រដ្ឋាភិបាលរៀបចំគម្រោងប្លង់មេដើម្បីអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធច្រកទ្វារព្រំដែនអន្តរជាតិជ្រៃធំ

ហេដ្ឋារចនាសម្ព័ន្ធព្រំដែនអន្តរជាតិថ្មីនៅខេត្តកណ្តាល នឹងធ្វើទំនើបកម្មប្រតិបត្តិការគយ និងពន្លឿនការធ្វើសមាហរណកម្មសេដ្ឋកិច្ចជាមួយវៀតណាម

រាជរដ្ឋាភិបាល តាមរយៈអន្តរក្រសួង មានក្រសួងសេដ្ឋកិច្ច ក្រសួងមហាផ្ទៃ ក្រសួងរៀបចំដែនដី ព្រមទាំងស្ថាប័នជាច្រើនទៀត បានបើកកិច្ចប្រជុំពិភាក្សាគ្នា ដើម្បីរៀបចំគម្រោងប្លង់មេ (Master Plan) សម្រាប់អភិវឌ្ឍន៍អគារស្នាក់ការ និងហេដ្ឋារចនាសម្ព័ន្ធច្រកទ្វារព្រំដែនអន្តរជាតិជ្រៃធំនាពេលឆាប់ៗខាងមុខ។

កិច្ចប្រជុំនេះ​ដឹកនាំដោយឯកឧត្តម ហ៊ាន សាហ៊ីប រដ្ឋលេខាធិការ និងជាប្រធានគណៈកម្មការដោះស្រាយសំណងផលប៉ះពាល់ដីបង្កក នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ធ្វើឡើងកាលថ្ងៃទី៨ ខែមករា ឆ្នាំ២០២៦។

ឯកឧត្តម ហ៊ាន សាហ៊ីប បានឱ្យដឹងថា កិច្ចប្រជុំនេះ មានគោលបំណងពិនិត្យ និងពិភាក្សាលើការសិក្សារៀបចំគម្រោងប្លង់មេ (Master Plan) សម្រាប់ការសាងសង់សំណង់ស្ថាបត្យកម្មអគារទីស្នាក់ការ និង ហេដ្ឋារចនាសម្ព័ន្ធច្រកទ្វារអន្តរជាតិជ្រៃធំ ដោយគិតគូរអំពីទីតាំងសម្រាប់អង្គភាពគយ ទីតាំងសម្រាប់លើកដាក់ផ្ទេរទំនិញ អគាររបស់អង្គភាពមានសមត្ថកិច្ចពាក់ព័ន្ធ ព្រមទាំងរួមបញ្ចូលទាំងការរៀបចំសួនច្បារ ដោយយកលំនាំតាមសំណង់អគារទីស្នាក់ការត្រួតពិនិត្យរួម នៅច្រកទ្វារព្រំដែនអន្តរជាតិ ដែលធ្លាប់បានសាងសង់កន្លងមក។

លទ្ធផលពីកិច្ចពិភាក្សានេះ បានណែនាំឱ្យមានការសិក្សាស៊ីជម្រៅលើការរៀបចំគម្រោងប្លង់មេ និង ប្លង់ស្ថាបត្យកម្មរួម ដោយមានការចូលរួមពី ក្រសួង-ស្ថាប័ន និង អង្គភាពពាក់ព័ន្ធ ក្រោមកិច្ចសម្របសម្រួលពីលេខាធិការដ្ឋាន នៃគណៈកម្មការដោះស្រាយសំណងផលប៉ះពាល់ដីបង្កក ដើម្បីឱ្យការសិក្សារៀបចំគម្រោងប្លង់មេនេះ មានច្បាស់លាស់ និងមានភាពគ្រប់ជ្រុងជ្រោយ មុននឹងដាក់ជូនថ្នាក់ដឹកនាំ ពិនិត្យ និង សម្រេចផងដែរ។

សូមជម្រាបថា ការរៀបចំគម្រោងប្លង់មេ (Master Plan) គឺសម្រាប់អភិវឌ្ឍន៍អគារស្នាក់ការ និងហេដ្ឋារចនាសម្ព័ន្ធច្រកទ្វារព្រំដែនអន្តរជាតិជ្រៃធំ ដែលមានទីតាំងស្ថិតនៅភូមិជ្រៃធំ សង្កាត់សំពៅពូន ក្រុងសំពៅពូន ខេត្តកណ្តាល។ កន្លងមក រាជរដ្ឋាភិបាលក៏បានសាងសង់ហេដ្ឋារចនាសម្ព័ន្ធជាច្រើន ដើម្បីតភ្ជាប់មធ្យោបាយធ្វើដំណើរឱ្យកាន់តែងាយស្រួល ជាអាទិ៍ផ្លូវជាតិលេខ ២៣៕ (អានបន្ថែម)

- Video Advertisement -

ព័ត៌មានដែលទាក់ទង

កម្ពុជា បង្ហាញផែនការសង់ស្ថានីយច្រកទ្វារព្រំដែនអន្តរជាតិចំនួន ៤ទៀត តាមបណ្តោយព្រំដែនជាមួយវៀតណាម

រាជរដ្ឋាភិបាលកម្ពុជា តាមរយៈក្រសួងសាធារណការ និងដឹកជញ្ជូន បានដឹកនាំកិច្ចប្រជុំពិភាក្សាលើការកំណត់ទីតាំង ពិនិត្យលទ្ធភាព និងវិធានការដោះស្រាយដីបម្រុងទុកសម្រាប់សាងសង់ស្ថានីយច្រកទ្វារព្រំដែនអន្តរជាតិ ៤កន្លែង នាពេលខាងមុខឆាប់ៗនេះ។ នេះបើយោងតាមហ្វេសប៊ុករបស់ក្រសួងសាធារណការ កាលថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៥។ លោកជំទាវ ឥម នីថារ៉ា រដ្ឋលេខាធិការក្រសួងសាធារណការ បានឱ្យដឹងថា ស្ថានីយច្រកទ្វារព្រំដែនអន្តរជាតិ៤កន្លែង ដែលសាងសង់នាពេលខាងមុខឆាប់ៗនេះ គឺស្ថិតក្រោមក្របខ័ណ្ឌគម្រោងជំរុញការតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធច្រកទ្វារព្រំដែន(3CEP)។ លោកជំទាវបន្តថា កិច្ចប្រជុំនេះ ភាគីពាក់ព័ន្ធបានពិភាក្សាលើការកំណត់ទីតាំង  សម្រាប់សាងសង់ស្ថានីយច្រកទ្វារព្រំដែនអន្តរជាតិទាំង៤កន្លែង រួមមាន ខេត្តតាកែវ ក្រចេះ រតនគិរី និងត្បូងឃ្មុំ។ នៅក្នុងកិច្ចប្រជុំនេះ ក៏ឯកភាពរៀបចំគំនូសប្លង់វិស្វកម្មលម្អិត(DEDs) សំដៅពន្លឿនការងារអនុវត្តបន្តរបស់គម្រោង 3CEP ក្នុងដំណាក់កាលរៀបចំគម្រោង ឱ្យប្រព្រឹត្តទៅបានដោយរលូន និងទទួលបានជោគជ័យទៅតាមផែនការដែលបានគ្រោងទុកផងដែរ។ គួរបញ្ជាក់បន្ថែមថា៖ គម្រោង 3CEP នេះ នឹងប្រើប្រាស់ហិរញ្ញប្បទានសហប្រតិបត្តិការពីធនាគារវិនិយោគហេដ្ឋារចនាសម្ព័ន្ធអាស៊ី(AIIB) ដែលត្រូវបានរំពឹងទុកថា សមិទ្ធផលនៃគម្រោងនេះ នឹងជួយគាំទ្រដល់វិស័យដឹកជញ្ជូនក្នុងការពង្រឹងការតភ្ជាប់ និងជំរុញកំណើននៃរំហូរប្រតិបត្តិការដឹកញ្ជូនក្នុងតំបន់ភូមិភាគឦសាន និងឆ្លងកាត់ព្រំដែន ប្រកបដោយប្រសិទ្ធភាព និងប្រសិទ្ធផល ជាពិសេស គម្រោងនេះក៏នឹងជំរុញការតភ្ជាប់ និងធ្វើឱ្យប្រសើរឡើងនូវស្ថានីយ និងហេដ្ឋារចនាសម្ព័ន្ធច្រកទ្វារព្រំដែនអន្តរជាតិ(CBF) សម្រួលការដឹកជញ្ជូន ពាណិជ្ជកម្ម ទេសចរណ៍ឆ្លងកាត់ព្រំដែនអន្តរជាតិ […]

កម្ពុជានឹងសង់ច្រកព្រំដែនអន្តរជាតិថ្មីចំនួន៤ ដើម្បីពង្រឹងការតភ្ជាប់ជាមួយប្រទេសជិតខាង

​ដើម្បី​ជំរុញ​ការ​តភ្ជាប់​ក្នុង​តំបន់ រដ្ឋាភិបាល​កម្ពុជា​គ្រោង​នឹង​បង្កើត​ច្រក​អន្តរជាតិ​ថ្មី​ចំនួន ៤ នៅ​ខេត្ត​ក្រចេះ តាកែវ ត្បូងឃ្មុំ និង​រតនគិរី។ ការ​សម្រេច​នេះ​ត្រូវ​បាន​ប្រកាស​ក្នុង​កិច្ចប្រជុំ​កាលពី​ពេល​ថ្មី​ៗ​កន្លង​មក​ដែល​ដឹកនាំ​ដោយ​ឯកឧត្តម ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួង​សាធារណការ និង​ដឹក​ជញ្ជូន ដែល​ប្រារព្ធ​ធ្វើ​ឡើងនៅ​ថ្ងៃ​ទី​៣ ខែមីនា ឆ្នាំ​២០២៥ ។ កិច្ចប្រជុំបានផ្តោតលើគម្រោងតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធឆ្លងកាត់ព្រំដែន ដែលផ្តល់មូលនិធិដោយធនាគារវិនិយោគហេដ្ឋារចនាសម្ព័ន្ធអាស៊ី (AIIB) ដែលមន្ត្រីក្រសួងបានពិនិត្យរបាយការណ៍បឋម និងពិភាក្សាអំពីទីតាំងសក្តានុពលសម្រាប់ច្រកព្រំដែនថ្មី។ ឯកឧត្តមរដ្ឋមន្ត្រីបានសង្កត់ធ្ងន់លើសារៈសំខាន់នៃការអនុវត្តគម្រោងនេះដោយជោគជ័យ និងតម្រូវការក្នុងការបង្កើតក្រុមការងារបច្ចេកទេស។ ក្រុមនេះនឹងធ្វើការស្រាវជ្រាវយ៉ាងម៉ត់ចត់លើកត្តាផ្សេងៗរួមទាំងការជ្រើសរើសទីតាំង តម្រូវការដី លក្ខខណ្ឌភូមិសាស្រ្ត លទ្ធភាព និងវិធានការចាំបាច់សម្រាប់ការរៀបចំ និងការចរចាដីធ្លី។ ទីតាំងដែលបានកំណត់សម្រាប់ច្រកទ្វារអន្តរជាតិថ្មី គឺត្រពាំងស្រែ ក្នុងខេត្តក្រចេះ ភ្នំដិន ក្នុងខេត្តតាកែវ ត្រពាំងផ្លុង ក្នុងខេត្តត្បូងឃ្មុំ និងអូរយ៉ាដាវ ក្នុងខេត្តរតនគិរី។ ក្រសួងសាធារណការ និងដឹកជញ្ជូន បានគូសបញ្ជាក់ថា ផ្លូវឆ្លងកាត់ថ្មីទាំងនេះ មានគោលបំណងពង្រឹងហេដ្ឋារចនាសម្ព័ន្ធច្រកទ្វារព្រំដែន និងសម្រួលពាណិជ្ជកម្ម និងការធ្វើដំណើរកាន់តែរលូនរវាងកម្ពុជា និងប្រទេសជិតខាង។ គំនិតផ្តួចផ្តើមនេះគឺជាផ្នែកមួយនៃយុទ្ធសាស្ត្រដ៏ទូលំទូលាយរបស់រដ្ឋាភិបាលកម្ពុជាក្នុងការកែលម្អហេដ្ឋារចនាសម្ព័ន្ធឆ្លងព្រំដែន ជំរុញកំណើនសេដ្ឋកិច្ច និងកិច្ចសហការក្នុងតំបន់។ - Video Advertisement -

ការដ្ឋានច្រកព្រំដែនខ្មែរ-ថៃស្ទឹងបត់ និងផ្លូវតភ្ជាប់ផ្លូវជាតិលេខ៥ សម្រេចជាង៥៨%

គម្រោងសាងសង់ច្រកទ្វារអន្តរជាតិខ្មែរ-ថៃស្ទឹងបត់ និងផ្លូវតភ្ជាប់មកផ្លូវជាតិលេខ៥ សម្រេចបានប្រមាណជាង ៥៨% ហើយ គិតត្រឹមខែកញ្ញា ឆ្នាំ២០២២នេះ។ នេះបើយោងតាម ឯកឧត្តម យិត បុណ្ណា រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន បានឱ្យដឹងក្នុងកិច្ចប្រជុំពិនិត្យវឌ្ឍនភាពនៃការអនុវត្តគម្រោងនៅថ្ងៃទី ១៩ ខែកញ្ញា នេះ។ កិច្ចប្រជុំនេះ បានពិភាក្សាស្តីពីវឌ្ឍនភាពគម្រោង បញ្ហាប្រឈមមួយចំនួនទាក់ទងនឹងការនាំចូលសម្ភារៈវត្ថុធាតុដើម បញ្ហាកង្វះ វិស្វករនៅការដ្ឋាន និងភ្លៀងធ្លាក់ច្រើនបង្កឧបសគ្គដល់ការអនុវត្តគម្រោង ជាដើម។ ទន្ទឹមនឹងនេះ អង្គប្រជុំបានពិនិត្យ ក៏បានស្នើ ឱ្យទីប្រឹក្សាត្រួតពិនិត្យបច្ចេកទេសរៀបចំផែនការលម្អិតលើការងារនាំចូលសម្ភារៈវត្ថុធាតុដើម និងការសាងសង់ ដើម្បី ជំរុញឱ្យក្រុមហ៊ុនCM Grand Development និងTan Kim Eng អនុវត្តគម្រោងឱ្យសម្រេចតាមផែនការដែលបានសន្យា។ គួរបញ្ជាក់ថា គួរបញ្ជាក់ថា គម្រោងនេះ កំពុងសាងសង់ដោយចំណាយថវិកាប្រមាណ ២៤លានដុល្លារ ក្រោមឥណទានរបស់ទីភ្នាក់ងារសហប្រតិបត្តិការអភិវឌ្ឍន៍សេដ្ឋកិច្ចប្រទេសជិតខាង (NEDA)។ គម្រោងច្រកទ្វារនេះ នឹងរួមមានការសាងសង់អគារច្រកត្រួតពិនិត្យព្រំដែន សំណង់អគារអន្តេវាសិកដ្ឋាន ចំណតសម្រាប់ផ្ទេរទំនិញឆ្លងកាត់ ឃ្លាំង និងទីលានកុងទីន័រ និងអគាររដ្ឋបាលជាដើម។ ថ្មីៗនេះ ភាគីថៃ និងកម្ពុជា ក៏គ្រោងនឹងបំពាក់គ្រឿងម៉ាស៊ីនត្រួតពិនិត្យកាំរស្មើអិចលើទំនិញដែលឆ្លងកាត់ច្រកទ្វារព្រំដែននេះ […]

ច្រកព្រំដែនអន្តរជាតិខ្មែរ-ថៃស្ទឹងបត់សម្រេច ៤០% ហើយ ត្រៀមបើកបណ្ដោះអាសន្នឆាប់ៗ

មកទល់បច្ចុប្បន្ន ការដ្ឋានអគាររដ្ឋបាលច្រកទ្វារអន្តរជាតិខ្មែរ-ថៃស្ទឹងបត់ ប៉ែកខាងកម្ពុជាសម្រេចបានប្រមាណ៤០ % ហើយ ខណៈប៉ែកខាងថៃសម្រេចបានជាង ៩០% ដោយភាគីទាំងពីរ ត្រៀមចង់បើកដំណើរការជាបណ្ដោះអាសន្នឆាប់ៗនេះ។ នេះបើតាមកិច្ចប្រជុំទ្វេភាគីរវាង ឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ និងឯកឧត្តម បរិនញ៉ា ភោធីសាធ អភិបាលខេត្តស្រះកែវ ប្រទេសថៃ កាលថ្ងៃទី១០ ខែមីនា ឆ្នាំ២០២២ ។ ទោះស្ថិតក្នុងដំណាក់កាលសាងសង់ក្ដី ទាំងភាគីថៃ និងកម្ពុជា ក៏បានព្រមព្រៀងគ្នាថា នឹងបើកច្រកទ្វារនេះជាបណ្តោះអាសន្ន ដើម្បីសម្រួលរចរន្តដឹកទំនិញចេញចូលរវាងប្រទេសទាំងពីរឱ្យកាន់តែងាយស្រួល។ ឯកឧត្តម អ៊ុំ រាត្រី ថា៖ «កាលបរិច្ឆេទបើកឲ្យដំណើរការថ្ងៃណា គឺរងចាំគោលការណ៍រដ្ឋាភិបាលនៃប្រទេសទាំងពីរ និងការកសាងអគាររដ្ឋបាលសម្រាប់មន្ត្រីជំនាញបំពេញការងាររួចរាល់ក្នុងកម្រិតណាមួយសិន»។ គួរបញ្ជាក់ថា គម្រោងច្រកទ្វារនេះ រួមមាន ការសាងសង់អគារច្រកត្រួតពិនិត្យព្រំដែន សំណង់អគារអន្តេវាសិកដ្ឋាន ចំណតសម្រាប់ផ្ទេរទំនិញឆ្លងកាត់ឃ្លាំង និងទីលានកុងទីន័រ និងអគាររដ្ឋបាលជាដើម។ បច្ចុប្បន្នគម្រោងនេះ កំពុងសាងសង់ដោយក្រុមហ៊ុន CM Grand Development Co., Ltd & Tan Kim Eng […]