ការយល់ដឹងពីការទទួលបានកម្មសិទ្ធអចលនទ្រព្យនៅក្នុងប្រទេសកម្ពុជា

មុនពេលទិញអចលនទ្រព្យនៅក្នុងប្រទេសកម្ពុជា អ្នកទិញចាំបាច់ត្រូវមានការយល់ដឹងអំពីព័ត៌មានមូលដ្ឋានដែលទាក់ទងទៅនឹងអចលនទ្រព្យ។

វាជាការសំខាន់ណាស់ក្នុងការមានអ្នកជំនាញវិជ្ជាជីវៈក្នុងការអនុវត្តដោយយកចិត្តទុកដាក់ដើម្បីកំណត់ពីទម្រង់នៃកម្មសិទ្ធិអចលនទ្រព្យ លក្ខណៈនិងការប្រើប្រាស់ដី ភូមិសាស្ត្រជាក់លាក់ និងហានិភ័យដែលពាក់ព័ន្ធនានា។ ការសិក្សាដោយត្រឹមត្រូវ អាចបង្ហាញពីស្ថានភាពផ្លូវច្បាប់របស់ម្ចាស់កម្មសិទ្ធិ ថាតើកំពុងមាន ឬធ្លាប់មានបន្ទុកលើអចលនទ្រព្យឬអត់? ស្ថានភាពក្នុងតំបន់អភិវឌ្ឍន៍ក៏ដូចជាតំបន់សេដ្ឋកិច្ច ការកំហិតកម្ពស់អគារ និងតំបន់ហាមឃាត់ការសាងសង់អគារខ្ពស់ៗ ដើម្បីឲ្យអ្នកទិញមានការយល់ដឹង ហើយការទិញអចលនទ្រព្យអនុលោមតាមច្បាប់ភូមិបាលក្នុងស្រុក។

ក្របខ័ណ្ឌច្បាប់សម្រាប់អចលនទ្រព្យនៅក្នុងប្រទេសកម្ពុជាខុសពីប្រទេសអភិវឌ្ឍន៍ដទៃទៀត។ មុនពេលមានការអនុវត្តច្បាប់ភូមិបាលកម្ពុជា ដីជាច្រើនមិនត្រូវបានចុះបញ្ជីនោះទេ។ ប្លង់ដីដែលមិនត្រូវបានចុះបញ្ជីហៅថា “ប្លង់ទន់” ចំណែកអចលនទ្រព្យដែលត្រូវបានចុះបញ្ជីត្រូវបានបង្ហាញភស្តុតាងតាមរយៈ “ប្លង់រឹង”។ “ប្លង់ទន់” គឺជាលិខិតធម្មតាមួយដែលចេញដោយអាជ្ញាធរមូលដ្ឋាន ដែលមានការិយាល័យ ឃុំ-សង្កាត់ និងខណ្ឌ-ស្រុក។ ចំណែកឯ “ប្លង់រឹង” គឺជាឯកសារដែលបានចុះបញ្ជីជាមួយអាជ្ញាធរពាក់ព័ន្ធរួមមានការិយាល័យសុរិយោដីពាក់ព័ន្ធ និងភស្តុតាងកំណត់ត្រាកាន់កាប់របស់ម្ចាស់កម្មសិទ្ធិ។

ប្លង់ទន់គឺមានការធានាតិចជាងការប្លង់រឹង។ ប្លង់ទន់មិនបានកំណត់យ៉ាងច្បាស់ពីព្រំប្រទល់នៃអចលនទ្រព្យដែលពាក់ព័ន្ធ ដែលអាចនាំឲ្យមានបញ្ហាព្រំប្រទល់ដីជាមួយអ្នកជិតខាង។ ជាញឹកញាប់ បញ្ហាប្លង់ទន់ស្ទួនក៏អាចមានផងដែរដោយមានឈ្មោះម្ចាស់ផ្សេងគ្នា។ ប្លង់ទន់មានការប្រើប្រាស់ដែលមានកម្រិត ទាក់ទងនឹងការប្រើសម្រាប់ប្រាក់កម្ចីធនាគារ ឬការទទួលបានលិខិតអនុញ្ញាតសាងសង់។

ដោយមិនគិតពីហានិភ័យ ប្លង់ទន់ក៏នៅតែមានតម្លៃ ប្រសិនបើមានការស៊ើបអង្កេតឲ្យបានត្រឹមត្រូវតាមរយៈដំណើរការត្រួតពិនិត្យយ៉ាងល្អិតល្អន់។ ការត្រួតពិនិត្យផ្ដល់នូវសុវត្ថិភាពបន្ថែមដល់អ្នកទិញក្នុងការវិភាគហានិភ័យដែលពាក់ព័ន្ធនឹងអចលនទ្រព្យ។ ជាញឹកញាប់ ប្លង់ទន់អាចប្តូរទៅជាប្លង់រឹង ដែលផ្តល់នូវទំនុកចិត្តកម្រិតខ្ពស់ដល់អ្នកទិញក្នុងការពិចារណាពីការទិញ។ ប៉ុន្តែមានតែការត្រួតពិនិត្យដោយហ្មត់ចត់ប៉ុណ្ណោះ ដែលអាចកំណត់នូវហានិភ័យទាំងនោះបាន ព្រមទាំងដំណោះស្រាយ។

ផ្ទុយទៅវិញ កម្មសិទ្ធិដែលបានចុះបញ្ជី ឬ “ប្លង់រឹង” ក៏មានទម្រង់ផ្សេងគ្នាដែរ ដូចជា វិញ្ញាបនបត្រកាន់កាប់អចលនវត្ថុ (Sporadic title), វិញ្ញាបនបត្រម្ចាស់កម្មសិទ្ធិអចលនវត្ថុ (Systematic title) និងទំរង់ចាស់នៃវិញ្ញាបនបត្រម្ចាស់កម្មសិទ្ធិអចលនវត្ថុ (Chicken feather title)។

ប្លង់រឹងមានសុវត្ថិភាពជាងប្លន់ទន់ ព្រោះតែស្ថានភាពផ្លូវច្បាប់របស់ប្លង់នេះ ដ៏ដូចជាការប្រើប្រាស់របស់ប្លង់នេះក្នុងការធានាការផ្តល់ហិរញ្ញប្បទាន និងសម្រាប់ការទទួលបានលិខិតអនុញ្ញាតសាងសង់។ ប្លង់រឹងមានបញ្ហាព្រំប្រទល់តិចតួច លទ្ធភាពដែលអាចកើតមានជម្លោះក៏តិចជាង ជួយក្នុងការចរចាស្នើប្រាក់កម្ចីពីធនាគារក្នុងអត្រាការប្រាក់ទាប ជួយសម្រួលក្នុងការទទួលបានលិខិតអនុញ្ញាតសាងសង់ និងអាចចុះបញ្ជីវិញ្ញាបនបត្រជួលរយៈពេលវែង។ ជាសង្ខេប ប្លង់រឹងផ្តល់នូវការធានាដល់សិទ្ធិកាន់កាប់ ឬសិទ្ធិជាម្ចាស់កម្មសិទ្ធិ។

ពន្ធលើការផ្ទេរកម្មសិទ្ធិ ៖ ប៉ុន្មានឆ្នាំមកនេះ និងមុនពេលមានប្រកាសថ្មីស្តីពីកាតព្វកិច្ចពន្ធប្រថាប់ត្រានៅដើមឆ្នាំ ២០១៦ ការទិញដីដែលប្រើប្លង់ទន់ មិនត្រូវបង់ពន្ធលើការផ្ទេរនោះទេ។ ទោះជាយ៉ាងណាបន្ទាប់ពីការអនុវត្តប្រកាសនេះ ការបង់ពន្ធលើការផ្ទេរកម្មសិទ្ធិអចលនទ្រព្យ មិនមានភាពខុសគ្នាទេរវាងការទិញអចលនទ្រព្យដែលមានប្លង់ទន់ និងអចលនទ្រព្យដែលមានប្លង់រឹង។

ការអនុវត្តការងារដោយការយកចិត្តទុកដាក់ គឺជាការស៊ើបអង្កេតផ្លូវការមួយដែលធ្វើឡើងដោយអ្នកជំនាញខាងដីធ្លី និងអគារ ផ្អែកលើព័ត៌មានទាំងអស់ដែលទទួលបានក្នុងអំឡុងពេលនៃការស៊ើបអង្កេត ដើម្បីបញ្ជាក់ និងដោះស្រាយបញ្ហាដែលមិនទាន់បានដោះស្រាយ ឬការព្រួយបារម្ភជាពិសេសណាមួយ។ ដំណើរអនុវត្តការងារដោយការយកចិត្តទុកដាក់ ជាដំណាក់កាលសំខាន់សម្រាប់អ្នកទិញដើម្បីដឹងពីហានិភ័យដែលពាក់ព័ន្ធដូចជា បញ្ហាផ្នែកច្បាប់ ជម្លោះព្រំប្រទល់ តំបន់ហាមឃាត់ការសាងសង់អគារខ្ពស់ ឬតំបន់ហាមឃាត់ គម្រោងប្លង់អភិវឌ្ឍន៍របស់រដ្ឋាភិបាល និងបញ្ហាដែលទាក់ទងដទៃទៀត ដែលអាចនឹងអនុវត្តទៅដីដែលត្រូវបានស៊ើបអង្កេត។

អ្នកទិញគួរតែស្វែងរកការប្រឹក្សាយោបល់ផ្នែកច្បាប់ និងធ្វើការត្រួតពិនិត្យឲ្យបានហ្មត់ចត់ ដើម្បីការពារផលប្រយោជន៍ ឬសិទ្ធិស្របច្បាប់របស់ខ្លួន។

- Video Advertisement -

ព័ត៌មានដែលទាក់ទង

គម្រោងសង់ពុទ្ធបដិមាខ្ពស់ជាងគេលើលោកតម្លៃជាង ៣០លានដុល្លារ ចាប់ផ្តើមហើយ

គម្រោងសាងសង់ពុទ្ធបដិមាខ្ពស់ជាងគេលើលោក ដែលមានតម្លៃជាង ៣០ […]

ជប៉ុនជួយកម្ពុជាសង់អគារមេត្តយ្យសិក្សានៅខេត្តបាត់ដំបង និង កោះកុង

រដ្ឋាភិបាលជប៉ុន បានឯកភាពផ្តល់ជំនួយឥតសំណងដែលមានថវិកាសរុប […]

ក្រសួងបរិស្ថាន៖ ផ្ទៃដីទាំងអស់របស់កម្ពុជាត្រូវបានចែកចេញជា ២១​ប្រភេទ

ទិន្នន័យបឋមនៃការប្រើប្រាស់ដីឆ្នាំ២០២២ ត្រូវបានសិក្សាលម្ […]

ក្រសួងបើកការដ្ឋានសាងសង់ សាលាជាតិវិជ្ជាជីវៈទេសចរណ៍ ជាផ្លូវការហើយ

ក្រសួងទេសចរណ៍ បានបើកការដ្ឋានសាងសង់ សាលាជាតិវិជ្ជាជីវៈទេ […]

ក្រសួងនឹងបើកការដ្ឋានសង់សាលាជាតិវិជ្ជាជីវៈ តម្លៃជាង ១១លានដុល្លារ ក្នុងខែវិច្ឆិកានេះ

សាលាជាតិវិជ្ជាជីវៈទេសចរណ៍ (VST) ចំនួនពីរទីតាំង នៅភ្នំពេ […]

សមាគមអ្នកសាងសង់ស្នើឱ្យជប៉ុនជួយធ្វើទំនើបកម្មពង្រឹងស្ដង់ដាកិច្ចសន្យាសំណង់នៅកម្ពុជា

សមាគមអ្នកសាងសង់នៅកម្ពុជា​ ឬCCA បានស្នើឱ្យអ្នកជំនាញជប៉ុន […]