កម្ពុជា-ជប៉ុន ឯកភាពលើការងារសំខាន់ៗចំនួន៤ ដើម្បីអភិវឌ្ឍន៍ផែនការមេកំពង់ផែក្រុងព្រះសីហនុ

កម្ពុជា-ជប៉ុន បានឯកភាពគ្នាលើការងារសំខាន់ៗចំនួន៤ ដើម្បីជំរុញគម្រោងអភិវឌ្ឍន៍ផែនការមេ សំដៅឈានទៅប្រែក្លាយកំពង់ផែក្រុងព្រះសីហនុទៅជាកំពង់ផែ និងមជ្ឈមណ្ឌលឡូជីស្ទីកថា្នក់តំបន់ឱ្យបានឆាប់រហ័ស។ នេះបើតាមកិច្ចប្រជុំលើកទី១ គណៈកម្មាធិការសម្របសម្រួលរួម នៃគម្រោងអភិវឌ្ឍន៍ផែនការកំពង់ផែក្រុងព្រះសីហនុ កាលទី២៩ ខែមករា ឆ្នាំ២០២៦ ក្រោមអធិបតីភាពឯកឧត្តម ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន និងឯកឧត្តម UENO Atsushi ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា តំណាងJICA ភាគីពាក់ព័ន្ធជាច្រើនទៀត។
នាឱកាសនោះ ឯកអគ្គរាជទូតជប៉ុន បានលើកឡើងថា គម្រោងអភិវឌ្ឍន៍ផែនការមេរបស់កំពង់ផែក្រុងព្រះសីហនុនេះ ក៏នឹងក្លាយជាគម្រោងមួយទៀតដែលជាសក្ខីភាពបញ្ជាក់ពីមិត្តភាពរយះពេល៧៣ ឆ្នាំ រវាងកម្ពុជា-ជប៉ុនដ៏រឹងមាំ ស្របតាមចក្ខុវិស័យនិងការប្តេជ្ញាចិត្តរួមគ្នារវាងប្រមុខរាជរដ្ឋាភិបាលនៃប្រទេសទាំងពីរកន្លងមក។
ជាមួយគ្នានេះ ឯកឧត្តម ប៉េង ពោធិ៍នា បានថ្លែងអំណរគុណរដ្ឋាភិបាលជប៉ុន និងទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន (JICA) ដែលតែងតែផ្តល់ការគាំទ្រ និងកិច្ចសហការយ៉ាងជិតស្និទ្ធជាមួយកម្ពុជា ជាពិសេសក្នុងវិស័យដឹកជញ្ជូន និងភស្តុភារកម្ម។
ក្នុងជំនួបនោះ ភាគីទាំងពីរបានសម្រេចឯកភាពលើការងារសំខាន់ៗ ចំនួន៤ រួមមាន៖ ១. ការកំណត់ឯកសារទស្សនទាន អំពី “កំពង់ផែ និងមជ្ឈមណ្ឌលឡូជីស្ទីកថា្នក់តំបន់ ២. ផែនការសកម្មភាពការងារសម្រាប់អនុវត្តគម្រោងដែលមានរយៈពេលសរុបចំនួន២៤ខែ, ៣. ការបង្កើតក្រុមការងារដើម្បីជំរុញការអនុវត្តគម្រោង, ៤.និងការរៀបចំសិក្ខាសាលាផ្សព្វផ្សាយ-ពិគ្រោះយោបល់និងរៀបចំវគ្គបណ្តុះបណ្តាល។
គួររំឭកផងដែរថា គម្រោងអភិវឌ្ឍន៍ផែនការមេកំពងផែក្រុងព្រះសីហនុននេះ គឺជាគំនិតផ្តួចផ្តើមរបស់ សម្ដេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និង សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ដែលបានស្នើសុំការគាំទ្រពីរដ្ឋាភិបាលជប៉ុន សម្រាប់ការអភិវឌ្ឍកំពង់ផែស្វយ័តក្រុងព្រះសីហនុ ទៅជាកំពង់ផែ និងមជ្ឈមណ្ឌលឡូជីស្ទីកថា្នក់តំបន់ ហើយនេះជាចក្ខុវិស័យដ៏ច្បាស់លាស់ដែលបានបញ្ជាក់ពីការប្តេជ្ញាចិត្តយ៉ាងមុតមាំរបស់រដ្ឋាភិបាលកម្ពុជា ក្នុងការលើកកម្ពស់ការតភ្ជាប់ ការប្រកួតប្រជែងផ្នែកដឹកជញ្ជូន-ឡូជីស្ទីក និងការធ្វើសមាហរណកម្មទៅក្នុងខ្សែសង្វាក់ផ្គត់ផ្គង់ក្នុងតំបន់ និងពិភពលោក៕ (អានបន្ថែម)



English
