អគារ VTRUST បើកទទួលស្វាគមន៍អ្នកជួល
អគារ VTRUST ដែលជាអគារការិយាល័យកម្ពស់ ១៥ជាន់ ទំហំ ១៨.០០០ម៉ែត្រការ៉េ នៅតំបន់ដែលអាចជួលបានតម្លៃខ្ពស់បានបើកជួលហើយ។
អគារនេះបានបើកដំណើរការជាផ្លូវការនៅថ្ងៃទី ១៧ ខែកុម្ភៈ ដោយបានរចនាឡើងមានលក្ខណៈប្លែកខុសគេសម្រាប់ធ្វើជាការិយាល័យលំដាប់ខ្ពស់ ដែលមានទីតាំងស្ថិតនៅតាមបណ្តោយមហាវិថីសាធារណរដ្ឋឆែកក្នុងតំបន់ពាណិជ្ជកម្មដែលមានសភាពអ៊ូអរនៃរាជធានីភ្នំពេញ។ អគារនេះត្រូវបានសាងសង់ និងដាក់ឲ្យដំណើរការដោយក្រុមហ៊ុន VTRUST Group ដែលជាភ្នាក់ងារគ្រប់គ្រងកន្លែងការងារឈានមុខគេនៅកម្ពុជា។
កាលពីមុនអគារនេះត្រូវបានគេស្គាល់ថា ជាអគារ GT Tower ដែលបានបញ្ចប់ការសាងសង់ និងដាក់ឲ្យប្រើប្រាស់នៅចុងឆ្នាំ ២០១៥។
អ្នកជួលល្បីៗមួយចំនួនដូចជា ក្រុមហ៊ុនសាជីវកម្មពហុជាតិ ធនាគារ CIMB ក្រុមហ៊ុនជប៉ុន Japan Tobacco International ក្រុមហ៊ុនធានារ៉ាប់រង Prudential ក្រុមហ៊ុន Phnom Penh Securities ក្រុមហ៊ុន Robert Bosch ក្រុមហ៊ុន VTRUST KEIAI និងក្រុមហ៊ុន KICPAA នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ VTRUST ។
អគារ VTRUST Tower គឺជាអគារមានភាពទំនើបជឿនលឿន និងជាអគារការិយាល័យលំដាប់ខ្ពស់ដែលផ្តល់ជូននូវទីកន្លែងប្រកបដោយគុណភាពប្រណីិត ជាមួយនិងអគារដ៏ខ្ពស់ និងបច្ចេកវិទ្យាទំនាក់ទំនង ដំបូលអគារមានអាងហែលទឹក ភាពងាយស្រួលក្នុងការចេញចូល និងភាពជាទីគាប់ចិត្តលេខមួយ។
សុវត្ថិភាពផ្ទាល់ខ្លួន គឺជាអាទិភាពសំខាន់របស់អគារ VTRUST Tower ដោយអគារនេះត្រូវបានរចនាឡើងជាមួយលក្ខណៈសុវត្ថិភាពស្តង់ដារអន្តរជាតិជាច្រើនរួមមាន ការជូនដំណឹងពីអគ្គីិភ័យទៅគ្រប់ជាន់ទាំងអស់នៃអគារជាដើម។
VTRUST Tower ប្រើប្រព័ន្ធម៉ាស៊ីនត្រជាក់រួម Central Chiller ហើយប្រព័ន្ធខ្យល់ចេញចូលអគារ ទាំងបង្អួចនិងផ្ទៃការ៉ូរួមបញ្ចូលគ្នាបង្កើតបានជាកន្លែងធ្វើការប្រកបដោយផាសុកភាព ក្នុងពេលដែលកម្ពុជាកំពុងតែមានអាកាសធាតុក្តៅខ្លាំង។
កន្លែងការិយាល័យនៃអគារ តំណាងឲ្យទីផ្សារពិសេសមួយដែលមានស្ដង់ដារប្រៀបធៀបទៅនឹងអគារការិយាល័យលំដាប់Grade-A នៅរាជធានីភ្នំពេញ។
ការរចនាស្ថាបត្យកម្មបង្ហាញពីភាពទាន់សម័យ ឆើតឆាយនិងភាពងាយស្រួល។
លោក Kuy Vat នាយកប្រតិបត្តិរបស់ក្រុមហ៊ុន VTRUST Group បានថ្លែងនៅក្នុងពិធីបើកសម្ពោធអគារថា “ការិយាល័យធ្វើការ និងកន្លែងផ្តល់សេវាកម្មដែលទាន់សម័យ គឺកាន់តែមានច្រើនឡើងក្នុងតម្រូវការនាពេលបច្ចុប្បន្ននេះជាងពេលកន្លងមក ព្រោះតែចំនួនអាជីវកម្មរីកចម្រើនរៀងរាល់ឆ្នាំ។ ពួកគេត្រូវការកន្លែងដែលកាន់តែស្រស់ទំនើបដើម្បីឲ្យសមនឹងក្រុមហ៊ុន ដែលរីកចម្រើនរបស់ពួកគេ។”
ក្រុមហ៊ុន VTRUST Group ត្រូវបានផ្តួចផ្តើមបង្កើតឡើងនៅឆ្នាំ ២០០៣ ក្នុងនាមជាក្រុមហ៊ុនបុត្រសម្ព័ន្ធបន្ទាប់ពីការបង្កើត VTRUST Property នៅឆ្នាំ ២០០៤។
សព្វថ្ងៃនេះ ក្រុមហ៊ុននេះគឺជាអ្នកជំនាញគ្រប់គ្រងកន្លែងផ្តល់សេវាឈានមុខគេ ដោយមានអគារការិយាល័យចំនួន ៣ ស្ថិតក្រោមការគ្រប់គ្រងរបស់ក្រុមហ៊ុន ដែលរួមមាន មជ្ឈមណ្ឌលពាណិជ្ជកម្ម VTRUST (VTRUST Business Center) អគារ Parkway Square និងអគារ VTRUST Business Center MTP ។
ព័ត៌មានសំខាន់ៗពីអគារ VTRUST Tower ៖
ម្ចាស់៖ ក្រុមហ៊ុន VTRUST Group
លំដាប់ថ្នាក់៖ អគារការិយាល័យលំដាប់ខ្ពស់
ទំហំទីតាំងដែលអាចជួលបានសរុប៖ ១៨.០០០ម៉ែត្រការ៉េ (ស្ថិតក្នុងចំណោមអគារកំពូលៗទាំង ៥ ដែលមានទីតាំងជួលធំ)
ចំណត៖ កន្លែងចតរថយន្តមានទំហំធំ
ពេលវេលាបញ្ចប់ការសាងសង់ និងដាក់ប្រតិបត្តិការផ្តល់សេវា៖ ២០១៥
កម្ពស់ ៖ ១៥ ជាន់
- Video Advertisement -