ការលើកទឹកចិត្តចំពោះការវិនិយោគអចលនទ្រព្យនៅកម្ពុជា
ការវិនិយោគនៅក្នុងប្រទេសកម្ពុជា វិនិយោគិននឹងទទួលបានការលើកទឹកចិត្តមួយចំនួនដែលគួរឲ្យទាក់ទាញបំផុតនៅក្នុងតំបន់។ ទោះជាយ៉ាងណា មានតែគម្រោងក្នុងទំហំមួយចំនួនដែលអាច ស្នើសុំការលើកទឹកចិត្តសម្រាប់គម្រោងវិនិយោគដែលមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ (QIP)។
គម្រោងវិនិយោគដែលមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ (QIP) ជាគម្រោងវិនិយោដែលទទួលបានវិញ្ញាបនបត្រចុះបញ្ជីស្ថាពរ។ ដើម្បីទទួលបានការទទួលស្គាល់ថា ជា QIP វិនិយោគិនដំបូងត្រូវចុះបញ្ជីគម្រោងវិនិយោគរបស់ខ្លួនជាមួយនឹងក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) ឬអនុគណៈកម្មាធិការវិនិយោគរាជធានី-ខេត្ត ដើម្បីទទួលបានវិញ្ញាបនបត្រចុះបញ្ជីស្ថាពរ។
សម្រាប់គម្រោងវិនិយោគដែលត្រូវបានទទួលស្គាល់ថា ជា QIP ដោយ CDC នឹងមានសិទ្ធិទទួលបានផលប្រយោជន៍ស្របច្បាប់ជាច្រើន ដូចជា ការលើកលែងពន្ធលើប្រាក់ចំណេញ (ការលើកលែងនេះអនុវត្តតែចំពោះពន្ធលើប្រាក់ចំណេញ និងពន្ធលើប្រាក់ចំណូលមួយចំនួនផ្សេងទៀត) ការលើកលែងពន្ធគយ ឬការទទួលបានការរំលស់ថ្លៃពិសេស។ ការលើកលែងពន្ធ ជាទូទៅគឺសម្រាប់រយៈពេលពី៣ឆ្នាំ ទៅ៥ឆ្នាំដំបូង ហើយប្រសិនបើក្រុមហ៊ុនមិនរំពឹងថានឹងទទួលបានប្រាក់ចំណេញរហូតដល់ឆ្នាំទី៦នោះ ការវិនិយោគនោះនឹងមិនអាចទទួលបានការលើកទឹកចិត្តផ្នែកពន្ធច្រើននោះទេ។
សម្រាប់អ្នកអភិវឌ្ឍន៍អចលនទ្រព្យ វាពិតជាមានសារៈសំខាន់ដែលដឹងថា QIPs អាចទទួលបានការលើកលែងពន្ធគយសម្រាប់ការនាំចូលឧបករណ៍ផលិតកម្ម និងសម្ភារសំណង់។ ដោយសារតែ QIP ផ្តល់ការលើកលែងពន្ធនាំចូល លក្ខណៈជា QIP អាចមានសារៈសំខាន់ ប្រសិនបើក្រុមហ៊ុនពឹងផ្អែកលើការនាំចូល។
ការលើកទឹកចិត្តផ្សេងទៀតក៏មានផងដែរ អាស្រ័យលើទំហំនៃការវិនិយោគ។ ក្នុងការវាយតម្លៃពីការទទួលបានឋានៈជា QIP មានសំណុំលក្ខណៈវិនិច្ឆ័យផ្សេងៗគ្នា រួមមានសកម្មភាពអាជីវកម្ម ឬចំនួនទឹកប្រាក់ទុនវិនិយោគដែលបានចុះបញ្ជី។ ម្យ៉ាងទៀត ដើម្បីនាំចូលឧបករណ៍ផលិតកម្ម សម្ភារសំណង់ ឬវត្ថុធាតុផលិតកម្ម (ដោយមានការលើកលែងពន្ធគយ ឬពន្ធ) QIP ត្រូវបំពេញលក្ខខណ្ឌដូចជា៖
1. វិនិយោគិន ឬតំណាងរបស់វិនិយោគិន ត្រូវដាក់ពាក្យស្នើសុំបញ្ជីមេរាយទំនិញអនុញ្ញាតនាំចូលពី CDC
2. បន្ទាប់ពីទទួលបានការយល់ព្រមពី CDC បញ្ជីខាងលើនេះត្រូវដាក់ជូននាយកដ្ឋាននីតិវិធីគយ
3. នៅពេលទំនិញនៅក្នុងបញ្ជីខាងលើត្រូវបាននាំចូល អ្នកវិនិយោគ ឬអ្នកតំណាង ត្រូវដាក់ពាក្យសុំលិខិតអនុញ្ញាតគយនៅនាយកដ្ឋាននីតិវិធីគយ ដោយភ្ជាប់នូវឯកសារគាំទ្រដូចជា លិខិតអនុញ្ញាត វិក័យប័ត្រ បញ្ជីវេចខ្ចប់ ឯកសារដឹកជញ្ជូន និងឯកសារពាក់ព័ន្ធផ្សេងទៀតដែលចាំបាច់
4. បន្ទាប់ពីទទួលបានលិខិតអនុញ្ញាតគយ វិនិយោគិន ឬអ្នកតំណាង ត្រូវបំពេញបែបបទជម្រះពន្ធគយ។
សម្រាប់វិនិយោគិនបរទេសដែលបំពេញបាននូវលក្ខខណ្ឌចាំបាច់ ការទទួលបានឋានៈជា QIP គឺមិនមែនជាបញ្ហាធំនោះទេ សេវាកម្មច្រកចេញចូលតែមួយ ឬទីប្រឹក្សាអាជីវកម្ម អាចជួយពួកគេបានប្រសិនបើចាំបាច់។ សម្រាប់វិនិយោគិនតូចតាច ដូចជាករណីការបើកការិយាល័យ ហាង និងភោជនីយដ្ឋាន ដំណើរការ គឺមានភាពងាយស្រួលដោយមានបញ្ហានីតិវិធីតិចតួច មិនដូចបណ្តាប្រទេសមួយចំនួនផ្សេងទៀតដែលកំណត់លក្ខខណ្ឌតម្រូវដើមទុនអប្បបរមាសម្រាប់វិនិយោគិនបរទេស។ វិនិយោគិនត្រូវចាំថា ឋានៈជា QIP មិនមែនត្រូវបានផ្ដល់ទៅឲ្យការវិនិយោគតូចតាចទាំងអស់នោះទេ។ មានតែឧស្សាហកម្មជាក់លាក់មួយចំនួនប៉ុណ្ណោះ ដែលមានសិទ្ធិទទួលបានឋានៈជា QIP ប្រសិនបើអាចបំពេញបានកម្រិតទុនវិនិយោគអប្បបរមាសម្រាប់ការចាប់ផ្តើម។ អាស្រ័យលើវិស័យវិនិយោគ ការចាប់ផ្តើមវិនិយោគមួយចំនួនផ្អែកលើទំហំទឹកប្រាក់វិនិយោគ (ឧទាហរណ៍ ទំហំទុនវិនិយោគចាប់ពី ២០០,០០០ ដុល្លារទៅជាង ២ លានដុល្លារអាមេរិក) ឬគណនាដោយផ្អែកលើវិសាលភាពនៃគម្រោងនេះ។
ជាការសន្និដ្ឋាន មានការផ្តល់អនុសាសន៍ថា អ្នកវិនិយោគដែលមានសក្តានុពលដំបូងត្រូវពិចារណាលើបញ្ជីពេញលេញនៃការវិនិយោគដែលអាចមានសម្រាប់ QIP ឬពិគ្រោះយោបល់ ជាមួយអ្នកផ្តល់ប្រឹក្សាក្នុងស្រុកទាក់ទងនឹងការវិនិយោគជាក់លាក់របស់គេ។ ក្នុងនាមជាវិនិយោគិនបរទេស ដំបូងគេគួរស្វែងរកអ្នកផ្តល់ប្រឹក្សាផ្នែកពន្ធដែលមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ ដើម្បីឲ្យអាចទទួលបានផលប្រយោជន៍ជាអតិបរមាពីការលើកទឹកចិត្តដល់ពួកគេ។
- Video Advertisement -