម្ចាត់មីនកម្ពុជា (CMAC) 

អំណោយដ៏ថ្លៃថ្លានេះ ត្រូវបានផ្តល់តាមរយៈសម្តេចមហាមន្ត្រី គុយ សុផល ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងព្រះបរមរាជវាំង ដែលទទួលដោយឯកឧត្តម ហេង រតនា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃមជ្ឈមណ្ឌលសកម្មភា​ព​កម្ចាត់មីនកម្ពុជា កាលពីពេលថ្មីៗនេះ។ ក្នុងពិធីប្រគល់ទទួល សម្តេចមហាមន្ត្រី គុយ សុផល បានឱ្យដឹងថា សម្តេចព្រះមហាក្សត្រី បានយកចិត្តទុកដាក់ចំ​ពោះ​សុខទុក្ខ ការលំបាក និងការខ្វះខាត ក្នុងជីវភាពរស់នៅ របស់មន្ត្រីបោសសម្អាតមីននៅតាមតំបន់ព្រំដែនរបស់កម្ពុជា។ ជាការឆ្លើយតប ឯកឧត្តម ហេង រតនា បានលើកឡើងថា អំណោយដ៏ថ្លៃថ្លានេះ បានបង្ហាញឲ្យឃើញពីព្រះរាជហឬទ័យមេត្តាករុណាសណ្តោសប្រោសប្រណីដ៏មហាប្រសើរខ្ពង់ខ្ពស់បំផុត ប្រោសព្រះរាជទានគាំទ្រចំពោះការខិតខំរបស់រាជរដ្ឋាភិបាល សម្រាប់ជួយដល់មន្ត្រីដែលកំពុងអនុវត្តការងារបោសសម្អាតមីនតាមបណ្តោយព្រំដែន។ គួររម្លឹកដែរថា កាលពីពេលថ្មីៗនេះ រដ្ឋាភិបាលជប៉ុន ក៏ទើបបានសម្រេចផ្តល់ហិរញ្ញប្បទានឥតសំណង ដែលមានទឹកប្រាក់សរុបចំនួន​១.១៦៦លានយ៉េន ឬប្រមាណ ៧,៨លានដុល្លារ ដើម្បីពង្រឹងសមត្ថភាពមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា(CMAC) និង​ទិញគ្រឿងយន្តរ៉ូបឺតជីកកាយមីននៅកម្ពុជា។ (អានបន្ថែម) - Video Advertisement -

សម្តេចតេជោប្រកាសបរិច្ចាកដី ២ហិកតា តម្លៃជាង $១០លាន សង់កន្លែងស្នាក់នៅជូននិស្សិតនារីក្រីក្រ

សម្តេចតេជោ ហ៊ុន សែន ប្រកាស​បរិច្ចាគ​ដី​ ២ហិកតា​ តម្លៃ​ជាង ១០លាន​ដុល្លារ សម្រាប់​សាងសង់​អន្តេវាសិកដ្ឋាន​ជូន​និស្សិត​ជា​ស្ត្រី​ក្រីក្រ​មកពី​បណ្តា​ខេត្ត ដែល​កំពុង​បន្ត​ការសិក្សា​នៅ​រាជធានីភ្នំពេញ។ នេះបើតាមសារដែលបានប្រកា​ស​តាមរយៈទំព័រហ្វេកប៊ុកផ្លូវការរបស់សម្តេច នៅថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២៥។ បើតាមការបញ្ជាក់របស់សម្តេចតេជោបានឱ្យដឹងថា ដំបូងដី ២ហិកតានេះ ត្រូវបានទិញទុកសម្រាប់សាងសង់ស្ថានីយទូរទស្សន៍បាយ័ន ដែលមានទីតាំងស្ថិតនៅតំបន់ជ្រោយចង្វារ ប៉ុន្តែក្រោយពីបានពិភាក្សាជាមួយភរិយោ និងកូនស្រីរបស់សម្តេចរួច សម្តេចក៏សម្រេចប្រគល់ដីមួយកន្លែងនេះជូនទៅក្រសួងកិច្ចការនារី ដើម្បីសាងសង់អន្តេវាសិកដ្ឋានវិញ។ អន្តេវាសិកដ្ឋាន​នេះ នឹងត្រូវ​សាងសង់​ឡើងចំនួន១២០បន្ទប់​ សម្រាប់ផ្តល់​ជាកន្លែង​ស្នាក់នៅ​ដល់​និស្សិត​ស្ត្រី​ចំនួន ៥០០នាក់។ ក្នុងបន្ទប់នីមួយៗ​នឹង​ត្រូវរៀបចំសម្រាប់និស្សិត​ស្រីស្នាក់នៅ​ចំនួន ៤នាក់ ដោយមាន​ភ្ជាប់​ជាមួយ​បន្ទប់ទឹក និង​ចង្ក្រានបាយ​ដាច់ដោយឡែក។ បន្ថែម​ពីនេះ សម្តេចតេជោ ​ក៏បាន​ណែនាំឱ្យមានការ​កសាង​ប៉ុស្តិ៍​សុខភាព​មួយ​នៅ​ជាន់​ផ្ទាល់ដី​នៃ​អគារ​អន្ទេវាសិកដ្ឋាន ដែល​​​រួមមាន​បន្ទប់​សម្រាប់​ពិនិត្យ​ជំងឺ និង​បន្ទប់​សម្រាប់​គ្រូពេទ្យ​ប្រចាំការ ដើម្បី​ធានា​សុខុមាលភាព​របស់​និស្សិត​ដែល​ស្នាក់នៅ​ទីនោះ។ សម្តេចតេជោ​បន្ត​ថា នៅពេលសាងសង់រួច អន្តេវាសិកដ្ឋាន​នេះ ​នឹងត្រូវ​ប្រគល់ជូន​ជា​សម្បត្តិ​រដ្ឋ ហើយ​ការគ្រប់គ្រង​នឹង​ស្ថិតនៅក្រោម​ការទទួលខុសត្រូវ​របស់​ក្រសួង​កិច្ចការនារី។ តាមរយៈសារចុងក្រោយ សម្តេចបាន​សម្តែង​ក្តីសង្ឃឹម​យ៉ាង​មុតមាំ​ថា៖ «ខ្ញុំសង្ឃឹមថា​អន្ទេវាសិកដ្ឋាន​នេះ​នឹង​ជួយ​កាត់បន្ថយ​ការលំបាក​របស់​និស្សិត​ជា​ស្ត្រី និង​ជួយ​ពន្លឿន​ដល់​ការវិនិយោគ​កសាង​សមត្ថភាព​របស់​ស្ត្រី និង​ការចូលរួម​របស់​ស្ត្រី​ក្នុងការ​កសាង​ប្រទេសជាតិ»។ - Video Advertisement -

ឥណ្ឌាប្តេជ្ញាបន្តគាំទ្រកម្ពុជាតាមរយៈផ្តល់ជំនួយជាវគ្គបណ្តុះបណ្តាលពិសេស លើជំនាញអភិវឌ្ឍន៍ជនបទ

ឥណ្ឌា​បាន​បញ្ជាក់​ជាថ្មី​ពី​ការ​ប្ដេជ្ញា​ចិត្ត​ពង្រឹង​ភាព​ជា​ដៃគូ​ជាមួយ​កម្ពុជា​ក្នុង​វិស័យ​អភិវឌ្ឍន៍​ជនបទ។ ក្នុងជំនួបរវាង ឯកឧត្តម ឆាយ រិទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ និងឯកឧត្តម Vanlalvawna Bawitlung ឯកអគ្គរដ្ឋទូតឥណ្ឌាប្រចាំនៅកម្ពុជា បានប្រកាសថា ប្រទេសឥណ្ឌានឹងបន្តគាំទ្រកម្ពុជាតាមរយៈផ្តល់វគ្គបណ្តុះបណ្តាលឯកទេស ក្នុងគោលបំណងពង្រឹងជំនាញរបស់មន្ត្រីនៅក្នុងក្រសួងអភិវឌ្ឍន៍ជនបទកម្ពុជា។ ឯកអគ្គរដ្ឋទូតឥណ្ឌាបានគូសបញ្ជាក់ពីភាពស្រដៀងគ្នានៃបញ្ហាប្រឈមក្នុងការអភិវឌ្ឍន៍ជនបទដែលប្រទេសទាំងពីរកំពុងជួបប្រទះ ដោយកត់សម្គាល់ថាប្រហែល ៥០% នៃចំនួនប្រជាជនឥណ្ឌាកំពុងរស់នៅក្នុងតំបន់ជនបទ។ ជាមួយនឹងគោលដៅដ៏មានមហិច្ឆិតារបស់រដ្ឋាភិបាលឥណ្ឌាដោយចង់ប្រែក្លាយឥណ្ឌាទៅជាប្រទេសអភិវឌ្ឍន៍នៅឆ្នាំ២០៤៧ ដូច្នេះរដ្ឋាភិបាលឥណ្ឌាចង់ចែករំលែកជំនាញ និងបទពិសោធន៍របស់ខ្លួនជាមួយកម្ពុជាផងដែរ។ ឯកឧត្តមឯកអគ្គរដ្ឋទូត Bawitlung បានសង្កត់ធ្ងន់លើសារៈសំខាន់នៃកិច្ចសហប្រតិបត្តិការដែលកំពុងបន្តដោយមានប្រសាសន៍ថា “ឥណ្ឌានឹងបន្តផ្តល់គាំទ្រដល់ប្រទេសកម្ពុជាតាមរយៈជំនួយបន្ថែម រួមទាំងកម្មវិធីបណ្តុះបណ្តាលជំនាញដែលរៀបចំឡើងសម្រាប់មន្ត្រីនៅក្នុងក្រសួងអភិវឌ្ឍន៍ជនបទ”។ គំនិតផ្តួចផ្តើមនេះគឺជាផ្នែកមួយនៃយុទ្ធសាស្ត្រដ៏ទូលំទូលាយ ដើម្បីជំរុញកំណើនសេដ្ឋកិច្ច និងការចែករំលែកចំណេះដឹងឱ្យគ្នាទៅវិញទៅមកក្នុងកិច្ចខិតខំប្រឹងប្រែងអភិវឌ្ឍន៍ជនបទ។ ជាការឆ្លើយតប ឯកឧត្តមរដ្ឋមន្ត្រី បានសម្តែងនូវការដឹងគុណចំពោះការគាំទ្រឥតងាករេរបស់ឥណ្ឌា ដោយបានទទួលស្គាល់គម្រោងមុនៗ ដែលបានជះឥទ្ធិពលយ៉ាងខ្លាំងនៅក្នុងប្រទេសកម្ពុជា។ គំនិតផ្តួចផ្តើមទាំងនេះរួមមានគម្រោងអភិវឌ្ឍន៍សហគមន៍រួមបញ្ចូលគ្នា ដែលផ្តោតលើវិស័យទឹកស្អាត អនាម័យ និងការបណ្តុះបណ្តាលវិជ្ជាជីវៈ ក៏ដូចជាគម្រោងដែលមានគោលបំណងលុបបំបាត់សារធាតុអាសេនិចចេញពីទឹកផឹកជុំវិញបឹងទន្លេសាប និងការការពារបរិស្ថានដោយការលុបបំបាត់ការបំពុលផងដែរ។ កិច្ចសហការនេះគឺជាជំហានដ៏សំខាន់មួយឆ្ពោះទៅរកការលើកកម្ពស់ហេដ្ឋារចនាសម្ព័ន្ធ និងការអភិវឌ្ឍន៍ជនបទនៅកម្ពុជា ដោយបង្ហាញពីទំនាក់ទំនងដ៏រឹងមាំរវាងប្រជាជាតិទាំងពីរ និងការប្តេជ្ញាចិត្តរួមគ្នារបស់ពួកគេក្នុងការលើកកម្ពស់ជីវភាពរស់នៅរបស់សហគមន៍ជនបទ។ - Video Advertisement -